កណ្ដាលៈ អយ្យ​ការ​អម​សាលា​ដំ​បូង​ខេត្ត​​កណ្តាល​បាន​ចោទ​និង​បញ្ជូន​បុរស​សង្ស័យ​ ៣ ​នាក់​ទៅ​ឃុំ​ខ្លួន​​នៅ​ពន្ធ​នា​គារ​ខេត្ត​​ពី​ម្សិលមិញ ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​សមត្ថ​កិច្ច​បញ្ជូន​ខ្លួន​រឿងលួច​បដិមា​ស្ពាន់ ១១១ អង្គ។

លោក​ សូ សា​រិន ​អ្នក​នាំ​ពាក្យ​នៃ​សា​លា​ដំ​បូង​ខេត្ត​កណ្តាល​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​​ជន​សង្ស័យ​ទាំងនោះទី១-ឈ្មោះ​ ឃុន​​​ ម៉េ​ង​ហាក់ អាយុ​​១៧ ​ឆ្នាំ​​ ទី២-​ឈ្មោះ ​រុន​​ សុ​ភាព ​​ហៅ​ភើ​ម អាយុ​ ១៧​ ឆ្នាំ និងទី៣-​ឈ្មោះ​ អេ​ង​​ សុភ័​ក្រ​​ ​អា​យុ​ ២​៦ ​​ឆ្នាំ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ល្ងាច​មិញ (ថ្ងៃទី​ ៣​១ ​មីនា)។

លោក​ថ្លែង​ថា​៖ ​«​ជន​ទាំង​ ៣ ​នាក់​ត្រូវ​ចៅ​ក្រម​ស៊ើប​សួរ​លោក ​​ទី​ សំ​ណាង​ ចោទ​ប្រ​កាន់​​ហើយបង្គាប់ឲ្យឃុំ​នៅព​ន្ធនាគា​រ​ខេត្ត​ផង​ដែរ​។ចំពោះ​រូប​ប​ដិ​មា​ទាំង​នោះ​​បើ​តាម​ខាង​វត្ត​មិន​បញ្ជាក់​ពី​ចំនួន​ពិត​ប្រាក​ដទេ»។

លោក​ ឡាក់ ​ម៉េង​ធី​ ប្រ​ធាន​ការិ​យា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​ន​គរ​បាល​ខេត្ត​កណ្តាល​ប្រាប់​ថា​ ក្រុម​ជនសង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពីថ្ងៃ​ទី ​២​៩​ មីនា​ បន្ទាប់​ពី​មាន​ករណី​​បាត់​ពុទ្ធ​បដិ​មា កាល​ពីថ្ងៃ ២៨​ ខែ​ មីនា​ នៅ​វត្ត​ព្រែក​ហូរ ភូមិ បត្តាជី​ ១ សង្កាត់​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​ខេត្ត​កណ្តាល​។ រីឯ​​ព្រះ​ពុទ្ធ​រូប​ដែល​សមត្ថកិច្ច​ប្រមូល​បាន​វិញ​មាន ១១១ ព្រះអង្គ​ធ្វើ​ពី​ស្ពាន់៕