ភ្នំពេញៈ ជនសង្ស័យ​ជា​ក្រុម​ចោរប្លន់ និង​ជួញដូរ​គ្រឿងញៀន​ចំនួន​ ៦ ​នាក់ ត្រូវបញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ បន្ទាប់ពី​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​ ២៩​ ឧសភា​ នៅ​ភូមិ​កណ្តាល ​១ សង្កាត់​ច្បារអំពៅ​ ២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

លោក ហេង សុភា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ប្រាប់​ពី​ម្សិលមិញ​ថា ករណី​ជនសង្ស័យ​ចំនួន​ ៦ ​នាក់​​ ដែល​មាន​ឈ្មោះ ភាង ភ័ណ្ឌ អាយុ​ ៤៦ ​ឆ្នាំ ហុក ណារិន អាយុ​ ២៩ ​ឆ្នាំ ហ៊ាន ប្រិមប្រិយ អាយុ​ ១៨ ​ឆ្នាំ ហ៊ុយ សុខា អាយុ​ ៦៣ ​ឆ្នាំ ជា រ៉ាន់ អាយុ​ ៤៥ ​ឆ្នាំ និង ឈ្មោះ​ ទឹក សាអ៊ុ អាយុ​ ៥២ ​ឆ្នាំ​ ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១ ​មិថុនា​ នេះ​ហើយ​។

លោក​ប្រាប់ថា​៖ «​ក្រុម​ជនសង្ស័យ​ទាំង​ ៦ ​នាក់​ ថ្ងៃស្អែក​នេះ​សមត្ថកិច្ច​របស់ខ្ញុំ​នឹង​បញ្ជូន​ទៅ​តុលាការ​ហើយ​។ ពួកគេ​ជាប់ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​ម៉ាទឹកកក​ចំនួន​ជាង​ ៤ ​ខាំ​ទៀត​»​។

ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​នេះ​ដែរ លោក​ មុំ ចេក ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឲ្យ​ដឹង​ពី​ម្សិលមិញ​ដែរ​ថា ក្រុម​ជនសង្ស័យ​ទាំងនេះ​ត្រូវ​បាន​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​បង្ក្រាប​បាន​កាលពី​ថ្ងៃទី​ ២៩ ឧសភា​។ បន្ទាប់មក​សមត្ថកិច្ច​នាយកដ្ឋាន​បានប្រគល់​ទៅ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ភ្លាមៗ​ក្រោយពី​ធ្វើ​កំណត់ហេតុ​រួចរាល់​។

លោក​បាន​ថ្លែងថា​៖ «​ក្រុម​ជនសង្ស័យ​ទាំង​ ៦ ​នាក់​ ខាង​សមត្ថកិច្ច​របស់ខ្ញុំ​ប្រគល់​ទៅ​ឲ្យ​ខាង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ហើយ​ទាំង​វត្ថុតាង និង​សំណុំរឿង​»​។

ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ចោរប្លន់​នេះដែរ មន្ត្រី​ ១ ​រូប​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​បាន​ប្រាប់​ក្នុង​លក្ខខណ្ឌ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ថា មុន​សមត្ថកិច្ច​ធ្វើ​ប្រតិបត្តិការ​គឺ​បក្ខពួក​ក្រុមចោរប្លន់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​អ្នក​ដំណើរ​កាលពី​ថ្ងៃទី​ ១៤ ​ខែ​ឧសភា​។ បន្ទាប់មក​សមត្ថកិច្ច​កំណត់​មុខសញ្ញា​បាន និង​ឈានទៅ​បង្ក្រាប​ក្រុម​ជនសង្ស័យ​កាលពី​ថ្ងៃទី​ ២៩ ខែ​ឧសភា នៅ​ចំណុច​ផ្ទះ​លេខ​ 392 ផ្លូវ​លេខ​ 367 ភូមិ-សង្កាត់​ខាងលើ​។

មន្ត្រី​ដដែល​បន្តថា ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​ប្រើប្រាស់​ជំនាញ​ដោយ​ធ្វើការ​ចាប់ខ្លួន​ក្រុម​ជនល្មើស​បាន​ចំនួន​ ៦ ​នាក់​ ដែល​សុទ្ធតែ​ជា​មនុស្ស​ប្រុស​។ ក្រោយ​ចាប់ខ្លួន សមត្ថកិច្ច​បាន​ឆែកឆេរ និង​ដកហូត​បាន​វត្ថុតាង​រួមមាន អាវុធ​ខ្លីម៉ាក K59 ចំនួន​ ២​ ដើម ម៉ូតូ​ចំនួន​ ៣ ​គ្រឿង ទូរស័ព្ទ​ចំនួន​ ៥ ​គ្រឿង និង​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​ ៥ ​កញ្ចប់​ធំ​។

មន្ត្រី​រូបនោះ​បន្ត​ទៀត​ថា ក្រុម​ជនល្មើស​មិន​ត្រឹមតែ​ប្រព្រឹត្ត​បទល្មើស​ប្លន់​ប៉ុណ្ណោះ​ទេ ថែមទាំង​ប្រព្រឹត្ត​អំពើ​ជួញដូរ​គ្រឿងញៀន​មាន​ចំនួន​ច្រើន​ទៀត​ផង​។ ក្រុម​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឧក្រិដ្ឋ​ដល់​ទៅ​ ២ ​ករណី​។ ហេតុនេះ​ពួកគេ​នឹង​ប្រឈម​ចំពោះមុខ​ច្បាប់​៕