ភ្នំពេញៈ ក្រុមការងារបច្ចេកទេសអន្តរក្រសួងរៀបចំបង្កើតថ្នាលទូរទស្សន៍ឌីជីថលជាតិបានកំពុងរៀបចំបង្កើត ក្រុមហ៊ុនជាតិចម្រុះរវាងរដ្ឋ និងឯកជន សម្រាប់គ្រប់គ្រងថ្នាលទូរទស្សន៍ ឌីជីថលជាតិដោយផ្លាស់ប្តូរការផ្សាយទូរទស្សន៍ពីប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថល។ នេះបើតាមលោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មាន។
ក្រុមការងារអន្តរក្រសួងនៅថ្ងៃទី ២៥ ខែឧសភា បានដឹកនាំដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចសម្រាប់ការរៀបចំបង្កើតថ្នាលទូរទស្សន៍ឌីជីថលជាតិនេះបានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៃការរៀបចំបង្កើតថ្នាលទូរទស្សន៍ឌីជីថលជាតិ ដោយមានការចូលរួមពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រួមនឹងក្រុមការងារបច្ចេកទេសមួយចំនួនទៀត។
លោក ផុស សុវណ្ណ ថ្លែងថា៖ «តាមរយៈកិច្ចប្រជុំ ក្រុមការងារអន្តរក្រសួង កំពុងរៀបចំដោះស្រាយលើបញ្ហាគោលនយោបាយ គោលការណ៍សម្រាប់អនុវត្ដចំពោះការប្ដូរការផ្សាយពីប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថលនេះ»។
លោក ផុស សុវណ្ណ បានឱ្យដឹងថា កន្លងទៅនេះមានក្រុមហ៊ុនទូរទស្សន៍វិស័យឯកជនចំនួន ៣ ដែលបានចងសម្ព័ន្ធជាមួយគ្នា ពួកគាត់មានបំណងចូលរួមជាមួយរាជរដ្ឋាភិបាលដូច្នេះក្រុមការងារបច្ចេកទេសត្រូវគិតគូរលើគោលនយោបាយក្នុងការរៀបចំបង្កើតក្រុមហ៊ុនជាតិចម្រុះរវាងរដ្ឋ និងឯកជន សម្រាប់គ្រប់គ្រងថ្នាលទូរទស្សន៍ឌីជីថលជាតិនេះ។
លោកថា៖ «យើងកំពុងស្នើសុំគោលការណ៍ទៅប្រមុខរាជរដ្ឋាភិបាលដើម្បីផ្ដល់អនុសាសន៍សម្រេចលើគោលនយោបាយ»។ ការរៀបចំបង្កើតប្រព័ន្ធទូរទស្សន៍ឌីជីថលនេះ ក្រសួងរំពឹងថា អាចនឹងបញ្ចប់អំឡុងឆ្នាំ ២០២៥៕