ភ្នំពេញៈ ក្រុម​មេធាវី​ការពារក្ដី​លោក កឹម សុខា សង្ស័យ​ថា​តុលាការ​បាន​ប្រើប្រាស់​ឯកសារ​មិន​ប្រក្រតី​ធ្វើ​ជា​ភ័ស្ដុតាង ដើម្បី​សួរដេញដោល​លើ​កូនក្ដី​ខ្លួន​។ ការសង្ស័យ​នេះ​ដោយសារ​នៅក្នុង​សវនាការ​កាលពី​ម្សិលមិញ ក្រុមប្រឹក្សា​ជំនុំជម្រះ​មេធាវី​តំណាង​រដ្ឋាភិបាល និង​អយ្យការ​បាន​បង្ហាញ​ឯកសារ​មួយ​ដែល​ជា​ភ័ស្ដុតាង​ដើម្បី​សួរដេញដោល​លោក កឹម សុខា ប៉ុន្តែ​ឯកសារ​នោះ​ត្រូវ​បាន​ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា អះអាងថា ពួកគេ​មិន​ធ្លាប់​ទទួល​បាន​នោះទេ​។

នៅក្នុង​សវនាការ​ពេញ​ ១ ​ថ្ងៃ​ គឺ​មាន​ការពិភាក្សា​យ៉ាង​តានតឹង​អំពី​ភ័ស្ដុតាង​ដែល​ត្រូវបាន​យក​មកប្រើប្រាស់​សម្រាប់​ចោទប្រកាន់​លោក កឹម សុខា ពី​បទ​ក្បត់ជាតិ ដូចជា​ភ័ស្ដុតាង​យក​ចេញ​ពី​ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ កូនខ្មែរ និង​ឯកសារ​ដែល​ជា​សេចក្ដី​ថ្លែងការណ៍​រួម​អំពី​ការបង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​។ តំណាង​អយ្យការ​បាន​យក​ឯកសារ​ភ័ស្ដុតាង​ដែល​ជា​សេចក្ដី​ថ្លែងការណ៍​រួម​ស្ដីពី​ការបង្កើត​ CNRP ដើម្បី​សួរ​ដេញដោល​លោក កឹម សុខា ប៉ុន្តែ​ភ្លាមៗ​នោះ​ត្រូវ​បាន​ក្រុម​មេធាវី​ការពារ​ក្ដី​របស់​លោក កឹម សុខា បាន​ស្នើសុំ​តំណាង​អយ្យការ​បង្ហាញ​លេខ​សម្គាល់​នៃ​ឯកសារ​នោះ​ដោយសារ​ពួកគេ​សំអាងថា រក​មិនឃើញ​នូវ​ឯកសារ​ភ័ស្ដុតាង​នេះ​។

តំណាង​អយ្យការ​ប្រាប់​លេខ​សម្គាល់​នៃ​ឯកសារ​ភ័ស្ដុតាង​នោះ ហើយ​មេធាវី​តំណាង​ឱ្យ​រដ្ឋាភិបាល អយ្យការ និង​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថែម​ទាំង​បាន​លើក​បង្ហាញ​ឯកសារ​ទាំងនោះ​ហើយ​អះអាង​ថា ពួកគេ​សុទ្ធតែ​មាន​ឯកសារ​នេះ គឺមាន​នៅក្នុង​សំណុំរឿង​តាំងពី​ពេល​ក្រុមប្រឹក្សា​ស៊ើបសួរ​។

លោកស្រី ម៉េង សុធារី មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ​ម្នាក់​បាន​លើក​ឡើង​ថា ឯកសារ​ដែល​តុលាការ​យក​មក​សួរដេញដោល​នេះ គឺជា​ឯកសារ​មិន​ប្រក្រតី មិន​មាន​បញ្ចូល​នៅក្នុង​សំណុំរឿង​តាំងពី​ដើម និង​ជា​ឯកសារ​ទើប​បញ្ចូល​ថ្មី​។ ការអះអាង​នេះ បន្ទាប់ពី​លោកស្រី​សុំ​ឯកសារ​របស់​តំណាង​អយ្យការ​មក​ពិនិត្យឃើញ​មាន​លេខ​សម្គាល់ តែ​ចំណែក​ឯកសារ​ដែល​ក្រុមប្រឹក្សា​កំពុងមាន បែរ​ជា​គ្មាន​លេខ​តែមាន​អក្សរ​សម្គាល់​ទៅវិញ​។

លោកស្រី​ថា​៖ «​សុំ​ចៅក្រម​ពិចារណា តើ​ភ័ស្ដុតាង​ទើប​តែ​អយ្យការ​បញ្ចូល​ថ្មី​ឬ​យ៉ាងណា​»​។

លោក កូយ សៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​លើកឡើង​ក្នុង​សវនាការ​ថា ឯកសារ​នេះ​គឺមាន​នៅក្នុង​ឌីស​ ១២៦ ​នៅក្នុង​សំណុំរឿង​ដែល​ទទួល​បាន​ពី​ក្រុមប្រឹក្សា​ស៊ើបសួរ ហើយ​ប្រហែល​ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា មិនទាន់​បាន​អាន​ ឬ​មិនទាន់​បាន​កូ​ពី​ឯកសារ​ទាំងនោះ​។

ការទទូច​ឱ្យ​បង្ហាញ​ពី​សុចរិតភាព​ភ័ស្ដុតាង​នេះ​គឺ​កើតឡើង​នៅ​ចុង​ម៉ោង​បញ្ចប់​នៃ​សវនាការ​សម្រាប់​ថ្ងៃ​ម្សិលមិញ​។ លោក កូយ សៅ បាន​លើកឡើង​ថា ការដេញដោល​រឿង​សុចរិតភាព​ភ័ស្ដុតាង​ដ៏តានតឹង​នេះ​បាន​ធ្វើឱ្យ​ខាត​ពេល​តាំងពី​ព្រឹក​រហូត​ដល់​រសៀល ហើយ​បានប្រកាស​ថា ឌីស​ ១២៦ នឹង​យក​ចាក់​បង្ហាញ​នៅ​សវនាការ​នៅថ្ងៃនេះ​។

នៅ​ថ្ងៃ​ម្សិលមិញ គឺ​ជា​សវនាការ​សប្ដាហ៍​ទី​ ៥ ​ថ្ងៃទី​ ៩ លើ​សំណុំ​រឿង​របស់លោក កឹម សុខា ជុំវិញ​បទចោទប្រកាន់​សន្ទិដ្ឋភាព​ជាមួយ​បរទេស​។ សវនាការ​នេះ​បាន​បើក​ការ​សួរ​ដេញដោល​ឈានដល់​អង្គហេតុ​ក្រោយ​ឆ្នាំ​ ២០១២ ជាពិសេស​គឺ​ទំនាក់ទំនង​លោក កឹម សុខា ជាមួយ​លោក សម រង្ស៊ី​។

ការចាប់ផ្ដើម​សវនាការ​នេះ​ដំបូង​គឺ​ផ្ដើម​ដោយ​លោក លី ច័ន្ទតុលា មេធាវី​ម្នាក់​ក្នុងចំណោម​មេធាវី​ទាំង​ ៤ ​នាក់​តំណាង​ឱ្យ​រដ្ឋាភិបាល​បាន​ស្នើសុំ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ចោទសួរ​ទៅ​លោក កឹម សុខា នូវ​សំនួរ​មួយចំនួន​មុន​ឆ្នាំ​ ២០១២ គឺពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​រវាង​លោក កឹម សុខា ​ជាមួយ​លោក សម រង្ស៊ី​។

លោក លី ច័ន្ទតុលា បានសួរ​លោក​លោក កឹម សុខា ថា ហេតុអ្វី​បាន​ស្គាល់​លោក សម រង្ស៊ី តើ​ធ្លាប់​ជជែក​ជាមួយ​លោក សម រង្ស៊ី ដែរ​ទេ តើ​ធ្លាប់​តាមដាន​សារ​នយោបាយ​របស់​លោក សម រង្ស៊ី ដែរ​ទេ និង​ធ្លាប់​ចាំ​សារ​នយោបាយ​សំខាន់ៗ​អ្វីខ្លះ​របស់​លោក សម រង្ស៊ី​។

លោក កឹម សុខា បាន​ឆ្លើយ​ថា​លោក​បាន​ស្គាល់​លោក សម រង្ស៊ី ក្នុង​នាម​ជា​អ្នក​នយោបាយ​ដូចគ្នា ហើយ​មិន​បាន​តាមដាន​សារ​នយោបាយ​របស់​លោក សម រង្ស៊ី ទាំងអស់​ឡើយ ហើយ​ក៏​មិនបាន​ចាំ​នូវ​សារ​នយោបាយ​របស់​លោក សម រង្ស៊ី ​ទាំងអស់​នោះដែរ​។

បន្ទាប់ពី​ការសាកសួរ​សំនួរ​ទាំង​នេះ​ទៅ​លោក កឹម សុខា លោក លី ច័ន្ទតុលា បានស្នើសុំ​លោក កូយ សៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ចាក់ខ្សែ​វីដេអូ​ខ្លី​មួយ​ដែល​បង្ហាញ​អំពី​ការថ្លែង​របស់លោក សម រង្ស៊ី ទៅ​កាន់​អ្នកគាំទ្រ​ដែល​កាលនោះ​លោក​នៅ​ធ្វើ​ជា​ប្រធាន​គណបក្ស​សមរង្ស៊ី​។ នៅក្នុង​វីដេអូ​នោះ លោក សម រង្ស៊ី បាន​ប្រើពាក្យ​មួយចំនួន​ដូចជា កងកម្លាំង​ប្រដាប់​អាវុធ​របស់​លោក គឺ​កើតចេញពី​គ្រួសារ​ខ្មែរ ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន​។ ពាក្យសម្ដី​ខ្លះ​ទៀត​បញ្ជាក់ថា លោក​មិន​ចរចា​ជាមួយ​លោក ហ៊ុន សែន ឡើយ ហើយ​ចង់ឱ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​កាន់តែ​ឆាប់​គឺ​កាន់តែ​ល្អ​ជាដើម​។

ក្រោយ​ការចាក់​វីដេអូ​នេះ​ចប់ លោក លី ច័ន្ទតុលា ​បាន​ចាប់ផ្ដើម​សួរ​ជាថ្មី​ទៅ​លោក កឹម សុខា ថា​តើ​លោក កឹម សុខា ធ្លាប់​បានឃើញ​វីដេអូ​ដែល​ជា​ការថ្លែង​របស់​លោក សម រង្ស៊ី នេះ​ដែរ​ទេ តែ​ត្រូវ​បាន​លោក កឹម សុខា ឆ្លើយ​ថា​លោក​មិន​ធ្លាប់​បានឃើញ​ឡើយ​។

តំណាង​អយ្យការ​បាន​ចោទ​លោក កឹម សុខា ថា​បិទបាំង​ព័ត៌មាន ខណៈ​លោក កឹម សុខា បាន​ឆ្លើយ​ថា មិន​ចាំ​នៅពេល​អយ្យការ​សួរថា តើ​ការចរចា​ដំបូង​រវាង​លោក កឹម សុខា និង​លោក សម រង្ស៊ី ធ្វើឡើង​នៅពេល​ណា​ កន្លែង​ណា ហើយ​អ្នកណា​ខ្លះ​បាន​ចូលរួម​។ ​លោក កឹម សុខា ​ថា​៖ «​ខ្ញុំ​បិទបាំង​ព័ត៌មាន​ម៉េច បើ​ខ្ញុំ​អត់​ចាំ​មែន ខ្ញុំ​ស្បថ​ក៏​ស្បថ​ដែរ​»​។

លោក កឹម សុខា បាន​ឆ្លើយ​ថា លោក​ប្រកាន់​យក​គោលការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​គោលការណ៍​អហិង្សា​មិន​ធ្វើ​បដិវត្តន៍​ពណ៌ មិន​បង្ហូរឈាម​ខ្មែរ និង​ផ្លាស់ប្ដូរ​តាមបែប​លទ្ធិប្រជាធិបតេយ្យ​។ លោក​ថា​៖ «​ខ្មែរ​បែកបាក់ ខ្មែរ​បាត់បង់​ទឹកដី ខ្មែរ​បែកបាក់ ខ្មែរ​ត្រូវ​បរទេស​ត្រួតត្រា​»៕