
លោក ហួ ឆៃងន់ ស្ថាបនិកក្រៀលកម្ពុជា និងជាប្រធានគម្រោងរក្សាបរិស្ថានស្អាត។ រូបថត ក្រៀលកម្ពុជា
ភ្នំពេញៈ គម្រោង «រក្សាបរិស្ថានស្អាត» នៃក្រុមក្រៀលកម្ពុជានឹងធ្វើយុទ្ធនាការនៅក្នុងរាជធានី-ខេត្តចំនួន ៥ ក្នុងប្រទេសកម្ពុជា ចាប់ពីខែកុម្ភៈរហូតដល់ដំណាច់ឆ្នាំ ២០២១ ក្នុងគោលដៅចូលរួមជំរុញឱ្យប្រជាពលរដ្ឋទុកដាក់សំរាមជាពិសេសការគ្រប់គ្រងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ និងការបណ្តុះស្មារតីឱ្យពួកគាត់ស្រឡាញ់បរិស្ថាន។
លោក ហួ ឆៃងន់ ស្ថាបនិកក្រៀលកម្ពុជា និងជាប្រធានគម្រោងរក្សាបរិស្ថានស្អាតបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញថា គម្រោងនេះនឹងធ្វើឡើងដំបូងក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កែប និងខេត្តកំពតដោយក្រុមការងារស្ម័គ្រចិត្តចំនួន ៥ ០០០ នាក់ ក្នុងនោះមាននិស្សិត បុគ្គលិក ពលរដ្ឋ និងអ្នកដើរកម្សាន្តដែលមកលេងក្នុងតំបន់កម្សាន្តទាំងនោះ។
លោកថ្លែងថា៖ «យើងនឹងធ្វើគម្រោងនេះក្នុងរយៈពេល ១ ឆ្នាំពេញដែលយើងធ្វើសកម្មភាព ១ ខែម្តងជារៀងរាល់ថ្ងៃអាទិត្យនៃដើមខែនីមួយៗក្នុង ៥ រាជធានី-ខេត្តក្នុងពេលវេលាដូចៗគ្នា ប៉ុន្តែនៅទីក្រុងភ្នំពេញនឹងធ្វើសកម្មភាពធំជាងគេ ឯនៅតាមខេត្តគឺយើងធ្វើក្នុងកម្រិតជាការសាកល្បងទេ ហើយក្នុងសកម្មភាពរបស់យើងមាន ២ គឺការចុះទៅដល់ទីតាំងនោះផ្ទាល់ នាំគ្នាសម្អាត ធ្វើការពន្យល់ណែនាំដល់ពលរដ្ឋ និងការថតរូបភាព និងវីដេអូអប់រំសម្រាប់ផ្សាយក្នុងបណ្តាញសង្គមផ្សេងៗ»។
លោក ហួ ឆៃងន់ បញ្ជាក់ទៀតថា៖ «យើងរំពឹងថា ក្នុងរយៈពេល ១ ឆ្នាំនេះ យ៉ាងហោចមានប្រជាជនចំនួន ១០ លាននាក់នឹងទទួលបានព័ត៌មានពីពួកយើងក្នុងការថែរក្សាបរិស្ថានក៏ដូចជាចំណេះដឹងផ្សេងៗ និងការបែងចែក ទុកដាក់សំរាមជាដើម»។
លោកបានថ្លែងដោយ ក្តីរំពឹងថានឹងកាត់បន្ថយប្លាស្ទិកយ៉ាងហោច ២០% តាមគ្រួសារនីមួយៗដោយសារក្រុមការងារ។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថានមានការគាំទ្រ និងផ្តល់ការសហការជាមួយនឹងក្រុមយុវជនក្រៀលកម្ពុជា តាំងពីឆ្នាំ ២០១៨ មក។
លោកបានមានប្រសាសន៍ថា៖ «យុទ្ធនាការដែលយើងបើកក្នុងឆ្នាំ ២០២១ នេះ គឺពាក់ព័ន្ធនឹងការថែរក្សាបរិស្ថានស្អាត ហើយនេះគឺជាកិច្ចការមួយសំខាន់ដែលយើងសហការជាមួយនឹងខាងក្រៀលកម្ពុជា ដើម្បីធ្វើយ៉ាងណាបណ្តុះស្មារតីឱ្យប្រជាពលរដ្ឋស្រលាញ់បរិស្ថាន សម្អាតអនាម័យបរិស្ថាន»៕