ភ្នំពេញៈ អត្រា​ងាប់​នៃ​សត្វ​ផ្សោត​ទន្លេមេគង្គ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៩ ​ត្រូវ​បាន​គេ​កត់ត្រា​ថា មាន​ការកើនឡើង​ខ្ពស់ជាង​ឆ្នាំមុនៗ​ ប៉ុន្តែ​ក៏មាន​កូន​ផ្សោត​ដែល​ទើបនឹង​កើតមាន​ការកើនឡើង​ផងដែរ​។ ទោះយ៉ាងណា​ចំនួន​សត្វ​ផ្សោត​ងាប់ ដែល​មាន​ការកើនឡើង​បង្ក​ឲ្យ​មាន​ក្ដីបារម្ភ​ជាថ្មី​សម្រាប់​ក្រុម​អ្នក​អភិរក្ស​។

លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ធនធាន​ជលផល​នៃ​រដ្ឋបាល​ជលផល​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​ជាមួយ​មោទនភាព​នៃ​អត្រា​កូនផ្សោត​ទើប​កើត​ថ្មី​ក្នុង​ឆ្នាំ ២០១៩ ដែល​មាន​រហូតដល់​ ១៣ ​ក្បាល យើង​ក៏មាន​ក្ដី​ព្រួយ​កង្វល់​ផងដែរ​ចំពោះ​អត្រា​ស្លាប់​របស់​សត្វ​ផ្សោត​នៅក្នុង​ឆ្នាំ​ដដែល​នេះ ដែល​មាន​រហូត​ដល់​ ៦ ​ក្បាល​។ វា​ជា​អត្រា​ដ៏ខ្ពស់បំផុត បើ​ធៀប​ទៅ​នឹង​ឆ្នាំមុនៗ​»​។

បើ​តាម​លោក​ វិបុល ​ក្នុង​ឆ្នាំ ២០១៧ ​អត្រា​ងាប់​នៃ​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រូវបាន​គេ​កត់ត្រា​មាន​ចំនួន​ត្រឹម​ ២ ​ក្បាល​ខណៈ​អត្រា​កូន​ផ្សោត​ទើប​កើត​ថ្មី មាន​ចំនួន​ ១០ ក្បាល​។ ចំណែក​នៅ​ឆ្នាំ​ ២០១៨ អត្រា​ងាប់​នៃ​សត្វផ្សោត​មាន​ ៥ ​ក្បាល និង​កូនផ្សោត​ទើប​កើតមាន​ ៩ ​ក្បាល​។

លោក​ថ្លែងថា យោងតាម​ការសិក្សា​ស្រាវជ្រាវ និង​ការធ្វើ​កោសល្យ​វិច័យ​វិទ្យាសាស្ត្រ​លើ​សត្វ​ផ្សោត​ដែល​បាន​ងាប់​ទាំងនោះ​បង្ហាញថា ៩០ ​ភាគរយ​បាន​ងាប់​ដោយសារ​ជាប់​មង​អ្នកនេសាទ និង​ ១០ ​ភាគរយ​ទៀត ងាប់​ដោយសារ​វ័យ​ចំណាស់​ និង​ដោយ​ការវាយប្រហារ​ពី​សត្វ​ផ្សោត​ឈ្មោល​។

ជុំវិញ​ការងើបឡើង​វិញ​នៃ​អត្រា​ងាប់​សត្វ​ផ្សោត​ទន្លេមេគង្គ​នេះ លោក​ ខៀវ មុត ​សមាជិក​ព្រឹទ្ធសភា​បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ ព្រម​ទាំង​ប្រជាសហគមន៍​នេសាទ​ដែល​រស់នៅ​ជុំវិញ​តំបន់​អភិរក្ស​អន្លង់​ផ្សោត​រួម​សហការ​គ្នា​ឲ្យ​បាន​ល្អ​ដោយ​បង្កើន​ការចុះ​ល្បាត​បន្ថែមទៀត​។

លោក​ ខៀវ មុត បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ព្រឹទ្ធសភា​ស្តីពី​ការ​ផ្តល់យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​អភិរក្ស​ផល​ស្តុក​ត្រី​កាលពី​ថ្ងៃទី​ ៣ ខែ​មករា​ថា​៖ «​ផ្សោត​ទន្លេមេគង្គ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការលើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដោយ​បាន​ជួយ​បង្កើត​ការងារ​ជាច្រើន​ដល់​ប្រជាសហគមន៍​មូលដ្ឋាន​ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ពួកគេ​ឲ្យ​បាន​សមរម្យ និង​បាន​ជួយ​បង្កើន​ចំណូល​ថវិកាជាតិ​ផងដែរ ដូច្នេះ​យើង​ត្រូវ​ពង្រឹង និង​បង្កើន​ការអភិរក្ស​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ធានា​រក្សា​កំណើន​សត្វផ្សោត​របស់​យើង​បន្ថែមទៀត​»​។

លោក​ សៀន គិន ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​ឆ្នាំ​ ២០១៩ ក្រុម​ឆ្មាំ​ទន្លេ​បាន​សហការ​ជាមួយ​ប្រជាសហគមន៍​នេសាទ និង​អាជ្ញាធរ​មូលដ្ឋាន​ចុះបង្ក្រាប​ចាប់​រឹបអូស និង​ដុត​បំផ្លាញចោល​នូវ​វត្ថុតាង​មួយ​ចំនួន​រួមមាន​មង​ចំនួន​ ៣២៣ ត្បូង​ស្មើ​ ២០០៣០ ​ម៉ែត្រ សន្ទូចរនង​ចំនួន​ ១១៥ ​ខ្សែ​មាន​ផ្លែ​សន្ទូច​ ១២៥០០ ​ផ្លែ​ដែល​ត្រូវបាន​ជនប្រព្រឹត្ត​បទល្មើស​លួច​ធ្វើ​សកម្មភាព​ក្នុង​តំបន់​ស្នូល​នៃ​តំបន់​អភិរក្ស​អន្លង់​ផ្សោត​កាំពី​។

លោក​ គិន ​ថា​៖ «​ក្នុង​ឆ្នាំ​ ២០១៩​ ​ក្រុម​ឆ្មាំ​ទន្លេ​បាន​ចាប់​ឃាត់ខ្លួន​ជនប្រព្រឹត្ត​បទល្មើស​នេសាទ​ក្នុង​តំបន់​ការពារ និង​អភិរក្ស​អន្លង់ផ្សោត​កាំពី​បាន​ ៦ ​នាក់ និង​រឹបអូស​វត្ថុតាង​មាន​ទូក​ម៉ាស៊ីន​ចំនួន​ ៣ ​គ្រឿង និង​ដុំ​ឆក់​ត្រជាក់​ ៣ ​គ្រឿង​បញ្ជូន​ទៅ​ឲ្យ​តុលាការ​ខេត្តក្រចេះ ហើយ​តុលាការ​បាន​សម្រេច​ផ្ដន្ទាទោស​ពួកគេ​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ពី​ ១ ​ឆ្នាំ ដល់​ ៣ ​ឆ្នាំ​»​។

ក្រៅពី​ការងារ​ចុះ​ល្បាត​តាម​ដង​ទន្លេ ក្រុមការងារ​របស់​លោក​បាន​រួម​សហការ​ជាមួយ​ប្រជានេសាទ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​តាម​ដងស្ទឹង បឹង ព្រែក មួយ​ចំនួន​ទៀត​ដោយ​បង្ក្រាប​បទល្មើស​បានជា​ច្រើន​ករណី​។ ​

លោក​ថា​៖ «​បទល្មើស​ភាគច្រើន​កើតឡើង​នៅពេល​យប់ ធ្វើឲ្យ​ក្រុម​ឆ្មាំ​ទន្លេ​របស់​យើង​ដែល​មាន​គ្នា​ចន្លោះ​ពី​ ២ ​ទៅ​ ៦ ​នាក់​ក្នុង​ ១ ​ប៉ុស្តិ៍ មិនអាច​ចេញ​ល្បាត​ដោយ​ប្រថុយប្រថាន ដោយ​គ្មាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាសហគមន៍​បានទេ​។ ចំណែក​កញ្ចប់​ថវិកា​សម្រាប់​ការងារ​ចុះ​ល្បាត​នេះ ក៏​នៅ​មាន​កម្រិត​ផងដែរ​»​។

ជុំវិញ​ការត្អូញត្អែរ​នេះ​លោក អ៊ុក វិបុល ​ថ្លែង​ថា​កន្លង​មក​នេះ​ក្រសួង​កសិកម្ម​ក៏បាន​ពិចារណា​អំពី​ការជ្រើសរើស​ក្រុម​ឆ្មាំ​ទន្លេ​បន្ថែម​ផងដែរ ដើម្បី​ពង្រឹង​ដល់​ការងារ​ចុះ​ល្បាត​ការពារ និង​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​ឲ្យ​មាន​ប្រសិទ្ធភាព​ខណៈ​បច្ចុប្បន្ន​ក្រុម​ឆ្មាំ​ទន្លេ​មាន​ត្រឹម​តែ​​ ៧២ ​នាក់​។ ប៉ុន្តែ​ដោយសារ​កញ្ចប់​ថវិកា​មាន​កម្រិត​ការ​ជ្រើសរើស​ឆ្មាំ​ទន្លេ​បន្ថែម​នោះ​ត្រូវបាន​អាក់ខាន​។ ​«​យ៉ាងណា​ក៏ដោយ​ក្រសួង​បាន​បង្កើន​កញ្ចប់​ថវិកា​មួយចំនួន​បន្ថែមទៀត​ដល់​ក្រុម​ឆ្មាំ​ទន្លេ​សម្រាប់​ការបង្កើន​កម្មវិធី ចុះ​ល្បាត​ត្រួតពិនិត្យ​បទល្មើស​ក្នុង​តំបន់​ការពារ និង​អភិរក្ស​អន្លង់ផ្សោត​ទាំង​ ៩ ​ទីតាំង​ដែល​រាប់​ចាប់ពី​អន្លង់​កាំពី​ក្នុង​ខេត្តក្រចេះ​ដល់​ខេត្តស្ទឹងត្រែង​ជាប់​ព្រំប្រទល់​ដែនទឹក​ប្រទេស​ឡាវ​»៕