ភ្នំពញៈ ក្រុម​មេធាវី​ស្ម័គ្រចិត្ត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់ពាក្យ​ស្នើ​ទៅ​តុលាការ ឲ្យ​ទម្លាក់​ការចោទប្រកាន់​លើក​ញ្ញា មាន ពេជ្រ​រីតា ជុំវិញ​ករណី​ដែល​លោក ហេង សៀ បាន​ចោទ​ប្រកាន់​នាង​ពីបទ​លួច ខណៈ​ក្រុម​មេធាវី​កំពុងរងចាំ​ចំណាក់​កា​ររបស់​តុលា​ការ លើ​ពាក្យ​បណ្តឹង​របស់​កូនក្តី ពីបទ​រំលោភ​សេព​សន្ថវៈ។

លោកស្រី មាស ស៊ីថន សហ​មេធាវី​ការពារ​ក្តីកញ្ញា មាន ពេជ្រ​រីតា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៣០ ឧសភា​ថា ក្រុម​មេធាវីបាន​ដាក់​ពាក្យស្នើសុំ​ទៅ​តុលាការនៅក្នុងសប្តាហ៍នេះ ដើម្បី​ស្នើ​សូម​ឱ្យ​ទម្លាក់​ការចោទប្រកាន់​​លើក​ញ្ញា មាន ពេជ្រ​រីតា ពីបទ​ចោទ​ប្រកាន់​​ ដែល​លោក ហេង សៀ បាន​ប្តឹង​ថានាងបាន​លួច​ទូរស័ព្ទ។

ការដាក់​ពាក្យស្នើសុំ​នេះ ដោយសារ​តែ​ក្រុម​មេធាវីមាន​ភស្តុតាង​ជាក់​ស្តែង ដែល​បង្ហាញថា កញ្ញា រីតា មិនបាន​ប្រព្រឹត្ត​ទង្វើ​ដូច​ដែល​លោក ហេង សៀ បាន​ចោទ​ប្រកាន់​នោះទេ។ ​កញ្ញា មាន ពេ​ជ្យ​រីតា គឺជា​ជនរង​គ្រោះក្នុង​រឿងក្តី​នៃ​ការ​រំលោភ​សេព​សន្ថវៈ។

លោកស្រី ​បញ្ជាក់ថា៖ «​សួរថា មាន​ភស្តុតាង​អ្វី មាន​សំអាង​ហេតុអ្វី​នោះ គឺ​ធម្មតា​ទេ គឺ​យើង​ផ្អែកទៅលើ​អង្គហេតុអង្គ​ច្បាប់​ហើយ។ យើង​បាន​ដឹង​ហើយថា កញ្ញា ​រីតា គាត់បាន​បដិសេធ​រាល់​ការចោទ​ប្រកាន់ ព្រោះ​មើលទៅ​លើ​ជីវភាព​របស់​គាត់ និង​ស្ថាន​ភាព​របស់​គាត់ គាត់​មិច ​នឹង​អាច​ទៅ​លួច​ទូរស័ព្ទ​របស់​គេ​បាន»។

ជាមួយ​នឹង​ការរៀប​រាប់នឹង​ស្ថាន​ភាព​កញ្ញា រីតា ដែល​កំពុង​វិលត្រឡប់​មករក​ស្ថានភាព​ប្រក្រតី​វិញ បន្ទាប់ពី​ត្រូវបាន​ឃុំ​ខ្លួន និង​ប៉ះពាល់​ដល់​ស្ថាន​ភាព​ផ្លូវ​ចិត្ត លោក​ស្រី មាស ស៊ី​ថន ឱ្យ​ដឹង​ថា ក្រុម​មេធាវីក៏​ពុង​តាម​ដាន​សំនុំរឿង​ ដែល​ក្រុម​មេធាវីបានដាក់​ពាក្យ​បណ្តឹង​ប្តឹង​លោក ហេង សៀ ពីបទ​រំលោភ​សេព​សន្ថវៈ​កាលពី​ពេល​កន្លង​ទៅ​ផង​ដែរ។

លោក​ស្រី បញ្ជាក់​ថា៖ «តាម​ការ​អះអាង​របស់​កូន​ក្តី​យើង គឺជា​រឿង​មួយ​ផ្សេង។ ប៉ុន្តែតាម​ការអះអាង​របស់​លោក ហេង សៀ គឺជា​រឿង​មួយ​ផ្សេង​ទៀត ។ ដូច្នេះ យើង​មិន​អាច​ឆ្លើយ​បាន​ទេ ថា ករណី​ដែល​លោក ហេង សៀ កំពុង​រង​របួស​នេះ គឺ​ពិត​ឬ​អត់​ទេ? ហើយ​ចំណាក់​ការ​លើ​បុគ្គល ហេង សៀ យ៉ាង​ណា ចំពោះ​ពាក្យ​បណ្តឹង​យើង​ គឺយើង​មិន​ទាន់​ដឹងទេ​យើង​តាម​ដាន​បន្ត​ទៀត​»។

កញ្ញា មាន ពេជ្រ​រីតា ដែលជា​ពិធី​ការិនី​ទូរ​ទស្សន៍ My TV និង​ជា​អតីត​បេ​ក្ខ​នារី Miss Grand Cambodia វ័យ ២០ ឆ្នាំ ត្រូវបាន​លោក ហេង សៀ ដែល​មាន​អាយុ​ជិត ៦០ ឆ្នាំ មាន​ងារ​ជា​ឧ​ញ្ញា ហើយ​ជា​ថៅកែ​ក្រុមហ៊ុន​កញ្ចក់​មួយ នៅក្នុង​ប្រទេស​កម្ពុជាបាន​ប្តឹង​ ពីបទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស។

បន្ទាប់​មក នាង ក៏​ត្រូវ​បាន​តុលាការចោទ​ប្រកាន់ និង​បញ្ចូនទៅ​ឃុំ​ខ្លួន កាលពី​ថ្ងៃទី ១១ ឧសភា ហើយ​នៅ​ថ្ងៃទី ១៣ ឧសភា តុលាការ ក៏​សម្រេចដោះ​លែង​រូបនាងឲ្យ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន តាម​ពាក្យ​បណ្តឹង​របស់​មេធាវី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចំនួន​ ៣ ​រូប។

លោក ប្លង់ សុផល អ្នកនាំពាក្យ​តំណាង​អយ្យការអម​សាលាដំបូង​រាជធានី​ភ្នំពេញបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៣០ ឧសភា​ថា ការស្នើសុំ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើក​ញ្ញា មាន ពេជ្រ​រីតា គឺជា​សិទ្ធិ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ ព្រោះ​សំនុំ​រឿងនេះស្ថិតក្នុង​នីតិវិធី​របស់​ចៅក្រម​ស៊ើបសួរ។

លោក​មិន​​មានមតិ​យ​ប​ល់​យ៉ាងណាក្នុងករណីនេះ​នោះទេ ស្របពេល​ដែល​លោកបាន​អះអាងថា វិវាទ​របស់​ភាគី​ទាំង ២ ដែល​បាន​ប្តឹង​គ្នា​ទៅវិញទៅមក​នេះ គឺ​កំពុង​ស្ថិតក្នុង​ដៃ​តុលាការ។

លោក​បញ្ជាក់​ថា៖ «រឿង​ស្នើសុំ​ទម្លាក់​ការចោទប្រកាន់​នេះ គឺ​ស្ថិត​នៅលើ​សិទ្ធិ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ ។ ខ្ញុំមិន​បានឃើញ​សំណុំ​រឿង និង​មិនបាន​ដឹងថា មាន​ភស្តុតាង​អ្វីខ្លះពាក់ព័ន្ធ​នឹង​ករណី​ទាំងនេះ។ ជា​និតិ​វិធី​របស់​តុលាការ លោក នឹង​សម្រេច​ហើយក្នុង​ពេល​ខាង​មុខ»។

ភ្នំ​ពេញ​ប៉ុស្តិ៍មិន​អាច​ស្វែង​រក​ប្រភព​ទាក់​ទង​មេធា​វីការពារ​ក្តី​លោក ហេង សៀ ដើម្បី​សុំការ​អត្ថាធិប្បាយ​ជុំវិញ​ករណី​ទាំង​នេះបាន​ទេនៅថ្ងៃ​ទី ៣០ ឧសភា​នេះ។

ប៉ុន្តែ​បើតាម​លោក ស្រី មាស ស៊ីថន រហូត​មក​ដល់​ពេល​នេះ ក្រុម​មេធាវី​លោក​ស្រីមិន​ដែល​ធ្លាប់​បាន​ជួប​មេធា​វីលោក ហេង សៀ​ នោះ​ទេចាប់​តាំង​ពី​រឿង​នេះត្រូវ​បាន​ផ្ទុះ​ឡើង៕

វីដេអូ៖