ភ្នំពេញៈ និស្សិត និង​ពលរដ្ឋ​មួយ​ក្រុម​នឹង​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​នៅ​សប្តាហ៍​ក្រោយ ដើម្បី​ទាមទារ​រក​យុត្តិធម៌​សង្គម និង​សុំឱ្យ​ដោះលែង​លោក​ រ៉ុង ឈុន លោក​ សួង សុភ័ណ្ឌ និង​យុវជន​ ៣ ​រូប​ទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន ឃុំឃាំង​ពាក់ព័ន្ធ​នឹង​ការថ្លែង​រឿង​ព្រំដែន​។ ការតវ៉ា​នេះ​នឹង​ធ្វើឡើង​រយៈពេល​​ ៩ ​ថ្ងៃ​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ខណ្ឌ​ឫស្សីកែវ​។

លោក​ មាន ព្រហ្មមុនី អាយុ​ ៣៥ ​ឆ្នាំ​ ជា​និស្សិត​នៃ​សាកលវិទ្យាល័យ ឯកជន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យថា លោក និង​យុវជន​ផ្សេងទៀត​រួមគ្នា​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​តវ៉ា​រក​យុត្តិធម៌​សង្គម និង​សិទ្ធិ​មូលដ្ឋាន និង​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក​ រ៉ុង ឈុន និង​មនុស្ស​ ៤ ​នាក់​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំខ្លួន​ដោយ​អយុតិ្តធម៌​។ ពួកគេ​គ្រាន់តែ​សម្តែង​មតិ​ពី​ព្រំដែន បញ្ចេញមតិ​ទាមទារ​ឱ្យមាន​សេរីភាព​លើ​ការឃុំខ្លួន​មួយ​ដែល​អយុត្តិធម៌​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​នេះ​ជា​ការជូន​ដំណឹង​លើក​ទី​ ២ ​នៃ​ការធ្វើ​បាតុកម្ម​របស់​យើង​ទៅ​សាលាក្រុង​ដែល​ពីមុន​យើង​គ្រោង​ធ្វើ​រយៈពេល​ ១ ​ខែ​ពេញ​។ ប៉ុន្តែ​ដោយសារ​ប៉ះពាល់​ថ្ងៃ​បុណ្យជាតិ​ទើប​យើង​ធ្វើការ​សម្រួល​មក​ធ្វើ​តែ​ ៩ ​ថ្ងៃ​វិញ គឺ​ពី​ថ្ងៃទី​ ៧ ដល់​ថ្ងៃទី​ ១៥ ខែកញ្ញា​។ យើង​បាន​សម្រេចចិត្ត​ថា យើង​មិនបាច់​ធ្វើ​កំណត់ហេតុ លក្ខខណ្ឌ ឬ​កិច្ចព្រមព្រៀង​អី​ជាមួយនឹង​សាលាក្រុង​ដូច​មុន​ទៀត​ទេ​»​។

លោក​ថា​៖ «​យើង​នៅតែ​ធ្វើ ទោះបី​ជា​អាជ្ញាធរ​ព្រមាន​ចាត់វិធានការ​យ៉ាងណា​ក៏ដោយ ដោយសារ​ដើម្បី​ស្វែងរក​យុត្តិធម៌​សង្គម និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​»​។

មនុស្ស​ ៥ ​រូប​ដែល​ត្រូវបាន​ឃុំខ្លួន គឺ​មាន​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក​ សួង សុភ័ណ្ឌ ប្រធាន​បក្ស​ខ្មែរ​ឈ្នះ យុវតី ឈឿន ដារ៉ាវី យុវជន ហ៊ុន វណ្ណៈ និង​យុវតី ស កន្និកា​។

លោក​ មាន ព្រហ្មមុនី បន្ថែមថា ការតវ៉ា​ទាមទារ​ដោយ​ការសម្តែង​មតិ មិនមែន​ជា​ការខុសច្បាប់​ទេ ដោយសារ​ជាការ​ស្នើឱ្យ​មាន​ការអនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ និង​ការសម្តែង​មតិស្រប​ទៅ​តាម​ច្បាប់​នៃ​រដ្ឋធម្មនុញ្ញ​។

លោក ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ទេ ដោយ​ប្រាប់​ពី​ម្សិលមិញ​ថា ក្រុមមន្ត្រី និង​និស្សិត​កំពុង​ពិភាក្សា​គ្នា​។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក​ ជិន ម៉ាលីន ថ្លែងថា ការតវ៉ា ការជួបជុំ​ដោយ​សន្តិវិធី គឺជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​។ ប៉ុន្តែ​ដើម្បី​ទទួល​បាន​ការការពារ​តាមផ្លូវ​ច្បាប់ ត្រូវ​អនុវត្ត​ទៅតាម​នីតិវិធី និង​បែបបទ​ដែលមាន​បញ្ញត្តិ​នៅក្នុង​ច្បាប់​ដែលមាន​ជា​ធរមាន​។

លោក​ ស៊ឹង សែនករុណា មន្ត្រី​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ (​អាដហុក​) ​ថ្លែងថា ការតវ៉ា​របស់​ពលរដ្ឋ គឺជា​សិទ្ធិសេរីភាព​ក្នុង​សង្គម​ប្រជាធិបតេយ្យ នៅពេល​ពួកគេ​យល់ថា អ្វី​ដែល​កើតឡើង​ដោយ​ភាពអយុត្តិធម៌​។

លោក​ថ្លែងថា​៖ «​យើង​មាន​ការព្រួយបារម្ភ​ចំពោះ​ការតវ៉ា​នេះ ព្រោះ​កន្លងមក​ការទាមទារ​តវ៉ា​តែង​ធ្វើ​ឡើង​ដោយ​មិនមាន​ភាពរលូន​ទេ គឺ​តែងតែ​មាន​ការបង្ក្រាប​ពី​អាជ្ញាធរ​របស់​រដ្ឋាភិបាល​»៕