ភ្នំពេញៈ ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ស្តាប់​ការ​រិះគន់​ដ៏​ខ្លាំង​ក្លា​ទៅលើ​រដ្ឋា​ភិបា​ល​កម្ពុជា​នៅឯ​កិច្ច​ប្រជុំ​នា​ថ្ងៃ​ព្រហ​ស្បតិ៍​នេះនៅ​ទីក្រុង​ហ្សឺ​ណែ​វ ខណៈ​ដែល​មាន​ក្ដី​​បារម្ភ​ចំពោះ​ការ​កើន​ឡើង​នៃ​ការ​បង្ក្រាប​អ្នក​នយោ​បាយ​និង​លើ​អង្គ​ការ​សង្គម​ស៊ីវិល​ផង​នោះ។

ជាទូទៅ ​UN​បើក​កិច្ច​ប្រជុំ​ស្តី​អំពី​ជំនួយ​បច្ចេក​ទេស​និង​ការ​កសាង​សមត្ថ​ភាព​ដើម្បី​បញ្ជាក់​ពី​វឌ្ឍន​ភាព​នៅ​ក្នុង​ប្រទេស​ជាក់​លាក់​មួយ​ចំនួន​។ លោក​ស្រី Laila Matar ​អនុ​ប្រ​ធាន​អង្គ​ការ​ឃ្លាំ​មើល​សិ​ទិ្ធ​មនុស្ស ​Huma​n Rights Watch ​ទទួល​បន្ទុក​ការ​ឃ្លាំ​មើល​របស់​អង្គ​ការ​​សហ​ប្រជា​ជាតិ​ បាន​ថ្លែង​ថា​ គេ​ក៏​នឹង​លើក​យក​បញ្ហា​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិបតេយ្យនៅ​​កម្ពុជា​នា​ប៉ុន្មាន​ខែ​មក​នេះ​ផង​ដែរ​។

លោក​ស្រី​ថ្លែង​តាម​រយៈ​អ៊ីមែល​ថា៖«​ពួក​គេ​នឹង​និយាយ​អំពី​វិធាន​ការ​របស់រ​ដ្ឋា​ភិ​បាល​លោក​ ហ៊ុន សែន​ នៅមុន​ការ​បោះ​ឆ្នោត​ជាតិ​នា​ខែកក្កដា​ខាង​មុខ​ រួម​ទាំង​កា​រចាប់​ខ្លួន​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ ​ការរំ​លាយ​គណ​បក្ស​ប្រ​ឆាំង​ដ៏ធំ ​និង​ការ​ធ្វើទុ​ក្ខ​បុក​ម្នេញ​ឬ​ការ​ចាប់​ដាក់​ពន្ធ​នាគារ​ចំពោះ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​និង​អ្នក​នយោ​បាយ​ក៏​ដូច​ជា​ការ​បិទ​ប្រព័ន្ធ​ផ្សព្វ​ផ្សា​យ​ឯក​រាជ្យ​»។

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ ​អាជ្ញា​ធរ ​បាន​ចាប់ខ្លួន​មេដឹ​ក​នាំ​គណ​បក្ស​ប្រឆាំង​លោក​ កឹម ​សុខា​ ហើយ​បន្ទាប់​មក​គណ​បក្ស​ស​ង្គ្រោះ​ជាតិ​របស់​គាត់​ក៏ត្រូវ​បាន​រំលាយ​ដែរ។ សមាជិក​គណ​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ដោយ​សារ​ភ័យ​ខ្លាច​ការ​​ចាប់​ខ្លួន ​ខណៈ​តុលា​ការ​បាន​តម្រង់​គោល​ដៅ​ទៅ​រក​អ្នក​គាំទ្រ​សិ​ទិ្ធ​មនុស្ស​ជាអ្វី​ដែល​ត្រូវ​បាន​គេ​គិត​ថា​ជា​រឿង​នយោ​បាយ។

កា​សែត​ឯក​រាជ្យ​ Cambodia Daily បាន​បិទទ្វារ​កាល​ពី​ខែ​កញ្ញា​ បន្ទាប់​ពី​ទទួល​បាន​វិក្ក​យបត្រ​ដែល​ត្រូវ​បង់​ពន្ធ​៦,៣​លាន​ដុល្លារ​ហើយ​ក្រសួង​ព័ត៌​មាន ​បាន​បិទ​ស្ថានី​យ​វិទ្យុ​ជា​ច្រើន​ដែល​​ផ្សាយ​វិទ្យុ​សំឡេង​សហរដ្ឋ​អា​មេរិក​ និង​វិទ្យុ​អាស៊ី​សេរី។

លោក Matt Pollard ​ដែល​នឹង​តំណាង​ឱ្យ​គណៈ​កម្មា​ធិការ​អន្តរ​ជាតិ​នៃ​អ្នក​ច្បាប់​នៅឯ​កិច្ច​ប្រជុំ​នោះ​បាន​ថ្លែង​ថា ​អគ្គ​លេខា​ធិការ​UN​ និង​ឧ​ត្ត​ម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​បាន​បារម្ភ​យ៉ាង​ជ្រាល​ជ្រៅ​រួច​ហើយ​ចំពោះ​ការ​​រឹត​ត្បិត​លទ្ធិ​ប្រជា​ធិប​តេយ្យ​និង​ការ​បង្ក្រាប​អង្គ​ការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​។

លោក​បញ្ជាក់​ថា៖«ការ​ពិ​ភាក្សា​នៅ​ក្នុង​សប្តាហ៍​នេះ​ គឺជា​ឱកាស​ដ៏​សំខាន់​មួយ​សម្រាប់​សហ​គមន៍​​អន្តរជាតិ​ដើម្បី​ផ្ញើ​សារ​ដ៏​ខ្លាំងក្លា​មួយ​ទៅ​រដ្ឋាភិ​បាល​កម្ពុជា​ថា​ ត្រូវ​តែ​ស្តារ​ឡើង​វិញ​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ឆាប់​រហ័ស តាម​រយៈ​សកម្ម​ភាព​ជា​ក់​ស្តែង​ហើយ​ថា​ ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ​ នឹង​មិន​អាច​ចាត់​ទុក​ថា​ គួរឱ្យ​ទុក​ចិត្ត​បាន​ទេ​ លើក​លែង​តែ​ករណី​ទាំង​នេះ​ត្រូវ​បាន​ស្តារ​ឡើង​វិញ»។

អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ Amnesty Intern​ational ក៏ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​និយាយ​ផង​ដែរ​លើ​ករណី​ទាំង​នេះ។

នៅ​ក្នុង​របាយ​ការ​ណ៍រ​បស់​ខ្លួន​ អ្នក​នាំពា​ក្យអង្គ​ការ​លើក​លែង​ទោស​អន្តរ​ជាតិ​លោក ​Olof B​lomq​vist បាន​ថ្លែង​ថា ​អង្គ​ការ​អាច​នឹង​លើក​ឡើង​នៅក្នុង​កិច្ច​ប្រជុំ​នោះ​អំពី​​ការរិះ​គន់​ការ​បង្ក្រាប​គួ​ប្រជែង​នយោ​បាយ​និង​ការ​វាយ​ប្រហារ​លើ​អង្គ​ការ​សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។ ពួក​គេ​ស្នើឱ្យ​មាន​ការ​ជជែក​វែក​ញែក​ជា​បន្ទាន់​នៅ​ក្នុង​ក្រុម​ប្រឹក្សា​នោះ​ដើម្បី​ដោះ​ស្រាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​ពណ៌​នា​ថា«ស្ថាន​ភាព​សិទ្ធិ​មនុស្ស​កាន់​តែ​យ៉ាប់​យ៉ឺន​នៅ​កម្ពុជា»។

អង្គ​ការ ​Amnesty International ​បញ្ជាក់​ថា៖«កិច្ច​ប្រជុំ​លើក​ទី​៣៧​នេះ​ផ្តល់​នូវ​ឱកាស​ចុង​ក្រោយ​ ​សម្រាប់​ក្រុម​ប្រឹក្សា​នេះ​ដើម្បី​ដោះ​ស្រាយ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ដែល​កំពុង​តែ​យ៉ាប់​យ៉ឺន​នៅ​មុន​ពេល​បោះ​ឆ្នោត​ក្នុង​ប្រ​ទេស​កម្ពុជា​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៩ខែ​កក្កដា​ឆ្នាំ​២០១៨​ខាង​មុខ»។

ឧ​ត្ត​ម​ស្នង​ការ​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ​លោក Kate Gilmore ត្រូវបាន​គេ​រំពឹង​ថា ​នឹង​បង្ហាញ​របាយ​កា​រណ៍​រប​ស់អគ្គ​លេខា​ធិការ​ស្តីពី​កម្ពុជា​ដែល​សម្គាល់​អំពី«ស្ថាន​ភាព​នយោ​បាយ​តាន​តឹង​បន្ត​កើន​ឡើងនិង​ការ​កាត់​បន្ថយ​សកម្ម​ភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ចាប់​តាំង​ពី​ខែ​កក្កដា​មក៕ NS