The Phnom Penh Post Search

Search form

ក្រុម​ជនជាតិ​ដើម​ សុំ​ឱ្យ​បញ្ឈប់​ការ​បណ្ដេញចេញ​តាម​ការអភិវឌ្ឍ

Content image - Phnom Penh Post
ក្រុម​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​រតនគិរី​នៅក្នុង​ពិធី​មួ​យ​ នាពេល​​កន្លង​មក​។ រូបថត អង្គការ OHCHR

ក្រុម​ជនជាតិ​ដើម​ សុំ​ឱ្យ​បញ្ឈប់​ការ​បណ្ដេញចេញ​តាម​ការអភិវឌ្ឍ

ភ្នំពេញ: ក្រុម​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ១០៥ ​មកពី​ ៨ ​ខេត្ត/ក្រុង​នៅ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាមរយៈ​ការអភិវឌ្ឍ​គ្មាន​ការទទួល​ខុសត្រូវ និង​ការផ្ដល់​ដី​សម្បទាន​ដែល​ជំរុញ​ឲ្យ​ពួកគេ​ធ្វើ​ចំណាកស្រុក ការផ្លាស់​ទី​ដោយ​បង្ខំ និង រឹតត្បិត​សិទ្ធិ​សេរីភាព​។

ការដាក់​សំណើ​នេះ​ធ្វើ​ឡើង​នៅក្នុង​ទិវា​អន្ដរជាតិ​ជនជាតិ​ដើម​ភាគតិច​លើក​ទី​ ២៤ និង​ជា​ទិវា​រំឭក​ខួប​លើក​ទី​ ១៤ ​នៃ​ទិវា​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​ក្រោម​ប្រធានបទ​ «​ការ​ចំណាកស្រុក និង​បន្លាស់​ទី​របស់​ជនជាតិ​ដើម​ភាគតិច​» ​ដោយ​ពួកគេ​បាន​ប្រារព្ធ​ធ្វើ​ទៅ​តាម​ខេត្ត និង​ទីកន្លែង​រៀងៗ​ខ្លួន​។

តាម​សេចក្ដី​ថ្លែងការណ៍​រួម​របស់​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​ចុះ​ថ្ងៃទី ៩ សីហា​ម្សិលមិញ​បាន​បង្ហាញ​ថា​៖ «​យើង​ខ្ញុំ​ជា​ជនជាតិ​ដើម​ភាគតិច​សូម​ប្រកាស​ថា ពួកយើង​មិន​ដែល​ជំទាស់​នឹង​ការអភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​ឡើយ ផ្ទុយ​ទៅ​វិញ​ពួកយើង​ចង់​បាន និង​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ចំពោះ​ជនជាតិ​ដើម​ភាគតិច ប៉ុន្ដែ​ការអភិវឌ្ឍ​ដែល​ពួកយើង​ចង់​បាន​នោះ​គឺ​ត្រូវ​ស្រប​ជាមួយ​ឆន្ទៈ​របស់​ពួកយើង​ដែល​ស្រប​នឹង​គោលការណ៍​​ទទួល​ព័ត៌មាន​ពិគ្រោះ​យោបល់​ជាមុន និង​ព្រមព្រៀង​ដោយ​សេរី​ប្រកប​ដោយ​ការគោរព​សិទ្ធិ​ពិតប្រាកដ​ដូច​មាន​ចែង​ក្នុង​សេចក្ដី​​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ​ពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បោះឆោ្នត​គាំទ្រ​នាម​ហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃទី​ ១៣ ខែ​កញ្ញា ឆ្នាំ​ ២០០៧ កន្លង​មក​។

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា​ការបារម្ភ​ និង​ការ​ប្រឈម​យ៉ាង​ធ្ងន់ធ្ងរ​នេះ​យើង​ខ្ញុំ​ជា​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​សូម​អំពាវនាវ​​ និង​សំណូមពរ​ដល់​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​សូម​ជួយ​អន្តរាគមន៍​​ទទួល​ខុសត្រូវ និង​ដោះស្រាយ​ជា​បន្ទាន់​លើ​ចំណុច​បញ្ហា​ដែល​បាន​កើត​មាន​មក​លើ​ពួកយើង ក្នុង​នោះ​បញ្ឈប់​រាល់​គម្រោង​រ៉ែ​ទាំងអស់​នៅ​តំបន់​ជនជាតិ​ដើម​ភាគតិច​ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច បញ្ឈប់​គម្រោង​ផ្ដល់​ដី​សម្បទាន​ណា​ដែល​ប៉ះពាល់​សហគមន៍​ដូចជា ក្រុមហ៊ុន ឡានហ្វេង រ៉ូយហ្វេង និង​ក្រុមហ៊ុនមេ​ហ្គាហ្វើស ជាដើម​។ ត្រូវ​សម្រួល​ និង​បញ្ឈប់​ការគំរាម​កំហែង រារាំង​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​វប្បធម៌​ជនជាតិ​ដើម​ភាគតិច និង​បញ្ហា​មួយ​ចំនួន​ទៀត​។

លោក យុន ឡូរ៉ង់ អ្នកសម្រប​សម្រួល​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​បាន​លើកឡើង​ថា មូលហេតុ​ដែល​គណៈកម្មការ​សម្រេច​លើក​យក​ប្រធានបទ​ការ​ចំណាកស្រុក​ និង​ការផ្លាស់​ទី​របស់​ជនជាតិដើម​ភាគតិច​នេះ​ដោយសារ​មាន​ជនជាតិ​ដើម​ភាគតិច​បាន​នាំ​គ្នា​ធ្វើការ​ជា​កម្មករ​នៅ​ក្រៅ​ប្រទេស​កាន់តែ​ច្រើន​ឡើងៗ​ហើយ​មនុស្ស​ចាស់ៗ​ដែល​នៅ​ចាំ​ផ្ទះ​ក៏​ទទួល​រង​ការបណ្ដេញ​ចេញ​ដោយ​បង្ខំ​ផង​ដែរ​។

លោក​បន្ត​ថា​ការផ្លាស់ទី​របស់​ចាស់ៗ​​ក្នុង​ភូមិ​នេះ ដោយសារ​ការអភិវឌ្ឍ​តាមរយៈ​ការផ្ដល់​ដីសម្បទាន និង​ការកាប់​បំផ្លាញ​ព្រៃឈើ​ដែល​ជា​ទីពឹង​របស់​ជនជាតិ​ដើម​ភាគតិច​។

Content image - Phnom Penh Post
សកម្មភាព​បង្ហាញ​ពី​របាំ​របស់​ជនជាតិ​ដើម​នៅ​ខេត្ត​រតនគិរី​ កាល​ពី​​​ពេល​កន្លង​មក​។ រូបថត អង្គការ OHCHR

លោក​ថា​៖ «​ឥឡូវ​នេះ​យើង​ឃើញ​ជាក់ស្ដែង​ហើយ​ថា មនុស្ស​ប្រុស-ស្រី ពេញ​កម្លាំង​ធ្វើ​ចំណាកស្រុក​ដោយ​ដើរ​ស៊ីឈ្នួល​គេ រីឯ​ចាស់ៗ​នៅ​ចាំ​ផ្ទះ​ត្រូវ​ផ្លាស់​ទី​ដោយសារ​គេ​រំលោភ​ដីធ្លី​គ្មាន​ការទទួល​ខុសត្រូវ និង​ការកាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​ផង​ដែរ​»​។

លោក យឹម ជុង ប្រធាន​នាយកដ្ឋាន​ជនជាតិ​ភាគតិច​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ការ​ប្រារព្ធ​ទិវា​នេះ​នៅ​ឡើយ​ទេ កាលពី​ម្សិលមិញ​។

បន្ថែម​លើ​នេះ​ការិយាល័យ​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (OHCHR) ​ដោយ​មាន​ការគាំទ្រ​ពី European Union in Cambodia បាន​និង​កំពុង​គាំទ្រ​សហគមន៍​ជនជាតិដើម​ភាគតិច​ក្នុង​ការ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច ហើយ​បាន និង​កំពុង​ជួយ​សហគមន៍​ទាំងនោះ​ក្នុង​ដំណើរ​ការផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​សមូហភាព​។

ការិយាល័យ OHCHR បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ឱកាស​មួយ​ដល់​ជនជាតិដើម​ភាគតិច​ទាំងឡាយ​បង្ហាញ​ពី​វប្បធម៌​ និង​ប្រពៃណី​របស់​ពួកគេ​ដើម្បី​ផ្តោត​ការយក​ចិត្ត​ទុកដាក់​លើ​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច​ដែល​ជា​បញ្ហា​ដ៏ចម្បង​។

តាម​របាយការណ៍​របស់​បណ្ដាញ​សម្ព័ន្ធ​សហគមន៍​ជនជាតិដើម​ភាគតិច​កម្ពុជា​បាន​បង្ហាញ​ថា នៅ​លើ​ពិភពលោក​មាន​ជនជាតិ​ដើម​ភាគតិច​ជាង​ ៣៧០ ​លាន​នាក់​ដែល​កំពុង​រស់នៅ​លើ​ជាង​ ៩០ ​ប្រទេស​។ ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ​កម្ពុជា​ជា​ប្រទេស​ចំណាស់​មួយ​ដែល​មាន​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ២៤ ​ក្រុម សរុប​មាន​ ២៧៦ ៨៧៨ នាក់​ (​ទិន្នន័យ​ឆ្នាំ​ ២០១៥) ក្នុង​ខេត្ត​ចំនួន​ ១៥ ​ដែល​បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដែល​សម្បូរ​ដោយ​វប្បធម៌​។

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​៕

អត្ថបទគួរចាប់អារម្មណ៍