ភ្នំពេញៈ ក្រុម​មេធាវី​លោក កឹម សុខា ​បាន​ស្នើឱ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ ច្រានចោល​ភ័ស្ដុតាង​ថ្មី​ដែល​បានដាក់​ដោយ​ព្រះរាជអាជ្ញា ខណៈ​ពួកគេ​អះអាង​ថា ការដាក់​ភ័ស្ដុតាង​នេះ​គឺធ្វើ​ឡើង​ខុស​នីតិវិធី​។ ព្រះរាជអាជ្ញា​បានដាក់​ភ័ស្ដុតាង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ភ័ស្ដុតាង​វីដេអូ​ដោះ​បន្ទុក​រយៈពេល​ ១ ​ម៉ោង ដែល​បានដាក់​មក​តុលាការ​ដោយ​មេធាវី​លោក​ កឹម សុខា កាលពី​ពេល​កន្លងមក​។

កាលពី​ថ្ងៃ​ ២៦ ខែកុម្ភៈ តំណាង​អយ្យការ​បានដាក់​ភ័ស្ដុតាង​ដែលជា​ឃ្លីប​វីដេអូ​ខ្លីៗ​ចំនួន ៧​ រួមទាំង​ប្រតិចារិក​ទៅ​ឱ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិចារណា​ទទួល​យក​។ វីដេអូ​ភ័ស្ដុតាង​ទាំងនេះ​ភាគច្រើន​ត្រូវបាន​តំណាង​អយ្យការ​ប្រកាស​នៅក្នុង​សវនាការ​ថា គឺ​បង្ហាញ​ពី​ការ​កៀរគរ​កម្លាំង​ធ្វើបាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​នៅលើ​ផ្លូវ​វេងស្រេង​ដែលមាន​បំណង​ផ្ដួលរំលំ​រដ្ឋាភិបាល រួមទាំង​វីដេអូ​បង្ហាញ​ពី​ការត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស​ជាដើម​។

ទោះជា​យ៉ាងណា​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា បាននាំគ្នា​ជំទាស់​ការដាក់​ភ័ស្ដុតាង​នេះ​ដោយ​អះអាងថា យោងតាម​មាត្រា​ ៣២១ ​នៃ​ក្រម​ព្រហ្មទណ្ឌ​គឺ​នៅពេល​សំណុំរឿង​ចូល​ដល់​ដំណាក់កាល​ជំនុំជម្រះ​គឺ​មានន័យថា សំណុំរឿង​នោះ​ត្រូវ​មាន​ការស៊ើបអង្កេត និង​មាន​ភ័ស្ដុតាង​គ្រប់គ្រាន់​ហើយ​ដោយ​មិនមាន​វិមតិសង្ស័យ​ទៀត​ទេ ដូចនេះ​មិនមាន​ច្បាប់​ណាមួយ​ចែង​ថា តំណាង​អយ្យការ​អាចដាក់​ភ័ស្ដុតាង​បន្ថែម​ឡើយ​។

លោក ចាន់ ចេន មេធាវី​ម្នាក់​របស់​លោក​ សុខា លើកឡើងថា ភ័ស្ដុតាង​ដែល​បញ្ជូនមក​ជំនុំជម្រះ​គឺ​ត្រូវ​ឱ្យ​មាន​លើសពី​វិមតិសង្ស័យ ហើយ​ប្រសិនបើ​សំណុំរឿង​នៅ​មាន​វិមតិសង្ស័យ គឺ​មាន​ន័យ​ថា លោក កឹម សុខា គ្មាន​ពិរុទ្ធ ហើយ​តុលាការ​ត្រូវ​លើកលែង​ការចោទប្រកាន់​មកលើ​លោក កឹម សុខា​។

លោក​ថា​៖ «​ខ្ញុំ​ទើបតែ​ឮថា ព្រះរាជអាជ្ញា​ដាក់​ភ័ស្ដុតាង​នៅពេល​ជំនុំជម្រះ​។ អត់​ដែល​មាន​អយ្យការ​ដាក់​ភ័ស្ដុតាង​អ៊ីចឹង​ទេ​! អយ្យការ​មក​ការពារ​ដីកា​សន្និដ្ឋាន​ស្ថាពរ​របស់​ខ្លួន មិនមែន​មក​តាម​ដាក់​ភ័ស្ដុតាង​បន្ថែម​ទេ​»​។

ចំណែក​លោកស្រី ម៉េង សុធាវី មេធាវី​ម្នាក់ទៀត​របស់​លោក​ សុខា បានលើក​ឡើង​ដែរ​ថា ព្រះរាជអាជ្ញា​មិនមែន​ជា​ភាគី​នៅក្នុង​សំណុំរឿង​ឡើយ ប៉ុន្តែ​ព្រះរាជអាជ្ញា​រួមទាំង​ក្រុមប្រឹក្សា​ជំនុំជម្រះ​គឺ​គ្រាន់តែ​ជា​សមាសភាព​នៅក្នុង​ការជំនុំជម្រះ​ប៉ុណ្ណោះ​។ លោកស្រី​បន្តថា តាម​ក្រមព្រហ្មទណ្ឌ​មាត្រា​ ៣២១ គឺ​មានតែ​ភាគី​ជនជាប់ចោទ​ ឬ​ជនរងគ្រោះ​ប៉ុណ្ណោះ ទើប​មាន​សិទ្ធិ​ដាក់​ភ័ស្ដុតាង​សម្រាប់​ដោះ​បន្ទុក​។

លោកស្រី​ថា​៖ «​ដីកា​សន្និដ្ឋាន​ស្ថាពរ​គឺ​មានន័យថា ការស៊ើបអង្កេត​គ្រប់គ្រាន់​ហើយ និង​មាន​ភ័ស្ដុតាង​គ្រប់គ្រាន់​ហើយ​សម្រាប់​ដាក់បន្ទុក​លើ​លោក កឹម សុខា គឺ​គ្មាន​វិមតិសង្ស័យ​ទៀត​ទេ ហើយ​បើ​អយ្យការ​ដាក់​ភ័ស្ដុតាង​នៅពេល​ជំនុំជម្រះ​នេះ​មាន​ន័យ​ថា ការចោទប្រកាន់​លើ​លោក កឹម សុខា នៅមាន​វិមតិសង្ស័យ​ដែល​ត្រូវ​តែ​ទម្លាក់​បទចោទប្រកាន់​វិញ​»​។

ប៉ុន្តែ​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​បាន​ឆ្លើយតប​ថា តាម​មាត្រា ៣២១ គឺ​បាន​ប្រើពាក្យ​ «​គេ​» ដែល​អាចដាក់​ភ័ស្ដុតាង​ដោយ​សេរី ហើយ​មិនបាន​សរសេរ​បញ្ជាក់​ថា ព្រះរាជអាជ្ញា​មិន​អាចដាក់​ភ័ស្ដុតាង​នោះឡើយ​។ លោក​បញ្ជាក់ថា ការដាក់​ភ័ស្ដុតាង​នេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ភ័ស្ដុតាង​ដោះ​បន្ទុក ដែល​មិន​មាន​នៅក្នុង​សំណុំរឿង​ដែល​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​បាន​បញ្ជូនមក​ជំនុំជម្រះ​ប៉ុណ្ណោះ​។

លោក​ថា​៖ «​មេធាវី​មិនដែល​ធ្វើជា​ព្រះរាជអាជ្ញា​ទេ​។ អ៊ីចឹង​! មិនបាច់​មក​បង្រៀន​ព្រះរាជអាជ្ញា​ទេ​។ មាត្រា​ ៣២១ គឺ​ភាគី​អាចដាក់​ភ័ស្ដុតាង​ដោយ​សេរី ប៉ុន្តែ​អត់​មាន​សរសេរ​ថា ព្រះរាជអាជ្ញា​មិនអាច​ដាក់​ឯណា​! ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​ជនជាប់ចោទ​ កឹម សុខា ធ្វើការ​បកស្រាយ​លើស​ពី​ច្បាប់​»​។

ជាមួយ​គ្នា​នេះ​លោក លី ច័ន្ទតុលា មេធាវី​ដើមបណ្ដឹង​រដ្ឋប្បវេណី​រដ្ឋាភិបាល​ក៏បាន​អះអាង​ដែរ​ថា នៅក្នុង​ដំណាក់កាល​ជំនុំជម្រះ​គឺ​ភាគី​មេធាវី​ការពារ​ក្ដី​ឱ្យ​រដ្ឋាភិបាល មេធាវី​ការពារ​ក្ដី​ឱ្យ​ជនជាប់ចោទ និង​ព្រះរាជអាជ្ញា គឺ​មាន​សិទ្ធិ​ដាក់​ភ័ស្ដុតាង​ស្មើភាព​គ្នា​។

ជុំវិញ​បញ្ហា​នេះ​លោក កុយ សៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បានប្រកាស​នៅក្នុង​សវនាការ​រយៈពេល​ ១ ​ព្រឹក​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ក្រុមប្រឹក្សា​នឹង​ប្រកាស​នៅពេល​សវនាការ​លើកក្រោយ​ថា តើ​ទទួល​ ឬ​មិន​ទទួល​ភ័ស្ដុតាង​នេះ ហើយ​ថា តើ​ការដាក់​ភ័ស្ដុតាង​ដោយ​ក្រុមព្រះ​រាជអាជ្ញា​ស្របច្បាប់​ ឬ​មិន​ស្របច្បាប់​។

លោក កុយ សៅ ក៏បាន​ប្រកាស​ដែរ​ថា សវនាការ​សំណុំរឿង​សន្ទិដ្ឋភាព​ជាមួយ​បរទេស​របស់លោក សុខា ដែល​ពិភាក្សា​ឈានដល់​អង្គហេតុ​ការរួបរួម​គ្នា​រវាង​លោក កឹម សុខា និង​លោក សម រង្ស៊ី ដើម្បី​បង្កើត​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្តធ្វើ​នៅ​សប្ដាហ៍​ទី​ ២ ខែ​មីនា គឺ​នៅ​ថ្ងៃទី​ ១១ ​ដល់​ថ្ងៃទី​ ១២៕