
លោក ស ខេង ពេលអញ្ជើញជួបសំណេះសំណាលជាមួយកងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក នៅខេត្តកំពង់ចាម។ រូប Sar Kheng page
កំពង់ចាម៖ ក្រុមការងារអន្តរក្រសួងរុករកគ្រាប់មិនទាន់ផ្ទុះនៅក្រោមទឹកកាលពីពេលថ្មីៗនេះ បានរកឃើញស្លាកសម្គាល់សពទាហានម្នាក់ជាលើកដំបូង ក្រោយពីប្រតិបត្តិការរុករកកាលពីខែតុលា ឆ្នាំ ២០២០ ទៅលើនាវាដឹកសម្ភារសឹកយោធាដែលផលិតនៅប្រទេសបារាំង បានលិចកាលពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ នៅក្នុងដងទន្លេមេគង្គ ស្ថិតក្នុងតំបន់ភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្នុងអំឡុងសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២០ បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជួបសំណេះសំណាលជាមួយកងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក កាលពីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២១ បានថ្លែងឱ្យដឹងថា ក្រៅពីរុករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងទន្លេ ក្រុមប្រតិបត្តិករក៏បានរកឃើញអដ្ឋិធាតុដែលជាយុទ្ធជននៅក្នុងនាវានេះ ដែលមានឈ្មោះ ឈឹម ឈៀងលី ដែលក្រុមអ្នកជំនាញបានសន្និដ្ឋានថា អតីតយុវជនរូបនេះ គឺជាកងការពារ។
លោក ស ខេង ថ្លែងថា៖ «នៅកន្លែងនេះ ក្រៅពីគ្រាប់ យើងបានរកឃើញអដ្ឋិធាតុ សាកសពមួយជាយុទ្ធជននៅក្នុងកប៉ាល់ហ្នឹង អ្នកការពារតាមមើល ឈ្មោះគាត់ ឈឹម ឈៀងលី។ ពីនេះ ខ្ញុំសូមអំពាវនាវដល់ក្រុមគ្រួសារសព បើសិនណាជាមានក្រុមគ្រួសារណា ដែលបាត់កូនចៅ ក្រុមគ្រួសារ ដែលមានឈ្មោះអ៊ីចឹង យើងមិនដឹងថា ឈ្មោះរបស់គាត់ហ្នឹងបានដូរ ឬក៏ឈ្មោះពីកំណើត គឺយើងមិនដឹងនោះទេ ប៉ុន្តែផ្លាក (ស្លាកជាសម្គាល់) ហ្នឹងគឺ ឈឹម ឈៀងលី ផ្លាកនៅច្បាស់ ព្រោះវាជាអាលុយមីញូម គេវៃឈ្មោះហ្នឹង»។
លោក ស ខេង ថ្លែងថា៖ «ពីទីនេះ ខ្ញុំសូមយកឱកាសហ្នឹង ដើម្បីប្រកាសជូនក៏ដូចជាអំពាវនាវ និងផ្សព្វផ្សាយជូនដល់ក្រុមគ្រួសារសព។ អ៊ីចឹងទេ សូមអំពាវនាវដល់ក្រុមគ្រួសារសាច់ញាតិរបស់លោក ឈឹម ឈៀងលី បើសិនណានៅមានសូមមកទាក់ទងជាមួយនឹងខេត្ត ដើម្បីយកអដ្ឋិធាតុទៅធ្វើបុណ្យតាមប្រពៃណីរបស់យើង»។
លោក ស ខេង បានថ្លែង ដោយបានសន្និដ្ឋាន ថា អាចនឹងនៅមានសាកសពផ្សេងទៀត នៅក្នុងហេតុការណ៍លិចនាវានៅក្នុងទន្លេនេះ និងបានស្នើដល់ក្រុមប្រតិបត្តិករនៅពេលរកឃើញអដ្ឋិធាតុ និងស្លាកឈ្មោះសាកសពផ្សេងទៀត ត្រូវស្រង់យកមកលើគោក ហើយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យសាច់ញាតិរបស់ពួកគេមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណីសាសនា។
លោក ស ខេង ថ្លែងថា មកដល់ពេលនេះ ក្រុមប្រតិបត្តិករបានរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ១០ តោន ក្នុង ១ ឃ្លុប ប៉ុន្តែ នៅសល់ ៣ ឃ្លុបទៀត ដែលអាចនៅសល់គ្រាប់មិនទាន់ផ្ទុះប្រមាណពី ៣០ ទៅ ៤០ តោន ដែលគ្រាប់ទាំងអស់នេះ អាចនៅផ្ទុះបាន។ នាវា និងគ្រាប់ទាំងនេះ បើគិតជាអាយុកាលរបស់វា រហូតមកដល់ពេលនេះ គឺមានរយៈពេលកន្លះសតវត្សរ៍ហើយចាប់តាំងពីឆ្នាំ ១៩៧៣ ឬដើមឆ្នាំ ១៩៧៤។
លោក ស ខេង បញ្ជាក់ទៀតថា នៅមាន ៤ ទីតាំង ដែលមាននាវាចម្បាំងដែលផ្ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះលិចចូលទៅក្នុងទន្លេ គឺ ២ កន្លែង នៅម្តុំសាលាស្រុកល្វាឯម ខេត្តកណ្តាល និង ២ កន្លែងទៀត ស្ថិតនៅក្រោមស្ពានអ្នកលឿង នៃមូលដ្ឋានខេត្តព្រៃវែង។ នៅក្នុងហេតុការណ៍លិចនាវានេះអាចនឹងមានមនុស្សជាច្រើនបានស្លាប់។
លោក ស ខេង ក៏បានប្រាប់ទៅប្រតិបត្តិករទាំងអស់រៀបចំផែនការ ដើម្បីទៅយកគ្រាប់ពីទីតាំងទាំង ៤ នេះឱ្យបានកាន់តែឆាប់កាន់តែល្អ ដោយមិនរង់ចាំបិទបញ្ចប់ការរុករកនៅក្នុងទន្លេកំពង់ចាមនោះទេ។
លោក ម៉ី សុភា មេបញ្ជាការកងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹកនៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដែលទទួលបន្ទុកក្នុងការរុករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងនាវា ១ គ្រឿងលិច នៅក្នុងទន្លេកាលពីសម័យសង្គ្រាមនៅក្នុងខេត្តកំពង់ចាម កាលពីម្សិលមិញមិនអាចទាក់ទងបានទេ។
លោក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឱ្យដឹងថា គិតត្រឹមថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២១ ប្រតិបត្តិករបានរកឃើញគ្រាប់មិនទាន់ផ្ទុះ ដែលជាប្រភេទគ្រាប់ផ្លោង ទំហំ ៦០-១០៥ mm ចំនួន ៧២២ គ្រាប់ និងគ្រាប់ប្រភេទតូច ដូចជា ប្រភេទកាំភ្លើងដៃ និងកាំភ្លើងយន្ត ចំនួន ៥៤ ៩២៥ គ្រាប់ ដោយសរុបទាំងអស់មាន ៥៥ ៦៩៧ គ្រាប់ ដែលបានរកឃើញ និងយកចេញពីក្នុងឃ្លុបទី១ នៃនាវានឹងនៅបន្តរុករកចំនួន ៣ ឃ្លុបទៀត។
ក្នុងប្រតិបត្តិការរុករក និងប្រមូលគ្រឿងយុទ្ធភណ្ឌក្នុងបាតទន្លេមេគង្គនៅក្នុងមូលដ្ឋានខេត្តកំពង់ចាម មានទំហំ ១ ៥០០ ម៉ែត្រ ស្មើនឹង ១៥០ ហិកតា ត្រូវបានអនុវត្តឡើងតាំងពីចុងខែតុលា ឆ្នាំ ២០២០ នឹងគ្រោងបញ្ចប់នៅអំឡុងខែឧសភា ឱ្យទាន់មុនរដូវវស្សាខាងមុខនេះ។
លោក ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាមធ្លាប់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ឱ្យដឹងថា នាវាចម្បាំងនេះសល់ពីសម័យសង្គ្រាមស៊ីវិល ដែលប្រើប្រាស់ដោយទាហាន លន់ នល់ ត្រូវបានផលិតដោយប្រទេសបារាំង ហើយបានដឹកគ្រាប់ចេញពីកំពង់ផែនៅក្នុងទីក្រុងហូជីមិញ យកមកផ្គត់ផ្គង់នៅក្នុងមូលដ្ឋានទ័ពក្នុងខេត្តកំពង់ចាម។ នាវាចម្បាំងនេះ មានទំហំធំ ដែលមានបណ្តោយប្រវែង ៤៥ ម៉ែត្រ និង ទទឹង ប្រមាណ ៨ ម៉ែត្រ ជាប្រភេទនាវាចាស់សល់ពីបារាំង និងផលិតដោយបារាំង ដែលអាចផ្ទុកសម្ភារសឹកបានជាច្រើនតោន។
នៅក្នុងសង្គ្រាមឆ្នាំ ១៩៧០-១៩៧៥ គេយកនាវាចម្បាំងនេះប្រើប្រាស់ សម្រាប់ដឹកជញ្ជូនគ្រាប់សម្ភារសឹកដោយបានឃើញស្លាកឈ្មោះ ជាភាសាបារាំងថា Marine National Khmer ហើយជាទូទៅនាវានេះ អាចនឹងមានកងការពារ និងនាវឹកប្រមាណ ៣០ នាក់។ ប៉ុន្តែមិនដឹងថា មានអ្នកស្លាប់ និងនៅរស់ប៉ុន្មានទេ៕