កណ្តាល៖ ក្រុមគ្រួសារសាច់ញាតិកម្មការិនីរងគ្រោះ ដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ ១ បានអះអាង ថ្ងៃនេះថា នឹងប្ដឹងទាមទារសំណងជំងឺចិត្តក្នុងម្នាក់ៗពី ៥០០០ ដុល្លារទៅ ៨០០០ ដុល្លារ ពីតំណាងភាគីម្ចាស់រថយន្តដឹកដី ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យក្រុមគ្រួសារនិងសាច់ញាតិរបស់ពួកគេស្លាប់។
កាលពីល្ងាចថ្ងៃទី ២៤ ខែ មិថុនា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចនគរបាលមូលដ្ឋាន និយាយថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះ បង្កឡើងដោយអ្នកបើកបររថយន្តដឹកដីបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន រេចង្កូតទៅបុកលើរថយន្តដឹកកម្មករ ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បង្កឲ្យកម្មការិនី ២ នាក់ ឈ្មោះយ៉ែម វណ្ណា និងឈ្មោះលន់ ចន្ថា ព្រមទាំងអ្នកបើកបររថយន្តបង្កម្នាក់ឈ្មោះ ម៉ម ពេជ្រសារ៉ាត់ ស្លាប់នៅនឹងកន្លែង ខណៈ កម្មករ-កម្មការិនី ៥០ នាក់ទៀត បានរងរបួសធ្ងន់និងស្រាល។
ស្វាមីកម្មការិនីរងគ្រោះឈ្មោះ យ៉ែម វណ្ណា គឺលោកផា សុផន អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិទួលទ្រា ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ប្រាប់ភ្នំពេញប៉ុស្តិ៍ ថ្ងៃនេះថា លោកគ្រោងដាក់ពាក្យបណ្ដឹងដាច់ដោយឡែកមួយតាមរយៈម្ចាស់រថយន្តដឹកកម្មកររងគ្រោះ ទៅកាន់តុលាការខេត្តកណ្ដាល ដើម្បីទាមទារសំណងជំងឹចិត្តពីតំណាងភាគីក្រុមហ៊ុនឡានដឹកដី ដែលបង្កគ្រោះថ្នាក់ចរាចរណ៍។
លោក សុ ផន ដែលអះអាងថា បានរៀបការជាមួយភរិយារបស់គាត់ តាំងពីឆ្នាំ ២០១២ និងមានកូនស្រី ២ នាក់ និយាយទៀតថា៖ «ខ្ញុំបានប្ដឹងតាមរយៈអាជ្ញាធរស្រុកកៀនស្វាយ ខេត្តកណ្ដាលម្ដងហើយ កាលពីព្រលប់ថ្ងៃកើតហេតុ។ ប៉ុន្តែពេលនោះខ្ញុំមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ជាក់លាក់នោះទេ»។
លោកបន្ថែមថា៖ «នៅពេលនេះខ្ញុំនឹងដាក់ប្ដឹងតាមរយៈម្ចាស់រថយន្តដឹកកម្មកររងគ្រោះដើម្បីទាមទារសំណងជំងឺចិត្ត ៨០០០ ដុល្លារ ពីតំណាងភាគីក្រុមហ៊ុនឡានដឹកដី ដែលបង្កគ្រោះថ្នាក់នេះ»។
ស្រដៀងគ្នានេះ អ្នកស្រី លន់ សម្បត្តិ អាយុ ៥៦ឆ្នាំ ដែលជាបងស្រីបង្កើតរបស់កម្មការិនីរងគ្រោះឈ្មោះ លន់ ចាន់ ថា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គាត់កំពុងពិភាក្សាជាមួយបងប្អូនក្នុងការរៀបចំដាក់ពាក្យបណ្ដឹងទាមទារសំណងជំងឺចិត្តចំនួន ៥០០០ ដុល្លារ ពីតំណាងភាគីរថយន្តបង្កផងដែរ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំដឹងថា អ្នកបើករថយន្តដឹកដី ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នោះក៏បានស្លាប់ដែរ ប៉ុន្តែខ្ញុំចាំបាច់ត្រូវតែប្ដឹងទាមទារសំណងជំងឺចិត្ត ពីតំណាងភាគីអ្នកបើករថយន្តបង្កនោះចំនួន ៥០០០ ដុល្លារ ដើម្បីយកប្រាក់មកទុករៀបចំពិធីបុណ្យសព ១០០ ថ្ងៃ និង រៀបចំធ្វើចេតីមួយសម្រាប់ប្អូនស្រីខ្ញុំដែលបានស្លាប់ទៅនោះឲ្យបានសមរម្យ»។
អ្នកស្រីបានប្រាប់ទៀតថា កាលពីថ្ងៃទី ២៦ ខែមិថុនា មន្ត្រី ប.ស.ស ខេត្តព្រៃវែង បាននាំយកថវិកាចំនួន ៤ លានរៀលមកឧបត្ថម្ភដល់ក្រុមគ្រួសាររបស់គាត់ដើម្បីរៀបចំពិធីបុណ្យបូជាសពឲ្យប្អូនស្រីរបស់គាត់។
ជុំវិញករណីនេះ លោកវាសនា ជីវី អនុប្រធានសាខា ប.ស.ស. ខេត្តព្រៃវែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រៅពីចុះសួរសុខទុក្ខកម្មការិនីរងគ្រោះ ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ក្រុមការងាររបស់លោកក៏បានចុះសួរសុខទុក្ខនិងនាំយកថវិកា ដែលជារបបគោលនយោបាយរបស់ ប.ស.ស. ទៅផ្ដល់ជូនក្រុមគ្រួសារកម្មការិនីទាំង ២ នាក់ដែលបានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះផងដែរ ដោយក្នុងមួយគ្រួសារ ទទួលបាន ៤ លានរៀល។
លោកបញ្ជាក់ថា៖«ក្រៅពីថវិកាសម្រាប់ឧបត្ថម្ភក្នុងពិធីបុណ្យសព ៤ លានរៀលក្នុងមួយគ្រួសារនេះ ក្រុមការងារយើងក៏កំពុងពិនិត្យផ្ទៀងផ្ទាត់ទៅលើលក្ខខណ្ឌមួយចំនួនទៀត ដែលក្រុមគ្រួសារជនរងគ្រោះ ត្រូវទទួលបានអត្ថប្រយោជន៍ផ្សេងទៀត ពី ប.ស.ស.»។
បើតាមលោកជីវី ប.ស.ស. មានកាតព្វកិច្ចផ្ដល់របបគោលនយោបាយជាថវិកាប្រចាំខែមួយចំនួន ដើម្បីជួយចិញ្ចឹមកូនស្រី ២ នាក់របស់ជនរងគ្រោះឈ្មោះ យ៉ែម វណ្ណា រហូតដល់អាយុ ២១ឆ្នាំ បើទោះជាឪពុកម្ដាយរបស់ពួកគេមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ក្ដី ខណៈពេលនេះក្មេងស្រីទាំង ២ នោះម្នាក់មានអាយុ ៩ ឆ្នាំ និងម្នាក់ទៀតអាយុ ៣ ឆ្នាំ៕