
លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកសវនាការលើបណ្ដឹង ៩៥ ករណីរបស់ LDP នៅថ្ងៃចន្ទនេះ។ រូបថត ក្រុមប្រឹក្សាធម្មនុញ្
ភ្នំពេញៈ ក្រុមប្រឹក្សាធម្មនុញ្ញគ្រោងនឹងបើកសវនាការនៅថ្ងៃនេះដើម្បីជំនុំជំម្រះនូវបណ្តឹងជំទាស់របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ចំនួន ៩៥ ករណី ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូងដែលត្រូវបានគណបក្សនេះប្ដឹងសុំឱ្យលុបឈ្មោះប្រជាពលរដ្ឋដែលមិនមានលក្ខខណ្ឌលំនៅឋានតែត្រូវបានអាជ្ញាធរ ចុះឈ្មោះឱ្យមានសិទ្ធិបោះឆ្នោត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី ១៩ ខែធ្នូបានឱ្យដឹងថា សវនាការជាសាធារណៈត្រូវធ្វើឡើងថ្ងៃទី ២១ និងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ ដឹកនាំដោយលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ។
លោក អ៊ី សាំងឡេង អ្នកនាំពាក្យគណបក្ស LDP បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញ ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធដោយមិនព្រមលុបឈ្មោះអ្នកចុះឈ្មោះបោះឆ្នោតដែលគណបក្សរកឃើញជុំវិញប្រជាពលរដ្ឋមិនមានទីលំនៅនៅក្នុងឃុំសង្កាត់ ប៉ុន្តែមន្ត្រីបោះឆ្នោតនៅតែចុះឈ្មោះឱ្យដោយមានការក្លែងបន្លំឯកសារពីអាជ្ញាធរមូលដ្ឋាន។
លោក សោម សូរិដា អគ្គលេខាធិការរង គ.ជ.ប នឹងចូលរួមក្នុងសវនាការដោយមានជំនឿថា ក្រុមប្រឹក្សាធម្មនុញ្ញនឹងនៅតែរក្សាតម្កល់នូវសេចក្តីសម្រេចរបស់ គ.ជ.ប ទុកជាបានការដដែល។
លោកបញ្ជាក់ថា សេចក្តីសម្រេចរបស់ គ.ជ.ប ត្រូវបានធ្វើឡើងដោយមានការប្រុងប្រយ័ត្ន និងជាក់លាក់ជាទីបំផុត ហើយគ្រប់បណ្តឹងដែលប្តឹងកន្លងមកនេះ គ.ជ.ប តែងតែមានការផ្ទៀងផ្ទាត់ជាមួយនឹងរបាយការណ៍លេខាធិការដ្ឋានរៀបចំការបោះឆ្នោត និងផ្ទៀងផ្ទាត់ជាមួយនឹងលក្ខខណ្ឌដែលមានចែងនៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ មុននឹង គ.ជ.ប សម្រេចទទួលយក ឬបដិសេធចំពោះការលុបឈ្មោះរបស់ប្រជាពលរដ្ឋនៅក្នុងបញ្ជីបោះឆ្នោតនេះគឺយោងតាមឯកសារស្របច្បាប់។
លោក សំ សុគន្ធាមី នាយកប្រតិបត្តិអង្គការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតនៅកម្ពុជា (NICFEC) បានឱ្យដឹងថា លោកមានបំណងចង់ចូលរួមសង្កេតការណ៍ក្នុងសវនាការនេះដែរ ប៉ុន្តែលោកមិនត្រូវបានអញ្ជើញនោះទេ។
លោកថ្លែងថា៖ «ខ្ញុំរំពឹងថា សវនាការដែលធ្វើឡើងដោយក្រុមប្រឹក្សាធម្មនុញ្ញនេះនឹងឈរលើគោលការណ៍ច្បាប់ និងនីតិវិធីស្របទៅនឹងបណ្តឹងដែលត្រូវបានរកឃើញ»៕