កំពតៈ ក្រុមការងារ​ដែល​ចាត់តាំង​ដោយ​រដ្ឋបាល​ខេត្តកំពត​កំពុង​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​អត្តសញ្ញាណ​ដី​នៅ​ឃុំ​កោះតូច និង​ឃុំ​បឹងទូក​ក្នុង​ស្រុក​ទឹកឈូ បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ១៦០ ​គ្រួសារ ប្តឹង​ជំទាស់​ទៅ​នឹង​ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ដីធ្លី ដោយ​អះអាង​ថា ពួកគាត់​មាន​ដី​នៅ​ទីនោះ​ដែរ​។

តាមរយៈ​សេចក្តី​ជូន​ដំណឹង​នៅ​ថ្ងៃទី​ ២ ខែមីនា លោក ជាវ តាយ អភិបាល​ខេត្តកំពត​បាន​ចាត់​ឲ្យ​មាន​ក្រុមការងារ​ចំនួន​ ៣ ចុះ​ពិនិត្យ និង​ធ្វើ​អត្តសញ្ញាណកម្ម​ទីតាំង​ដី​របស់​ប្រជាពលរដ្ឋ ដែល​បាន​ដាក់​ពាក្យ​ប្តឹង​ជំទាស់ ចាប់ពី​ថ្ងៃទី​ ៣ ដល់​ថ្ងៃទី​ ១៩ ខែ មីនា ឆ្នាំ​ ២០២១​។

សេចក្តី​ជូនដំណឹង​បញ្ជាក់ថា​៖ «​ក្នុងករណី​ដែល​បងប្អូន​ប្រជាពលរដ្ឋ​មិនបាន​ចូលរួម​តាម​កាលបរិច្ឆេទ​នេះ​ទេ រដ្ឋបាលខេត្ត​នឹង​មិន​ទទួលខុសត្រូវ​លើ​ការបាត់បង់​ផលប្រយោជន៍ និង​សុំ​ធ្វើការ​ប្រកាស​បដិសេធ​មិន​ទទួលស្គាល់​ទីតាំង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ​»​។

លោក ឡេង វិបុល ប្រធាន​ក្រុមទី​១ ទទួលបន្ទុក​ក្បាលដី​ក្នុង​ភូមិ​ព្រែកចេក និង​ភូមិ​គីឡូ​ ១២ ឃុំ​កោះតូច បាន​ឲ្យ​ដឹងថា មាន​ពលរដ្ឋ​ចំនួន​ ៩១ ​គ្រួសារ ប្តឹង​ជំទាស់ ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ដីធ្លី​ដែល​ក្នុងនោះ​នៅ​ភូមិ​ព្រែកចេក​មាន ៥០ ​គ្រួសារ និង​ភូមិ​គីឡូ​ ១២ ​មាន​ចំនួន​ ៤១ ​គ្រួសារ​។ លោក វិបុល ប្រាប់ថា ក្រុម​ការងារ​កំពុង​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ​មិនទាន់​មាន​លទ្ធផល​នៅឡើយ​ទេ​។

លោក​បញ្ជាក់ថា​៖ «​តាម​ការចុះ​ពិនិត្យ​ជាក់ស្តែង​នៅ​ថ្ងៃនេះ​ (៣ ​មីនា​) ជារួម មិនទាន់​ឃើញ​មាន​ចម្ការ​ដំណាំ​អី​ជា​របស់​ប្រជាពលរដ្ឋ​ទេ ហើយ​ជុំវិញ​កិច្ចការ​នេះ ក្រុមការងារ​កំពុងតែ​បន្ត​អនុវត្ត​នីតិវិធី ដែល​រដ្ឋបាលខេត្ត​ប្រគល់ជូន​។ យើង​កំពុង​តែ​ធ្វើការងារ​ជាមួយ​ប្រជាពលរដ្ឋ អ៊ីចឹង​ខ្ញុំ​អត់​អាច​បរិយាយ​បែបណា​បានទេ​»​។

ចំណែក​លោក អ៊ុក ចាន់ឌីណា ប្រធាន​ក្រុមទី​ ២ ទទួលបន្ទុក​ក្បាលដី​ក្នុងភូមិ​រលួស និង​ភូមិ​កែប​ថ្មី ឃុំ​បឹងទូក ថ្លែងថា មាន​ពលរដ្ឋ​ ២៤ ​គ្រួសារ​បាន​ប្តឹង​ជំទាស់​ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ដីធ្លី​ក្នុង​នោះ ភូមិ​រលួស​មាន ១០ ​គ្រួសារ និង​ភូមិ​កែបថ្មី​មាន ១៤ ​គ្រួសារ​។

លោក​ ចាន់ឌីណា បញ្ជាក់​ថា នៅ​ថ្ងៃ​ដំបូង​នៃ​ការចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​ជាមួយ​ប្រជាពលរដ្ឋ​ជាក់ស្តែង​មាន​ប្រជាពលរដ្ឋ​ចំនួន​ ១០ ​គ្រួសារ ​មក​ចូលរួម​ក្នុង​នោះ​ក្រុមការងារ​រកឃើញ​ថា មិនមាន​អ្នកពាក់ព័ន្ធ​ក្នុង​ការបិទ​ផ្សាយ​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​យើង​មិនទាន់​ពិនិត្យ​អស់​ទេ ដោយសារ​តែ​អ្នកមួយ​ចំនួន​មិនទាន់​បានដឹង និង​មក​ចូលរួម​។ ប៉ុន្តែ​ក្រុមការងារ​នឹង​ធ្វើការ​បន្ត​បន្ទាប់​ទៀត រហូត​ដល់​ថ្ងៃ​ ១៩ មីនា​បាន​ចប់​។ ថ្ងៃនេះ​ (៣ ​មីនា​) តាម​ការពិនិត្យ​ជាមួយ​ពលរដ្ឋ​ឃើញ​ថា​ដី​គាត់ គ្រាន់តែ​នៅក្បែរៗ​ហ្នឹង​មិន​មាន​ពាក់ព័ន្ធ​ក្នុង​ដី​បរិស្ថាន​នោះទេ​»​។

លោក អ៊ឹម ប៉ុណ្ណា ប្រធាន​ក្រុមទី​ ៣ ទទួលបន្ទុក​ក្បាលដី ក្នុង​ភូមិ​ទទឹងថ្ងៃ ឃុំ​បឹងទូក ថ្លែងថា ក្នុងភូមិ​ទទឹងថ្ងៃ​មាន​ពលរដ្ឋ​ ៥០ ​គ្រួសារ ប្តឹង​ជំទាស់​ការបិទផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ដីធ្លី​។ តាម​ការពិនិត្យ​ជាក់ស្តែង ពលរដ្ឋ​ភាគច្រើន​ដែល​ប្តឹង​មួយ​ចំនួន​ធំ មិនមាន​ការពាក់ព័ន្ធ​នឹង​ការបិទ​ផ្សាយ​ដែល​ចេញ​បណ្ណ​ទៅ​ក្រសួង​បរិស្ថាន​នោះទេ​។

លោក​ថ្លែងថា​៖ «​ពួកគាត់​នៅក្រៅ​តំបន់​ហ្នឹង ប៉ុន្តែ​គាត់​បារម្ភ អ៊ីចឹង​គាត់​ក៏​ធ្វើ​ពាក្យ​ប្តឹង គាត់​ផ្តិតមេដៃ​តវ៉ា​អ៊ីចឹង​ទៅ តែ​ពេល​យើង​ចុះ​ពិនិត្យ​ទៅ​ឃើញ​មិនមាន​ការពាក់ព័ន្ធ អ៊ីចឹង​ក៏​ជម្រាប​ថា ដី​របស់​ពូ​មីង​មិន​ពាក់ព័ន្ធ​ជាមួយ​ការស្នើសុំ​ចុះបញ្ជី​ហ្នឹង​ទេ​អីចឹង​ទេ​ឲ្យ​គាត់​ត្រឡប់​ទៅវិញ​ទៅ​»​។

លោក សេង អាន ប្រជាពលរដ្ឋ​នៅ​ភូមិ​រលួស ឃុំ​បឹងទូក ថ្លែង​ថា​ការដាក់​ពាក្យ​ប្តឹង​ជំទាស់​ការបិទ​ផ្សាយ​នេះ​ដោយសារ​តែ​លោក​មាន​ដីចម្ការ​ស្វាយចន្ទី​នៅ​ទីនោះ​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មាន​ដី​នៅ​ទីនោះ​តែ​ ២ ​ហិកតា​ទេ ហើយ​បាន​អាស្រ័យផល​យូរ​ឆ្នាំ​ដែរ​ហើយ​តាំងពី​ឆ្នាំ​ ១៩៩២ មក​»​។

លោក យន់ ផល្លី អ្នក​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្តកំពត​ថ្លែងថា លោក​មិន​ទាន់​បានទទួល​ព័ត៌មាន​នេះ​ទេ​។

លោក​បន្តថា​៖ «​ខ្ញុំ​នឹង​ធ្វើការ​ស្រាវជ្រាវ​ករណី​ហ្នឹង ព្រោះ​ពេលនេះ​ខ្ញុំ​អត់​ទាន់​ទទួល​បាន​ព័ត៌មាន​ហ្នឹង​ដែរ​។ ប៉ុន្តែ​ដី​នៅ​ទីនោះ​បើសិន​ស្ថិត​នៅ​លើ​ថ្នល់​រទេះភ្លើង​គឺ​វា​ស្ថិត​នៅក្នុង​ដី​គម្រប​ព្រៃឈើ​»៕