
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ កាលពីពេលកន្លងទៅ។ រូបថត សហការី
ភ្នំពេញៈ គិតចាប់តាំងពីខែមករា រហូតដល់ខែតុលា ឆ្នាំ ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជាបានអនុម័តពាក្យថ្មីចំនួន ២៦៧ ពាក្យ បន្ទាប់ពីមានសំណើពីបណ្ដាស្ថាប័នពាក់ព័ន្ធនានា ក៏ប៉ុន្តែចំនួនពាក្យថ្មីដែលបានអនុម័តនៅឆ្នាំនេះមានការថយចុះជាច្រើន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ដោយមន្ត្រីបានអះអាងថា បណ្ដាលមកពីមានករណីកូវីដ១៩។
លោក សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃទី ៣០ ខែវិច្ឆិកាថា នៅឆ្នាំ ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរបានអនុម័តពាក្យថ្មីចំនួន ៤២៥ ពាក្យ។ រីឯនៅឆ្នាំនេះអនុម័តបានត្រឹមតែចំនួន ២៦៧ ពាក្យប៉ុណ្ណោះដែលតិចជាងឆ្នាំមុនជាច្រើន [គិតត្រឹមខែតុលាដូចគ្នា] ហើយភាគច្រើននៃពាក្យទាំងនេះប្រើប្រាស់នៅក្នុងវិស័យកសិកម្ម បច្ចេកស័ព្ទ និងភាសាវិទ្យា។
លោកបានពន្យល់ថា មូលហេតុដែលក្រុមប្រឹក្សាជាតិភាសាខ្មែរអនុម័តពាក្យថ្មីបានចំនួនតិចនេះ ដោយសារកម្ពុជាប្រឈមនឹងជំងឺកូវីដ ១៩ ចាប់ពីខែកុម្ភៈមក។
ក៏ប៉ុន្តែលោកបានថ្លែងថា៖ «នេះមិនមែនក្រុមប្រឹក្សាជាតិភាសាខ្មែរយកលេសពីជំងឺកូវីដ១៩នោះទេ តែជាការឆ្លៀតដោយមិនបានទុកចោលនោះទេ ទើបអាចសម្រេចបានលទ្ធផលនេះ»។
បើតាមលោក សន ពៅ កន្លងមកមានស្នើឡើងពីក្រសួងស្ថាប័ននានាដូចជា មកពីក្រសួងព័ត៌មាន ក្រសួងបរិស្ថាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងផ្នែកឯកជនជាដើម ដោយធ្វើឡើងតាមរយៈគណៈកម្មការចំណុះឱ្យក្រុមប្រឹក្សាជាតិភាសាខ្មែរដើម្បីអនុម័ត។ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ពីចំនួនស្ថាប័នដែលបានស្នើសុំនោះទេ។
លោកបានបន្ថែមថាក្រៅពីអនុម័តពាក្យថ្មីដែលបានស្នើឡើងដោយគណៈកម្មការជំនាញក្រោមចំណុះក្រុមប្រឹក្សាជាតិភាសាខ្មែរ និងក្រសួងស្ថាប័ននានារួមទាំងវិស័យឯកជនផងនោះ ក្រុមប្រឹក្សាជាតិភាសាខ្មែរត្រូវធ្វើកិច្ចការធំៗចំនួន ៣ រួមមាន ទី ១ ធ្វើគោលនយោបាយជាតិភាសាខ្មែរ ដែលទើបនឹងបោះពុម្ពរួចថ្មីៗ ទី ២ ធ្វើអនុក្រឹត្យជាជំហានៗដែលទាក់ទងនឹងការគ្រប់គ្រង ការប្រើប្រាស់ភាសាខ្មែរ និងរូបសញ្ញាជាដើម និងទី ៣ ធ្វើបច្ចុប្បន្នភាពវចនានុក្រមភាសាខ្មែរដែលរាជរដ្ឋាភិបាលឱ្យធ្វើក្នុងរយៈពេល ៥ ឆ្នាំអាចនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២១ ឬឆ្នាំ ២០២២។
លោក ឡឹក ជំនោរ អនុប្រធានសមាគមអ្នកនិពន្ធខ្មែរបានឱ្យដឹងកាលពីថ្ងៃទី ៣០ វិច្ឆិកាដែរថា បច្ចុប្បន្នក្រុមប្រឹក្សាជាតិភាសាខ្មែរបាននិងកំពុងប្រឹងប្រែងប្រមូលចងក្រង និងអនុម័តពាក្យថ្មីៗជាច្រើនដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន និងការប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែលោកបានជំរុញឱ្យមានការកែតម្រូវពាក្យខ្លះដែលបានបកប្រែ និងផ្សព្វផ្សាយលើទូរទស្សន៍ និងសំណេរដោយលោកថា ហាក់មានភាពមិនសូវទំនង។
លោកបានបន្តថាម្យ៉ាងទៀតការប្រើប្រាស់ពាក្យក្នុងការសរសេរទៀតសោតក៏មិនទាន់បានត្រឹមត្រូវដោយសារក្មេងៗភាគច្រើនបានយកលំនាំតាមបរទេស និងតាមប្រព័ន្ធផ្សព្វផ្សាយដោយមានពេលខ្លះ ពាក្យមិនមានបន្តក់បែរទៅជាដាក់បន្តក់ជាដើម។
លោកបញ្ជាក់ថា៖ «រឿងមួយទៀតតាមការសង្កេតរបស់ខ្ញុំការប្រើភាសានិយាយពីសំណាក់ពិធីករ និងពិធីការិនីពេលខ្លះខុស ដែលធ្វើឱ្យក្មេងៗយកលំនាំតាម ហើយសរសេរខុសពីវេយ្យករណ៍ដែលទាមទារការបណ្តុះបណ្តាលដល់ពិធីការិនី និងពិធីករទាំងនោះបន្ថែម។ យ៉ាងណាក្ដីទាំងភាសានិយាយ និងសំណេរមានភាពប្រែប្រួលតាមសម័យ ប៉ុន្តែកុំលឿនពេកអី ហើយកិច្ចការនេះក្រុមអ្នកជំនាញក៏គេធ្វើដែរហើយ»។
តាមរបាយការណ៍របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរបង្ហាញថាចាប់តាំងពីឆ្នាំ ២០១៧ រហូតមកទល់ខែតុលា ឆ្នាំ ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានអនុម័តទៅលើពាក្យថ្មីចំនួន ៤ ០១៥ ពាក្យសម្រាប់ឱ្យប្រើប្រាស់នៅក្នុងក្រសួងស្ថាប័នជាតិនៃកម្ពុជា៕