ភ្នំពេញៈ ក្រុមគ្រួសារ និង​អ្នកគាំទ្រ​លោក​រ៉ាត់ រ័ត្ន​មុនី ដែល​ជា​ជន​ជាប់​ចោទ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​ផលិតភាព​យន្ដ «ម្តាយ​ខ្ញុំ លក់​ខ្ញុំ» កាល​ពី​ម្សិលមិញ បាន​ប្រមូល​ផ្តុំ​គ្នា​ជាង ១០ នាក់ នៅ​មុខ​ស្ថានទូត​រុស្ស៊ី តវ៉ា​សុំ​ឲ្យ​ទូត​រុស្ស៊ី​អន្ដរាគមន៍​ដោះ​លែង​សមាជិក​គ្រួសារ​ពួក​គាត់ ដែល​ត្រូវជា​ប្តី ដោយ​ពួក​គាត់​អះអាង​ថា លោក រ័ត្ន​មុនី មិន​មាន​កំហុស​នោះ​ទេ។

អ្នកស្រី ឡុង គឹម​ហ៊ាង ត្រូវជា​ប្រពន្ធ​របស់លោក​រ៉ាត់ រ័ត្ន​មុនី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ ខណៈ​កំពុង​តវ៉ា​សុំ​អន្ដរាគមន៍​នៅ​មុខ​ស្ថានទូត​រុស្ស៊ី ម្សិលមិញ​នេះ​ថា ការ​តវ៉ា​លើក​នេះ គឺជា​ការ​តវ៉ា​លើក​ទី ៣ ហើយ ដើម្បី​ឲ្យ​ស្ថានទូត​រុស្ស៊ី​អន្ដរាគមន៍​ដោះ​លែង​ប្ដី​របស់​គាត់ ហើយ​បើ​ស្ថានទូត​មិន​មាន​អន្ដរាគមន៍ ពួក​គាត់​នឹង​បន្ដ​ការ​តវ៉ា​ជា​រៀងរាល់​សប្ដាហ៍។

អ្នកស្រី​បញ្ជាក់ថា៖ «ខ្ញុំ​តវ៉ា​ចង់​ឲ្យ​ស្ថានទូត​រុស្ស៊ី​មាន​អន្ដរាគមន៍​ដោះលែង​ប្ដី​របស់​ខ្ញុំ​ចេញ​ពី​ពន្ធនាគារ​វិញ។ ទោះបី​យើង​ដឹងថា រដ្ឋាភិបាល​រុស្ស៊ី​កុម្មុយ​នីស្ត ពួកគេ​មិន​សូវ​ខ្វល់ខ្វាយ​ពី​ពលរដ្ឋ ប៉ុន្ដែ​យើង​នៅ​តែ​មក​តវ៉ា​ទាមទារ ព្រោះ​តែ​កាសែត​រុស្ស៊ី (RT) គេ​មាន​វិជ្ជាជីវៈ​របស់​គេ ហើយ​បាន​ផ្សាយ​ពី​ការ​រក​ស៊ី​ផ្លូវភេទ​នៅ​កម្ពុជា អ៊ីចឹង​រដ្ឋាភិបាល​រុស្ស៊ី​គួរ​តែ​មាន​កាតព្វ​កិច្ច​ធ្វើ​យ៉ាង​ណា​ឲ្យ​កាសែត RT អាច​មាន​ការ​ផ្សាយ​របស់​គេ​ឲ្យ​បាន​ត្រឹមត្រូវ ប៉ុន្ដែ​កាសែត​រុស្ស៊ី​នោះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចាប់​អ្នក​បកប្រែ អ្នក​សម្រប​សម្រួល​កាសែត​នោះ​ដាក់​គុក» ។

អ្នកស្រី​ថា៖ «អ៊ីចឹង​រដ្ឋាភិបាល​រុស្ស៊ី​ត្រូវតែមាន​ការអន្ដរាគមន៍​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​បកប្រែ​នោះ​ចេញ​ពី​ពន្ធនាគារ​វិញ ពីព្រោះ​វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​រុស្ស៊ី។ រុស្ស៊ី​ត្រូវ​តែ​ជឿ និង​ធានា​ថា កាសែត​រុស្ស៊ី RT នោះ​ពិត​ជា​បាន​ធ្វើ​ការងារ​របស់​ខ្លួន​ដ៏​ត្រឹម​ត្រូវ ដែល​ប្រកប​ដោយ​វិជ្ជាជីវៈ ព្រោះ​រឿង​នេះ​ពួកគេ​អត់​បាន​ខុស​ទេ គេ​បាន​ផលិត​រឿង​ស្ដីពី​ការ​ជួញ​ដូរ​ផ្លូវភេទ​នៅ​កម្ពុជា​ហ្នឹង​គឺ​មិន​មាន​ការ​បង្ខំ ឬ​ក្លែង​ក្លាយ​ទេ។ អ៊ីចឹង​រដ្ឋាភិបាល​រុស្ស៊ី ត្រូវ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះ​លែង​ប្ដី​ខ្ញុំ ហើយ​ទោះបី​ជា​យ៉ាង​ណា​ខ្ញុំ​នៅ​តែ​តវ៉ា​ទាមទារ​បន្ដ​ទៀត»។

អ្នកស្រី អ៊ី​ម ទូច អតីត​តំណាង​សហគមន៍​ដីធ្លី​បឹងកក់ ដែល​មក​ចូលរួម​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក រ័ត្ន​មុនី កាល​ពី​ម្សិលមិញ​ដែរ​នោះ និយាយ​ថា រដ្ឋាភិបាល​រុស្ស៊ី​ត្រូវ​តែ​មាន​កិច្ច​អន្ដរាគមន៍​ឲ្យ​មាន​ការ​ដោះ​លែង​លោក រ័ត្ន​មុនី ព្រោះ​រឿង​នេះ​គឺជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​រុស្ស៊ី។

អ្នក​ស្រី​បន្ត​ថា៖ «ពួក​យើង​សង្ឃឹម​ថា គាត់​ប្រាកដ​ជា​ធ្វើ​អន្ដរាគមន៍ ជួយ​ដោះ​លែង​លោក រ័ត្ន​មុនី ព្រោះ​ថា រឿង​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​រុស្ស៊ី ព្រោះ​លោក​រ័ត្ន​មុនី​គាត់​គ្រាន់​តែ​ជា​អ្នក​បកប្រែ​ទេ គាត់​ជាប់​ឃុំ​រាល់​ថ្ងៃ​នេះ​យើង​ឃើញ​ថា គាត់​មាន​ភាព​អយុត្ដិធម៌​ណាស់»។

អ្នកស្រី​បន្ថែមថា៖ «កាសែត RT គឺជា​កាសែត​របស់​រដ្ឋា​ភិ​បាល​រុស្ស៊ី អ៊ីចឹង​រុស្ស៊ី​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ ទូត​រុស្ស៊ី​ត្រូវ​តែ​មាន​កិច្ច​អន្ដរាគមន៍​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​មាន​ការ​ដោះ​លែង​លោក​រ័ត្ន​មុនី​ឆាប់»។

បើតាម​អ្នកស្រី ឡុង គឹម​ហ៊ាង បាន​ឲ្យ​ដឹងថា លោក រ៉ាត់ រ័ត្ន​មុនី ដែល​បានគេច​ខ្លួន​ទៅ​ប្រទេស​ថៃ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៨ ក្រោយ​ពេល​លោក​ត្រូវ​បាន​ធ្វើ​បត្យាប័ន​នាំ​ពី​ប្រទេស​ថៃ​មក​កាន់​ប្រទេស​កម្ពុជា​វិញ។

អ្នកស្រី​បញ្ជាក់ថា ប្ដី​របស់​អ្នកស្រី​ត្រូវបាន​គេ​ចោទថា ជា​មនុស្ស​ម្នាក់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផលិត​ភាពយន្ត​ឯកសារ​និយាយ អំពី​ការ​លក់​ព្រហ្មចារីយ៍​ដែល​មាន​ចំណង​ជើង​ថា «ម្តាយ​ខ្ញុំ លក់​ខ្ញុំ»។ ភាពយន្ត​ឯកសារ​នេះ​បាន​ផលិត​ដោយ​ទូរទស្សន៍​រុស្ស៊ី RT ហើយ​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​តុលា ឆ្នាំ ២០១៨ កន្លង​ទៅ។

លោក​ស៊ឹង សែន​ករុណា អ្នកនាំពាក្យ និង​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស ដីធ្លី ធនធាន​ធម្មជាតិ ស្ថានភាព​ទូទៅ ស្ថានភាព​សង្គម​និង​នយោបាយ នៃ​សមាគម​អាដហុក បាន​ថ្លែង​ថា ករណី​របស់​លោក​រ័ត្ន​មុនី គឺជា​រឿង​ដ៏​សំខាន់​ដែល​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ពី​រដ្ឋាភិបាល​រុស្ស៊ី។

លោក​បន្ដថា៖ «សារព័ត៌មាន RT សារព័ត៌មាន​របស់​ស​ហ​ភាព​រុស្ស៊ី ដោយសារ​ធ្វើការ​ចេញ​ផ្សាយ និង​ជា​អ្នក​មាន​សិទ្ធិ​ក្នុងការ​រៀបចំ ខ្លឹមសារ អត្ថន័យ រូបភាព​ទាំង​អស់​ដោយសារ​ព័ត៌មាន​ហ្នឹង។ ដូច្នេះ​ហើយ​ស្ថានទូត ក៏​ដូចជា​រដ្ឋាភិបាល​រុស្ស៊ី ហ្នឹង​មាន​ចំណែក​ក្នុងការ ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​របស់​លោក​រ័ត្ន​មុនី ព្រោះ​លោក​គ្រាន់​តែ ជា​អ្នក​ដែល​ជួយ​សម្រប​សម្រួល​ក្នុងការ​បកប្រែ ដល់​អ្នក​សារ​ព័ត៌មាន​រុស្ស៊ី​នោះ​ប៉ុណ្ណោះ»។

លោក​ខៀវ សុ​ភ័​ក្រ អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​ថ្លែងថា លោក​រ័ត្ន​មុនី មិនទាន់​ក្លាយ​ជា​ជន​ជាប់​ទោស​នៅ​ឡើយ​ទេ។ លោក​បន្ដ​ថា៖ «នេះ​ជា​សិទ្ធិ​របស់​តុលាការ មិន​មែន​ជា​សមត្ថកិច្ច​របស់​ក្រសួង​ទេ ហើយ​គាត់​នៅ​ជា​ជន​សង្ស័យ អ៊ីចឹង​ឲ្យ​គាត់​ទៅ​រក​មេធាវី ដើម្បី​ដោះ​បន្ទុក​នោះ​ទៅ» ។

លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌ ថ្លែងថា ការតវ៉ា​របស់​ក្រុម​គ្រួសារ​គឺជា​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់ ប៉ុន្ដែ​ជា​គោល​ការណ៍​ច្បាប់ មិន​មាន​ស្ថាប័ន​ណា ឬក៏​អង្គទូត​ណា​ជ្រៀត​ជ្រែក​ទៅ​នឹង​កិច្ចការ​របស់​តុលាការ​បាន​ទេ។

លោក​បន្ដថា៖ «ការឃុំ ឬ​មិន​ឃុំ ការចោទប្រកាន់ ឬក៏​ទម្លាក់​បទ​ចោទ ការ​សម្រេច​ថា មាន​ទោស​ឬ​មិន​មាន​ទោស គឺជា​សមត្ថកិច្ច​របស់​តុលាការ ដោយ​ផ្អែក​ទៅ​លើ​អង្គ​ហេតុ អង្គ​ច្បាប់ និង​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត។ អ៊ីចឹង​មធ្យោបាយ​ដើម្បី​ជួយ​គាត់​មាន​តែ​ម្យ៉ាង​ទេ​គឺ​ចូលរួម​ជាមួយ​នីតិវិធី​របស់​តុលាការ តាម​ផ្លូវ​ច្បាប់»។

នាង​កែវ ម៉ាឡៃ ម្តាយ​ក្មេងស្រី និង​ជា​តួអង្គ​សម្ដែង​ជា​ម្ដាយ​មិន​អាច​ទាក់ទង​សុំ​ការ​បក​ស្រាយ​បាន​ទេ​ពី​ម្សិលមិញ៕