រតនគិរីៈ អភិបាលស្រុក​វើនសៃ​លោក ហេង សាវឿន បាន​អះអាង​ថា​កាលពី​ថ្ងៃ​អង្គារ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្រុក​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ដី​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ទៀម​ក្រោម ឃុំ​ភ្នំកុក ស្រុក​វើនសៃ ខេត្ត​រតនគិរី ខណៈ​ទីតាំង​នោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​សកម្មភាព​ឈូសឆាយ​ដី​ព្រៃ​រដ្ឋ ដោយ​មាន​ការឃុបឃិត​គ្នា​រវាង​ក្រុមហ៊ុន​ឯកជន​ជាមួយ​អាជ្ញាធរ​ស្រុក​។

លោក​ ហេង សាវឿន ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​គណៈបញ្ជាការ​ឯកភាព​ស្រុក​ចុះទៅ​ហើយ​នៅ​ថ្ងៃ​ស្អែក​នេះ​ (​ថ្ងៃទី​ ៣ ខែ​សីហា​)​។ ប៉ុន្តែ​យើង​មិនដឹងថា​មាន​ការឈូសឆាយ​ដីព្រៃ​មែន​ឬ​យ៉ាងណា អាហ្នឹង​ទាល់តែ​មន្ត្រី​ចុះទៅ​មើល​សិន​»​។

ការលើកឡើង​នេះ​បន្ទាប់ពី​សារព័ត៌មាន​ហ្វ្រេសញូវ​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​​ថា ដីព្រៃ​បម្រុង​ទុក​របស់​រដ្ឋ​សម្បូរ​ទៅ​ដោយ​ដើមឈើ​មាន​តម្លៃ​ស្ថិត​ក្នុង​ភូមិ​ទៀម​ក្រោម​ត្រូវ​បាន​ក្រុមហ៊ុន​ឈ្មោះ ហេង ដារ៉ា ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ក្នុង​រដ្ឋបាល​ស្រុក​វើនសៃ​បាន​ប្រើ​គ្រឿងចក្រ​ចំនួន​ ៣ ​គ្រឿង​ឈូសឆាយ​ទន្ទ្រាន​យក​អស់​ជាច្រើន​រយ​ហិកតា​។ សកម្មភាព​ឈូសឆាយ​នេះ​បាន​កើតឡើង​អស់​ជាច្រើន​ខែ ប៉ុន្តែ​គ្មាន​អាជ្ញាធរ​ចុះ​ទប់ស្កាត់​ឡើយ​។

សារព័ត៌មាន​នេះ​បាន​ចុះផ្សាយ​ស្រង់​ប្រភព​មិន​បញ្ជាក់​ឈ្មោះ​ថា «​សកម្មភាព​នេះ​គឺ​ចាប់ផ្ដើម​ក្នុង​រយៈពេល ២-៤ ​ខែ​មកហើយ​គិត​មក​ដល់​ពាក់កណ្ដាល​ខែ​សីហា ឆ្នាំ​ ២០១៩ ហើយ​សកម្មភាព​នេះ​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ចុង​ខែ​សីហា​នេះ​»​។

ទោះបី​ជា​យ៉ាងណា​លោក ហេង សាវឿន អភិបាលស្រុក​វើនសៃ​បាន​បដិសេធ​ការចុះផ្សាយ​ដែល​ចោទ​ថា​អាជ្ញាធរ​ស្រុក​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​បំផ្លាញ​ដីព្រៃ​រដ្ឋ​។ លោក​បញ្ជាក់​ថា​រូបភាព​ដែល​សារព័ត៌មាន​នេះ​យក​មក​បង្ហោះ​អំពី​គ្រឿងចក្រ​ឈូស​ដី​ផ្ដួល​រលំ​ដើមឈើ​គឺជា​រូបភាព​ចាស់​។

លោក​បន្តថា​ទីតាំង​ដែល​មាន​ការរាយការណ៍​អំពី​ការ​ឈូសឆាយ​នេះ​គឺ​​មាន​ចម្ងាយ​ប្រហែល​ ៥០ ​គីឡូម៉ែត្រ​ពី​ថ្នល់ជាតិ ហើយ​កន្លង​មក​គឺជា​ដីចម្ការ​របស់​កសិករ​ជនជាតិដើម​សម្រាប់​ដាំ​ដើម​ចន្ទី និង​មិនមែន​ជា​ដី​ក្រុមហ៊ុន ឬ​ដីព្រៃ​ឡើយ​។ គ្រឿងចក្រ​ទាំងនោះ​អាច​ជា​របស់​ពលរដ្ឋ​ដែល​មាន​ជីវភាព​ធូរធារ ប្រើប្រាស់​សម្រាប់​ឈូសឆាយ​កន្លែង​ដី​ទួល​ក្នុង​ចម្ការ​ប៉ុណ្ណោះ​។

លោក សាវឿន បញ្ជាក់​ថា​៖ «​ពាក់ព័ន្ធ​ថា​មាន​ការឈូសឆាយ​រាប់រយ​ហិកតា​នេះ គឺ​គ្មានទេ​គឺ​មាន​អ្នកណា​ដែល​ថ្លើមធំ​ឱ្យ​ធ្វើ​ដល់​ប៉ុណ្ណឹង​នោះ​»​។

ចំណែក​លោក​ យឹម ផែន អភិបាលរង​ខេត្តរតនគិរី​បាន​ប្រាប់​ដែរ​ថា លោក​បាន​ទទួលបាន​ព័ត៌មាន​ថា មាន​ការឈូសឆាយ​ដីព្រៃ​ក្នុង​ភូមិ​ទៀម​ក្រោម​នេះ​យូរ​មកហើយ និង​ធ្លាប់​ឱ្យ​មន្ត្រី​ខាង​មន្ទីរ​កសិកម្ម​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ទៅ​ស្រាវជ្រាវ​ទីតាំង​នេះ​កាលពី​កន្លះ​ខែ​មុន​ដែរ ប៉ុន្តែ​មក​ទល់​ពេល​នេះ​លោក​ពុំ​ទាន់​ទទួល​បាន​ការឆ្លើយតប​ណាមួយ​ពី​មន្ត្រី​ទាំងនោះ​នៅ​ឡើយ​ទេ​។

លោក យឹម ផែន បាន​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​ឱ្យ​បង​សូណា​ (​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី​) ​ចុះ​ទៅ​ពិនិត្យ​មើល​ថា​យ៉ាងម៉េច​?»​។

លោក​អភិបាលខេត្តរង​រូបនេះ​បញ្ជាក់​ថា ប្រសិនបើ​អាជ្ញាធរ​ស្រុក​ចុះ​ពិនិត្យ​ទីតាំង​នោះ ហើយ​រកឃើញ​ថា​មាន​ការរំលោភ​ដីព្រៃ​មែន​គឺ​អ្នកប្រព្រឹត្ត​នឹង​ត្រូវ​ស៊ើបអង្កេត​វែកមុខ​យកមក​ប្រឈម​ចំពោះមុខ​ច្បាប់​។ ប្រសិន​បើ​ដី​នោះ​ជា​ដី​រដ្ឋ​ត្រូវ​ដក​មកវិញ និង​ប្រសិន​បើ​ជា​​ដី​សហគមន៍​ត្រូវ​ប្រគល់​ឱ្យ​សហគមន៍​គ្រប់គ្រង​វិញ​។

កាលពី​ថ្ងៃ​ម្សិលមិញ ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​សុំ​ការបំភ្លឺ​ពី​លោក សយ សូណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី​បាន​ទេ​ដោយសារ​លោក​ជាប់​ប្រជុំ​៕