កោះកុង៖ កូន​សត្វ​ក្រពើ​ត្រី​ចំនួន ១៥ ក្បាល ត្រូវ​បាន​ក្រុម​ការងារ​ជំនាញ​នៃ​នាយកដ្ឋាន​អភិរក្ស​ជលផល និង​អង្គការ​សមាគម​ ​អភិរក្ស​សត្វ​ព្រៃ​នៅ​កម្ពុជា ​(WCS) និង​ប្រជាសហគមន៍​ប្រទះ​​ឃើញ ​ខណៈ​ពួក​គេ​ដើរ​ល្បាត​ជា​ប្រចាំ​ក្នុង​​តំបន់​បឹង​ធម្មជាតិ​មួយ​ស្ថិត​នៅ​​ ស្រុកស្រែ​អំបិល ​ខេត្ត​កោះកុង។ សត្វ​ក្រពើ​ទាំង​នេះ អ្នក​ជំនាញ​អះអាង​ថា ​ជា​ប្រភេទ​សត្វ​ក្រពើ​ត្រី​ដែល​ ​ជិត​ផុត​ពូជ​នៅ​លើ​សកល​​លោក​។

លោក ​សោម ស៊ីថា ​ប្រធាន​គម្រោង​អភិរក្ស​ប្រចាំ​ខេត្ត​កោះកុង ​និង​មេគង្គ​នៃ​អង្គការ ​WCS ថ្លែង​ពី​ថ្ងៃទី ២២ ​កញ្ញា ថា​ កូន​សត្វ​ក្រពើ​ត្រី​ចំនួន ​១៥ ក្បាល​ ដែល​បាន​រក​ឃើញ​ដោយ​ក្រុម​ការងារ​ជំនាញ​របស់​អង្គការ ​WCS ​និង​ប្រជា​សហគមន៍​នេះ​ បន្ទាប់​ពី​ពួក​គាត់​បាន​ដើរ​ល្បាត​ជាប់​ជា​ប្រចាំ​ក្នុង​ព្រៃ​អភិរក្ស។ ពេល​នោះ​ក៏​បាន​ប្រទះ​ឃើញ​ប្រភេទ​សត្វ​កម្រ​នេះ​នៅ​ក្នុង​បឹង​ធម្មជាតិ​មួយ​ស្ថិត​នៅ​ស្រុក​ស្រែ​អំបិល ​ខេត្ត​កោះកុង។

បើ​តាម​លោក ស៊ីថា ក្រុម​ការងារ​​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បង្កើន​កិច្ច​ការពារ​អភិរក្ស​​ លើ​សត្វ​ក្រពើ​ត្រី​ទាំង​នេះ​ ដោយ​តាមដាន​ជាប់​ជា​ប្រចាំ ដើម្បី​ធានា​​ឱ្យ​ការ​រស់នៅ​របស់​វា​មាន​សុវត្ថិភាព ព្រោះ​វា​ជា​ប្រភេទ​សត្វ​កម្រ​​ ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ ​IUCN ​ហើយ​ក៏​ជា​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​នៅ​លើ​សកល​លោក​ទៀត​ផង។ តាម​ការ​សិក្សា​ស្រាវជ្រាវ​កន្លង​មក ​នៅ​កម្ពុជា​មាន​វត្តមាន​សត្វ​ក្រពើ​ត្រី​ប្រភេទ​នេះ​ប្រហែល ​៥ ០០០ ក្បាល ​ដែល​ចាត់​ទុក​ថា ​ជា​ចំនួន​មួយ​ច្រើន​ជាង​ប្រទេស​ដទៃ​ទៀត។

លោក​បញ្ជាក់​ថា​៖ «សត្វ​ក្រពើ​ត្រី​នេះ ​បច្ចុប្បន្ន​កំពុង​ប្រឈម​ទៅ​នឹង​កត្តា​គំរាម​កំហែង​ជាច្រើន​ ដូច​ជា​ការ​បាត់បង់​ទីជម្រក ​ការ​ប្រមាញ់​​ខុស​ច្បាប់​របស់​ជន​ល្មើស​តាមរយៈ​ប្រើប្រាស់​ឧបករណ៍​ឆក់ និង​ការ​ប្រមូល​យក​កូន​តូចៗ​ និង​ពង​របស់​វា​ទៅ​លក់​ឱ្យ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​​នៅ​ក្នុង​ប្រទេស​កម្ពុជា ​វៀតណាម ​និង​ប្រទេស​ថៃ ​ជាដើម»។

ប្រជាសហគមន៍​នេសាទ​រស់នៅ​ស្រុកស្រែ​អំបិល ​ខេត្ត​កោះកុង ​លោក ​យុក ថៃ ​​ឱ្យ​ដឹង​នៅ​ថ្ងៃទី ២២ ​កញ្ញា ​ថា​ លោក​ និង​ប្រជានេសាទ​ជា​ច្រើន​នាក់​ទៀត​តែងតែ​​ ចូលរួម​ក្នុង​ប្រតិបត្តិការ​ចុះ​ល្បាត​ជាមួយ​មន្ត្រី​ជំនាញ​របស់​អង្គការ ​WCS ​នៅ​តាម​តំបន់​ព្រៃ​អភិរក្ស ​និង​តំបន់​បឹង​ធម្មជាតិ​ជាច្រើន​កន្លែង​នៅ​ក្នុង​ស្រុកស្រែ​អំបិល​ខេត្ត​កោះកុង។ ការ​ចុះ​ល្បាត​នេះ​ត្រូវ​ចំណាយ​ពេល ២ ​ឬ ​៣ ថ្ងៃ​ក្នុង ​១ សប្ដាហ៍​ ដើម្បី​ដើរ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​សត្វព្រៃ ​និង​តាមដាន​សកម្មភាព​ការ​រស់នៅ​របស់​សត្វ​ព្រៃ​ផង​ដែរ។

លោក​រីករាយ​ចំពោះ​ការ​ចូលរួម​​ជាមួយ​អង្គការ ​WCS ​ដែល​បាន​រក​ឃើញ​កូន​ក្រពើ​ត្រី​នេះ។ ការ​រក​​ឃើញ​នេះ ​គឺ​ជា​កិច្ច​សហការ​គ្នា​រវាង​មន្ត្រី​អង្គការ ​និង​មន្ត្រី​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ ​ដែល​បាន​ចូលរួម​ការពារ​ទីជម្រក​ក៏​ដូច​ជា​ស្វែងរក​ជម្រក ​ឬ​សម្បុក ​និង​ដាន​ផ្សេងៗ​ជា​រៀងរាល់​ឆ្នាំ។

លោក​និយាយ​ថា​៖ «ខ្ញុំ​តែងតែ​ចូលរួម​ចុះ​ល្បាត ​គឺ​យើង​បាន​ចូល​ទៅ​ក្នុង​ព្រៃ ចុះ​ល្បាត​ម្ដង​ ២​ ឬ ​៣ ថ្ងៃ ​ទើប​ត្រឡប់​មក​ផ្ទះ​វិញ។ ពេល​ចុះ​ល្បាត​ហ្នឹង ​យើង​ជិះទូក ​៤ ​ឬ ​៥ គ្រឿង​ ហើយ​ទៅ​ដល់​កន្លែង​ដី​គោក ​គឺ​យើង​នាំ​គ្នា​ចុះ​ដើរ​ថ្មើរ​ជើង​តែ​ម្ដង។ ខ្ញុំ​សប្បាយ​រីករាយ​ដែល​បាន​ចូលរួម​ជា​កម្លាំង​ ​តិចតួច​ជួយ​ការពារ​សត្វ​ព្រៃ ​សត្វ​កម្រ​នៅ​ប្រទេស​យើង»។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ ​WCS ​​​កាល​ពី​ថ្ងៃ​ទី ២២​ កញ្ញា ​ថា​ក្រុម​ការងារ​ខាង​លើ​បាន​ប្រទះ​ឃើញ​កូន​ក្រពើ​ត្រី​ចំនួន ​១៥ ក្បាល ​ដែល​កូន​ក្រពើ​នីមួយៗ​មាន​ប្រវែង​ប្រហែល ​៣០ ​សង់​ទីម៉ែត្រ ​កំពុង​ហែល​ក្នុង​បឹង​ធម្មជាតិ​មួយ​ដែល​ជា​តំបន់​ដី​សើម​ ​ជា​ទី​ជម្រក​ដ៏​សំខាន់​មួយ​របស់​ក្រពើ​ប្រភេទ​នេះ។ ក្រុម​ការងារ​កត់​សម្គាល់​ឃើញ​ថា ​ដោយសារ​ក្នុង​ឆ្នាំ​នេះ​មាន​ភ្លៀង​ធ្លាក់​តិច​ បឹង​នៅ​ក្នុង​តំបន់​ដី​សើម​នេះ​កាន់​តែ​រាក់​ទៅៗ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទី​ជម្រក​របស់​វា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។

លោក ​អ៊ិន ហ៊ុល ​អនុប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ​ថ្លែង​ពី​ម្សិលមិញ​ថា ​ក្រុម​កាងារ​រដ្ឋបាល​ជលផល​ខេត្ត​កោះកុង ​មន្រ្តី​ជំនាញ ​WCS ​និង​ប្រជាសហគមន៍​បាន​ចុះ​ទៅ​ល្បាត​ ហើយ​​ក៏​ប្រទះ​ឃើញ​កូន​ក្រពើ​ត្រី​ទាំង​ ​១៥ ក្បាល​នេះ។ ក្រុម​ការងារ​​បាន​តាមដាន​ការ​រស់នៅ​របស់​វា ​និង​ជំរុញ​ការ​ចុះ​ល្បាត​បន្ថែម​ទៀត ​ដើម្បី​ថែរក្សា​កូនៗ​ក្រពើ​ត្រី​ទាំង​នេះ។

លោក ​ហ៊ុល បាន​បញ្ជាក់​ថា​៖ ​«យើង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ហានិភ័យ​ជាច្រើន​ទៅ​លើ​​ជីវចម្រុះ​ ក៏​ដូចជា​កូន​ក្រពើ​នេះ ​ព្រោះ​កត្តា​រាំង​ស្ងួត ​និង​កត្តា​បរបាញ់​ខុស​ច្បាប់​ពី​សំណាក់​ព្រាន​ព្រៃ​តាមរយៈ​ការ​ដាក់​សន្ទូច ​មង ​និង​ការដាក់​អន្ទាក់​នានា​។ ដូច្នេះ​យើង​បង្កើន​ការ​ចុះ​ល្បាត​ឱ្យ​បាន​ញឹកញាប់​ជាង​នេះ ​ចៀស​វាង​ការ​បាត់បង់​ធម្មជាតិ​យើង»៕