ភ្នំពេញៈ ក្រុម​មេធាវី​ការពារ​ក្ដី​របស់​ជន​ត្រូវ​ចោទ​ អោ អាន ស្នើ​ឲ្យ​មាន​ការរំលត់​សំណុំរឿង​ ០០៤/០២ ​នៅ​សាលា​​ក្ដី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ជាបន្ទាន់ បន្ទាប់ពី​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ឬ​សាលាក្ដី​ខ្មែរ​ក្រហម​ (​អ.វ.ត.ក) ​មិនអាច​រក​សំឡេងគាំទ្រ​គ្រប់គ្រាន់​ដើម្បី​ចេញ​សាលដីកា​ផ្អែកលើ​សំអាង​ហេតុ​រួមគ្នា​លើ​អង្គសេចក្ដី​។

ក្រុម​មេធាវី​ការពារ​លោក អោ អាន ​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​កាលពី​សប្ដាហ៍​មុន​បន្ទាប់ពី​ (​អ.វ.ត.ក​) ​ចេញ​សេចក្ដីសម្រេច​លើ​បណ្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ដីកា​ដំណោះស្រាយ​ទាំង​ ២ ​របស់​ចៅក្រម​ស៊ើប​ជាតិ និង​​អន្តរជាតិ​។ ​ក្រុម​មេធាវី​ការពារ អោ អាន ​និយាយថា ចៅក្រម​ភាគច្រើន​បានបញ្ជាក់​អំពី​ការលើកលែង​ការចោទប្រកាន់​លើ​លោក​ អោ អាន​។

ក្រុម​មេធាវី​និយាយ​ថា​៖ «​ថ្ងៃនេះ​ចៅក្រម​អង្គបុរេ​ជំនុំជម្រះ​បាន​ទទួល​យក​នូវ​ការ​ទាញហេតុផល​របស់​មេធាវី​ការពារ​ដោយ​ថា​សំណុំ​រឿងនេះ​គួរតែ​ត្រូវ​បាន​លើកលែង​ការចោទប្រកាន់​ដោយសារ​តែ​ខ្វះ​យុត្តាធិការ​បុគ្គល​។ ​ចៅក្រម​ភាគច្រើន​យល់ឃើញ​ថា​លោក អោ អាន មិនមែន​ជា​មេដឹកនាំ​កំពូល​ ឬ​អ្នក​ដែល​ទទួល​ខុសត្រូវ​ខ្ពស់បំផុត​នៃ​ឧក្រិដ្ឋកម្ម​នៅ​សម័យ​ខ្មែរក្រហម​ទេ ដូច្នេះ​គាត់​មិនអាច​ត្រូវបាន​កាត់ទោស​ដោយ​សាលាក្ដី​ខ្មែរក្រហម​ទេ​»​។

សាលាក្ដី​ខ្មែរក្រហម​បាន​ប្រកាស​ថា​កាលពី​ខែសីហា ឆ្នាំ​ ២០១៨ ចៅក្រម​​ស៊ើប​ជាតិ​បាន​ចេញ​ដីកា​ចោទប្រកាន់​បញ្ជូន អោ អាន និង​បញ្ជូន​ទៅ​ជំនុំជម្រះ ប៉ុន្តែ​នៅ​ថ្ងៃ​ដដែល​នោះ​ចៅក្រម​ស៊ើបជាតិ​បានចេញ​ដីកា​លើកលែង​ការចោទប្រកាន់​លើ​រូបលោក អាន បន្ទាប់ពី​ការស៊ើបអង្កេត​រយៈពេល​ ១០ ​ឆ្នាំ​។

សាលាក្ដី​ខ្មែរក្រហម​សរសេរថា​៖ «​ជា​លើកដំបូង​នៅក្នុង​ប្រវត្តិ​តុលាការ​អង្គបុរេ​ជំនុំជម្រះ​ត្រូវ​ប្រឈម​នឹង​ដីកា​ដំណោះស្រាយ​ ២ ​ផ្ទុយ​គ្នា​ចេញពី​ការិយាល័យ​តុលាការ​តែមួយ​»​។ ​(​អ.វ.ត.ក​) ​បញ្ជាក់​បន្ថែមថា អង្គបុរេ​ជំនុំជម្រះ​បាន​សន្និដ្ឋានថា ការចេញ​ដីកា​ដំណោះស្រាយ​ផ្ទុយគ្នា​ក្នុង​ពេល​ដំណាល​គ្នា​រវាង​ចៅក្រម​ស៊ើបអង្កេត​ជាតិ និង​អន្តរជាតិ​គឺ​មិន​ត្រឹមត្រូវ​តាមច្បាប់ និង​ជា​ការរំលោភ​លើ​មូលដ្ឋានគ្រឹះ​នៃ​ក្របខ័ណ្ឌ​គតិយុត្ត​របស់​ (​អ.វ.ត.ក)​។

ក្រុម​មេធាវី​ការពារ​លោក អោ អាន បាន​និយាយ​ថា ការបញ្ជូន​រឿង​ទៅ​ជម្រះ​នៅពេល​ចៅក្រម​ភាគច្រើន​មិន​យល់ព្រម​នោះ​ជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​ដល់​គោលការណ៍​សន្មត​ទុកជាមុន​ថា​គ្មាន​ទោស​។ ភាពមិន​ប្រាកដប្រជា​នេះ​​គឺជា​ការរំលោភ​ទៅលើ​សិទ្ធិ​ក្នុង​ការទទួល​បាន​ការកាត់ទោស​ដោយ​យុត្តិធម៌​របស់ អោ អាន ហើយ​ជា​ការរំលោភ​លើ​គោលការណ៍​ប្រាកដប្រជា​នៃ​ច្បាប់​។

ក្រុម​មេធាវី​សរសេរថា​៖ «​ការសម្រេច​​របស់​អង្គបុរេ​ជំនុំជម្រះ​នេះ​បញ្ជាក់​ម្ដង​ទៀតថា គោលការណ៍​របស់​ (​អ.វ.ត.ក​ )​មិន​ស្រប​ទៅ​នឹង​គោលបំណង​ (​របស់​អ.វ.ត.ក​) ​ទេ​។ ​[​ដូច្នេះ​] ​សំណុំ​រឿង​​ ០០៤/០២ ត្រូវតែ​រំលត់​ចោល​ដោយមាន​សុពលភាព​ភ្លាមៗ​»​។

ប៉ុន្តែ​លោក ហុង គឹមសួន សហមេធាវី​ការពារ​ជនរងគ្រោះ​បាន​លើកឡើង​ថា វា​ជា​រឿង​ធម្មតា​ទេ​ដែល​ក្រុម​មេធាវី​ការពារ​លើកឡើង​ដើម្បី​ផលប្រយោជន៍​នៃ​សំណុំរឿង​របស់​ពួកគេ​។ លោក​ថា បើទោះបី​ជា​អង្គបុរេ​ជំនុំជម្រះ​មិនអាច​ទទួលបាន​សំឡេងគាំទ្រ​យ៉ាងតិច​ ៤ ​រូប ​សម្រាប់​ចេញ​ដី​សាលដីកា​ផ្អែកលើ​សំអាង​ហេតុ​រួមគ្នា​លើ​អង្គសេចក្ដី​ក៏ដោយ ក៏​សំណុំ​រឿងនេះ​នឹង​បន្ត​ទៅមុខទៀត​។

លោក​ពន្យល់ថា​៖ «​នៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា មាន​ចៅក្រម​ ៥ ភាគី​អន្តរជាតិ​ ២ និង​ភាគី​ជាតិ​ ៣ នៅ​គ្រប់​ដំណាក់កាល​ជំនុំជម្រះ​ទាំងអស់​តាំងពី​អង្គបុរេ​ជំនុំជម្រះ អង្គជំនុំជម្រះ និង​តុលាការ​កំពូល​។ វា​ចាំបាច់​មាន​សំឡេង​យ៉ាងហោចណាស់​ ៤ សំឡេង​ក្នុងការ​លើកលែង​ការចោទប្រកាន់ និង​មិន​ឲ្យ​មាន​ការបញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​។ ដូច្នេះ​ក្នុង​ចំណោម​ចៅក្រម​​ ៥ ​រូប ចាំបាច់​ត្រូវមាន​យ៉ាង​ហោចណាស់​ចៅក្រម​ ១ ​រូប​ដែល​ជំទាស់​នឹង​ការបញ្ជូន​រឿង​ទៅ​ជម្រះ​»៕