ភ្នំពេញៈ ក្រុមការងារ​បច្ចេកទេស​នៃ​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ កំពុង​សិក្សា​គម្រោង​បង្កើត​វិថី​មេត្រីភាព​បរិស្ថាន​ដែល​នៅតាម​ដងវិថី និង​មាន​ផ្លូវ​ដើរ​ដែលមាន​ដើមឈើ​ពណ៌​បៃតង ហើយ​អាជីវករ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងផ្លូវ​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ឡើយ​។

លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃ ទី​ ៧ ​ខែ​សីហា បានលើក​ឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​របស់​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ ដោយ​បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​សិក្សា​គម្រោង​បង្កើត​វិថីមេត្រីភាព​បរិស្ថាន​នេះ​នៅក្នុង​រាជធានី​ភ្នំពេញ​។

លោក អ៊ាង សុផល្លែត ក៏​ស្នើសុំ និង​ជំរុញ​ទៅ​ដល់​មន្ត្រីរាជការ​មន្ទីរ​បរិស្ថាន ពង្រឹង​កិច្ចសហការ​ឱ្យ​បាន​ល្អ​ជាមួយ​មន្ទីរជំនាញ​នានា និង​អាជ្ញាធរ​ដែនដី​ត្រូវ​បន្ត​ខិតខំ​អនុវត្ត​សកម្មភាព​ការងារ​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការងារ​គ្រប់គ្រង​គុណភាព​បរិស្ថាន​ (​ទឹក ដី ខ្យល់​) នៅ​រាជធានី​ភ្នំពេញ​កាន់តែ​ល្អប្រសើរ​ឡើង​។

លោក គាត រង្សី ប្រធាន​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ក្រោយពី​មាន​ការណែនាំ​យ៉ាង​ដូច្នេះ ក្រុមការងារ​របស់​មន្ទីរបរិស្ថាន​កំពុង​ជំរុញ​ការសិក្សា និង​បាន​ដាក់ចេញ​នូវ​គោលគារណ៍​ស្នើ​ទៅ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​កំណត់​យក​ផ្លូវ​ណាមួយ​ធ្វើជា​គំរូ​សម្រាប់​អនុវត្ត​លើ​គម្រោង​នេះ​ក្នុងពេល​ឆាប់ៗ​។

លោក​បញ្ជាក់ថា​៖ «​ខាង​ខ្ញុំ​នឹង​គោរព​ស្នើសុំ​ទៅ​ឯកឧត្តម​អភិបាល​​រាជធានី​ភ្នំពេញ​ដើម្បី​លោក​ចង្អុលបង្ហាញ​បន្តថា គួរ​យក​ផ្លូវ​មួយណាជា​ផ្លូវ​សាកល្បង​។ ខ្ញុំ​ជឿជាក់​ថា ថ្នាក់ដឹកនាំ​លោក​សុទ្ធតែ​ចង់​បាន​ជំហាន​ដំបូង​សិន​ដែល​អាច​ធ្វើបាន មុន​នឹង​អនុវត្ត​បន្តទៀត​»​។

បើទោះ​ជា​មិនបាន​បញ្ជាក់ថា តើ​នឹង​កំណត់​យក​ផ្លូវ​មួយណា ធ្វើ​ជា​វិថី​មេត្រីភាព​បរិស្ថាន ក៏​លោក គាត រង្សី បាន​ឲ្យ​ដឹងថា ចំពោះ​វិថី​ដែល​ស្រដៀង​នឹង​គម្រោង​សិក្សា​នេះ​គឺ​មាន​មហាវិថី នរោត្តម​ជាដើម​ដែល​សងខាង​ផ្លូវ​មាន​ផ្លូវ​ដើរ​អម​ដោយ​ដើមឈើ​ជា​ម្លប់​សងខាង​ផ្លូវ ដោយ​គ្រាន់តែ​មិនទាន់​មាន​ការអនុវត្ត​ការមិន​ប្រើប្រាស់​ថង់​ប្លាស្ទិក​ប៉ុណ្ណោះ​។

លោក​បន្ថែម​ថា​៖ «​តាម​ដែល​យើង​សិក្សា​មក គឺ​អត្ថប្រយោជន៍​របស់​វា​គឺ​វិថី​នេះ​គឺជា​វិថី​​ពណ៌​បៃតង ដែល​មាន​ដើមឈើ​ជា​ម្លប់ ហើយ​ក៏មាន​ចិញ្ចើមផ្លូវ​ដើរ​ងាយស្រួល​។ តាមពិត​ទៅ ដូចជា​យើង​ធ្លាប់មាន​ស្រាប់​ហើយ​ដូចជា​ផ្លូវ​នរោត្តម អីហ្នឹង ហើយ​អ្វី​ដែល​យើង​ចង់បាន​បន្ថែម​នោះ​គឺ​យើង​មាន​ផ្សេងទៀត ដែល​ផ្តោត​សំខាន់​លើ​ការមិន​មាន​ការប្រើប្រាស់​ថង់ប្លាស្ទិក ប្រសិន​បើ​មាន​អ្នកលក់ដូរ ឬ​ពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ​»​។

លោក​ គង់ សុវណ្ណ ទីប្រឹក្សា​ជំនាញ និង​ជា​អនុប្រធាន​ក្រុម​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​សហគមន៍​នៃ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ជនបទ​ជំហាន​ទី​ ២ ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការគិតគូរ​ក្នុង​ការបង្កើត​ផ្លូវ​ប្រភេទ​នេះ​គឺជា​រឿង​ល្អ​ព្រោះ​វា​មាន​អំណាយផល​ដល់​សុខភាព និង​សោភណភាព​សុវត្ថិភាព​ដល់​ការរស់នៅ​ផងដែរ​។ ទន្ទឹម​នឹង​ការសិក្សា​បង្កើត​វិថី​នេះ លោក​ក៏​ចង់​ឲ្យ​ក្រុមការងារ​បច្ចេកទេស​គួរតែ​ដាក់បញ្ចូល​នូវ​ចំណែក​ផ្លូវ​សម្រាប់​អ្នកជិះ​កង់ និង​ខ្សែ​ផ្លូវ​សម្រាប់​យានជំនិះ ដែល​ងាយ​រងគ្រោះ​ផងដែរ ដើម្បី​ផ្សារភ្ជាប់​ចរាចរណ៍ និង​បរិស្ថាន​ឲ្យ​មាន​ភាពស៊ីចង្វាក់​គ្នា​។

លោក​បន្តថា​៖ «​គម្រោង​នីមួយៗ មិន​ងាយ​បាន​លើក​ឡើង និង​សិក្សា​ក្នុង​ការជ្រើសរើស​ផ្លូវ​ណាមួយ​នោះទេ ហើយ​បើ​សម្រេច​ថា ធ្វើ​ហើយ​ យើង​គួរតែ​ដាក់បញ្ចូល​អ្វី​​បន្ថែម​ទៀត​ដើម្បី​ឲ្យ​កាន់តែ​ល្អ​»​។

លោក គង់ សុវណ្ណ មាន​ចក្ខុវិស័យ​ថា ផ្លូវ​សហព័ន្ធរុស្ស៊ី​ដែល​ជា​ផ្លូវ​អន្តរជាតិ​មួយ​សម្បូរ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឆ្លងកាត់ គួរតែ​ជា​ផ្លូវ​អាទិភាព​ដែល​ត្រូវ​ជ្រើសរើស​ក្នុង​ការបង្កើត​ជា​វិថី​មេត្រីភាព​បរិស្ថាន​នេះ ហើយ​នៅ​តំបន់​ដែលមាន​ការបង្កើត​ព្រលានយន្តហោះ​ថ្មី ក៏​គួរតែ​ត្រូវបាន​គិតគូរ​ពី​ការបង្កើត​វិថី​មេត្រីភាព​បរិស្ថាន​នេះ​ផងដែរ​៕