ភ្នំពេញៈ ក្រោយ​ពេល​លោក កឹម សុខា ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដោយ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​តឹងរ៉ឹង ក្រុម​មេធាវី​គ្រោង​ដាក់​ពាក្យ​ស្នើ​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សុំ​ការពន្យល់​អំពី​លក្ខខណ្ឌ​ដែល​តុលាការ​បាន​ដាក់ ខណៈ​ដែល​សមត្ថកិច្ច​បាន​ពង្រឹង​ការ​ការពារ​សន្តិសុខ​ហើយ​សាក្សី​ម្នាក់​ទៀត​ត្រូវ​បាន​សាកសួរ​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​បទ​ចោទ «​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​» ដែល​ចោទ​លើ​លោក កឹម សុខា​។

លោក កឹម សុខា ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ហើយ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ត្រពាំងផ្លុង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ១០ ខែ​កញ្ញា និង​ត្រូវ​បាន​គេ​ដឹក​មក​ដល់​គេហដ្ឋាន​របស់​លោក​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​នៅ​វេលា​ម៉ោង​ ៥ ​ព្រឹក​ក្នុង​ថ្ងៃ​ដដែល​នោះ បន្ទាប់ពី​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​អស់​រយៈពេល​ជាង​ ១ ​ឆ្នាំ​។

ការដោះលែង​លោក​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ដោយ​មាន​ភ្ជាប់​ជាមួយ​នូវ​លក្ខខណ្ឌ​តឹងរ៉ឹង​នេះ ត្រូវ​តុលាការ​បញ្ជាក់​ថា​ករណី​លោក កឹម សុខា មិន​អាច​អនុវត្ត​បាន​នោះ​ចៅក្រម​អាច​នឹង​សម្រេច​ឃុំ​ខ្លួន​លោក​ឡើង​វិញ​។

មេធាវី​ម្នាក់​ដែល​ការពារ​ក្តី​លោក កឹម សុខា គឺ​លោក ចាន់ ចេន បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​លោក​នឹង​សហមេធាវី​ផ្សេង​ទៀត​នឹង​ពិភាក្សា​គ្នា​ដើម្បី​ស្នើសុំ​ឲ្យ​ចៅក្រម​ស៊ើប​បញ្ជាក់​ឲ្យ​បាន​ច្បាស់ អំពី​លក្ខខណ្ឌ​ដែល​កូនក្តី​លោក​ត្រូវ​អនុវត្ត​ជាពិសេស​ករណី​ហាម​លោក កឹម សុខា មិន​ឲ្យ​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​មិន​បាន​បញ្ជាក់​ពី​កម្រិត​នៃ​ថ្នាក់ដឹកនាំ​។

លោក ចាន់ ចេន ថ្លែង​ថា​៖ «​ចំណុច​នេះ វា​ស្ថិត​នៅ​លើ​ការបកស្រាយ វា​ទូលាយ​។ ខ្ញុំ​មិន​ដឹង​ថា​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​នេះ​តើ​ថ្នាក់ដឹកនាំ​កម្រិត​ណា​? ថ្នាក់ដឹកនាំ​ថ្នាក់ជាតិ ឬ​ថ្នាក់ក្រោម​ជាតិ​យើង​អត់​ច្បាស់​។ ហើយ​ទី​ ២ ​ហ្នឹង​ថា តើ​ការជួប​នោះ​គឺ​ជួប​តាម​ទូរស័ព្ទ ឬ​ជួប​ផ្ទាល់​ចៅក្រម​អត់​បាន​សរសេរ​ច្បាស់​ទេ​។ ឆាប់ៗ​ហ្នឹង យើង​នឹង​ដាក់​លិខិត​ដើម្បី​សុំ​ការ​បកស្រាយ​ពី​សំណាក់​ចៅក្រម សុំ​ឲ្យ​គាត់​បញ្ជាក់​ឲ្យ​ច្បាស់​»​។

ពាក់ព័ន្ធ​នឹង​ការដោះលែង​លោក កឹម សុខា ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាន្ន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ថ្លែង​នៅ​ចំពោះ​មុខ​និស្សិត​កម្ពុជា​ជាង​ ២០០ ​នាក់​នៅ​ខេត្ត​ក្វាងស៊ី ប្រទេស​ចិន​ថា​ការដោះលែង​លោក​ កឹម សុខា ដោយសារ​មូលហេតុ​សុខភាព​។ លោក​បាន​ឲ្យ​ដឹង​ដែរ​ថា​លោក កឹម សុខា​បាន​ស្នើ​សុំ​ការការពារ​សន្តិសុខ​ពី​អគ្គស្នងការ​នគរបាល​ជាតិ​។ នេះ​បើ​តាម​ការចុះ​ផ្សាយ​របស់ ហ្វ្រេសញូវ​។

លោក​មេធាវី​ ចាន់ ចេន ថ្លែង​ថា​នាពេល​នេះ​សន្តិសុខ​សម្រាប់​លោក កឹម សុខា មាន​លក្ខណៈ​ធម្មតា​នៅ​ផ្ទះ​របស់​គាត់ ដោយ​មិន​មាន​អ្វី​ចម្លែក​គួរ​ឲ្យ​បារម្ភ​ទេ​។ លោក​ថ្លែង​ថា​៖ «​គាត់​ស្ថិត​នៅ​ក្នុង​ផ្ទះ​ដូច​មុន​ពេល​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​»​។

លោក សុង លី ស្នងការរង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា​សន្តិសុខ​សម្រាប់​លោក កឹម សុខា ត្រូវ​បាន​រៀបចំ​ដោយ​អាជ្ញាធរ​មូលដ្ឋាន គឺ​ដោយ​អាជ្ញាធរ​ខណ្ឌ​ទួលគោក​។ លោក​ថ្លែង​ថា​៖ «​ខាង​អាជ្ញាធរ​គាត់​រៀបចំ​ទទួល​ខុសត្រូវ​លើ​បញ្ហា​សន្តិសុខ​សម្រាប់​គាត់​ខាង​ទួលគោក​គេ​រៀបចំ​ឲ្យ​ហើយ​។ អត់​មាន​អ្នកណា​នៅផ្ទះ​គាត់​ផង គ្រាន់​តែ​យើង​រៀបចំ​កម្លាំង​ការពារ​ពី​ខាង​ក្រៅ​។ ខាង​អាជ្ញាធរ​គេ​អ្នក​ទទួល​ហើយ យើង​មាន​កិច្ចការពារ​អី​...»​។

ចំណែក លោក ឯក ឃុនឌឿន អភិបាលខណ្ឌ​ទួលគោក​ថ្លែង​ថា​ការការពារ​សន្តិសុខ​គឺជា​កិច្ចការ​របស់​អធិការ​ខណ្ឌ​។ លោក​បញ្ជាក់​ថា​សមត្ថកិច្ច​បាន​ចុះ​ទៅ​ទី​នោះ​ហើយ ដើម្បី​សម្រួល​ចរាចរណ៍​។ លោក​បាន​ថ្លែង​ថា​សមត្ថកិច្ច​ក៏​មាន​ផែនការ​ការពារ​សន្តិសុខ​ដែរ ប៉ុន្តែ​មិន​អាច​ប្រាប់​សារព័ត៌មាន​បាន​ទេ​។

លោក​បញ្ជាក់​ថា​៖ «​ផែនការ​ការពារ​ខាង​ខណ្ឌ​សហការ​ជាមួយ​កម្លាំង​ស្នងការ​រាជធានី​រៀបចំ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ឲ្យ​បាន​ល្អ​ប្រសើរ​»​។ លោក​បន្ត​ថា​៖ «​អាជ្ញាធរ​បាន​ចុះ​ទៅ​សម្រួល​ឲ្យ​ស្អាត​កុំ​ឲ្យ​ស្ទះ​រញ៉េរញ៉ៃ​។ បើ​អ្នក​ណា​គេ​ឆ្លៀត​ឱកាស​ធ្វើ​អី​ទៅ មិន​ងាប់​ហើយ​»​។

នៅពេល​សួរ​ថា តើ​មាន​កម្លាំង​ការពារ​នៅ​ពេល​យប់​ដែរ​ឬ​ទេ​? លោក​ថ្លែង​ថា​៖ «​គេ​មាន​ហើយ មិនបាច់​រាយការណ៍​ទៅ​សារព័ត៌មាន​ធ្វើ​អី​?»​។

លោក មាស នី អ្នកវិភាគ​នយោបាយ​ថ្លែង​ថា លិខិត​សុំ​ការពារ​សន្តិសុខ​របស់​លោក កឹម សុខា គឺ​មាន​តែ​លោក កឹម សុខា ម្នាក់​ប៉ុណ្ណោះ​ដែល​ដឹង​ពី​លិខិត​នោះ​ច្បាស់​។ ទោះ​យ៉ាង​ណា​លោក​ថា មាន​ទិដ្ឋភាព​ ២ ​យ៉ាង​គឺ​ទី​ ១ លោក កឹម សុខា ដែល​ជា​បុគ្គល​សំខាន់ ពិតជា​ត្រូវការ​ការពារ​ផ្នែក​សន្តិសុខ​។ ចំពោះ​ចំណុច​មួយ​ទៀត​លោក​ថ្លែង​ថា​លោក​មិន​ច្បាស់​ទេ​ដោយសារ​តែ​លោក​មិន​ដឹង​ពី​របៀប​ការពារ​សន្តិសុខ​នៅ​កម្ពុជា​។

លោក​និយាយ​ថា​៖ «​និយាយ​ឲ្យ​ត្រង់​ទៅ ខ្ញុំ​មិន​ដឹង​ពី​របៀប​ធ្វើការ​នៅ​ស្រុក​យើង​ទេ ខ្ញុំ​មិន​ហ៊ាន​និយាយ​ទេ​។ ប៉ុន្តែ​នៅ​ប្រទេស​អាហ្វ្រិក​ដូច​នៅ​អ៊ុយហ្គង់ដា បញ្ហា​បែប​នេះ​មិនមែន​ជា​ការស្នើសុំ​ពី​សាមីខ្លួន​ទេ វា​ជា​តម្រូវការ​មួយ​ដែល​ខាង​មន្ត្រី​រដ្ឋាភិបាល​គេ​ដាក់​អ៊ីចឹង​ទៅ ដើម្បី​ដល់​ពេល​គេ​ដាក់​ប៉ូលិស​មក​យាម គឺ​វា​អត់​មាន​ន័យ​ថា​គេ​អត់​ឃុំ​យើង​នៅក្នុង​ផ្ទះ​ទេ ហើយ​ពេល​យើង​ទៅ​ណា​មាន​គេ​តាម​យាម​យើង ក៏​មិន​មាន​ន័យ​ថា គេ​តាម​ឃ្លាំមើល​យើង​ដែរ គឺ​យើង​ទេ​ជា​អ្នក​សុំ​គេ​ដើម្បី​ការពារ​។ នេះ​ជា​ឧទាហរណ៍​ដែល​ខ្ញុំ​ឃើញ​នៅ​ប្រទេស​ដទៃ​សម្រាប់​ស្រុក​យើង​ខ្ញុំ​អត់​ដឹង​ទេ​»​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​សាក្សី​ម្នាក់​ទៀត​គឺ​អ្នកស្រី ស ស៊ន ដែល​ជា​សកម្មជន​ដីធ្លី​នៅ​តំបន់​បុរីកីឡា​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ជជីក​សួរ​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ «​ក្បត់ជាតិ​» ​ដែល​ចោទ​លើ​លោក កឹម សុខា​។

អ្នកស្រី​បាន​ថ្លែង​ប្រាប់​កាលពី​ថ្ងៃ​ម្សិលមិញ បន្ទាប់ពី​ចេញពី​តុលាការ​ថា តុលាការ​បាន​សាកសួរ​អ្នកស្រី​អស់​រយៈពេល​ជាង ២ ​ម៉ោង​ដោយ​សាកសួរ​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» ដើម្បី​ទាមទារ​ដោះលែង​មន្ត្រី​សមាគម​អាដហុក​ ៤ ​រូប និង​ថា​តើ​អ្នកស្រី​មាន​តំណែង​អ្វី​នៅ​ក្នុង​អតីត​គណបក្ស​សង្គ្រោះជាតិ​។

អ្នកស្រី​ថ្លែង​ថា​៖ «​គេ​សួរ​ខ្ញុំ​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​បាន​ផ្តើម​គំនិត​រឿង​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ឬ​អត់​? ខ្ញុំ​ប្រាប់​ថា​ខ្ញុំ​មិនមែន​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ដោយសារ​តែ​ការអំពាវនាវ​របស់​សង្គ្រោះជាតិ​ទេ​គឺ​យើង​​ធ្វើ​ដោយ​ការផ្តើម​គំនិត​ពី​សហគមន៍​។ ប៉ុន្តែ​ពួកគាត់​ថា គាត់​អត់​ជឿ​»​។

អ្នកស្រី​បាន​បន្ត​ថា​៖ «​ពួកគាត់​ (​តុលាការ​) ​និយាយ​ថា​យុទ្ធនាការ​ហ្នឹង​មិនមែន​ផ្ដើម​គំនិត​ដោយ​ខ្ញុំ​ទេ ប៉ុន្តែ​មាន​ការ​ផ្តល់​គំនិត​ពី​អាមេរិក និង​អង្គការ​ធំៗ​។ គេ​សួរ​ថា​ហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​ធ្វើ​នៅ​ថ្ងៃ​អង្គារ ឬ​ថ្ងៃ​ពុធ​ព្រហស្បតិ៍ សុក្រ សៅរ៍​ទៅ ម៉េច​ក៏​ធ្វើ​ថ្ងៃ​ចន្ទ​។ គេ​សួរ​ខ្ញុំ​ថា ខ្ញុំ​មាន​តួនាទី​អី​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ខ្ញុំ​ថា ខ្ញុំ​អត់​មាន​តួនាទី​អី​ទេ ខ្ញុំ​ជា​អ្នក​គាំទ្រ​ធម្មតា​»៕