ព្រះសីហនុៈ ពលរដ្ឋយ៉ាងហោចណាស់ ១៨ គ្រួសារដែលរស់នៅភូមិ ២ សង្កាត់លេខ ១ ក្រុងព្រះសីហនុបានស្នើឲ្យលោក គួច ចំរើន អភិបាលខេត្ដព្រះសីហនុជួយដោះស្រាយបញ្ហាវិវាទដីធ្លីរវាងពួកគាត់ជាមួយអ្នកស្រី ឡឹក លក្ខិណា និងប្ដីឈ្មោះ គិត ប៊ុន ខណៈដីលំនៅឋានពួកគេដែលមានវិវាទតាំងពីចុងឆ្នាំមុនមកនោះ កំពុងត្រូវបានភាគីម្ខាងយកទៅសង់សំណង់ផ្ទាល់ខ្លួន។
លោក ឌុច ចាន់ សម័យ តំណាងពលរដ្ឋទាំងនោះបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ដីពួកគាត់ដែលកំពុងមានវិវាទខាងលើមានទំហំសរុបជាង ១ ហិកតា។ ប៉ុន្តែបច្ចុប្បន្នក្នុងទីតាំងដីនោះត្រូវបានប្ដីប្រពន្ធទាំង ២ នាក់ខាងលើរំលោភយកទៅសង់សំណង់ផ្ទាល់ខ្លួន និងធ្វើរបងបិទមិនឲ្យពលរដ្ឋចេញចូលទេ តាំងពីចុងឆ្នាំ ២០១៨ មក។
លោកថ្លែងថា ប្ដីប្រពន្ធខាងលើបានអះអាងថា ដីវិវាទនោះជាកម្មសិទ្ធិពួកគាត់ដោយសំអាងលើប័ណ្ណសម្គាល់សិទ្ធិលេខ A1.911 ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩៩៣ ប៉ុន្តែប័ណ្ណនេះត្រូវបានរាជរដ្ឋាភិបាលនិរាករណ៍រួចហើយតាមលិខិតលេខ ១០៣៩ ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ ១៩៩៩។
លោក ចាន់ សម័យ ឲ្យដឹងថា៖ «ពលរដ្ឋកំពុងអស់សង្ឃឹមក្រោយការរំលោភយកដីនេះជិត ១ ឆ្នាំកន្លងមកហើយ ទោះបីពលរដ្ឋប្ដឹងទៅរដ្ឋបាលខេត្តព្រះសីហនុជាច្រើនលើក និងមានលិខិតអន្តរាគមន៍ពីលោកអង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឲ្យមានចំណាត់ការលើរឿងនេះ។ ប៉ុន្តែរហូតទល់ពេលនេះមិនមានដំណោះស្រាយទេ»។
លោកបញ្ជាក់ថា៖ «យើងស្នើសុំឯកឧត្ដមអភិបាលខេត្ដព្រះសីហនុអន្តរាគមន៍ជួយដោះស្រាយរឿងនេះផង។ ព្រោះគេ (ប្ដីប្រពន្ធខាងលើ) មិនស្ដាប់អាជ្ញាធរក្រុងចុះមកដោះស្រាយ និងធ្វើកិច្ចសន្យាហាមឃាត់ការសាងសង់ទេគឺនៅតែបន្ដសង់»។
ក៏ប៉ុន្តែអ្នកស្រី ឡឹក លក្ខិណា បានថ្លែងកាលពីម្សិលមិញថា អ្នកស្រីធ្លាប់បានហៅពលរដ្ឋភាគីជម្លោះទៅដោះស្រាយនៅរដ្ឋបាលខេត្ដជាច្រើនលើកលើបញ្ហានេះ ប៉ុន្ដែពួកគេមិនព្រមចូលទេ។
អ្នកស្រីថា៖ «ឯកសារដីរបស់ខ្ញុំៗទាមទារតាំងពីអភិបាលខេត្ដចាស់រហូតដល់ឥឡូវថា បើបុគ្គលណាបានដីពីរដ្ឋបាលខេត្ដចែកឲ្យយកមកដោះស្រាយ។ ព្រោះដីខ្ញុំនេះពួកគាត់អះអាងថា រដ្ឋបាលខេត្ដចែកឲ្យគាត់។ ខ្ញុំកាន់កាប់ដីនេះ និងបានបង់ពន្ធរាល់ឆ្នាំ។ បើគាត់សំអាងថា រដ្ឋបាលខេត្ដចែកដីនេះឲ្យសូមយកឯកសារមក។ ពាក្យថា និរាករណ៍ដីនេះតើអ្នកណាជាអ្នកនរាករណ៍ដីខ្ញុំ?...ដីរបស់ខ្ញុំមានជាង ២ ហិកតា»។
បើតាមអ្នកស្រី លក្ខិណា រឿងដីនេះមិនមែនអ្នកស្រីមានបញ្ហាជាមួយក្រុមពលរដ្ឋប៉ុន្មានគ្រួសារនោះទេ។ ប៉ុន្ដែមានបញ្ហាជាមួយបុគ្គល ដែលកំពុងកាន់កាប់ដីអ្នកស្រីជាង ១ ហិកតាកន្លះ តែគេយកពលរដ្ឋមកលាបពណ៌ដាក់ពីមុខ។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំបានប្ដឹងតាំងពីខេត្តរហូតដល់តុលាការហើយ។ ប្រសិនបើខ្ញុំរំលោភដីពលរដ្ឋ ឬពលរដ្ឋរំលោភដីខ្ញុំនោះគឺខ្ញុំសុំឯកសារតាំងពីអភិបាលខេត្ដចាស់នៅគ្រប់គ្រងរហូតមកមានរយៈពេលជាង ១ ឆ្នាំហើយ។ ខ្ញុំមិនមែនសុំត្រឹមប្រជាជនទេ គឺបានសុំដល់រដ្ឋបាលខេត្ដតែម្ដង»។
លោក អ៊ី ធារិន ជានាយកស្តីទីទីចាត់ការអន្តរវិស័យនៃរដ្ឋបាលខេត្តព្រះសីហនុបានថ្លែងថា កន្លងមកលោកបានចាត់ឲ្យសមត្ថកិច្ចក្រុងចុះទៅហាមឃាត់ការសាងសង់នៅដីវិវាទខាងលើនេះ។ ប៉ុន្ដែមិនទាន់បានដោះស្រាយរួចរាល់នៅឡើយទេ។
លោកថ្លែងថា៖ «រដ្ឋបាលខេត្ដនៅមានការប្រជុំជាបន្តបន្ទាប់ទៀតលើបញ្ហាដីនេះ។ ប៉ុន្ដែយើងមិនទាន់បានកំណត់ច្បាស់លាស់នៅឡើយទេ។ ឥឡូវខាងសមត្ថកិច្ចក្រុងគេបានចុះទៅហាមឃាត់ហើយអាចទាក់ទងបន្ដទៅខាងអាជ្ញាធរក្រុង»។
នៅក្នុងលិខិតដោយឡែកមួយទៀតកាលពីថ្ងៃទី ២០ ខែសីហាកន្លងទៅលោក អ៊ី ធារិន ធ្លាប់បានដាក់របាយការណ៍ជុំវិញវិវាទដីធ្លីនេះទៅអភិបាលខេត្ដព្រះសីហនុផងដែរ ក្រោយពីរាជរដ្ឋាភិបាលលុបចោលរាល់កម្មសិទ្ធិដីធ្លីនៅតំបន់ក្បាលឆាយក្នុងនោះក៏គ្របដណ្ដប់លើទីតាំងដីសម្គាល់កម្មសិទ្ធិរបស់ប្ដីប្រពន្ធខាងលើនេះផង។
តាមលិខិតនោះលោក ធារិន បញ្ជាក់ថាផ្ទៃដីនៅសល់ក្រោយពីការកែសម្រួលអនុក្រឹត្យខាងលើរួចមកត្រូវបានរដ្ឋបាលខេត្ដបែងចែកជូនពលរដ្ឋក្នុងនោះមានចំណុចដីទីតាំងដែលប្ដីប្រពន្ធខាងលើទៅទាមទារ និងសាងសង់ផ្សេងៗគឺនៅលើទីតាំងដីបម្រុងរបស់រដ្ឋបាលខេត្ដ និងដីបែងចែកជូនពលរដ្ឋ។
លោក សន កុសល អភិបាលរងក្រុងព្រះសីហនុដែលធ្លាប់បានចុះហាមឃាត់ និងដោះស្រាយវិវាទដីនេះបានថ្លែងថា រដ្ឋបាលក្រុងបានបញ្ជូនរបាយការណ៍ករណីនេះទៅថ្នាក់ខេត្ដរួចហើយ។
លោកថា៖ «ការងារនេះផុតដៃរដ្ឋបាលក្រុងហើយ ឥឡូវបញ្ជូនទៅរដ្ឋបាលខេត្ដជាអ្នកសម្រេច។ ប៉ុន្ដែលោក ចាន់ សម័យថាកាលពីអភិបាលខេត្ដ យន្ត មីន នៅ គាត់បានបែងចែកដីនោះឲ្យរួមនឹងពលរដ្ឋដែលមានការខ្វះខាតផង»។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) បានលើកឡើងថា ប្ដីប្រពន្ធទាំង ២ នាក់ខាងលើមានប័ណ្ណសម្គាល់ដី។ ប៉ុន្ដែមិនដឹងស្ថិតនៅទីតាំងណាជាក់លាក់ទេតែប័ណ្ណនោះត្រូវបានរាជរដ្ឋាភិបាលនិរាករណ៍ចោលរួចហើយ។
លោកថា៖ «ពលរដ្ឋទាំង ១៨ គ្រួសារនោះជាពលរដ្ឋរស់នៅជាក់ស្ដែងជាពលរដ្ឋក្រីក្រ ដែលត្រូវបានរាជរដ្ឋាភិបាលបែងចែកដីខាងលើនោះជូនពួកគាត់រស់នៅ។ ដូច្នេះការទាមទាររបស់ប្ដីប្រពន្ធខាងលើនេះគឺខុសច្បាប់ហើយ»៕