ភ្នំពេញ៖ ក្រុម​តេឡេក្រាម​ឈ្មោះ កម្ពុជា​ប្រឆាំង​កូវីដ ១៩ បាន​ប្រមូល​ផ្ដុំ​គ្នា​ដោយ​ស្ម័គ្រចិត្ត​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​សម្រាប់​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​សកម្មភាព​ផ្គត់ផ្គង់​ស្បៀង​អាហារ និង​សម្ភារ​ការពារ ការ​ចម្លង​មេរោគ​កូវីដ ១៩ ដែល​ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន​កំពុង​តែ​ប្រឈម​នូវ​ភាព​ខ្វះខាត។

នៅ​ថ្ងៃទី ១១ ខែ​ឧសភា ក្រុម​នេះ​បាន​បន្ត​សកម្មភាព​ចែក​ស្បឿង​ទៅ​ដល់​ប្រជាពលរដ្ឋ​ចំនួន ១ ២៥០ គ្រួសារ ដូចជា​អង្ករ​ម្នាក់ ២៥ គីឡូ រួមទាំង មី ត្រីខ ស្ករ ទឹកត្រី ទឹក​ស៊ីអ៊ីវ ប្រេងឆា និង​បញ្ចប់​ថ្នាំ​ព្យាបាល​បឋម​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ខណ្ឌ​ច្បារអំពៅ ខណ្ឌ ៧ មករា ខណ្ឌ​ឫស្សីកែវ ខណ្ឌ​សែនសុខ និង​ខណ្ឌ​ទួលគោក។

លោក ហោ សេរីវឌ្ឍន៍ ប្រធាន​មូលនិធិ និង​ជា​ប្រធាន​ក្រុម​នេះ បាន​ថ្លែង​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​នឹង​រៀបចំ​ចុះចែក​អំណោយ​សប្បុរសជន (នៅ​ថ្ងៃ ១១ ខែ​ឧសភា) មូលនិធិ​យើង​ខ្ញុំ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ខណ្ឌ ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ»។

ចាប់​តាំង​ពី​ឆ្នាំ ២០២០ មក ក្រុម​តេឡេក្រាម AntiCovid19Cambodia បាន​ធ្វើ​សកម្មភាព​សប្បុរសធម៌​ខ្លះ​ដូចជា ផលិត​ជា​របាំង​សុវត្ថិភាព​មួយ​ចំនួន​ផ្ដល់​ជូន​អ្នក​មក​ទទួល​វ៉ាក់សាំង ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង និង​កង​រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​សម្ភារ​មួយ​ចំនួន​ផ្សេង​ទៀត ផ្ដល់​ទៅ​ដល់​មន្ទីរពេទ្យ​រដ្ឋ​ដូចជា ស្រោមដៃ​ចំនួន ៥ ពាន់​គូ បង់​បិទ​មុខ​របួស​ចំនួន ១ ម៉ឺន​បន្ទះ ម៉ាស់ សាប៊ូ។

ក្រុម​តេឡេក្រាម​នេះ គឺ​ជា​ក្រុម​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​អំឡុង​ខែ មេសា ឆ្នាំ ២០២១ ដើម្បី​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​ផ្សេងៗ ក្នុង​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ដែល​កើត​ចេញ​ពី​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។

រហូត​មក​​ដល់​ពេល​នេះ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ ១៩ បាន​ទទួល​ជំនួយ​ពី​សប្បុរសជន​មក​ពី​គ្រប់​ទិសទី ដែល​មាន​ដូចជា​ប្រជាពលរដ្ឋ ក្រុមហ៊ុន​ឯកជន និង​សមាគម អង្គការ​ផ្សេងៗ ដើម្បី​រៀបចំ​ជា​សម្ភារ គ្រឿង​ឧបភោគ​បរិភោគ​សម្រាប់​ផ្តល់​ជូន​ពលរដ្ឋ​ខ្វះខាត​ក៏​ដូច​ជា​ផ្តល់​ជូន​ជា​សម្ភារ​ចាំបាច់​ជូន​ដល់​កម្លាំង​សមត្ថកិច្ច និង​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩៕