ភ្នំពេញ: ក្រុមគ្រួសារកីឡាករទូកងពីរនាក់ដែលបានស្លាប់ខណៈបុកគ្នាជាមួយនាវាទេសចរណ៍បានទាមទារសំណង ៣៥ ០០០ ដុល្លារក្នុងមួយនាក់ដើម្បីធ្វើពិធីបុណ្យសព និងជាការសងជំងឺចិត្តដែលបានបាត់បង់សាច់ញាតិរបស់ពួកគេខណៈភាគីក្រុមហ៊ុនកំពុងពិចារណាសំណើនេះ។
សូមរំឭកថានៅមុនថ្ងៃបុណ្យអុំទូកពោលនៅថ្ងៃសុក្រទូកងឈ្មោះ «រស្មីស្រីស្រស់ដាញ់ពេជ្រសែនជ័យ» មកពីខណ្ឌច្បារអំពៅ សង្កាត់ព្រែកថ្មីត្រូវបានបុកគ្នាជាមួយនាវាទេសចរណ៍បង្កឱ្យលិចទូក។
លោក លី វ៉ានថេង ចៅសង្កាត់ព្រែកថ្មីប្រាប់ភ្នំពេញប៉ុស្តិ៍ថា បន្ទាប់ពីមានករណីនេះខាងភាគីតំណាងទូកទេសចរណ៍អគ្គនាយកកំពង់ផែភ្នំពេញ និងគ្រួសារសពបានប្រជុំគ្នាកាលពីម្សិលមិញដើម្បីដោះស្រាយ។
លោកប្រាប់ក្រោយបញ្ចប់កិច្ចប្រជុំម្សិលមិញថា «មិនទាន់មានលទ្ធផលទេ ដោយសារគាត់ទារខ្ពស់ពេកគាត់ទារ ៣៥០០០ ដុល្លារក្នុងម្នាក់អ៊ីចឹងហើយខាងក្រុមហ៊ុនគេជជែកគ្នាសិន និងនាំសំណើទៅថ្នាក់លើព្រោះជាក្រុមហ៊ុនអន្តរជាតិអ៊ីចឹងផ្នែក Insurance គេចុះមក»។
យ៉ាងណាក៏លោកបង្ហើបថា គិតត្រឹមម្សិលមិញគ្រួសារសពទទួលការឧបត្ថម្ភថវិកាក្នុងម្នាក់ ១៣ លានរៀលពីតំណាងស្ថាប័នមួយចំនួន។
លោកថា «បច្ច័យបុណ្យបានរហូតដល់ ១៣ លានរៀលក្នុងសពនីមួយៗ និងគ្រឿងបរិភោគមួយចំនួនធំក្នុងនោះគណៈកម្មការបុណ្យជាតិបានចូលបុណ្យសពក្នុងម្នាក់ ៨ លានរៀល កាកបាទក្រហមកម្ពុជា ២ លានរៀល និងប្រធានក្រុមការងារផ្សេងៗទៀតចំណែកសោហ៊ុយដឹកសពខាងសង្កាត់ជាអ្នកចំណាយ»។
លោក ជៀប ស៊យ អាយុ ៥៦ ឆ្នាំត្រូវជាតារបស់យុវជនរងគ្រោះ [ចេស្ដា] និងបានស្ថិតនៅក្នុងទូកកើតហេតុជាមួយអ្នកទាំង ៩ នាក់ដែរនោះបានរៀបរាប់ថាលោកបានអង្គុយនៅខាងក្រោយជិតជនរងគ្រោះដែលបានបាត់ខ្លួនទាំងពីរនាក់ហើយនាវាបានបើកមកពីក្រោយទូកយ៉ាងប្រកៀកគ្នា និងបានផ្ដល់សញ្ញាឲ្យទូកទៅមុខឲ្យលឿនតែទូកងមិនអាចបន្ថែមល្បឿនដូចនាវាទេ។ ដូច្នេះនាវាបានបើកលឿនមកបុកចំពីក្រោយធ្វើឲ្យទូកបះក្បាលឡើងលើរួចក្រឡាប់ធ្លាក់ពួកគាត់ចេញពីទូករួចក៏បាត់ខ្លួនគ្នាពីរនាក់ដែលជាជនរងគ្រោះអង្គុយកាន់ចង្កូតទូក។
លោក ជៀប ស៊យ បានបន្ដថា៖ «ពេលដែលនាវាបើកមកបុកទូកពួកយើងខ្ញុំបានលោតចុះចេញឆ្ងាយពីទូកតែ ចន និង ចេស្ដា មិនបានលោតចុះទេពួកគេនៅតែអង្គុយរួចក៏ដាំក្បាលចុះទៅក្នុងទឹក»។
ភ្នំពេញប៉ុស្តិ៍មិនទាន់សុំការអត្ថាធិប្បាយពីក្រុមគ្រួសារសាច់ញាតិដើម្បីបញ្ជាក់លម្អិតបាននៅឡើយទេ។
ហេតុការណ៍មួយទៀតនៅថ្ងៃបញ្ចប់ពិធីបុណ្យអុំទូក គឺទូកទូងស្គរជ័យមួយគ្រឿងត្រូវបានលិចខណៈប៉ះជាមួយទូកប្រណាំង។ ករណីនេះមន្ត្រីបច្ចេកទេសរៀបចំបុណ្យអុំទូកអះអាងធ្វើឱ្យអ្នកទូងស្គរជ័យមានរបួសស្រាលខណៈអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិអះអាងថាជននោះបានទទួលមរណភាព។
ប្រធានគណៈកម្មការបច្ចេកទេសរៀបចំពិធីបុណ្យជាតិលោក ប៊ូ ជុំសេរី ប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា គណៈកម្មការបានផ្តល់ថវិកា ៥០ ម៉ឺនរៀលដល់អ្នកទូងស្គរជ័យដែលរងរបួសនោះ។
យ៉ាងនេះក្តី លោកបដិសេធថាអ្នកទូងស្គរជ័យនោះមិនស្លាប់ទេបន្ទាប់ពីមានគ្រោះថ្នាក់ទូកប្រណាំងបុក។ លោកបញ្ជាក់ថា៖ «ម្នាក់ហ្នឹងនៅជាមួយខ្ញុំ ខ្ញុំជួបព្រឹកមិញឥឡូវដើរទៅធ្វើការបានហើយគាត់ត្រូវរបួសចង្កេះបន្តិច និងមេជើងបន្តិចហើយបានទៅធ្វើការវិញបាត់ហើយ»។ «ចង់បញ្ជាក់ថាពេលទូកបុកហ្នឹង អូប័របានទៅយកគាត់ភ្លាមមកខាង (លើគោក) ព្រោះខ្ញុំនៅកន្លែងហ្នឹងរត់ចុះឡើង»។
លោកថា៖ «គាត់បែកម្រាមជើងគាបនឹងគែមទូកអត់មានគ្រោះថ្នាក់អីធ្ងន់ធ្ងរទេហើយគណៈកម្មការបុណ្យជាតិជូនគាត់ ៥០ ម៉ឺនរៀលដើម្បីជាការលើកទឹកចិត្តបន្ថែមលើរបបដែលទទួលបានអ្នកទូងស្គរជ័យសុទ្ធតែជាអ្នកចេះហែលទឹកហើយចម្ងាយពីទូកស្គរជ័យមកច្រាំងទន្លេតែ ៥០ ម៉ែត្រទេអត់មានបញ្ហាអ្វីទេ»។
អ្នកទូងស្គរជ័យដែលរងគ្រោះឈ្មោះ ញូង គន្ធា អាយុខ្ទង់ ៤០ ឆ្នាំ ខណៈក្រុមការងារទូងស្គរជ័យមានគ្នា ៨ នាក់ក្នុងការផ្លាស់វេនគ្នា។
លោកបន្ថែមថា អ្នកទូងស្គរជ័យសុទ្ធតែពាក់អាវពោងការពារលង់ទឹក៕