ភ្នំពេញៈ ក្រុម​មេ​ធាវី​​លោក កឹម សុខា ប្រធាន​អតីត​គណ​ប​ក្ស​សង្គ្រោះ​ជាតិ​ បាន​រិះ​គន់​​លោក សម រង្ស៊ី​ ជា​ថ្មី​ម្តង​ទៀត​​ ចំពោះ​ការ​យក​លោក កឹម សុខា ​មក​ភ្នាល់​ ដែល​ពួកគេ​ថា​ ទំនង​នឹង​ចាញ់​ក្នុង​ការ​ភ្នាល់​នេះ។

មេ​ធាវី​ការ​ពារ​ក្តី ​៣ នាក់​ ក្នុង​ចំណោម​ ៤​​ នាក់​​របស់​លោក កឹម សុខា កាល​ពី​​ម្សិល​មិញ​​បា​ន​រិះ​គន់​លោក សម រង្ស៊ី ប្រធា​​ន​ស្តីទី​នៃ​​អតីត​គណបក្ស​សង្គ្រោះ​​ជាតិ​ ចំពោះ​​ភាព​ទំនង​ជា​មិន​វិល​​ត្រឡប់​មក​​ប្រទេស​ កម្ពុជា​ វិញ​​​នៅ​ពេល​ដល់​កាល​​កំណត់​នៃ​ការ​ភ្នាល់​គ្នា​។ ពួក​គេ​បាន​រិះ​​គន់​លោក សម រង្ស៊ី ​ចំពោះ​ការ​យក​​លោក កឹម សុខា​ ​ទៅ​​ភ្នាល់​ជា​មួយ​​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។

​លោក​ស្រី​មេ​ធាវី ​ម៉េង សុភារី ​បាន​សរសេរ​​នៅ​លើ​ហ្វេស​ប៊ុក​​របស់​លោក​​ស្រី កាល​ពី​ម្សិល​មិញ​ដោយ​ចោទ​សួរ​​ថា​ ហេតុ​អ្វី​លោ​ក រង្ស៊ី​ ផ្តួច​ផ្តើម​ឲ្យ​មាន​ការភ្នាល់នេះ​។ លោក​ស្រី​បាន​​ថ្លែង​ថា មេ​ធាវី​របស់​លោក កឹម សុខា ​​បាន​ដឹង​រួច​ហើយ​ តាំង​ពី​ដំបូង​​អំពី​លទ្ធ​ផល​នៃ​ការ​ភ្នាល់​​​នេះ ​ដែល​​បាន​ជំរុញ​ពួក​គេ​ ​សរ​សេរ​លិខិត​​អំពាវ​នាវ​​កុំ​ឲ្យ​មាន​ការ​ភ្នាល់​​នេះ​។

លោក​ស្រី​​បន្ត​​ថា ការ​អំពាវ​នាវ​​ឲ្យ​មាន​ការ​លុប​ចោល​ការ​ភ្នាល់​នេះ ​​​ធ្វើ​ឡើង​ដោយ​មាន​គោល​បំណង​ជួយ​លោក ​រង្ស៊ី ឲ្យ​ចៀស​ផុត​ពី​ការ​ស្លាប់​​​ ឬ​ជាប់​ពន្ធនាគារ​​ ខណៈ​លោក​ សម រង្ស៊ី កាល​ពី​ពេល​ថ្មី​ៗ​នេះ​ បាន​អះ​អាង​ថា លោក​នឹង​ប្រឈម​មុខ​ ប្រសិន​បើ​លោក​ត្រឡប់​មក​វិញ​ ​ហើយ​​​វា​នឹង​​មិន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ណាមួយ​លើ​លោក កឹម សុខា​ ទេ​។ ប៉ុន្តែ​លោក​ស្រី​​ សុភារី បាន​ថ្លែង​ថា ​អ្នក​គាំ​ទ្រ​មួយ​ចំនួនរបស់​លោក សម រង្ស៊ី ​​មិន​យល់​អំពី​ចេតនា​នោះ ​​ប៉ុន្តែ​បែរ​ជា​ប្រមាថ​​ក្រុម​មេធាវី។

លោក​ស្រី​បាន​សរសេរ​ថា បើ​ថា​​​ស្លាប់ និង​ជាប់​គុក​ វា​អត់​ប្រយោជន៍​ «តើ​ខំប្រឹង​ភ្នាល់​យ៉ាង​ខែ​ង​រែង​អី ម្ល៉េះ។ មេធាវី​លោក​ សុខា ដឹង​ពីលទ្ធផល​ការ​ភ្នាល់​ជា​មុន​ស្រេច​ហើយ ទើប​បាន​ចេញ​លិខិត​សុំឲ្យ​លុប​ចោល​ការ​ភ្នាល់ គឺ​ដើម្បី​ផ្តល់​កិត្តិយស​ជូន​លោក មិន​ចង់​ឲ្យ​លោក​ក្លាយ​ជា​មនុស្ស​ក្បត់​សន្យា មិន​ចង់​ឲ្យលោ​ក​ស្លាប់​ ឬ​ជាប់​គុកនិង​មិន​ចង់​ឲ្យ​ប៉ះពាល់​ដ​ល់​​សិទ្ធិ​របស់​លោក កឹម សុខា តែ​មនុស្ស​ផ្កាប់​មុខ​របស់​លោក ​(សម រង្ស៊ី ) មិន​យល់​ការណ៍ និង​មិន​យល់​ពី​ចេតនា​ល្អ​នេះ​សោះ មាន​តែ​ជេរ​ប្រទេច»។

​ហ្វេស​ប៊ុក​​លោក​ស្រី​សរសេរ​បន្ត​ទៀត​ថា៖ ​«ពួក​យើងខ្ញុំ​ខិត​ខំ​អត់​ធ្មត់​ណាស់សូម​ចាំ​ថា​ ការ​​អត់​ធ្មត់​មាន​ដែន​កំណត់ ហើយ​ការ​ឈឺ​ចាប់​ នឹង​ធ្វើ​ឲ្យ​មនុស្ស​លែង​ដូច​ដើម។ ដល់​វេលា​ត្រូវ​អនុវត្ត​សន្យា​ មិន​ហ៊ាន​មក បែរ​ជា​និយាយ​បន្តុះ​​បង្អាប់​ការលះ​បង់​របស់​អ្នក​ដទៃ​ ដើម្បី​លើកតម្លៃ​ខ្លួន​ឲ្យ​ខ្ពស់ និង​ដើម្បី​ឲ្យ​ពលរ​ដ្ឋ​ភ្លេច​សន្យា​របស់​លោក​។ ចង់​ខ្ពស់​ក៏ខ្ពស់​ចុះ ខ្ញុំ​អបអរ​សា​ទរ​ តែ​រហូត​មក​ទេ ប៉ុន្តែ​កុំជាន់​គេ​ ដើម្បី​ឡើង​ខ្ពស់​ខ្លួន​ឯង អាណិត​អ្នក​ស្លូត​ត្រង់​ផង»។

សារ​ដដែល​​សរសេរ​ទៀត​ថា ឥឡូវ​ ដើម្បី​កុំឲ្យ​គេថា​ លោក​សម រង្ស៊ី ​អន់ និង​ដើម្បី​កុំ​ឲ្យអ្នក​​​គាំទ្រ​ការ​ភ្នាល់​របស់​លោក​អស់​សង្ឃឹម ដែល​ខំប្រឹង​ជេ​​រ​ក្រុម​មេធាវី​លោក ​កឹម សុខា ​ដើម្បី​ការពារ​ការ​ភ្នាល់​នោះ លោក ​​រង្ស៊ី អាច​អនុវត្ត​ការ​សន្យា​របស់​លោក​បាន ​«បើ​ទោះ​បីជា​លោ​ក​ត្រូវ​ស្លាប់​ ឬជាប់​គុក ខ្ញុំនិង​ពល​​រដ្ឋ​ជាច្រើន​អតិ​បរមានឹង​ចាត់​​ទុក​លោក​​ជា​វីរបុស​ស្នេហា​ជាតិ មិន​ដូច​លោក​គិត​ទៅ​លើ​ការលះ​បង់​របស់​អ្នក​ដទៃ​នៅ​ពេល​នេះ​ទេ»។

លោក ផាន់ ច័ន្ទ​ស័ក្តិ​ ​​ដែល​ជា​​​មេ​ធាវី​ម្នាក់​ទៀត ​​​ក៏​បាន​​ថ្លែង​នៅ​​ក្នុង​​ហ្វេស​ប៊ុក​​​​ធ្វើ​ការ​​វាយប្រហារ​​លោក សម រង្ស៊ី ផង​ដែរ​​ ដោយ​​សរសេរ​ថា​៖ «បើ​អណ្តាត​លោក មាន​ពិស​របៀប​នេះ តើ​ថ្ងៃ​ក្រោយ​ យើង​អាច​អង្គុយ​មើល​មុខ​គ្នា​បាន​ដោយ​​របៀប​ណា? តើ​មាន​មនុស្ស​ណា​ខ្លះ ដែល​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត​ហ៊ាន​លះ​បង់​ធ្វើ​ការ​ងារ ឲ្យ​គណបក្ស​កើត?»។

លោក ច័ន្ទ​ស័ក្តិ​ ដែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​​មនុស្ស​ ១១៨​ នាក់​ ​​ដែល​ត្រូវ​បាន​តុលាការ​​ដាក់​បម្រាម​ធ្វើ​នយោបាយ​​បាន​ថ្លែង​ថា ប្រសិន​បើ​លោក ​​រង្ស៊ី មិន​ទទួល​ខុស​ត្រូវ​​ចំពោះ​ការ​ភ្នាល់​នេះ​ ​លោក​នឹង​ត្រូវ​គេ​ដាក់​ឈ្មោះ​ថា​ ជា​អ្នក​នយោបាយ​​គ្មាន​តម្លៃ។

លោក​​បាន​ចោទ​សួរ​​ថា​៖ «តើ សម រង្ស៊ី​ និង កឹម សុខា ជា​មនុស្ស​តែមួយ​ស្អីទៅ បើ​ការលះ​បង់​របស់ កឹម សុខា ត្រូវ​លោក សម រង្ស៊ី​ មើល​មិន​ឃើញ​ហើយ​ថែម​ទាំង​ជាន់​ចោ​ល​​ទៀតមិ​នឲ្យ​តម្លៃ​ស្មើការ​រត់​រប​ស់​លោក​ផង​ហ្នឹង! បើ​ថា​មនុ​ស្ស​តែមួយ ទាល់​តែអ្វីៗទាំង​អស់ ឲ្យ​តម្លៃ​ស្មើ​គ្នា»។

លោក ចាន់ ចេន មេ​ធាវី​ម្នាក់​ទៀត​​​ របស់​លោក សុខា ​ក៏​​មាន​ទស្សនៈ​ស្រដៀង​គ្នា​​ ដោយ​រិះ​គន់​លោក សម រង្ស៊ី ​ចំពោះ​ការភ្នាល់​នេះ​។ លោក​បាន​ថ្លែង​ថា លោក​មិន​គាំ​ទ្រ​​​ការ​​ផ្តួច​ផ្តើម​ឲ្យ​មាន​បញ្ហា​ម្តង​ហើយ​​ម្តង​ទៀត​ទេ​។ កម្ពុជា​ត្រូវ​តែ​រួប​រួម​គ្នា​ ស្វែង​រក​ដំណោះ​ស្រាយ ​​សម្រា​ប់​​ជាតិ​​និង​កសាង​​អនា​គត​សម្រា​ប់​​​មនុស្ស​ជំនាន់​ក្រោយ។

លោក​​ថ្លែងថា​៖ «​តាំង​ពី​ដំបូង​ យើង​​ជា​មេ​ធាវី​​​ មិន​គាំ​ទ្រ​ការ​ភ្នាល់​នេះ​ទេ។ ​កូន​ក្តី​របស់​ខ្ញុំ​ មិន​គួរ​​​ជា​កម្មវត្ថុ​នៃ​ការ​ភ្នាល់​គ្នា​ទេ​។ ទី១ ​ ​វា​ប៉ះ​ពាល់​​សេរី​ភាព​ និង​កិត្តិយស​របស់​គាត់។ កូន​ក្តី​របស់​ខ្ញុំ ​មិន​មែន​ជា​មាន់​​ ឬ​វត្ថុ​សម្រាប់​ភ្នាល់​ទេ»។

លោក​​បន្ថែម​ថា លើស​ពី​នេះ វា​ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​នីតិវិធី​របស់​តុលាការ​ផង​ដែរ​។

លោក​​បន្ត​ថា​៖ «​​ប្រសិន​បើ​គាត់​ចង់​ខ្ពស់យើង​​ឲ្យ​តម្លៃ​ ប៉ុន្តែ​គាត់​ មិន​​គួរ​ជាន់​ក្បាល​​អ្នក​ដទៃ​ ពន្លិច​ក្នុង​ភក់​​ និង​ធ្វើ​ឲ្យ​​ខ្លួន​ឯង​ខ្ពស់​ទេ​។ ​ប៉ុន្តែ​នៅ​ទី​បំផុត​ ​មិន​ទទួល​ខុស​ត្រូវ»។

អ្នក​វិភាគ​នយោបាយ​ លោក ឡៅ ម៉ុង​ហៃ​ ​ថ្លែង​ថា លោក សម រង្ស៊ី ​​​បរាជ័យ​មួយ​ទៀត​ហើយ ​​ក្នុង​ការ​គោរព​តាម​ការ​សន្យា​​របស់​គាត់។

លោក​​បន្ត​ថា​៖ «​​មាន​ការ​សង្ស័យ​តិច​តួច​​ ដែល​លោក កឹម សុខា មិន​សប្បាយ​ចិត្ត​​ ចំពោះ​ការ​ភ្នាល់​​អំពី​សេរី​ភាព​របស់​គាត់​។ ​ការ​ភ្នាល់​នេះ​ត្រូវ​បាន​រិះគន់​​ពី​ថ្ងៃ​ដែល​​នាយក​រដ្ឋ​មន្រ្តី​របស់​យើង​បាន​ចូលរួម»។

លោក គិន ភា ប្រធាន​​វិទ្យា​ស្ថាន​​ទំនាក់ទំនង​អន្តរ​​ជាតិ​ នៅ​​រាជ​បណ្ឌិត្យសភា​កម្ពុ​ជា​ បាន​ថ្លែង​ថា លោក រង្ស៊ី ​​មាន​ប្រវត្តិ​រត់​គេច​ពី​នីតិវិធី​តុលាការ​។ ប៉ុន្តែ​គាត់​តែង​តែ​មិន​គោរព​តាម​ការ​សន្យា​ត្រឡប់​មក​កម្ពុជា​វិញ។

លោក​​ថ្លែង​ថា​ មិន​មែន​តែ​មេ​ធាវី​របស់​លោក កឹម សុខា ទេ ​ដែល​ខក​​ចិត្ត​ ​ប៉ុន្តែ​​អ្នក​គំា​ទ្រ​មួយ​ចំនួន​របស់​លោក រង្ស៊ី ក៏​មាន​អារម្មណ៍​ដូច​គ្នា​ដែរ​។ ​ពួកគេ​តាម​គាត់​តាំង​ពី​ឆ្នាំ​ ១៩៩៥ ​ហើយ​អ្នក​ខ្លះ​ប្រឈម​នឹង​បញ្ហា​ ​ហើយ​នៅ​ទី​បំផុត​​ លោក​សម រង្ស៊ី ​បាន​ចាក​ចេញ​​ពី​ពួក​គេ​ដោយ​គេច​ខ្លួន​ទៅ​បរទេស។

លោក ភា ក៏​បាន​​ចោទ​ជា​សំណួរ​អំពី​លោក រង្ស៊ី​ យក​ជំហាន​ផ្សេង​គ្នា​ពី​អតី​ត​នាយក​រដ្ឋ​មន្រ្តី​ថៃ លោក ថាក់ស៊ីន​​ ស៊ីណា​វ៉ាត្រា​​ និង​ប្អូន​ស្រី យីង​​ឡាក់ ស៊ីណា​វ៉ាត្រា ​​ដែល​មិន​ដែល​អំពាវ​នាវ​ឲ្យ​សហគមន៍​​បរទេស​ដាក់​សម្ពាធ​លើ​ប្រទេស ថៃ។

លោក​​ថ្លែង​ថា៖ «​ប្រសិន​បើ​​យើង​និយាយ​អំពី​គ្រួសារ​ស៊ីណាវ៉ាត្រា ​​ទំាង​បង​ប្រុស​ និង​ប្អូន​ស្រី ​បាន​ឈ្នះ​ឆ្នោត​​ហើ​យ​យោធា​បាន​បំផ្លាញ​ពួក​គេ​ម្តង​​ហើយ​ម្តង​ទៀត។

ប៉ុន្តែ​ពួក​គេ​មិន​ដែល​អំពាវ​នាវ​ឲ្យ​អន្តរ​ជាតិ​​ដាក់​សម្ពាធ​លើ​ប្រទេស​របស់​ពួក​គេ​ទេ​​ហើយ​ពួក​គេ​មិន​​ដែ​ល​​​និយាយ​អាក្រក់​អំពី​ប្រទេស​របស់​ពួក​គេ​ដូច​លោក សម រង្ស៊ី​ ដែរ​។ ​ប្រតិកម្ម​របស់​​មេ​ធាវី​លោក កឹម សុខា ​ពិត​ណាស់ ស្រាល​»។

លោក​បាន​ថ្លែង​ថា​៖ «​ចំពោះ​មនុស្ស​ដូច​គាត់ ​ខ្ញុំ​មិន​ដឹង​យក​ពាក្យ​អ្វី​ស័ក្តិ​សម​នឹង​គាត់​​​ចំពោះ​អំពើ​របស់​គាត់»។

លោក ភា បន្ត​ថា ពាក្យ ​«​សម រង្ស៊ី និង​ កឹម សុខា ជា​មនុស្ស​តែ​មួយ​»​​​ ត្រូវ​បាន​ប្រើ​ដើម្បី​បិទ​បាំង​​ការ​បែក​បាក់​​​របស់​គណ​​បក្ស​សង្គ្រោះ​ជាតិ​ ​រវាង​ក្រុម​​លោ​ក កឹម សុខា និង​ក្រុម លោក សម រង្ស៊ី។

លោក​បាន​ថ្លែង​ថា​៖ «​កឹម សុខា និង​ សម រង្ស៊ី ជា​មនុស្ស​ផ្សេង​គ្នា​ ​​ហើយ​ពួក​គេ​មាន​យុទ្ធសាស្រ្ត​ផ្សេង​គ្នា​ ​និង​ទិសដៅ​ផ្សេង​គ្នា​»៕