ភ្នំពេញៈ មនុស្សចំនួន ៩ នាក់ ក្នុងនោះមានស្រីម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ចាប់ខ្លួនកាលពីថ្ងៃម្សិលមិញ នៅភូមិ តាឡី សង្កាត់-ខណ្ឌ ដង្កោ រាជធានីភ្នំពេញជាមួយវត្ថុតាង ដាវសាមូរ៉ៃ រួមនឹងប្រដាប់កាច់សោ ក ម៉ូតូ មួយចំនួនទៀត។
លោកវរសេនីយ៍ឯកជឹមស៊ីថាអធិការនគរបាលខណ្ឌដង្កោបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថាសមត្ថកិច្ចរបស់លោកបានចាប់ខ្លួនជនសង្ស័យបាន ៩ នាក់ ដែលក្រុមនេះតែងបង្កបទល្មើសគ្រប់ប្រភេទ ហើយក៏ជាក្រុមប្រើប្រាស់គ្រឿងញៀនផងដែរ ។
លោកបានបញ្ជាក់ថា៖ «ក្រុមនេះដើរបង្កបទល្មើសមិនរើសមុខទេ មានទាំងកាច់កម៉ូតូ ប្លន់ប្រើដាវនិងអ្នកប្រើគ្រឿងញៀនផង។ ឥឡូវនេះ សមត្ថកិច្ចរបស់ខ្ញុំកំពុងសួរចម្លើយពួកគេ»។
លោកបានឲ្យដឹងថាប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅម៉ោង ១០ និង ៣០ នាទីព្រឹក ថ្ងៃទី ២៤ ខែ មិថុនា នៅផ្លូវបេតុង ភូមិតាឡីខាងលិច ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន ៩ នាក់ ដកហូតម៉ូតូ ៧ គ្រឿង និងវត្ថុតាងមួយចំនួនទៀត។
លោក ជឹម ស៊ីថា បានបញ្ជាក់ដែរថា មុនមានការបង្ក្រាបក្រុមជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចរបស់លោកបានស៊ើបអង្កេតដោយទទួលព័ត៌មានថា ក្រុមទាំងនេះ កំពុងលួច សំងំដោះដូរគ្រឿងម៉ូតូ ដែលពួកគេវាយប្លន់បានពីអ្នកដំណើរ។
លោកបានបន្តថា ក្រោយចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចរបស់លោកបានឆែកឆេររកឃើញម៉ូតូដែលពួកគេជិះធ្វើសកម្មភាពប្លន់កន្លងមក បាន ៩ គ្រឿង និងគ្រឿងបន្លាស់ម៉ូតូជាច្រើន ព្រមទាំងបានរកឃើញដាវសាមូរ៉ៃ ៣ ដើម ថ្នាំញៀនមួយចំនួន និងសម្ភារសម្រាប់ជក់គ្រឿងញៀនផងដែរ។
លោកបានប្រាប់ថា ក្រុមជនសង្ស័យទាំងនោះមានអាយុចន្លោះពីជាង ២០ ឆ្នាំ ដល់ក្រោម ៤០ ឆ្នាំ ហើយសមត្ថកិច្ចកំពុងបន្តនីតិវិធីសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕