ភ្នំពេញៈ វិសោធនកម្ម​មាត្រា ៤៥ ថ្មី​ (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​ទើប​តែ​ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​កាលពី​ម្សិលមិញ​នឹង​ត្រូវ​ក្រុមប្រឹក្សាធម្មនុញ្ញ​បើក​កិច្ចប្រជុំ​ពេញអង្គ​នៅ​ថ្ងៃ​សុក្រ​ខាន​ស្អែក​នេះ​ ដើម្បី​ធ្វើការ​ពិនិត្យ​ពី​ធម្មនុញ្ញភាព​នៃ​វិសោធនកម្ម​ច្បាប់​នេះ​ទៅ​តាម​សំណើ​របស់​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​ចេញ​កាលពី​ល្ងាច​ម្សិលមិញ​។

ការអនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​មាត្រា ៤៥ ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​បើក​ផ្លូវ​ដល់​អ្នកនយោបាយ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​ហាមឃាត់​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​មាន​ឱកាស​ស្នើសុំ​នីតិសម្បទា​ឡើង​វិញ​។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ ក្រោយពី​លោក កឹម សុខា ជា​អតីត​ប្រធាន​គណបក្ស​នេះ​ត្រូវបាន​ចាប់​ឃុំ​ខ្លួន​ក្រោម​ការចោទប្រកាន់​ពី​បទ «​ក្បត់ជាតិ​» ហើយ​អតីតមន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​នេះ​ចំនួន ១១៨ នាក់​ត្រូវ​បាន​តុលាការ​កំពូល​ដាក់​បម្រាម​ធ្វើ​នយោបាយ​រយៈពេល​ ៥ ​ឆ្នាំ​។

លោក ម៉ម ប៊ុននាង អ្នក​នាំពាក្យ​ព្រឹទ្ធសភា​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន ក្រោយ​ពី​ព្រឹទ្ធសភា​បាន​អនុម័ត​វិសោធនកម្ម​មាត្រា ៤៥ ថ្មី (​ស្ទួន​) ដោយ​សំឡេង ៥៦ លើ ៦២ សំឡេង​កាលពី​ម្សិលមិញ​ថា​៖ «​ការផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​នេះ សុំ​ឲ្យ​កុំ​បកស្រាយ​យល់​ច្រឡំ​គឺ​ផ្តល់​សិទ្ធិ​ឲ្យ​អ្នក​នយោបាយ​ណា ដែល​គោរព​ច្បាប់ ហើយ​មិនមែន​ទាំង​ស្រុង​នោះ​ទេ តែ​បុគ្គល​មួយ​ចំនួន​ណា​ដែល​បាន​គោរព​ច្បាប់ ហើយ​មិន​ធ្វើ​សកម្មភាព​ណា​មួយ ផ្ទុយ​ពី​សាលដីកា​របស់​តុលាការ​កំពូល គាត់​នឹង​ទទួល​បាន​នីតិសម្បទា​ឡើង​វិញ​ដោយសារ​ថា គាត់​ជា​ជន​ស្នេហា​ជាតិ គាត់​ចង់​ចូលរួម​ជួយ​ដល់​សង្គមជាតិ ដោយ​មិន​បាន​ធ្វើ​អ្វីមួយ​ប៉ះពាល់​ដល់​សង្គម​ ឬ​សន្តិសុខ​ជាតិ​ឡើយ​»​។

លោក​លើក​ឡើង​ថា ចំពោះ​បុគ្គល​ណា​ដែល​ត្រូវ​តុលាការ​កំពូល​ចេញ​សាលដីកា ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ តែ​គាត់​រំលោភបំពាន​ និង​ប្រឆាំង​សាលដីកា​តុលាការ​កំពូល​ដោយ​បាន​រឹងទទឹង និង​បាន​បន្ត​ធ្វើ​សកម្មភាព​នយោបាយ ឬ​ធ្វើការ​អុកឡុក ឬ​ធ្វើ​ចលនា​ផ្សេងៗ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សង្គម និង​សន្តិសុខ​ជាតិ​គឺ​នឹង​មិន​ត្រូវ​បាន​ទទួល​សិទ្ធិ​នោះ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​ច្បាប់​នេះ​ធ្វើ​សម្រាប់​ជន​រួមជាតិ​ដែល​ស្នេហា​ជាតិ ចង់​បម្រើ​ជាតិ ធ្វើ​ដើម្បី​ជាតិ ហើយ​ជា​គោលបំណង​របស់​ថ្នាក់ដឹកនាំ បច្ចុប្បន្ន​ដែល​សម្តេច​លោក​ចង់​មាន​គោលនយោបាយ បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ ហើយ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផង​ដែរ​»​។

លោក ប៊ុននាង ថ្លែង​ថា​វិសោធនកម្ម​ច្បាប់​នេះ​ស្រប​តាម​មាត្រា​ទី ៨ នៃ​រដ្ឋធម្មនុញ្ញ ហើយ​ទម្រង់​ច្បាប់ គតិច្បាប់ និង​ខ្លឹមសារ​ច្បាប់ វារ​លូន និង​ប្រទាក់​ក្រឡា​គ្នា​ហើយ​មិន​មាន​ប្រតិសកម្ម​គ្នា​ឡើយ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចុះហត្ថលេខា​ដោយ​លោក អ៊ុំ សារឹទ្ធ ​អគ្គលេខាធិការ​ព្រឹទ្ធសភា​កាលពី​ថ្ងៃ​ទី​ ២៥ ខែ​ធ្នូ បាន​ឲ្យ​ដឹង​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​តាក់តែង​ឡើង​ដើម្បី​ធានា​ភាពច្បាស់លាស់​អំពី​បុគ្គល​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើ​នយោបាយ និង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​នេះ​ស្រប​តាម​គោលការណ៍​នីតិរដ្ឋ​ដើម្បី​លើក​កម្ពស់​ស្មារតី​បង្រួបបង្រួម​ជាតិ​ក៏ដូចជា​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​៖ «​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ចាំបាច់​ត្រូវ​ធ្វើ​វិសោធនកម្ម​បន្ថែម​ដោយ​ត្រូវ​ថ្វាយ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នូវ​ព្រះរាជតួនាទី​ស្រប​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ក្នុង​ការផ្តល់​នីតិសម្បទា​ឡើង​វិញ ចំពោះ​អ្នកនយោបាយ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ​តាម​អំណាច សាលដីកា ហើយ​ដែល​អ្នក​នយោបាយ​ទាំងនោះ​មិន​បាន​ធ្វើ​សកម្មភាព​ណា​មួយ​ប្រឆាំង​នឹង​ផលប្រយោជន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដូចជា មិន​ប៉ះពាល់​ដល់​គោលការណ៍​នីតិរដ្ឋ​ និង​សន្តិសុខ​ជាតិ​»​។

នៅក្នុង​អង្គប្រជុំ​ព្រឹទ្ធសភា​កាលពី​ម្សិលមិញ​តំណាងរាស្ត្រ​លោក ជៀម យៀប ដែល​ចូល​ទៅ​ការពារ​ច្បាប់​នេះ​បាន​ធ្វើ​ការបដិសេធ​ទៅ​លើ​ការលើក​ឡើង​ដែល​ចោទ​ថា ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ធ្វើ​ឡើង​ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា​ស្ថិត​ក្រោម​សម្ពាធ​ប្រទេស​ខាង​ក្រៅ​ដោយ​លោក​អះអាង​ថា ជាការ​ចោទប្រកាន់ និង​លាប​ពណ៌​គ្មាន​មូលដ្ឋាន​។

លោក​បាន​ថ្លែង​ថា​៖​ «​យើង​ខ្ញុំ​សូម​បដិសេធ​នូវ​អ្វី​ដែល​បាន​ចោទប្រកាន់​។ យើង​ពិនិត្យ​ឃើញ​ថា​ការ​ធ្វើ​វិសោធនកម្ម​នេះ​គឺ​ពង្រឹង​ការផ្សះផ្សា​ជាតិ និង​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​»​។

អតីតមន្ត្រី​ជាន់ខ្ពស់ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក ម៉ៅ មុនីវណ្ណ លោក តុ វណ្ណចាន់ លោក គង់ សភា លោក ស្រី មូរ សុខហួរ និង លោក អ៊ូ ចាន់រិទ្ធ ដែល​ត្រូវ​បាន​តុលាការ​ដាក់​បម្រាម​នយោបាយ​មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​លើ​បញ្ហា​នេះ​បាន​ទេ​។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ​នយោបាយ​ថ្លែង​ថា​ការធ្វើ​វិសោធនកម្ម​មាត្រា ៤៥ ថ្មី (​ស្ទួន​) នេះ​នឹង​បើក​ផ្លូវ​ដល់​អ្នក​នយោបាយ​មួយ​ចំនួន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ឱកាស​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ បន្ទាប់ពី​គណបក្ស​ប្រឆាំង​បាន​សម្រេច​ជ្រើសរើស​លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន​ស្តីទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ការទាមទារ​របស់​អន្តរជាតិ​ឲ្យ​កម្ពុជា​ធ្វើការ​បើក​ចំហ​សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​។

លោក​បញ្ជាក់​ថា​៖ «​វា​អាច​ធ្វើឲ្យ​គណបក្ស​ប្រឆាំង​ហ្នឹង​មាន​ភាពប្រឈម​នៃ​ការបែកបាក់​រវាង (​ភាគី​មកពី​) ​គណបក្ស សម រស្ស៊ី និង​ (​ភាគី​មកពី​គណបក្ស​) សិទ្ធិ​មនុស្ស​ហើយ​វា​អាច​ឈាន​ទៅ​រក​បែកបាក់​។ នេះ​ជា​យន្តការ​មួយ​ដែល​ព្រួញ​ ១ ​បាញ់​បាន​សត្វ​ ២»​។

លោក សម រង្ស៊ី កាលពី​ពេល​ថ្មីៗ​នេះ ​បាន​ចេញ​សេចក្តី​ប្រកាស​ជា​បន្តបន្ទាប់ ដោយ​ចាត់​ទុក​អតីត​មន្ត្រី​របស់​លោក​ដែល​មាន​បំណង​ចង់​ស្នើសុំ​ដក​បម្រាម​នយោបាយ​ថា​ជា​ «​ជន​ក្បត់​គណបក្ស​សង្គ្រោះជាតិ​»៕