ភ្នំពេញៈ ការប្រកាស​កាត់​ជំនួយ​របស់​សហរដ្ឋអាមេរិក​បាន​ធ្វើឲ្យ​ក្រុម​មន្ត្រី​រដ្ឋាភិបាល បញ្ចេញ​ប្រតិកម្ម​ព្រមៗ​គ្នា ដោយ​ចាត់ទុក​ថា​ជា​ «​ការ​មាក់ងាយ​ប្រជាធិបតេយ្យ​កម្ពុជា តាមរយៈ​ទឹក​លុយ​» ​និង​ថា​ជា​ «​ព្យុះ​នយោបាយ​ដ៏ឃោរឃៅ​របស់​ប្រទេស​មហាអំណាច​ និង​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​មួយ​ចំនួន​» ដែល​កំពុង​បក់បោក​ជាន់ឈ្លី​នូវ​សុខ​សន្តិភាព​របស់​កម្ពុជា​។

ប្រតិកម្ម​ទាំង​នេះ​បាន​កើតឡើង​ បន្ទាប់ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី ២៧ ខែកុម្ភៈ បាន​ចេញ​សេចក្ដី​ប្រកាស​បញ្ឈប់​ជា​បណ្ដោះអាសន្ន​នូវ​កម្មវិធី​ផ្តល់​ជំនួយ​មួយ​ចំនួន​ដល់​កម្ពុជា​ដើម្បី​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​ប្រទេស​មហាអំណាច​មួយ​នេះ​ហៅថា​ «​ការវិវត្ត​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នាពេល​ថ្មីៗ​នេះ​»​។

ការសម្រេច​របស់​អាមេរិក​នេះ​បាន​ធ្វើឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់ពី​ក្រុមប្រឹក្សា​កិច្ចការបរទេស សហភាព​អឺរ៉ុប បាន​អនុម័ត​លើ​សេចក្តី​សន្និដ្ឋាន​មួយ​ដោយ​ថ្កោលទោស​ចំពោះ «​ដំណើរ​វិវឌ្ឍន៍​នយោបាយ​នាពេល​ថ្មីៗ ដែល​មាន​លក្ខណៈ​គួរ​ឲ្យ​បារម្ភ និង​ការបន្ត​ធ្លាក់​ដុនដាប​នៃ​លទ្ធិប្រជាធិបតេយ្យ​» នៅ​កម្ពុជា​។

នៅ​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១៨ របស់​ក្រសួង​ការបរទេស​កាលពី​ម្សិលមិញ​លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ថ្លែង​ថា​៖ «​ព្យុះ​នយោបាយ​ដ៏ឃោរឃៅ​បង្ក​ឡើង​ដោយ​ប្រទេស​មហាអំណាច និង​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​មួយ​ចំនួន​បាន​និង​កំពុង​បក់បោក​យ៉ាង​ខ្លាំងក្លា​មកលើ​ទឹកដី​មាតុភូមិ​កម្ពុជា សំដៅ​បំផ្លិច​បំផ្លាញ​សន្តិភាព ស្ថិរភាព បង្ក​ភាពចលាចល ក្នុង​សង្គមជាតិ សំដៅ​ចាប់​បង្ខំ​រាជរដ្ឋាភិបាល​ឲ្យ​ដើរ​តាម​គន្លង​នយោបាយ​របស់​ពួកគេ តាមរយៈ​ជន​លក់​ឧត្តមគតិ​ជាតិ បម្រើ​ផលប្រយោជន៍​ឱ្យ​បរទេស​»​។

ជាមួយ​គ្នា​នេះ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ក៏​បាន​បញ្ចេញ​ប្រតិកម្ម ស្រដៀង​គ្នា​នេះ​ផង​ដែរ​ដោយ​បាន​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​៖ «​ការ​មាក់ងាយ​ប្រជាធិបតេយ្យ​កម្ពុជា តាមរយៈ​ទឹក​លុយ​នៃ​ជំនួយ​របស់​គេ គឺ​ធ្វើឲ្យ​កម្ពុជា​ក៏​ដូចជា​ប្រជាជាតិ​ដទៃ​យល់​ឃើញ​ថា ការប្តេជ្ញា​របស់​មិត្ត​បរទេស ជា​ដៃគូ​ទាំង​នោះ​ក្នុង​កិច្ច​កសាង​លទ្ធិប្រជាធិបតេយ្យ គឺ​គ្មាន​និរន្តរភាព ហើយ​មិន​មាន​ផ្តល់​ផលប្រយោជន៍ និង​ទំនុក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​កិច្ចប្រឹងប្រែង​កសាង​លទ្ធិប្រជាធិបតេយ្យ និង​អធិបតេយ្យភាព​របស់​ខ្លួន​នោះ គឺជា​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​ពិតប្រាកដ​»​។

ចំណែក​លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​សរសេរ​បង្ហោះ​តាម​ប្រព័ន្ធ​តេឡេក្រាម​របស់​លោក​ផង​ដែរ​ថា​៖ «​ការសម្រេច​ផ្តាច់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​មក​ឲ្យ​កម្ពុជា គឺជា​សិទ្ធិ​សម្រេច​របស់​សហរដ្ឋអាមេរិក​ជា​ម្ចាស់​ជំនួយ​»​។

លោក​ ឥសាន បាន​កត់សម្គាល់​ថា នេះ​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​នយោបាយ​រួម​របស់​អាមេរិក​ដែល​បាន​កាត់​ជំនួយ​ពី​អង្គការ​សហប្រជាជាតិ យូណេស្កូ​...​។ «​ចំពោះ​កម្ពុជា ការ​កាត់​ជំនួយ​តាមរយៈ​យូអេសអេអាយឌី ភាគច្រើន​ប៉ះពាល់​ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល មិន​ប៉ះពាល់​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ទេ​»​។

លោក បូររិទ្ធ បាន​គូស​បញ្ជាក់​ទៀត​ថា​៖ «​ដើម្បី​សម្រេច​មហិច្ឆតា​នយោបាយ​របស់​ខ្លួន ប្រទេស​មហាអំណាច និង​លោក​ខាង​លិច​មួយ​ចំនួន​មិន​ញញើត​ និង​ជាន់ឈ្លី​នឹង​ជើង​នូវ​សន្តិភាព ស្ថិរភាព ដែល​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ដោយ​លំបាក​»​។

ប៉ុន្តែ​លោក​ បូររិទ្ធ បញ្ជាក់​ថា​បើ​ទោះបី​ជា​សភា​សហភាព​អឺរ៉ុប​បាន​អនុម័ត​សេចក្តី​សម្រេច​ស្តីពី​បញ្ហា​ការអនុវត្ត​លទិ្ធប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជាមួយ​នឹង​ការ​គំរាម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​កម្ពុជា​​យ៉ាង​ណា​ក៏ដោយ ក៏​កិច្ចសហប្រតិបត្តិការ​កម្ពុជា-សហភាព​អឺរ៉ុប នៅពេល​នេះ​បាន​និង​កំពុង​បន្ត​វិវត្តន៍​ជាធម្មតា ហើយ​ថា​ក្នុង​រយៈពេល ៩ ខែ​ដើម​ឆ្នាំ ២០១៧ ការនាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​មាន​ទឹកប្រាក់​ចំនួន​ប្រមាណ​ជិត ៣ ​ពាន់​លាន​ដុល្លារ​អាមេរិក​។

អាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា សេតវិមាន​នឹង​កាត់​ជំនួយ​ជាច្រើន​មក​កម្ពុជា​ដើម្បី​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​អាមេរិក​ហៅថា​ «​ការវិវត្ត​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នាពេល​ថ្មីៗ​នេះ​»​។

យោង​តាម​អ្នក​នាំពាក្យ​សេតវិមាន​លោកស្រី Sarah Huc-kabee Sanders បាន​ឲ្យ​ដឹងថា កម្មវិធី​មួយ​ចំនួន​ដែល​គាំទ្រ​ដល់​នាយកដ្ឋាន​ពន្ធដារ​កម្ពុជា​ដូចជា​យោធា និង​រដ្ឋាភិបាល​ក្នុង​មូលដ្ឋាន​នឹង​ត្រូវ​កាត់​ ឬ​កាត់បន្ថយ ដើម្បី​ធានា​ថា ប្រាក់​ពន្ធ​ដែល​ពលរដ្ឋ​អាមេរិក​បាន​បង់​នឹង​មិន​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​គាំទ្រ​ដល់​អាកប្បកិរិយា​ដែល​ប្រឆាំង​នឹង​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ»​។

ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ប្រធានបទ​នៃ​ការតវ៉ា​ពី​សហគមន៍​អន្តរជាតិ គិត​ចាប់​តាំង​ពី​គណបក្ស​ប្រឆាំង​ដ៏ធំ​តែ​មួយ​គត់​គឺ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​ទាំង​បង្ខំ​តាម​សំណើ​របស់​រដ្ឋាភិបាល​កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ​។ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ កឹម សុខា ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ក្បត់ជាតិ​នៅ​ ២ ​ខែ​មុន​ពេល​មាន​ការ​រំលាយ​បក្ស​របស់​លោក ហើយ​មន្ត្រី​គណបក្ស​ប្រឆាំង​ជាច្រើន​រូប​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស ដើម្បី​គេច​ចេញ​ពី​ការ​ចាប់​ខ្លួន​។

វា​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ថា​តើ​នឹង​មាន​កម្មវិធី​ណា​ខ្លះ ឬ​ថវិកា​ចំនួន​ប៉ុន្មាន​ដែល​នឹង​ត្រូវ​កាត់​នោះ​។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​ឲ្យ​ដឹង ​កាលពី​ថ្ងៃ​អង្គារ​ថា ក្រុមមន្ត្រី​នឹង​ធ្វើការ​ទំនាក់ទំនង​ជាក់លាក់ «​ដោយផ្ទាល់​ដល់​អង្គភាព​ណា​ដែល​រង​ផលប៉ះពាល់​នៅក្នុង​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​បាន​ឆាប់​បំផុត​»​។

អ្នក​នាំពាក្យ​រូបនោះ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​៖ «​យើង​ជំរុញ​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ពិចារណា​ឡើង​វិញ​អំពី​ចំណាត់ការ​របស់​ខ្លួន​នាពេល​បច្ចុប្បន្ន​នេះ​។ ជាពិសេស​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ដោះលែង​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ កឹម សុខា ​ហើយ​ត្រូវ​អនុញ្ញាត​ឱ្យ​បក្ស​សង្គ្រោះ​ជាតិ​បាន​ដំណើរការ​ដូចដើម និង​អនុញ្ញាត​ឱ្យ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នានា​អាច​បន្ត​សកម្មភាព​ស្រប​ច្បាប់​របស់​ពួកគេ​ឡើងវិញ​បាន​»​។

លោក Patrick Murphy ឧបការីរង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ីអាគ្នេយ៍​ថ្លែង​តាម ​Twitter បន្ទាប់ពី​ការប្រកាស​កាត់​ជំនួយ​នោះ​ថា​៖ «​កម្ពុជា សម្រេច​បាន​សមិទ្ធផល​ជាច្រើន​នៅ​ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​កន្លង​មក​នេះ ប៉ុន្តែ​ការវិវត្ត​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នាពេល​ថ្មីៗ​នេះ​ជា​រឿង​ដែល​មិន​គួរ​កើតឡើង​ទេ ហើយ​វា​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​អន្តរជាតិ​។

ចំណាត់ការ​នេះ​ត្រូវ​បាន​ស្វាគមន៍​ដោយ​លោកស្រី មូរ សុខហួរ អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ម្តង​ហើយ​ម្តង​ទៀត លោកស្រី​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​។ «[​ការស្តារ​] ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ គឺ​ត្រូវការ​ចំណាត់ការ​តឹងរ៉ឹង​ និង​ទាន់​ពេលវេលា​។ យើង​ត្រូវ​បាន​លើក​ទឹកចិត្ត​នៅ​ពេល​ឃើញ​សហគមន៍​អន្តរជាតិ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា ដើម្បី​ផ្តល់​ឱកាស​ឱ្យ​រដ្ឋាភិបាល​វិល​ត្រឡប់​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ឡើង​វិញ​»​។

លោក មាស នី អ្នកវិភាគ​នយោបាយ​ថ្លែង​ថា ជំនួយ​របស់​អាមេរិក គឺ​ផ្តោត​ច្រើន​ទៅ​លើ​វិស័យ​អប់រំ​ និង​សុខាភិបាល​ហើយ​នៅ​ពេល​ដែល​គេ​ផ្តាច់​ជំនួយ​ទាំងនេះ រដ្ឋាភិបាល​ត្រូវ​តែ​ទទួល​បន្ទុក​ឡើង​វិញ​ទៅ​លើ​ការផ្តល់​ការគាំទ្រ​លើ​វិស័យ​ណា​ដែល​គេ​កាត់ចេញ​។ «​ទាំង​អាមេរិក ទាំង​សហគមន៍​អឺរ៉ុប​មាន​ចំនួន​រាប់ពាន់​លាន​ដុលារ​ក្នុង​មួយ​ឆ្នាំ ដូច្នេះ​វា​អាច​ច្រើន​ជាង​ផលប្រយោជន៍​ដែល​ចិន​ផ្តល់​ឲ្យ​យើង​...​វា​នឹង​ប៉ះពាល់​ទាំង​ការ​អភិវឌ្ឍ​នឹង​ការ​ធ្វើ​ជំនួញ​ (​នៅពេល​អាមេរិក​ និង​អឺរ៉ុប​ដាក់​ទណ្ឌកមុ្ម​)...»​។

បើ​តាម​សេតវិមាន​ខ្លួន​នឹង​កាត់បន្ថយ​ ឬ​ព្យួរ​កម្មវិធី​ជំនួយ​យោធា​ ឬ​កម្មវិធី​ជំនួយ​ដល់​ភ្នាក់ងារ USAID និង​កម្មវិធី​ជាច្រើន​ទៀត ប៉ុន្តែ​កម្មវិធី​ណា​ដែល​ផ្តល់​ការគាំទ្រ​ដល់​ប្រជាជន​កម្ពុជា​ដែល​មាន​ដូចជា​វិស័យ​សុខាភិបាល កសិកម្ម និង​ការ​បោសសម្អាត​មីន​គឺ​មិន​រង​ផលប៉ះពាល់​ទេ​។

លោក​ អ៊ូ វីរៈ ​អ្នកវិភាគ​នយោបាយ​ថ្លែង​ថា លោក​មិន​ប្រាកដ​ថា​តើ​វា​នឹង​បាន​ផល​ ឬ​អត់​នោះ​ទេ ប៉ុន្តែ​សហរដ្ឋអាមេរិក​មាន​ភាគរយ​ចាញ់​តិចតួច​ណាស់ នៅ​ក្នុង​ដំណាក់កាល​នេះ​។ លោក​បាន​ចោទ​សួរ​ថា​៖ «​តើ​កម្ពុជា​អាច​ធ្វើ​អ្វី​បាន​ដើម្បី​ឆ្លើយតប​ត្រឡប់​ទៅវិញ​...? សំណួរ​គឺ​ថា តើ​វិធានការ​នេះ​គ្រប់គ្រាន់​សម្រាប់​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ដែរ​ឬ​ទេ ហើយ​ចម្លើយ​គឺ​ប្រហែល​មិន​ទេ​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​គឺជា​សញ្ញា​មួយ​បញ្ជាក់​ថា​នឹង​មាន​ផលវិបាក​ច្រើន​ជាង​នេះ​កើតឡើង​ដែល​អាច​ធ្វើឲ្យ​មាន​ផលប៉ះពាល់​បន្ថែម​ទៀត​»​។

លោក វីរៈ ​បញ្ជាក់​ថា ប្រសិន​បើ​សហរដ្ឋអាមេរិក​ដាក់​សម្ពាធ​លើ IMF ឬ World Bank ឲ្យ​ដក​ចេញ​ពី​កម្ពុជា នោះ​វា​នឹង​ធ្វើ​មាន​ផលប៉ះពាល់​ច្រើន​ជាង​នេះ​។ ប៉ុន្តែ​សំណួរ​សួរ​ថា តើ​សហរដ្ឋអាមេរិក​នឹង​ធ្វើ​តាម​ចំណាត់ការ​នេះ​ដែរ​ឬ​ទេ​? ​

លោក វីរៈ បាន​ចោទសួរ​ទៀត​ថា តើ​ប្រទេស​ចិន​ពិតជា​ខ្លាំង​ដែល​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មាន​លទ្ធភាព មិន​អើពើ​ទៅ​នឹង​អាមេរិក​ឬ​យ៉ាង​ណា​? ប៉ុន្តែ​លោក​ វីរៈ ​ថ្លែង​ថា លោក​មិន​ជឿ​ថា កម្ពុជា​នឹង​ផ្តាច់​ទំនាក់ទំនង​ជាមួយ​អាមេរិក​ទាំង​ស្រុង​នោះ​ទេ​ ទោះបី​ជា​មាន​ការ​មិន​ទុកចិត្ត​ពី​ឥទ្ធិពល​របស់​ពួកគេ​លើ​នយោបាយ​កម្ពុជា​ក្តី​។ «​ប្រទេស​កម្ពុជា​ឆ្លាតវៃ​ជាង​នេះ​។ កម្ពុជា​ដឹង​ថា យើង​មិន​អាច​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ចិន​ទេ​។ សូម្បី​តែ​នៅពេល​ដែល​ចិន​ផ្តល់​ជំនួយ​ឥតសំណង​ដោយ​ឥត​លក្ខខណ្ឌ​ដល់​កម្ពុជា​ក៏ដោយ នោះ​មិនមែន​ជា​ការពិត​ទេ​។ ចិន​មាន​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ដែល​ត្រូវ​គិតគូរ​... នៅពេល​ដែល​កម្ពុជា​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ប្រទេស​ចិន នោះ​ពួកគេ​ (​ចិន​) ​អាច​យក​កម្ពុជា​ជា​ចំណាប់ខ្មាំង​»៕ NS