ភ្នំពេញៈ សមត្ថកិច្ច​នៃ​មន្ទីរប្រឆាំង​គ្រឿងញៀន​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​បុរស​ ៣ ​នាក់ ​ទៅ​សាលាដំបូង​រាជធានីភ្នំពេញ​នៅថ្ងៃនេះ បន្ទាប់ពី​ត្រូវ​បាន​ចាប់ខ្លួន​ជាមួយ​គ្រឿងញៀន​ជាង​ ១៤ ​គីឡូក្រាម​កាលពី​ថ្ងៃ​ទី​ ៧ មករា នៅ​សង្កាត់​ទឹកល្អក់​ ៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ខណៈ​មេខ្លោង​នៃ​បទល្មើស​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដើម្បី​កំណត់​អត្តសញ្ញាណ ។

លោក មាស វីរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន​ប្រាប់​កាលពី​ម្សិលមិញ​ថា បុរស​ជា​ជនសង្ស័យ​នៃ​ការជួញដូរ​គ្រឿងញៀន​ទាំងនោះ​រួមមាន ទី​១- ​ឈ្មោះ ម៉េង ឌី អាយុ​ ២២ ​ឆ្នាំ ទី​២- ​ឈ្មោះ ប៊ុនធឿនធានី អាយុ​ ២៣ ​ឆ្នាំ និង​ទី​៣- ​ឈ្មោះ ជា ភារុណ អាយុ​ ២១ ​ឆ្នាំ​។ ​ពួកគេ​កំពុង​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​គ្រោង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ៩ ​មករា​ ប៉ុន្តែ​បើ​បំពេញ​នីតិវិធី​មិនទាន់​ទេ​អាច​នៅ​ថ្ងៃទី​ ១០ មករា។

លោក​បន្តថា​៖ «​បញ្ហា​នេះ​ដោយសារ​សមត្ថកិច្ច​ត្រូវការ​ធ្វើ​កំណត់ហេតុ និង​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ឲ្យ​បាន​ល្អិតល្អន់ ប៉ុន្តែ​ទោះយ៉ាងណា​ជនសង្ស័យ​ទាំង​ ៣ ​នាក់ ​នឹង​ត្រូវតែ​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​ចាត់ការ​តាមច្បាប់ ពួកគេ​ត្រូវបាន​ចាប់​នៅក្នុង​ក្លិប​ខារ៉ាអូខេ​» ។

ដោយឡែក​លោក​ឧត្តមសេនីយ៍ត្រី អ៊ិន សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហាផ្ទៃ​ទទួលបន្ទុក​ផ្នែក​រដ្ឋបាល​បាន​ប្រាប់​ពី​ម្សិលមិញ​ដែរ​ថា ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​គឺ​សមត្ថកិច្ច​​បាន​អនុវត្ត​តែ​ ១ ​ទីតាំងប៉ុណ្ណោះ​​ គឺ​នៅ​ចំណុច​ខារ៉ាអូខេ​ផ្ទះ​លេខ​ ៥៦ ផ្លូវ​លេខ​ ២៣០ សង្កាត់​ទឹកល្អក់​ ៣ ខណ្ឌ​ទួលគោក ​រាជធានី​ភ្នំពេញ​។ នៅថ្ងៃនេះ​ (​ថ្ងៃទី​ ៩ ​មករា​) ​ជនសង្ស័យ​ទាំង ៣​ នាក់​នោះ​ លោក​កំពុង​រៀបចំ​សំណុំរឿង ហើយ​គ្រោង​បញ្ជូន​ទៅ​តុលាការ​ពេល​បំពេញ​នីតិវិធី​ចប់ ។

លោក​បាន​បញ្ជាក់ថា​៖ «​ជនសង្ស័យ​ទាំង​ ៣ ​នាក់​ ខាងលើ​គ្រាន់តែ​ជា​បណ្តាញ​របស់គេ ឯ​មេខ្លោង​គឺ​សមត្ថកិច្ច​កំពុង​តាម​​ប្រមាញ់​...​យើង​មិនទាន់​បញ្ជូន​ពួកគេ​ទៅ​តុលាការ ដោយសារ​យើង​បន្ត​ស្រាវជ្រាវ​ទៀត ព្រោះ​យើង​បាន​កំណត់​អត្តសញ្ញាណ​មេខ្លោង​ពួកគេ​បាន​ហើយ​» ។

បើ​តាម​លោក សុង វត្ថុតាង​គ្រឿងញៀន​ដែល​សមត្ថកិច្ច​របស់​លោក​រឹបអូស​បានរួម​មាន សារធាតុ​ញៀន​សរុប​ជាង ១៤ ​គីឡូក្រាម ​ក្នុង​នោះ​ប្រភេទ​មេតំហ្វេតាមីន​ (ICE) ​ម៉ា​ទឹកកក​ទម្ងន់​សុទ្ធ ៥ ២២២,៨៣ ​ក្រាម​,​ នីមេតាហ្សេប៉ាម​ទម្ងន់ ៨ ៨២៩,៧២ ក្រាម​ ស្មើនឹង ៤៩ ០៥៤ ​គ្រាប់​ ដែល​របៀប​ប្រើ​របស់​វា​គឺ​គេ​យក​ទៅ​ផ្សំ​ជាមួយ​ប្រភេទ​ថ្នាំ​អិចស្តាហ្ស៊ី​៕