
ក្រុមការងារកំពុងពិនិត្យពងកន្ធាយក្បាលកង្កែប។ រូបថត WCS
ក្រចេះ: ក្រុមការងារការពារសម្បុកនៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានរកឃើញសម្បុកកន្ធាយក្បាលកង្កែបចំនួន ៥ សម្បុកមានពង ១៥០ ជាលើកដំបូងនៅក្នុងឆ្នាំ ២០២០ នៅលើឆ្នេរខ្សាច់តាមបណ្តោយដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកសំបូរនាដើមរដូវពងកូនចុងឆ្នាំ ២០២០។
លោក ញួន ចន្ទី ប្រធានសម្របសម្រួលប្រចាំតំបន់មេគង្គ WCS ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣០ ខែធ្នូថា នៅថ្ងៃទី ១១ ខែធ្នូ ក្រុមការងាររបស់លោកបានរកឃើញសម្បុកកន្ធាយក្បាលកង្កែបចំនួន ១ សម្បុកដែលមានពងចំនួន ៣២ ពង ប៉ុន្តែប្រហែលជា ១ សប្តាហ៍ក្រោយមកទៀត ក្រុមការងារបានរកឃើញជាបន្តបន្ទាប់នូវសម្បុករបស់វាចំនួន ៤ បន្ថែមទៀត។
លោកប្រាប់ថា៖ «បើគិតជាចំនួនពងទាំង ៥ សម្បុកដែលយើងបានរកឃើញគឺមានប្រមាណ ១៥០ ពងហើយយើងនឹងធ្វើការប្រមូលពងកន្ធាយក្បាលកង្កែបនេះយកទៅដាក់នៅកន្លែងមានសុវត្ថិភាពសម្រាប់ភ្ញាស់កូន»។
ជារៀងរាល់ឆ្នាំ កន្ធាយក្បាលកង្កែប ចាប់ផ្តើមធ្វើការបន្តពូជចន្លោះពីខែវិច្ឆិកាដល់ខែឧសភា។
លោក ចន្ទី ឱ្យដឹងទៀតថា លោក និងក្រុមការងារមានការសប្បាយចិត្តយ៉ាងខ្លាំងដែលបានរកឃើញនូវសម្បុក និងពងរបស់កន្ធាយនេះ ដោយសារនៅរៀងរាល់ឆ្នាំ សម្បុករបស់វា ដែលត្រូវបានរកឃើញគឺមានតិចតួចមែនទែន ប៉ុន្តែឆ្នាំនេះក្រុមការងាររកឃើញសម្បុករបស់វាចាប់តាំងពីរដូវបន្តពូជទើបតែចាប់ផ្តើម។ «ឆ្នាំនេះយើងរកឃើញដំបូងចំនួន ៥ សម្បុកទៅហើយ។ យើងសង្ឃឹមថា យើងនឹងអាចរកឃើញសម្បុករបស់វាជាច្រើនទៀត»។
កាលពីឆ្នាំមុនក្រុមការពារសម្បុកនៃអង្គការ WCS រកឃើញសម្បុកកន្ធាយក្បាលកង្កែបនេះចំនួន ៤៩ សម្បុកដែលមានពងចំនួនជាង ១ ៧០០ ពង ប៉ុន្តែពងដែលបានញាស់កូនគឺមានតែចំនួន ៨៤៥ ពងតែប៉ុណ្ណោះ ដោយសារអាកាសធាតុក្តៅខ្លាំង ហើយក្រុមការងារមិនមានសម្ភារគ្រប់គ្រាន់ ទើបធ្វើឱ្យពងមួយចំនួនខូច។
លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សប្រចាំតំបន់ទន្លេមេគង្គ និងកោះកុងនៃអង្គការ WCS បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃ ៣០ ធ្នូថា WCS នឹងនៅតែបន្តសហការជាមួយនឹងសហគមន៍មូលដ្ឋាន ដោយមានកិច្ចសន្យាជាមួយអ្នកការពារចំនួន ៨ នាក់ដែលធ្វើការផ្ទាល់រួមជាមួយនឹងប្រជាពលរដ្ឋទូទៅ ដែលគ្រប់គ្នាមានសិទ្ធិក្នុងការចូលរួមក្នុងការងារអភិរក្សសត្វកន្ធាយក្បាលកង្កែបនេះ។
លោកថា៖ «ឆ្នាំមុន យើងឃើញមានការចូលរួមច្រើនពីសហគមន៍ ហើយយើងសង្ឃឹមថា នៅឆ្នាំនេះនឹងមានការចូលរួមជាមួយនឹងក្រុមការងារអភិរក្សសត្វកន្ធាយក្បាលកង្កែបនេះកាន់តែច្រើនថែមទៀត»។
កម្មវិធីការពារសម្បុកនេះគឺទទួលបានការគាំទ្រថវិកាពីសហភាពអឺរ៉ុបក្រោមគម្រោង «ភាពជាដៃគូប្រឆាំងបទល្មើសសត្វព្រៃ» Margaret A. Cargill និងគម្រោងព្រៃឡង់បៃតងគាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID៕