The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ កំពុង​រៀបចំ​បង្កើត​សូហ្វវែរអេហ្វ​លើ​ស្មាតហ្វូន​ ដើម្បី​កែ​កំហុស​សំណេរ​អក្សរ​ខ្មែរ




ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ កំពុង​រៀបចំ​បង្កើត​សូហ្វវែរអេហ្វ​លើ​ស្មាតហ្វូន​ ដើម្បី​កែ​កំហុស​សំណេរ​អក្សរ​ខ្មែរ

Content image - Phnom Penh Post
លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ ថ្លែងកាល​ពី​ម្សិលមិញ​។ រូបថត RAC

ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ កំពុង​រៀបចំ​បង្កើត​សូហ្វវែរអេហ្វ​លើ​ស្មាតហ្វូន​ ដើម្បី​កែ​កំហុស​សំណេរ​អក្សរ​ខ្មែរ

ភ្នំពេញៈ ក្រុមប្រឹក្សា​ជាតិ​ភាសាខ្មែរ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​កំពុង​រៀបចំ​បង្កើត​កម្មវិធី​សូហ្វវែរ អេហ្វ (Software App) លើ​ស្មាតហ្វូន (Android and App store) ដើម្បី​កែ​កំហុស​សំណេរ​អក្សរ​ខ្មែរ ខណៈ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​លើ​ការប្រើ​ភាសា​ខ្មែរ​កំពុងតែ​ធ្វើ​ផងដែរ​។

លោក ឈិត វណ្ណាឫទ្ធិ ទីប្រឹក្សា​រាជបណ្ឌិត្យ​សភា​កម្ពុជា និង​ជា​អ្នកសម្របសម្រួល​ក្នុង​ការបង្កើត សូហ្វវែរអេហ្វ​នេះ​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្រុមការងារ​បច្ចេកទេស​បាន​ចាប់ផ្ដើម​ប្រមូល​ទិន្នន័យ​សម្រាប់​បង្កើត​កម្មវិធី​សូហ្វវែរអេហ្វ​នេះ​តាំងពី​ដើម​ឆ្នាំនេះ ហើយ​បច្ចុប្បន្ន​បាន​សម្រេច​ស្ទើរ​ ១០០ ​ភាគរយ​សម្រាប់​បច្ចេកទេស អេហ្វ​លើ​ប្រព័ន្ធ​ប្រតិបត្ដិការ Android និង​កំពុង​កែតម្រូវ​បច្ចេកទេស​មួយចំនួន​លើ​ប្រតិបត្ដិការ App store ដែល​យ៉ាងយូរ ១ ​ខែ​ទៀត​នឹង​ធ្វើ​រួចរាល់​ទាំងស្រុង​។

លោក​ថ្លែងថា​៖ «​កម្មវិធី​ស្មាតហ្វូន​នេះ ជា​កម្មវិធី​ដ៏សំខាន់​ពុំធ្លាប់​មាន​ពីមុនមក សម្រាប់​ឱ្យ​សាធារណជន​អាច​ប្រើ​ទូរស័ព្ទ​ថតរូប ហើយ​បញ្ជូន​ទៅ​ក្រសួង ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យបាន​ដឹង​ពី​រូប​សញ្ញា​ដែលមាន​កំហុស​ និង​បញ្ជាក់​ទីតាំង​របស់​រូបសញ្ញា​នោះ ដើម្បី​ឱ្យ​ក្រសួង ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ និង​កែតម្រូវ​តាម​នីតិវិធី​ដែល​មានចែង​ក្នុង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​លើ​ការប្រើ​ភាសា​ខ្មែរ​នៅលើ​រូប​សញ្ញា​»​។

បើតាម​លោក វណ្ណាឫទ្ធិ ចាប់ពី​ពេល​នេះ​ទៅ តាមរយៈ​កម្មវិធី​ស្មាតហ្វូន​នេះ ទាំង​មហាជន ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​អាច​ចូលរួម​តាមដាន​ត្រួតពិនិត្យ និង​កែតម្រូវ​រាល់​កំហុស​នៃ​ការប្រើប្រាស់​ភាសា​ខ្មែរលើ​រូប​សញ្ញា​ទាំងអស់​គ្នា​ដោយ​ពុំ​មាន​ការស្តីបន្ទោស​ទម្លាក់កំហុស​លើ​ភាគី​ណាមួយ​ឡើយ​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែង​ពី​ម្សិលមិញ​ថា រាជបណ្ឌិត្យ​សភា​កម្ពុជា​កំពុង​ជំរុញ​ការធ្វើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​លើ​ការប្រើ​ភាសាខ្មែរ​នៅលើ​រូប​សញ្ញា​ឱ្យបាន​រួចរាល់​ឆាប់ៗ​តាម​ដែល​អាច​ធ្វើ​ទៅបាន ខណៈ​បច្ចុប្បន្ន​កំពុង​ពន្លឿន​ពិភាក្សា​ការងារ​នេះ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​។ លោក​បញ្ជាក់ថា​៖ «​យើង​ត្រូវ​ពិភាក្សា​ជាមួយ​ក្រសួង​ជាច្រើន ប៉ុន្ដែ​ដូចជា​មិនមាន​អ្វីដែល​ជាការ​ជំទាស់​ទេ ព្រោះ​សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ​គឺជា​ការចាំបាច់​សម្រាប់​ដំណើរការ​ត្រួតពិនិត្យ​ទៅលើ​ផ្ទាំង​អក្សរ​ដែល​មាន​កំហុស​។ បើ​យើង​គ្មាន​ច្បាប់ យើង​គ្មានអ្វី​ដើម្បី​ត្រួតពិនិត្យ​លើ​កំហុស​ទាំងនេះ​ទេ​»​។

បើ​តាម​លោក សុខ ទូច ក្រុម​ការងារ​របស់​រាជបណ្ឌិត្យ​សភាកម្ពុជា​បាន​ធ្វើ​ការងារ​លើ​ការធ្វើ​សេចក្ដីព្រាង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​លើ​ការប្រើ​ភាសាខ្មែរ នៅលើ​រូប​សញ្ញា​តាំងពី​ឆ្នាំ​ ២០១១ ប៉ុន្ដែ​មិន​ទទួល​បាន​លទ្ធផល​។

ប៉ុន្ដែ​លោក​បាន​ប្ដេជ្ញា​ថា ក្នុង​អាណត្តិ​លោក​ធ្វើជា​ប្រធាន​រាជបណ្ឌិត្យ​សភា​នេះ​នឹងធ្វើ​សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ​ឱ្យបាន​រួចរាល់ និង​ប្រឹងប្រែង​ឱ្យ​រួចរាល់​ក្នុង​ដំណាច់​ឆ្នាំ​ ២០២០ ​នេះ​ផងដែរ​។

លោក សុខ ទូច ថ្លែងថា ការរៀបចំ​បង្កើត​កម្មវិធី​សូហ្វវែរ អេហ្វ លើ​ស្មាតហ្វូន​ដើម្បី​កែ​កំហុស​ក្នុង​សំណេរ​លើ​ស្លាក​សញ្ញា​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺ​ដើម្បី​ធ្វើ​ទំនើបកម្ម​អក្សរសាស្ដ្រ​ខ្មែរ​ឱ្យទាន់​សម័យ​បច្ចេកវិទ្យា ៤.០ ​ព្រោះ​កម្មវិធី​ស្មាតហ្វូន​អាច​ឱ្យ​មហាជន​គ្រប់គ្នា​បញ្ចូន​កំហុស​អក្សរ​គ្រប់​ទីកន្លែង​មកកាន់​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ដើម្បី​មាន​មូលដ្ឋាន​ទៅ​កែតម្រូវ​ភ្លាមៗ​។

ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​កាលពី​ថ្ងៃទី​ ២០ ខែ​តុលា បានរៀបចំ​សិក្ខាសាលា ស្តីពី​ការពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​លើ​ការប្រើ​ភាសា​ខ្មែរ​នៅលើ​ស្លាកសញ្ញា និង​ការផ្សព្វផ្សាយ​កម្មវិធី សូហ្វវែរអេហ្វ​នេះ​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា ដើម្បី​បង្ហាញ​ដល់​អ្នកចូលរួម និង​មហាជន​ដើម្បី​ពិភាក្សា​ស្វែងរក​ធាតុ​ចូល​បន្ថែម​ក្នុង​ការជំរុញ​ឱ្យ​សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​កាន់តែ​គ្រប់​ជ្រុងជ្រោយ​។

យោងតាម​លទ្ធផល​ស្រាវជ្រាវ​របស់​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​បង្ហាញ​ក្នុង​សិក្ខាសាលា​នេះ​ថា កំហុស​នៃ​ការប្រើ​ភាសាខ្មែរ​លើ​រូប​សញ្ញា​មាន​ដល់​ទៅ​ ២៥ ភាគរយ​គឺ​កំហុស​ក្នុង​ការសរសេរ​ស្រៈ ព្យញ្ជនៈ វណ្ណយុត្ត ការសរសេរ​ជា​ព្យាង្គ​តម្រួត ឬ​ព្យាង្គ​រាយ និង​កំហុស​ខាង​វេយ្យាករណ៍​៕

អត្ថបទគួរចាប់អារម្មណ៍