ភ្នំពេញៈ ក្រសួង​យុត្ដិធម៌​កំពុង​រៀបចំ​យន្តការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ដើម្បី​ដាក់​វិធានការ​ទប់ស្កាត់​បញ្ហា​អំពើពុករលួយ​ចក្នុវិស័យ​យុត្ដិធម៌ ក្រោយពី​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​​រដ្ឋមន្ដ្រីក្រសួង​យុត្ដិធម៌​ចុះ​ពិនិត្យ​បញ្ហា​មិន​ប្រក្រតី​នៅក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​កាលពី​ចុងខែ​មុន​។

លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ៤ ខែកញ្ញា ថា កាលពី​ថ្ងៃទី​ ៣ ខែកញ្ញា នៅ​ទី​ស្តីការ​ក្រសួងយុត្តិធម៌ លោក​អង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ដឹកនាំ កិច្ចប្រជុំ​ផ្ទៃក្នុង​ពិភាក្សា​ស្តីពី​បញ្ហា​ពុករលួយ​រវាង​មេធាវី និង​មន្ត្រី​តុលាការ​ព្រមទាំង​ការពង្រឹង​អភិបាលកិច្ច​ល្អ​នៅក្នុង​ប្រព័ន្ធតុលាការ​ផងដែរ​។

លោក​ថ្លែងថា កិច្ចប្រជុំ​នេះ​ក៏មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រី​ជាន់ខ្ពស់​ផ្សេងៗ​ទៀត​នៃ​ក្រសួងយុត្តិធម៌ ដើម្បី​ពិនិត្យ ពិភាក្សា​អំពី​បញ្ហា​ប្រឈម និង​រក​ដំណោះស្រាយ​ដ៏មាន​ប្រសិទ្ធភាព​ក្នុង​ការពង្រឹង​អភិបាលកិច្ច​ល្អ​ក្នុង​ប្រព័ន្ធតុលាការ​ស្រប​តាម​អនុសាសន៍​របស់​លោកនាយករដ្ឋមន្ដ្រី​ ហ៊ុន សែន​។

លោក​បន្ថែមថា​៖ «​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពង្រឹង​អភិបាលកិច្ច​ផ្ទៃក្នុង​របស់​យើង និង​ភាព​ស្អាតស្អំ តម្លាភាព​ក្នុង​ប្រព័ន្ធ​យុត្ដិធម៌​របស់​យើង និង​រៀបចំ​វិធានការ​ធ្វើ​កិច្ចសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ដើម្បី​ទប់ស្កាត់​នូវ​អំពើ​ពុករលួយ​។ យន្តការ​របស់​យើង គឺ​ដាក់ចេញ​វិធានការ​ពង្រឹង​ការងារ​អធិការកិច្ច ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ការងារ​អធិការកិច្ច​របស់​យើង​មាន​ភាពម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​»​។

មន្ត្រី​នាំពាក្យ​រូបនេះ​បញ្ជាក់​​ថា​៖ «​មន្ដ្រី​តុលាការ​ណា​ប្រព្រឹត្ដ​បំពាន​ទៅនឹង​ក្រមសីលធម៌​វិជ្ជាជីវៈ បំពាន​ច្បាប់​ត្រូវ​ទទួលខុស​ត្រូវ​តាមផ្លូវ​ច្បាប់​។ ​នេះ​ជាយន្តការ​ផ្ទៃក្នុង​របស់​យើង​។ សម្រាប់​យន្តការ​មួយ​ចំនួន​ទៀត​យើង​បានរៀបចំ​នូវ​យន្តការ​ជា​កញ្ចប់​ដែល​ត្រូវ​អនុវត្ដ​រួមគ្នា​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជាមួយ​ឧត្ដមក្រុមប្រឹក្សា​អង្គចៅក្រម​ក៏ដូចជា​ជាមួយ​គណៈមេធាវី​»​។

លោក​ ម៉ាលីន ថ្លែង​ថា​បច្ចុប្បន្ន​ក្រសួង​យុត្ដិធម៌​មិនទាន់​អាច​ផ្សព្វផ្សាយ​នូវ​យន្តការ​ជា​កញ្ចប់​នេះ​បានទេ​។ ព្រោះ​ត្រូវ​ជួប​ជាមួយ​គណៈមេធាវី អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដើម្បី​ពិភាក្សា​គ្នា​បន្ថែម​នឹងដាក់​អនុវត្ដ​ជា​ផ្លូវការ​នូវ​យន្តការ​ជា​កញ្ចប់​នេះ ក្នុង​ការទប់ស្កាត់​នូវ​អំពើពុករលួយ​តាមរយៈ​មេធាវី មន្ដ្រី​ក្នុង​វិស័យ​តុលាការ និង​មន្ដ្រី​យុត្ដិធម៌​ជាដើម​។

កាលពី​ជួបប្រជុំ​ជាមួយ​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​កាលពី​ថ្ងៃទី​ ២៨ ខែ​សីហា នា វិមាន​សន្តិភាព លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានប្រកាស​អនុវត្ត​អភិក្រម​ទី ៥ គឺ​វះកាត់​មន្ត្រី​ណា​ដែល​ប្រព្រឹត្ត​ទង្វើ​មិន​ប្រក្រតី​ក្នុងតួនាទី​។ លោក​ ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​លោក​ អង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ចុះ​ត្រួត​ពិនិត្យមើល​អំពើពុករលួយ​ក្នុង​ប្រព័ន្ធតុលាការ​។

លោក​មេធាវី សុក សំអឿន បាន​ថ្លែងថា ក្រុម​មេធាវី​គួរ​ងាក​មក​តស៊ូ​តាមផ្លូវ​ច្បាប់ ចៀសវាង​ការ​សូកប៉ាន់ និង​ការប្រើ​ងារ​ជា​ឯកឧត្ដម​ក្នុង​ការអនុវត្ដ​នីតិវិធី​ច្បាប់​របស់​ខ្លួន​នោះ​វិស័យ​ច្បាប់​នឹង​ដើរ​រលូន​ថែម​មួយកម្រិត​ទៀត​មិន​ខាន​។

ចំណែក​លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​បាន​រំឭកថា ក្រុម​សង្គម​ស៊ីវិល​ធ្លាប់​បាន​លើកឡើង​ច្រើន​ដង​ជា​យូរ​មកហើយ ចំពោះ​ការ​លុបបំបាត់​អំពើពុករលួយ​ក្នុង​ប្រព័ន្ធតុលាការ​នេះ​លើ​រូបភាព​មួយ​ចំនួន ដូចជា​បក្ខពួកនិយម និង​ការ​សូកប៉ាន់​ជាដើម​។

លោក​ថ្លែងថា​៖ «​យើង​ឃើញថា កន្លងមក​ស្ថាប័ន​យុត្ដិធម៌​មិនទាន់​យក​ចិត្ដ​ទុកដាក់​ទេ​។ ប៉ុន្ដែ​ក្រោយពេល​សម្ដេចនាយក​រដ្ឋមន្ដ្រី​លើកឡើង​ខាង​ក្រសួង​ពាក់ព័ន្ធ​ទើប​ចាប់​ផ្ដើមធ្វើ​។ ជាការ​កត់សម្គាល់​របស់​ខ្ញុំ អ្វី​ក៏ដោយ​ប្រសិន​ជា​សម្ដេច​គាត់​លើក​ជា​អនុសាសន៍ រាល់​ក្រសួង​គាត់​ខ្វែងដៃ​ខ្វែងជើង​ក្នុងការ​ដោះស្រាយ​។ ដូច្នេះ​បញ្ហា​នេះ​យើង​ចង់ឱ្យមាន​ដំណោះស្រាយ​យន្តការ​ជា​ស្ថិរភាព ជា​លក្ខណៈ​ប្រព័ន្ធ​ដើម្បី​ធានា​លុបបំបាត់​អំពើពុករលួយ​»​។

លោក​ សំអាត ​បាន​លើកឡើង​ថា សង្គម​ស៊ីវិល​ចង់ឱ្យមាន​ដំណោះស្រាយ​ជា​យន្តការ ជា​លក្ខណៈ​ប្រព័ន្ធ​ឲ្យ​មាន​ស្ថិរភាព ដើម្បី​ធានា​លុបបំបាត់​អំពើ​ពុករលួយ​ចេញ​តែម្ដង ដែល​តម្រូវឱ្យ​យន្តការ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​៕