
នាវាចម្បាំងដែលលិចនៅសម័យសង្គ្រាមស៊ីវិលត្រូវបានស្រង់ឡើង ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីថ្ងៃទី ៧ មេសា ។ រូបថត ក្រសូងការពារជាតិ
កណ្តាល៖ ក្រុមប្រតិបត្តិកររុករកគ្រាប់មិនទាន់ផ្ទុះនៅក្នុងទន្លេ គ្រោងនឹងចាប់ផ្តើមចុះស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាលិចនៅសម័យសង្គ្រាមក្នុងទសវត្សរ៍ឆ្នាំ ៧០ នៅក្នុងទន្លមេគង្គស្ថិតនៅចំណុចបឹងគ្រុំ ស្រុកល្វាឯម នៅសប្តាហ៍ក្រោយ បន្ទាប់ពីបានកំណត់ទីតាំងជាក់លាក់ និងទទួលបានជោគជ័យក្នុងការស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងទន្លេនៃខេត្តកំពង់ចាមរួចមក។
លោក ម៉ី សុភា មេបញ្ជាការនៃទីបញ្ជាការដ្ឋានកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២១ នេះថា ក្រុមប្រតិបត្តិកររបស់លោកបានកំណត់ភូមិសាស្ត្រនៅក្នុងបាតទន្លេរួចរាល់អស់ហើយ ហើយនៅសប្តាហ៍ក្រោយនេះ នឹងចាប់ផ្តើម ស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចេញពីនាវាដែលលិចនេះ។
លោក ម៉ី សុភា ថ្លែងថា បន្ទាប់ពីយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះអស់ ទើបក្រុមប្រតិបត្តិករចាប់ផ្តើមស្រង់នាវាចេញបាន ។ ចំពោះការកំណត់ទីតាំងនេះ ក្រុមប្រតិបត្តិករបានប្រើប្រាស់រយៈពេល ១ ខែ ក្នុងការចុះសិក្សាស្រាវជ្រាវ ដើម្បីកំណត់ទីតាំងឱ្យបានពិតប្រាកដព្រោះជម្រៅទឹកមាន ប្រមាណ ៣០ ម៉ែត្រ។
លោក ម៉ី សុភា ថ្លែងថា៖ «ការចុះសិក្សាស្រាវជ្រាវក្នុងការកំណត់ទីតាំងនេះ យើងចំណាយពេលរហូតដល់ ១ ខែ ចាប់តាំងពីបើកការដ្ឋាន។ រយៈពេលមួយខែនេះ ទើបយើងកំណត់បាន ព្រោះកំណត់ទីតាំងសង្ស័យនោះ មានរហូតដល់ ៩ ទីតាំង ហើយបានយើងចាប់ផ្តើមស្រាវជ្រាវមួយទីតាំងម្តងៗ ទើបឥឡូវយើងកំណត់បានហើយ»។

នាវាចម្បាំងដែលលិចនៅសម័យសង្គ្រាមស៊ីវិលត្រូវបានស្រង់ឡើង ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីថ្ងៃទី ៧ មេសា ។ រូបថត ក្រសូងការពារជាតិ
បើតាមលោក ម៉ី សុភា បច្ចុប្បន្ននេះ ក្រុមប្រតិបត្តិកររបស់លោកបាននិងកំពុងរៀបចំមធ្យោបាយសម្ភារចាំបាច់ផ្សេងៗ ស្របតាមភូមិសាស្ត្រ និងការចុះទៅយកគ្រាប់នៅក្នុងទន្លេដែលមាននាវាលិចនេះ ព្រោះតំបន់នេះ មានប្រភេទគ្រាប់ធំៗ បើគ្រាប់តូច មានភាពងាយស្រួលក្នុងការប្រើប្រាស់កម្លាំងមនុស្សក្នុងការស្រង់ ប៉ុន្តែនេះ ជាប្រភេទគ្រាប់ប្លោង B105 មិល្លីម៉ែត្រ ហើយក៏មានគ្រាប់ប្រភេទធំៗជាងនេះទៀតដែរ។
លោក ម៉ី សុភា បញ្ជាក់ថា សម្រាប់ទីតាំងនាវាលិចខាងលើស្ថិតនៅភូមិបឹងគ្រុំ ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល ជាប្រភេទនាវាចម្លងផ្ទុកសម្ភារសឹកកងទ័ព លន់ ណុល ដែលមានចំណុះប្រមាណ ៨០០ តោន ដែលអ្នកស្រុកហៅថា ប្លង់តុងត្រូវបានបើកការដ្ឋាន ចាប់ផ្តើមសិក្សាស្រាវជ្រាវកាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២១ កន្លងទៅនេះ បន្ទាប់ពីមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ។
បើតាម លោក ម៉ី សុភា សម្រាប់ការដ្ឋានទី២ ស្ថិតនៅក្នុងឃុំបឹងគ្រុំ ស្រុកល្វាឯម និងការដ្ឋាន ២ ទីតាំងផ្សេងទៀតនៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង នឹងត្រូវប្រើរយៈពេល ១ ឆ្នាំ ដើម្បីស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងនាវាចេញពីក្នុងទន្លេឱ្យ រួចរាល់តាមផែនការ និងតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល៕