ភ្នំពេញៈ ក្រុមប្រឹក្សា​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប​ពី​ម្សិលមិញ​បាន​អនុម័ត​លើ​សេចក្តី​សន្និដ្ឋាន​មួយ ដោយ​ថ្កោលទោស​ចំពោះ​ «​ដំណើរ​វិវឌ្ឍន៍​នយោបាយ​នាពេល​ថ្មីៗ​ដែល​មាន​លក្ខណៈ​គួរ​ឲ្យ​បារម្ភ និង​ការ​បន្ត​ធ្លាក់​ដុនដាប​នៃ​លទ្ធិប្រជាធិបតេយ្យ​» ក្នុង​ប្រទេស​កម្ពុជា​។

ការ​សន្និដ្ឋាន​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋមន្ត្រី​ការបរទេស​របស់​សហភាព​អឺរ៉ុប​នេះ​បាន​ព្រមាន​រដ្ឋាភិបាល​កម្ពុជា​ថា ក្រុមប្រឹក្សា​អាច​នឹង​ពិចារណា​លើ​ «​វិធានការ​គោលដៅ​ជាក់លាក់​» ​ប្រសិន​បើ​ស្ថានការណ៍​នយោបាយ​មិន​មាន​លក្ខណៈ​ប្រសើរ​ឡើង​។

ពួកគេ​ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ព្រម​ទាំង​លុប​ចោល​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​កញ្ញា​ពី​បទ​ «​ក្បត់ជាតិ​» បើ​ទោះបី​ជា​លោក​មាន​អភ័យ​ឯកសិទ្ធិ​សភា​ក៏ដោយ ដោយ​ផ្អែក​លើ​ការ​ថ្លែង​ជា​សាធារណៈ​ដែល​លោក​បាន​ថ្លែង​ជាច្រើន​ឆ្នាំ​កន្លង​ទៅ​នៅ​ប្រទេស​ ​អូស្ត្រាលី ដែល​ក្នុង​នោះ​លោក​បាន​ប្រាប់​អ្នក​គាំទ្រ​ថា លោក​បាន​ទទួល​ជំនួយ​ពី​អាមេរិក​នៅក្នុង​ផែនការ​អាជីព​នយោបាយ​របស់​លោក​។

រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​យក​វីដេអូ​នេះ ជា​ភ័ស្តុតាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រៀបចំ​ធ្វើ​បដិវត្តន៍​ពណ៌​ដែល​គាំទ្រ​​ដោយ​បរទេស​។

នៅក្នុង​សេចក្តី​សន្និដ្ឋាន​របស់​ខ្លួន ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​អញ្ជើញ​គណៈកម្មការ​ សហភាព​អឺរ៉ុប​ និង​តំណាង​ជាន់ខ្ពស់​សម្រាប់​កិច្ចការបរទេស​របស់​សហភាព​អឺរ៉ុប​គឺ​លោកស្រី Federica Mogherini ឲ្យ​ «​ធ្វើការ​តាមដាន​ដិតដល់​ចំពោះ​ស្ថានការណ៍​» ​ក្នុង​ប្រទេស​កម្ពុជា​និង​ «​បន្ត​ការ​វាយតម្លៃ​ដែល​មាន​លក្ខណៈ​ល្អិតល្អន់​ និង​គ្រប់​ជ្រុងជ្រោយ​ចំពោះ​កម្មវិធី​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​»​។

ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ «​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​លើកលែង​តែ​អាវុធ​»​ជាមួយ​កម្ពុជា​ដែល​រួម​មាន​ប្រការ​ស្តីពី​សិទ្ធិមនុស្ស​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ព្យួរ​កិច្ចព្រមព្រៀង​អនុគ្រោះ​ពាណិជ្ជកម្ម​ក្នុង​ករណី​មាន​ការ​រំលោភបំពាន​ប្រការ​ស្តីពី​សិទ្ធិមនុស្ស​នេះ​ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប «​អញ្ជើញ​គណៈកម្មការ​ឲ្យ​បង្កើន​ការ​ត្រួត​ពិនិត្យ​ស្ថានភាព និង​បង្កើន​អន្តរកម្ម​ជាមួយ​កម្ពុជា​»​។

ការសន្និដ្ឋាន​ក៏បាន​ស្វាគមន៍​សេចក្តី​សម្រេច​របស់​គណៈកម្មការ​សហភាព​អឺរ៉ុប​ដើម្បី​ព្យួរ​ការ​ឧបត្ថម្ភ​ហិរញ្ញវត្ថុ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ខណៈ​ស្នើសុំ​គណៈកម្មការ​ពង្រឹង​ការ​គាំទ្រ​របស់​ខ្លួន​ទៅលើ​អ្នក​ការពារ​សិទ្ធិមនុស្ស និង​សង្គម​ស៊ីវិល​។

ក្រុមប្រឹក្សា​ក៏​ទាមទារ​បន្ថែម​ទៀត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​មិន​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​លក្ខណៈ​ខុស​ដើម្បី​ជា​ឧបករណ៍​នយោបាយ​ក្នុង​ការ​បំភិតបំភ័យ​អ្នក​ប្រឆាំង សង្គម​ស៊ីវិល និង​សកម្មជន​សិទ្ធិ​ការងារ និង​សិទ្ធិមនុស្ស​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ថ្លែង​ថា កម្ពុជា​ជា​ប្រទេស​មាន​អធិបតេយ្យភាព​ដែល​ប្តេជ្ញា​ចំពោះ​ប្រជាធិបតេយ្យ​។ «​ពួកគេ​ [​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​] ​ពិតជា​មិន​គាំទ្រ​ប្រជាធិបតេយ្យ ប៉ុន្តែ​ពួកគេ​ចង់​ឲ្យ​កម្ពុជា​ជា​និមិត្តរូប​របស់​ពួកគេ ដើម្បី​អត្ថប្រយោជន៍​នយោបាយ​តំបន់​»​។ លោក​ថ្លែង​បន្ត​ដោយ​ហាក់បី​ដូចជា​សំដៅ​ទៅ​ការគាំទ្រ​របស់​ចិន​ចំពោះ​រដ្ឋាភិបាល​កម្ពុជា និង​សេដ្ឋកិច្ច​ថា «​ពួកគេ​ភ័យ​ខ្លាច​ចិន​»​។

លោក​បាន​ថ្លែង​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ការ​ហាមប្រាម​អ្នកនយោបាយ​ ១១៨ ​នាក់​ «​មិនមែន​មាន​ន័យថា​មិន​មាន​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ទេ​»​។ «​ប្រជាពលរដ្ឋ​ចង់​ទៅ​បោះឆ្នោត សូម​ទុក​ឲ្យ​ពួកគេ​ទៅ​... នរណា​ឈ្នះ​ការ​បោះឆ្នោត យើង​គោរព​»​។

ប៉ុន្តែ​លោកស្រី Barbara Lochbihler អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​សភា​អឺរ៉ុប​បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​បាន​បោះ​ជំហាន​នៅក្នុង​ទិសដៅ​ត្រឹមត្រូវ​ដោយ​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ជំហាន​ច្រើន​ជាង​នេះ​ទៀត​ត្រូវការ​ឲ្យ​មាន​។

លោកស្រី​ថ្លែង​ថា​៖ «​ការ​ដាក់​ទណ្ឌកម្ម​គោលដៅ​ដូចជា ការដាក់​កម្រិត​ចំពោះ​ការ​ធ្វើ​ដំណើរ​របស់​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ និង​ជា​សញ្ញាណ​ចាំបាច់​បន្ទាន់​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ដែល​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​របស់​ប្រទេស​នេះ​មិន​អាច​ទទួល​យក​បាន​»​។

នៅក្នុង​អ៊ីមែល​មួយ​កាលពី​ម្សិលមិញ លោកស្រី Lochbihler បាន​ថ្លែង​ថា «​គ្មាន​អ្វី​ថ្មី​នៅ​ក្នុង​សេចក្តី​សន្និដ្ឋាន​ទេ​»​។

លោក Frithjof Schmidt សមាជិក​សភា​អាល្លឺម៉ង់ ដែល​បាន​ស្វាគមន៍​ការ​បញ្ចប់​ការប្រព្រឹត្តកម្ម​អនុគ្រោះ​ពិសេស​សម្រាប់​ទិដ្ឋាការ​សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​សម្រាប់​ការ​ធ្វើ​ដំណើរ​ឯកជន​បាន​ថ្លែង​ថា ក្រុមប្រឹក្សា​អាច​ធ្វើ​អ្វី​ច្រើន​ជាង​នេះ​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា ក្រុមប្រឹក្សា​បាន​ធ្វើ​សេចក្តី​សម្រេច​រួច​ហើយ​លើ​ការដាក់​កម្រិត​ទិដ្ឋាការ​តឹងរ៉ឹង​ជាង​មុន​ទៅ​លើ​សមាជិក​រដ្ឋាភិបាល​កម្ពុជា​។ ជា​អកុសល វា​មិន​ទាន់​កើតឡើង​»​។

លោក អ៊ូ វីរៈ អ្នក​វិភាគ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា លោក​មិន​រំពឹង​ថា​នឹង​មាន​អ្វី​ផ្សេង​ទេ​។ «​ខ្ញុំ​មិន​ភ្ញាក់ផ្អើល​។ ភាសា​មាន​ភាព​ស្រពេច​ស្រពិល ហើយ​វា​ហាក់បី​ដូចជា​ [​ក្រុមប្រឹក្សា​] ​កំពុង​ព្យាយាម​ផ្ញើ​ «​ការ​ព្រមាន​» ​ដល់​កម្ពុជា​អំពី​ផលវិបាក​សេដ្ឋកិច្ច​ដែល​អាច​កើតមាន ជាពិសេស​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​នាំ​ចូល​ទំនិញ​គ្រប់​ប្រភេទ​លើកលែង​តែ​អាវុធ​»​។ «​ខ្ញុំ​គិត​ថា សហភាព​អឺរ៉ុប​យល់​អំពី​ថា​តើ​កិច្ចព្រមព្រៀង​នាំ​ចូល​ទំនិញ​គ្រប់​ប្រភេទ​លើកលែង​តែ​អាវុធ​សំខាន់​យ៉ាង​ដូចម្តេច​ចំពោះ​កម្ពុជា​?»​។

លោក​បាន​ថ្លែង​ថា មូលហេតុ​នៃ​ភាសា​ស្រពេច​ស្រពិល​គឺ​ដោយសារ​លក្ខណៈ​នៃ​ស្ថាប័ន​នេះ​។

«​សហភាព​អឺរ៉ុប មិនមែន​ជា​ស្ថាប័ន​នយោបាយ​តែ​មួយ​ទេ ហើយ​សេចក្តី​សម្រេច​នឹង​តែងតែ​មាន​លក្ខណៈ​យឺត និង​ពិបាក​ព្យាករណ៍​»​។

ទន្ទឹម​នេះ​សមាជិក​សភា​អឺរ៉ុប​លោក Ramon Tremosa I Balcells បាន​សួរ​គណៈកម្មការ​អឺរ៉ុប​នៅក្នុង​សំណួរ​របស់​សភា​ថា​តើ​សហភាព​អឺរ៉ុប​បាន​ពិចារណា​បង្កក​ទ្រព្យសម្បត្តិ និង​ទិដ្ឋាការ​ «​ចំពោះ​គ្រួសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ឬ​មាន​ជម្រើស​ផ្សេង ដើម្បី​ប្រកាស​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាន់​អំណាច​រយៈពេល​ ៣៣ ​ឆ្នាំ «​ជា​មនុស្ស​មិន​គួរ​ស្វាគមន៍​»? និង​ថា​តើ​សហភាព​អឺរ៉ុប​បាន​ទាមទារ​ឲ្យ​មាន​លទ្ធភាព​សម្រាប់​អ្នក​កាសែត​ និង​មន្ត្រី​ទូត​ចូល​ទៅ​ក្នុង​សវនាការ​របស់​លោក កឹម សុខា ឬ​អត់​ព្រម​ទាំង​ «​ផ្អាក​ទម្រង់​ដទៃៗ​ទៀត​នៃ​ការ​គាំទ្រ​ឧបត្ថម្ភ​ដល់​​រដ្ឋាភិបាល​កម្ពុជា​»​។

គណៈកម្មការ​អឺរ៉ុប ​ត្រូវ​តែ​ឆ្លើយតប​នឹង​សំណួរ​នេះ​ជា​លាយលក្ខណ៍​អក្សរ​ក្នុង​រយៈពេល​ ២-៣ ​សប្តាហ៍​ទៀត​៕ PS