ភ្នំពេញៈ ក្រុមមេធាវីការពារក្ដីលោក កឹម សុខា បានដាក់លិខិតទៅសាលាដំបូងរាជធានីភ្នំពេញជាលើកទី៣ កាលពីថ្ងៃទី ២២ មករា ដើម្បីស្នើសុំឱ្យតុលាការបន្តនីតិវិធីឡើងវិញ បន្ទាប់ពីសវនាការនេះត្រូវបានផ្អាកបណ្ដោះអាសន្នអស់រយៈពេលជិត ១ ឆ្នាំ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ ១៩។
សវនាការលើបទសន្ទិដ្ឋភាពជាមួយបរទេសដែលចោទប្រកាន់លើលោក កឹម សុខា ត្រូវបានផ្អាកតាំងពីខែមីនា ឆ្នាំ ២០២០ បន្ទាប់ពីបានចាប់ផ្ដើមបើកសវនាការកាលពីខែមករា ឆ្នាំ ២០២០។
បើតាមលិខិតរបស់ក្រុមមេធាវីទាំង ៤ រូប ការស្នើសុំបន្តជំនុំជម្រះនេះធ្វើឡើង ដោយសារតែស្ថានភាពកូវីដ ១៩ ត្រូវបានរាជរដ្ឋាភិបាលគ្រប់គ្រងបានទាំងស្រុង ហើយដើម្បីធានាដល់សិទ្ធិរបស់លោក កឹម សុខា ក្នុងការទទួលបានការជំនុំជម្រះក្ដីឆាប់រហ័ស និងយុត្តិធម៌។ ក្រុមមេធាវីបានស្នើសុំឱ្យតុលាការបន្តនីតិវិធីឡើងវិញឱ្យបានឆាប់បំផុត។
ក្រុមមេធាវីលោក កឹម សុខា កត់សម្គាល់ថា ករណីលោក កឹម សុខា ត្រូវបានសួរដេញដោលយ៉ាងច្រើនរួចមកហើយ។ ការដាក់កម្មវិធីបន្តសវនាការសំណុំរឿងចាស់នេះមិនគួរអូសបន្លាយទៀតទេ ព្រោះថា ក្រុមប្រឹក្សាជំនុំជម្រះ មេធាវី និងភាគីពាក់ព័ន្ធមានសមាសភាពរួចស្រេចហើយ។
ក្រុមមេធាវីសរសេរថា៖ «ការទុកសំណុំរឿងចាស់ចោលយូរហួសហេតុពេកដែលអង្គសវនាការបានធ្វើការដេញដោលយ៉ាងច្រើនរួចហើយនោះ មិនមែនជាជម្រើសល្អទេ និងគ្មានទម្លាប់រឿងក្ដីយកមកដេញដោលរួចទុកចោលយ៉ាងយូរនោះដែរ។ រឿងនេះគួរតែត្រូវបានដាក់កម្មវិធីជាប្រក្រតីដូចបណ្ដារឿងក្ដីផ្សេងទៀត ដែលតុលាការកំពុងដំណើរការកម្មវិធីសព្វថ្ងៃ»។
បើតាមក្រុមមេធាវីដដែលសំណុំរឿងលោក កឹម សុខា មានរយៈពេលជាង ៣ ឆ្នាំហើយ ដែលនេះជាពេលវេលាយូរហួសហេតុពេក។ ការទុករឿងដែលបានដេញដោលយូរ និងការអូសបន្លាយការជំនុំជម្រះមិនមានច្បាប់ និងនីតិវិធីសំអាងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិលោក កឹម សុខា។
ក្រុមមេធាវីថ្លែងថា៖ «សិទ្ធិទទួលបានការជំនុំជម្រះឆាប់រហ័ស និងយុត្តិធម៌គឺជាគោលការណ៍មូលដ្ឋាននៃសង្គមដ៏ត្រឹមត្រូវ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ការភាពអយុត្តិធម៌ដូចមានចែងក្នុងមាត្រា ១៤ នៃកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលចែងថា ជនគ្រប់រូបត្រូវបានជំនុំជម្រះដោយឥតពន្យារពេល»។
ភ្នំពេញប៉ុស្តិ៍មិនអាចសុំការបញ្ជាក់ពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ និងលោក តាំង ស៊ុនឡាយ ប្រធាន សាលាដំបូងរាជធានីភ្នំពេញពីការសម្រេចលើលិខិតស្នើសុំនេះទេ។
ប៉ុន្តែលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងថា មានតែតុលាការទេដែលអាចពន្យល់ពីការពន្យារពេលនេះបាន។ បើតាមលោកយល់តុលាការធ្លាប់បានពន្យល់រួចហើយថា សំណុំរឿងលោក កឹម សុខា មិនមែនជាសំណុំរឿងអាទិភាព ព្រោះជនជាប់ចោទនៅក្រៅឃុំ។ តុលាការផ្ដល់អាទិភាពដល់សំណុំរឿងដែលជនជាប់ចោទស្ថិតក្នុងឃុំដើម្បីកាត់បន្ថយចង្អៀតក្នុងពន្ធនាគារ។
លោកថ្លែងថា៖ «លោក កឹម សុខា នៅក្រៅឃុំ មានសេរីភាពក្នុងការជួបប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្រជាមួយសាច់ញាតិមិត្តភក្តិរបស់គាត់ដោយសេរី។
អ៊ីចឹងសំណុំរឿងលោក កឹម សុខា ប្រហែលមិនមែនជាអាទិភាពជាងសំណុំរឿងដែលនៅក្នុងឃុំនោះទេ។ តែនេះជាការសង្កេតរបស់ខ្ញុំទេ»៕
វីដេអូ៖