
ស្ត្រីម្នាក់កំពុងមើលកូនប្រុសរបស់ខ្លួន ដែលកើតជំងឺគ្រុនឈាមសម្រាកនៅមន្ទីរពេទ្យកន្លងមក។ ហុង មិនា
ភ្នំពេញៈ ខណៈដែលប្រទេសកម្ពុជាឈានចូលដល់រដូវឆ្លងជំងឺគ្រុនឈាមនោះ ក្រុមមន្ត្រីកំពុងជំរុញឱ្យសាធារណជនចាត់វិធានការការពារជំងឺនេះឲ្យបានខ្លាំងក្លាបំផុត ខណៈដែលជំងឺនេះបានរាលដាលលើកចុងក្រោយនៅទូទាំងប្រទេសកាលពីឆ្នាំ ២០១២ ហើយបានសម្លាប់ជីវិតមនុស្សអស់ជាង ១០០ នាក់និងបានធ្វើឱ្យមនុស្សជិត ៤ ម៉ឺននាក់ផ្សេងទៀតឆ្លងវីរុសនេះ។
ក្រុមមន្ត្រីជំនាញបានព្យាករថា ការផ្ទុះឡើងនៃជំងឺគ្រុនឈាមនេះអាចកើតមាននៅក្នុងឆ្នាំនេះម្តងទៀត។ កាលពីឆ្នាំមុនករណីជំងឺគ្រុនឈាមមានការថយចុះ ប៉ុន្តែនៅឆ្នាំនេះគេរំពឹងថា សញ្ញាផ្ទុះឡើងនៃជំងឺគ្រុនឈាមអាចកើនឡើង ខណៈដែលវាបានឈានដល់អត្រាមួយដ៏គួរឱ្យព្រួយបារម្ភរួចទៅហើយនោះ។
ក្រុមមន្ត្រីបាននិយាយថា អ្វីដែលកាន់តែគួរឱ្យព្រួយបារម្ភនោះគឺថារដូវវស្សានឹងចូលមកដល់ នៅប៉ុន្មានខែទៀតជាពេលដែលអត្រាចម្លងមេរោគអាចកើនឡើងដល់ចំណុចគួរឲ្យព្រួយបារម្ភមួយ។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លងនៃក្រសួងសុខាភិបាលបានថ្លែងថា ក្នុងអំឡុងពេល ៣ សប្តាហ៍ដំបូងនៃខែមករា គឺមានការកើនឡើងចំនួន ១៣០ ភាគរយគឺកើនឡើងជាច្រើនករណី បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧។ ចំណុចនេះមានន័យថា វាបានកើតឡើងចំនួន ៣១៦ ករណី ស្លាប់ ១ ករណី ហើយបើប្រៀបធៀបទៅនឹងឆ្នាំមុនគឺមានត្រឹមតែ ១៣៨ ករណីប៉ុណ្ណោះ និងគ្មានអ្នកស្លាប់ទេ។ លោកវេជ្ជបណ្ឌិត សុវណ្ណ ថ្លែងនៅក្នុងសារមួយថា៖ «យើងជំរុញឲ្យសាធារណជនចាត់វិធានការការពារនឹងឱ្យទៅកាន់មន្ទីរពេទ្យ ដើម្បីស្វែងរកការព្យាបាល»។
នៅក្នុងឆ្នាំ ២០១២ ករណីស្លាប់ដោយជំងឺគ្រុនឈាមមានជិត ១៦០ នាក់ ហើយអ្នកឆ្លងមេរោគពីជំងឺនេះមានជិត ៤ ម៉ឺននាក់ផ្សេងទៀត។
យោងតាមសេចក្តីថ្លែងការណ៍របស់កម្មវិធីជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម បានឱ្យដឹងថាមានការស្លាប់មួយករណីរួចទៅហើយកាលពីខែមករា ប៉ុន្តែលោក សុវណ្ណ បានបង្វែរសំណួរអំពីករណីស្លាប់នេះទៅមន្ត្រីកម្មវិធីប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម។
លោកវេជ្ជបណ្ឌិត លាង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានបដិសេធឆ្លើយសំណួរពីបញ្ហានេះ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធាននាយកមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្របាណកសាស្ត្របានថ្លែងថា អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនេះគឺជាក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់មកពីសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
លោកវេជ្ជបណ្ឌិត រ៉េកុល ថ្លែងថាក្មេងស្រីនោះបានស្លាប់ក្នុងរយៈពេលតែប៉ុន្មាននាទី បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកុមារជាតិ កាលពីខែមករា។ ប៉ុន្តែគ្មានករណីស្លាប់ទេក្នុងអំឡុងពេល ៣ សប្តាហ៍ដំបូងក្នុងឆ្នាំ ២០១៧ ប៉ុន្តែនៅចុងឆ្នាំត្រូវបានគេកត់ត្រាថា មានអ្នកស្លាប់ចំនួន ៣ នាក់។
អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមមានចំនួន ១៨ នាក់កាលពីឆ្នាំ ២០១៦។
លោកវេជ្ជបណ្ឌិត Luciano Tuseo ប្រធានកម្មវិធីប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ អង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជាបានថ្លែងថា វីរុសដែលបង្កដោយសត្វមូសនៅតែជាបញ្ហានៅឡើយសម្រាប់សុខភាពសាធារណៈនៅកម្ពុជា។
លោកបានថ្លែងតាមអ៊ីមែលថា៖ «ចន្លោះពី ៥ ទៅ ៦ ឆ្នាំម្តង ជំងឺគ្រុនឈាមបានផ្ទុះឡើងក្នុងទ្រង់ទ្រាយធំហើយគេបានមើលឃើញថា ស្ថានភាពជំងឺគ្រុនឈាម មានការប្រែប្រួលនៅក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ហើយជំងឺគ្រុនឈាមនៅកម្ពុជាអាចនឹងធ្ងន់ធ្ងរនៅក្នុងឆ្នាំ ២០១៨ នេះ ហើយកម្មវិធីជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមបានធ្វើការព្រមានអំពីករណីនេះរួចហើយ»។
លោកវេជ្ជបណ្ឌិត រ៉េកុល ថ្លែងថាប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នដោយពួកគេត្រូវសម្អាតទីកន្លែងផ្សេងៗនឹងកម្ទេចចោល និងលុបបំបាត់ចោលនូវរាល់វត្ថុដក់ទឹក ដូចជា សម្បកកង់ឡាន កង់ម៉ូតូ សម្បកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ និងវត្ថុអាចដក់ទឹកដទៃទៀតដើម្បីលុបបំបាត់ជម្រករបស់សត្វមូស ហើយពួកគាត់ក៏ត្រូវទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីស្វែងរកការព្យាបាល មិនមែនប្រើថ្នាំដោយខ្លួនឯងនៅផ្ទះ ឬស្វែងរកការព្យាបាលនៅតាមកន្លែងព្យាបាលឯកជន ដែលគ្មានចំណេះដឹងអំពីការព្យាបាលជំងឺគ្រុនឈាមនោះទេ។
លោកវេជ្ជបណ្ឌិត សុវណ្ណ មានប្រសាសន៍ថាវិធានការការពារមានប្រសិទ្ធភាព ឬអត់គឺវាអាស្រ័យលើការឆ្លើយតបរបស់កម្មវិធីប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម និងការចូលរួមរបស់សាធារណជន។ លោកបន្តថា ថ្នាំបាញ់មូសប្រមាណ ៦ ពាន់ លីត្រត្រូវបានចែកចាយទៅគ្រប់ខេត្តទាំងអស់ ដើម្បីត្រៀមទប់សភាពការណ៍។ វាមិនគួរត្រូវបានប្រើប្រាស់ជាវិធានការការពារទេ ពីព្រោះសត្វមូសអាចបង្កើតភាពធន់នឹងថ្នាំនេះបាន។
កាលពីចុងឆ្នាំមុនក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានប៉ាស្ទ័រ ដែលបានព្យាករថា អាចមានហានិភ័យខ្ពស់នៃការផ្ទុះឡើងនូវជំងឺហ្ស៊ីកានៅឆ្នាំ ២០១៧ ក្នុងប្រទេសកម្ពុជា ហើយគេបានបញ្ជាក់ថាពួកគេនឹងបន្តតាមដាននៅដើមឆ្នាំនេះទៀត ដោយសារតែមេរោគជំងឺហ្ស៊ីកា គឺឆ្លងពីសត្វមូសដែលអាចចម្លងជំងឺគ្រុនឈាម។
លោកវេជ្ជបណ្ឌិត Didier Fontenille នាយកវិទ្យាស្ថានប៉ាស្ទ័រមិនបានឆ្លើយតបទៅនឹងសំណើសុំធ្វើអត្ថាធិប្បាយទេ។
ប៉ុន្តែលោក វេជ្ជបណ្ឌិត សុវណ្ណ បានថ្លែងថាក្រុមអ្នកស្រាវជ្រាវបានធ្វើការស្ទាបស្ទង់លើសត្វមូស ហើយបានរកឃើញតែវីរុសជំងឺគ្រុនឈាមប៉ុណ្ណោះ។ នៅក្នុងឆ្នាំនេះវីរុសនេះមាន ៤ ប្រភេទផ្សេងៗគ្នា។ លោកបញ្ជាក់ថា៖ «រហូតមកដល់ពេលនេះ យើងមិនទាន់បានរកឃើញវីរុសហ្ស៊ីកានៅឡើយទេ។ ប៉ុន្តែយើងតាមដានវីរុសហ្ស៊ីកានេះរាល់ថ្ងៃ និងជំងឺឆ្លងផ្សេងៗទៀតដែរ»៕ NS