ភ្នំពេញៈ ក្រុមប្រឹក្សាធម្មនុញ្ញ​កាលពី​ម្សិលមិញ​បាន​ត្រួតពិនិត្យ និង​បានអនុម័ត​ជា​ឯកច្ឆន្ទ​លើ​វិសោធនកម្ម​មាត្រា​ចំនួន​ ១០ នៃ​ច្បាប់​ស្ដីពី​សហជីព ខណៈ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​យល់ថា ច្បាប់​សហជីព​នៅតែ​មាន​ការរឹតត្បិត​លើ​សហជីព​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ច្បាប់​ស្ដីពី​វិសោធនកម្ម​មាត្រា ៣,១៧, ២០,២១, ២៧,២៨, ២៩,៥៤, ៥៥, និង ៥៩ នៃ​ច្បាប់​ស្ដីពី​សហជីព​ដែល​ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម នស​/​រកម​/០៥១៦/០០៧ ចុះ​ថ្ងៃទី​ ១៧ ខែ​សភា ឆ្នាំ​ ២០១៦»​។ ច្បាប់​នេះ​ត្រូវបាន​រដ្ឋសភា​អនុម័ត​កាលពី​ចុង​ខែ​វិច្ឆិកា ហើយ​ត្រូវបាន​ព្រឹទ្ធសភា​អនុម័ត​កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន​ដោយ​គ្មាន​ការកែប្រែ​។

កាលពី​ខែ​វិច្ឆិកា លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែង​នៅ​រដ្ឋសភា​ថា​ការធ្វើ​វិសោធនកម្ម​នេះ ធ្វើឡើង​តាម​សំណើ​របស់​សហជីព​ និង​ភាគី​ពាក់ព័ន្ធ​។

លោក​ថ្លែង​នៅពេល​នោះ​ថា​៖ «​វា​មិន​អាច​ធ្វើឲ្យ​មនុស្ស​គ្រប់​គ្នា​ពេញចិត្ត​ទេ​ ប៉ុន្តែ​យ៉ាងហោច​ណាស់​ច្បាប់​នេះ​ប្រសើរ​ជាង​មុន​»​។ លោក​បន្តថា មាត្រា​ថ្មី​ដែល​ត្រូវបាន​ធ្វើ​វិសោធនកម្ម​ធ្វើឲ្យ​មាន​ភាពងាយស្រួល​ក្នុង​ការចុះបញ្ជី​សហជីព​គឺ​បាន​កាត់បន្ថយ​នូវ​លក្ខខណ្ឌ​ខ្លះ ដូចជា​មិន​តម្រូវ​ឲ្យ​សហជីព​ផ្ញើ​របាយការណ៍​សកម្មភាព និង​របាយការណ៍​ហិរញ្ញវត្ថុ​ទៅ​កាន់​ក្រសួង​ការងារ​។ លើសពីនេះ ក៏​ធ្វើឲ្យ​មាន​ភាពងាយស្រួល​ក្នុង​ការរំលាយ​សហជីព​ក្នុង​ករណី​ដែល​ក្រុមហ៊ុន​សហគ្រាស​បិទទ្វារ និង​បាន​បើកប្រាក់​បៀវត្សរ៍​ និង​អត្ថប្រយោជន៍​ផ្សេងៗ​ដល់​កម្មករ​ចប់​សព្វគ្រប់​។

ប៉ុន្តែ​ ១ ​ថ្ងៃមុន​ការសម្រេច​របស់​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជិត​ ៤០ បាន​សរសេរ​លិខិត​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ជំរុញ​ឲ្យ​លោក​ពិនិត្យ​ម្ដងទៀត​លើ​មាត្រា​ពាក់ព័ន្ធ និង​អនុសាសន៍​ធ្វើឡើង​ដោយ​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស និង​អង្គការ​ពលកម្ម​អន្តរជាតិ​។

លិខិត​របស់​អង្គការ​សង្គម​ស៊ីវិល​សរសេរ​ថា​៖ «​ការធ្វើ​ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​អាច​ធានា​បាន​ថា ការកែប្រែ​ច្បាប់​សហជីព​នឹង​អាច​អនុលោម​តាម​កាតព្វកិច្ច​ដែល​មាន​ចែង​ក្នុង​សន្ធិសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ និង​អនុសញ្ញា​ការងារ​អន្តរជាតិ​»​។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដដែល​លើក​ឡើង​ថា​មាត្រា​ ៣ ​ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​នោះ មិន​គ្រប​ដណ្ដប់​លើ​កម្មករ​ដែល​ធ្វើការ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ លោកគ្រូ​អ្នកគ្រូ​ និង​មន្ត្រីរាជការ​។ ការមិន​បញ្ចូល​ពួកគេ​ក្នុង​ច្បាប់​នេះ​ធ្វើឲ្យ​ពួកកម្មករ​ដែល​ធ្វើការ​ក្នុង​ធុរកិច្ច​មាន​គ្នា​តិចជាង​ ១០ ​នាក់​មិន​អាច​បង្កើត​សហជីព​បាន​។

ក្រុម​សង្គម​ស៊ីវិល​បញ្ជាក់ថា មាត្រា​ ១៧ ​ដែល​ត្រូវបាន​ធ្វើ​វិសោធនកម្ម​នៅតែ​រឹតត្បិត​សិទ្ធិ​សហជីព​ក្នុង​ការសម្រេច​កិច្ចការ​ផ្ទៃក្នុង​របស់​ពួកគេ ដោយសារ​តែ​មាន​ការបញ្ចូល​យន្តការ​ធ្វើ​សវនកម្ម​ដែល​អាច​ធ្វើឡើង​តាម​ការស្នើសុំ​ពី​សំណាក់​សមាជិក​សហជីព​ ១០ ​ភាគរយ ឬ​តាមរយៈ​ការស្នើសុំ​របស់​ម្ចាស់ជំនួយ​សហជីព​។

ក្រុម​អង្គការ​ដដែល​បាន​និយាយថា មាត្រា​ខ្លះ​ដែល​ពួកគេ​ចង់​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​មានដូចជា​មាត្រា ៥, ១២, និង ​១៨ មិនត្រូវ​បានធ្វើ​វិសោធនកម្ម​ឡើយ​។ ទន្ទឹម​នឹង​នេះ​មាត្រា ២០, ២១ និង​មាត្រា​ ៣៨ ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​នៅតែ​រឹតត្បិត​សិទ្ធិ​សហជីព​ក្នុង​ការជ្រើសរើស​អ្នកតំណាង​ដោយ​សេរី​។

លិខិត​ដដែល​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​បទចោទប្រកាន់​លើ​មេដឹកនាំ​សហជីព កម្មករ និង​អ្នកតស៊ូ​មតិ​សិទ្ធិ​ការងារ និង​អំពាវនាវ​ឲ្យ​បញ្ឈប់​គ្រប់​ទម្រង់​នៃ​ការបៀតបៀន​លើ​ពួកគេ​។

ពួកគេ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​បង្កើត​នូវ​ការពិភាក្សា​សាជាថ្មី​ «​ដោយ​មាន​ការចូលរួម ត្រឹមត្រូវ និង​តម្លាភាព​» ទៅលើ​ច្បាប់​នេះ​នៅ​ខែមករា ឆ្នាំ​ ២០២០ ​ខាងមុខ​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕