ភ្នំពេញ៖ ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​ កាល​​ពី​ថ្ងៃទី ៣០​ មិថុនា​ បាន​បើក​កិច្ច​ប្រជុំ​ប្រចាំ​ខែ ដើម្បី​វាយ​តម្លៃ​ប្រសិទ្ធភាព​ការងារ​ក្នុង​រយៈពេល ​១ ខែ​របស់​ខ្លួន ខណៈ​លោក ចាន់ យ៉េត ប្រធាន​ប្តូរ​វេន​ប្រចាំ​ខែ​មិថុនា ​មក​ពី​គណបក្ស​នគរ​ប្រជាធិបតេយ្យ​បារម្ភ​ពី​ការ​មិន​សហការ​របស់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ បន្ទាប់​ពី​សមាជិក​ម្នាក់​ក្នុង​ស្ថាប័ន​នេះ​ត្រូវ​បាន​ដក​ពី​តំណែង​។

លោក ​ឈឹម​ ផលវរុណ​ ប្រធាន​លេខាធិការដ្ឋាន​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​នេះ ​គឺ​ដើម្បី​ពិនិត្យ​ពី​សកម្មភាព​របស់​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​នីមួយៗ បន្ទាប់​ពី​បាន​ចុះ​បំពេញ​ការងារ​របស់​ខ្លួន​ក្នុង​រយៈពេល ​១ ​ខែ។​ លោក​បន្ត​ថា ក្នុង​កិច្ច​ប្រជុំ​នោះ ​ក៏​មាន​ការ​ផ្ទៀងផ្ទាត់​របាយការណ៍​ថវិកា​ប្រចាំ​ខែ​ និង​គុណ​សម្បត្តិ​ គុណ​វិបត្តិ​របស់​ឧត្តម​ក្រុម​ប្រឹក្សា​ផង​ដែរ​។

លោក​បញ្ជាក់​ថា៖ ​«លទ្ធផល ​គឺ​សម្រេច​បាន​ទៅ​តាម​ការ​យល់​ឃើញ​របស់​ប្រតិភូ​គណបក្ស​នីមួយៗ​លើ​ការងារ​របស់​ខ្លួន។ យើង​ប្រជុំ​ដើម្បី​វាយ​តម្លៃ​ទៅ​លើ​ការងារ​របស់​យើង​ ហើយ​យើង​ត្រូវ​បង្ហាញ​ការ​គោរព​ទៅ​តាម​ឆន្ទានុសិទ្ធិ​របស់​គណបក្ស​នីមួយៗ»​។

យ៉ាង​ណា​ក្ដី លោក ​ចាន់​ យ៉េត ​ប្រធាន​ប្តូរ​វេន​ប្រចាំ​ខែ​មិថុនា​ នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ មក​ពី​គណបក្ស​នគរ​ប្រជាធិបតេយ្យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​កាល​ពី​ថ្ងៃ​អង្គារ​ថា បន្ទាប់​ពី​សមាជិក​ម្នាក់​នៃ​ស្ថាប័ន​នេះ​ ត្រូវ​បាន​ដក​ពី​តំណែង​មក​សកម្មភាព​នៃ​ការ​ចុះ​មូលដ្ឋាន​របស់​សមាជិក​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ គឺ​ហាក់​មិន​ទទួល​បាន​កិច្ច​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន​​ទេ បើ​ទោះ​ជា​​មាន​លិខិត​បេសកកម្ម​ក៏​ដោយ​។

លោក​បាន​បញ្ជាក់​ថា៖ «ថ្ងៃ​មួយ នៅ​ពេល​ខ្ញុំ​ចុះ​ទៅ​បន្ទាយមានជ័យ មាន​អភិបាល​រង​ខេត្ត ខ្ញុំ​មិន​បញ្ចេញ​ចំ​ឈ្មោះ​ទេ គាត់​ថា (និយាយ​មក​កាន់​លោក) ឯកឧត្តម ចុះ​មក​ប្រយ័ត្ន​ខ្លួន ដូច​លោក វីល្លៀម [សុវណ្ណ វឌ្ឍនាសាប៊ុង] ដែល​មាន​ការ​ទិតៀន​ខ្លះ​ពី​សំណាក់​អាជ្ញាធរ​។ ប៉ុន្តែ​ឧត្តម​ក្រុម​ប្រឹក្សា​មិន​ខ្វល់​ពី​បញ្ហា​នេះ​ទេ យើង​នៅ​តែ​ចុះ​ធ្វើ​សកម្មភាព​បន្ត​ទៀត ដើម្បី​សន្តិភាព​ហើយ​យើង​មិន​មែន​ចុះ​ទៅ​កាត់​ក្តី​ទេ ​គឺ​យើង​ចុះ​ទៅ​ស្វែង​រក​តម្រុយ ​ដើម្បី​ធ្វើ​របាយការណ៍​ដាក់​ជូន​សម្ដេច​ឲ្យ​លោក​អ្នក​កាត់​ក្តី»​។

ក្នុង​នាម​ប្រធាន​ប្តូរ​វេន​ប្រចាំ​ខែ​មិថុនា លោក ចាន់​ យ៉េត ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សូម​ធានា​ដល់​សកម្មភាព​ស្រប​ច្បាប់​ដូច​បាន​ចែង​ក្នុង​ច្បាប់​ដែល​បាន​ផ្តល់​ភារកិច្ច​ដល់​សមាជិក​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​គ្រប់​រូប​បាន​បំពេញ​ការ​ងារ​របស់​ខ្លួន​ដោយ​មាន​កិច្ច​សហការ​ពី​មន្ត្រី​គ្រប់​ជាន់​ថ្នាក់ ​ដើម្បី​បាន​ចូលរួម​បម្រើ​ផល​ប្រយោជន៍​សង្គម​ផង​ដែរ​។

លោក​ សេង​ សុខេង​ ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ ​៣០​ មិថុនា ​ថា​ ក្នុង​កិច្ច​ប្រជុំ​នោះ​ គណបក្ស​នីមួយៗ​បាន​លើក​ពី​សកម្មភាព​ចុះ​មូលដ្ឋាន​របស់​ខ្លួន ​ដើម្បី​ប្រមូល​របាយការណ៍​ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន​។

លោក​បាន​បន្ត​ថា ​ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូវីដ ​១៩ ​ជា​ពិសេស ​ដើម្បី​គោរព​តាម​គោលការណ៍​នៃ​ការ​រក្សា​គម្លាត​របស់​ក្រសួង​សុខាភិបាល​បាន​ធ្វើ​ឲ្យ​សកម្មភាព​នៃ​ការ​ចុះ​មូលដ្ឋាន​របស់​គណបក្ស​លោក​ជួប​ប្រទះ​នូវ​បញ្ហា។​រីឯ​ករណី​ជម្លោះ​ដី​ធ្លី​ក៏​ហាក់​មិន​សូវ​បាន​លើក​ឡើង​​ក្នុង​អង្គ​ប្រជុំ​នោះ​ដែរ​ដោយ​លោក​អះអាង​ថា​ គណបក្ស​របស់​លោក​ហាក់​មិន​សូវ​ទទួល​បាន​ពាក្យ​បណ្តឹង​​ដូច​កាល​ពី​មុន​ទេ​​។

លោក​បាន​បញ្ជាក់​ថា៖ «​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​នេះ​ប្រសិទ្ធភាព​អត់​មាន​ខុស​ប្លែក​ពី​ខែ​មុនៗ​ទេ​ក្នុង​ការ​បញ្ចេញ​យោបល់​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នោះ។ ​យើង​បាន​លើក​យោបល់​ក្នុង​ន័យ​ស្ថាបនា​ និង​ក្នុង​ន័យ​ត្រង់​ទៅ​ត្រង់​មក ​ដើម្បី​រក​ដំណោះស្រាយ។ កិច្ច​នេះ ​គឺ​ដំណើរការ​ដូច​ធម្មតា​»។

ទោះ​យ៉ាង​ណា លោក​ សេង សុខេង បាន​លើក​ឡើង​ពី​ផល​វិបាក​ដែល​លោក​បាន​ជួប​ប្រទះ​កន្លង​មក​​នៅ​ពេល​ចុះ​ទៅ​ស្រាវជ្រាវ​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន ប៉ុន្តែ​ពុំ​មាន​កិច្ច​សហការ​ពី​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​​៕​