ភ្នំពេញៈ ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​សម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) ចាត់ទុក​ជា​បានការ និង​បិទផ្លូវ​តវ៉ា​ជុំវិញ​បណ្តឹង​ឱ្យ​មាន​ការលុបឈ្មោះ​ពលរដ្ឋ​ចេញពី​បញ្ជី​បោះឆ្នោត​ឆ្នាំ​ ២០២០ ដែល​ប្ដឹង​ដោយ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP)​។

លោក ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ឲ្យ​ដឹងថា មូលហេតុ​នៃ​ការច្រានចោល​នេះ ដោយសារ​តែ​ដើមបណ្តឹង​មិន​បាន​ចូលរួម​ស្តាប់​នៅក្នុង​សវនាការ​លើក​ទី ២ ដែល​ស្មើនឹង​បោះបង់ចោល​សិទ្ធិ​ទាមទារ​។

លោក វិចិត្រអក្ខរា ​ថ្លែង​ថា​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ទទួល​ពាក្យបណ្តឹង​ពី LDP មាន​ចំនួន ៩៥ បណ្តឹង​ឱ្យ​មាន​ការលុបឈ្មោះ​ពលរដ្ឋ​ចេញ​ពី​បញ្ជី​បោះឆ្នោត ដែល​រហូត​មក​ដល់ពេល​នេះ​បាន​ដោះស្រាយ​បាន​ចំនួន ២ លើក ហើយ​នៅសល់​ពីនេះ​នឹង​ត្រូវ​បើកសវនាការ​ដោះស្រាយ​បន្ត​នៅ​ថ្ងៃទី​ ២៥ ខែធ្នូ​។ នៅក្នុង​នី​វិធី​នៃ​ការជំនុំជម្រះ​ចំពោះមុខ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ បើ​ភាគី​ដើមបណ្តឹង​មិន​បាន​ចូលរួម នីតិវិធី​នៅតែ​ដំណើរការ​ជាធម្មតា​ដោយ​មិនមាន​ការផ្អាក​នោះទេ ហើយ​ការចូល ឬ​មិន​ចូល​របស់​ភាគី​ដើមបណ្តឹង​គឺជា​សិទ្ធិ​របស់គេ ។

លោក អ៊ី សាំងឡេង អ្នកនាំពាក្យ LDP បាន​ឱ្យ​ដឹងថា ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ទាំង​ ២ ​លើ​នេះ​មិន​មាន​យុតិ្តធម៌​សម្រាប់ LDP ​នោះ​ទេ បើ​ទោះ​ក្រុមប្រឹក្សាធម្មនុញ្ញ​នេះ​បាន​អះអាងថា មាន​លក្ខណៈ​ត្រឹមត្រូវ​ក៏ដោយ ប៉ុន្តែ​នីតិវិធី​ក្នុង​ការដោះស្រាយ​មិនមាន​យុត្តិធម៌​ និង​តមា្លភាព ព្រោះ​មិន​មាន​ការផ្សាយ​ផ្ទាល់​ឱ្យ​ពលរដ្ឋ​បានដឹង​។

លោក​បន្តថា​៖ «​រឿង​ទាំងអស់​នេះ​គឺជា​រឿង​សម្រាប់​សាធារណជន​ដែល​ត្រូវ​ដឹង មិនមែន​រឿង​ឯកជន​ដែល​ដឹង​នោះ​ទេ ព្រោះ​ជា​រឿង​ប្រទេសជាតិ​»​។

លោក សំ សុគន្ធាមី នាយកប្រតិបត្តិ​អង្គការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​នៅ​កម្ពុជា (NICFEC) ថ្លែង​ថា សវនាការ​នេះ​ហាក់​ធ្វើឡើង​នៅក្នុង​រយៈពេល​ខ្លី និង​ការសាកសួរ​ក៏​មាន​ពេលវេលា​ខ្លី​ផងដែរ​ដែល​ធ្វើឲ្យ​ភាគី​ដើមបណ្តឹង​មាន​ការមិន​ពេញចិត្ត​។

លោក​ថ្លែងថា​៖ «​ក្រុមប្រឹក្សាធម្មនុញ្ញ​គួរតែ​ផ្តល់ឱកាស​ និង​ពេលវេលា​ឱ្យបាន​ច្រើន និង​ស្មើគ្នា​ដល់​ភាគី​ទាំង​ ២ ជាពិសេស​ទុក​ឱកាស​ឱ្យ​ដើមបណ្តឹង​បង្ហាញ​ភ័ស្តុតាង និង​មួយវិញទៀត សេចក្តី​សម្រេច​ហាក់បី​ដូចជា​លឿន​ពេក ដូចជា​សវនាការ​គ្រោងទុក​»​។

លោក សោម សូរិដា អគ្គលេខាធិការរង គ.ជ.ប បាន​ថ្លែងថា ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​ភាពជឿជាក់​លើ​សេចក្តី​សម្រេច​របស់ គ.ជ.ប ដោយ​ផ្អែកទៅលើ​ច្បាប់​ជា​ធរមាន​។

លោក សូរិដា ថ្លែងថា បន្ទាប់ពី​បញ្ចប់​ការដោះស្រាយ​បណ្តឹងតវ៉ា​ពី​សំណាក់​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ផ្ទៀងផ្ទាត់​គ្រប់​ជ្រុងជ្រោយ គ.ជ.ប នឹង​ត្រូវ​រៀបចំ​បញ្ជី​បោះឆ្នោត​ដើម្បី​ផ្តល់​សុពលភាព​ដល់​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​ ២០២០ និង ចាត់ទុក​ជា​បានការ និង​ចុងក្រោយ​ហើយ​នឹង​ត្រូវ​បិទ​ផ្សាយ​នៅ​ថ្ងៃទី​ ៣១ ខែធ្នូ នេះ​៕