ភ្នំពេញៈ ក្រុម​យុវជន​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​នៅ​តែ​អះអាង​ថា នឹ​ង​ទៅ​ដាក់​កម្រង​ផ្កានៅ​ស្ថា​នី​យប្រេង​ឥន្ធនៈ កាល់​តិច​ជិត​ស្ដុប​បូក​គោ​រាជធា​នី​ភ្នំពេ​ញ​នាថ្ងៃ​ខួប​គម្រប់​ ៣ ឆ្នាំ​​ នៃ​ឃាតកម្ម លោក ​កែម ឡី ថ្ងៃ​ទី​​ ១០ ខែ ក​ក្កដា​ ខាង​មុខ បើទោះ​​បី​មាន​បម្រាម​ពី​សា​លារាជ​ធានី​ភ្នំពេញ​ក៏ដោយ​។ នេះ​បើតា​ម​លោក មួង សូនី ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​កាល​ពី​ម្សិលមិញ។

លោក​ មួង សូនី បាន​ថ្លែងថា ​ការ​ទៅ​ដាក់​កម្រង​ផ្កានៅកន្លែង​គេ​ធ្វើ​ឃាត លោក ​កែម ឡី នេះ​គឺ​ដើម្បី​រំឭក​ខួប​គម្រប់​៣ឆ្នាំ​នេះ​ មិន​​ធ្វើឲ្យ​ប៉ះពាល់​សណ្ដាប់​ធ្នាប់​សា​ធារ​ណៈ បំផ្លាញ​អ្នក​នេះ​ បំផ្លាញ​អ្នក​នោះ ​ទេ។

លោក​ប​ន្តថា​៖ «វា​ធម្មតា​មែនទែន​ ហើយ​គ្នា​យើង​ដែល​គ្រោង​ទៅ​ចូលរួម​ដាក់​កម្រង​ផ្កា​នេះមានមិនច្រើន​ទេ តែ​ ៣-៤ នាក់​ប៉ុណ្ណោះ ហើយ​ប្រើ​ពេល​តែ​ ១៥​ នាទីប៉ុណ្ណោះ។ អ៊ីចឹង​ពួកខ្ញុំ​គឺ​នៅតែទៅ ហើយ​ពេល​ចេញ​ពី​ដាក់​កម្រង​ផ្កា​ យើង​នឹង​បន្ដ​ទៅ​ធ្វើ​បុណ្យ​ជូន​លោក​គ្រូ កែម ឡី នៅ​ស្រុក​កំណើត​ ដោយ​និមន្ត​ព្រះសង្ឃ​ ៦ អង្គ»។

ជុំវិញ​ការ​បដិសេធ​ពីសាលារាជ​ធានីភ្នំ​ពេញ​មិន​ឲ្យ​​​ជួប​ជុំ​គ្នានេះ​ លោ​ក មួង សូនី បានអះអាង​ថា​ ខា​ងអាជ្ញា​ធ​រលើកហេតុ​ផល​ថា ជា​កន្លែង​សាធារ​ណៈ​ឯក​ជន​ដែលនេះ​​ជា​រឿង​មិន​សម​ហេតុផល។

លោក​​ថា៖ «​បើ​ហ្គារ៉ាស់សាំង​នោះ ​ជា​កន្លែង​សា​ធារ​ណៈឯកជ​ន ​សាលា​រាជ​ធានី​ភ្នំពេញ​មិន​គួរ​មាន​សិទ្ធិ​សម្រេច ឬមិន​សម្រេច​ទេ។ ព្រោះ​កន្លែង​នេះ​ ជា​កន្លែង​ឯកជន​ សាលា​រាជធានី​ភ្នំពេញ​គួរ​តែ​និយាយ​ថា ឲ្យ​ពួក​យើង​ទៅ​​សុំ​ម្ចាស់​ហ្គារ៉ាស់​​សាំង​នោះ​ដោយ​ខ្លួន​ឯង​ វា​សម​ហេតុ​ផល​ជាង​។ប៉ុន្ដែ​បើ​ប្រើ​ភាសាមិ​ន​អនុញ្ញាត​ទៅ​ហើយ​នោះ វា​មិន​ស៊ី​គ្នា​ជា​មួយ​ហេតុផល​ដែល​គាត់​លើក​ឡើង​ទេ»។

កាលពី​ថ្ងៃទី ១ ខែ កក្កដា​ សមាគម​មួយនេះ បាន​ដាក់​លិខិតមួយ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ដោយ​ស្នើសុំ​ជួបជុំគ្នា​ចំនួន ១០ នាក់​ ដើម្បី​​ដាក់​កម្រងផ្កា​ជូនវិញ្ញាណក្ខន្ធ​លោក​ កែម​ ឡី​ នៅស្ថានីយប្រេងឥន្ធនៈ​កាល់​តិច ​​នៅ​ថ្ងៃទី ១០ ខែ កក្កដា​ ឆ្នាំ ២០១៩ នាវេលា​ម៉ោង ៩ ព្រឹក​ នឹង​បញ្ចប់​វិញ​នៅ​ម៉ោង ១១​ ព្រឹក។

ប៉ុន្តែ​៣​ថ្ងៃក្រោ​យមក គឺនៅ​ថ្ងៃទី​ ៤ ខែ​ កក្កដា​ សា​លា​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​លិខិត​បដិសេធ​ដោយ​លើក​ហេតុ​ផល​ថា​ ទីតាំង​នោះ​ ស្ថិត​ក្រោម​កា​រគ្រប់​គ្រង​របស់​ឯកជន​។ ប៉ុន្ដែ​បាន​​តម្រូវ​ឲ្យ​​ក្រុម​យុវជ​នទៅ​​ធ្វើ​ពិធី​នេះ​នៅផ្ទះ​គ្រួសារ​សព​ឬនៅ​ស្នាក់​ការ​របស់​ខ្លួន​វិញ។

ក្រៅ​ពី​លិខិត​បដិ​សេធនេះ លោក​ ម៉េត មាស​ភក្ដី ​អ្នក​នាំពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ ​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិល​មិញ​ថា៖ «​ក្នុង​ការ​ធ្វើ​ពិធី​សាសនា​ក្នុង​ន័យសម្រាប់​រំ​ឭក​ឬ​ក្នុង​ន័យ​សម្រាប់​ឧទ្ទិសអី​​ផ្សេងៗយើង​មាន​ទីតាំង​វត្ដ​អារាម​សម្រាប់​ធ្វើ​ពិធី​ទាំង​នេះ»។

តាម​លិខិត​បដិ​សេធ​របស់​សាលា​​រាជ​ធានី​ភ្នំពេញ​​បញ្ជាក់​ថា៖​ «ក្នុង​ករណី​មាន​ការ​ជួប​ជុំ​រៀប​ចំ​ពិធី​ នៅ​ទី​តាំង​​ខាង​លើ ឬតាម​ដង​ផ្លូវ​សា​ធា​រណៈ​ដែល​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ សុវត្ថិ​ភាព ​សណ្ដាប់​ធ្នាប់ ​និង​របៀប​រៀប​រយ​សាធា​រណៈ​ ឬ​ធ្វើ​សកម្ម​ភាព​ខុស​ពី​គោល បំណង​នៃ​ការ​ប្រារព្ធ​ពីធី​ខាង​លើនោះ​លោក​ប្រធាន (សមា​គម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ) ​ត្រូវ​​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន»។

អ្នក​វិភាគ​នយោ​បាយ​ និង​សង្គម​ លោក ​​ឡៅ ម៉ុងហៃ កាល​ពីម្សិ​លមិ​ញបាន​បដិ​សេធ​បកស្រាយ​ពីប​ម្រាម​រប​ស់​សាលា​រា​ជធា​នី​ភ្នំ​ពេ​ញ​ ប៉ុន្ដែ​លោក​បាន​ប្រាប់​ថា លោកនឹង​ទៅ​ចូលរួម​ប្រា​រព្ធ​ខួប​នេះ ដោ​យ​​មាន​ការ​ធ្វើ​កែវ​អនុស្សាវរី​យ៍​ដែលមានភ្ជាប់​ជា​មួយ​រូប​ថត​លោក កែម ឡី សម្រាប់​ប្រារព្ធ​ខួប​នេះ​ផងដែរ។

លោក​បន្តថា​៖ «ខ្ញុំ​ផ្ទាល់​ បាន​ធ្វើ​កែវ​អនុស្សា​វរីយ៍​ លោប​ណ្ឌិត​ កែម​ ឡី ​នៅ​បុណ្យ​ខួប​នេះ។​ កែវ​នេះ​ ដាក់​លក់​ដើម្បី​យក​លុយ​ទៅ​ចូល​បុណ្យ ​កែវ​ ១​ តម្លៃ​ ៦ ​ដុល្លារ​ ដោយ​មាន​រូប​លោក​បណ្ឌិត​ កែម ​ឡី​ ភ្ជាប់​ជាមួយ​។​ ខ្ញុំ​នឹង​ទៅ​ចូល​រួម​បុណ្យ​ខួប​ជា​មួយ​ក្រុម​ញាតិ​​គាត់​នៅ​ស្រុក​កំណើត​លោក កែម ឡី នៅ​ថ្ងៃ​រសៀល​ទី ​១០​ ខែ​ កក្កដា​។​ ខ្ញុំ​គ្រោង​និយាយ​ផ្ទាល់​បង្ហោះ​តាម​ហ្វេស​ប៊ុក​អំពី​គុណ​សម្ប​ត្តិ​របស់​លោក​ បណ្ឌិត​ កែម​ ឡី ​ទំនាក់​ទំនង​រវាង​គាត់​ជាមួយខ្ញុំ ​និង​ដំណើរ​ការ​រក​យុត្តិធម៌​ជូន​គាត់»។

គួរ​បញ្ជាក់​ថា លោក​ កែម​ ឡី ​ត្រូវ​បានខ្មាន់​កាំភ្លើង​បាញ់សម្លាប់​នៅហាង​​ស្តា​ម៉ាត​ក្នុង​ស្ថានីយប្រេង​ឥន្ធនៈ​កាល់​តិច​ជិតស្តុ​បបូ​កគោ កាល​ថ្ងៃទី ១០​ ខែ ​កក្កដា​ ឆ្នាំ ២០១៦​។ ​ក្រោយ​មាន​ឃាត​កម្ម​នេះ ​បុរស​ម្នាក់​ ឈ្មោះ អឿត​ អាង​ ហៅ​ ​«ជួប​សម្លាប់​»​ ត្រូវ​បាន​ចាប់​ខ្លួន ហើយ ក្រោយមក ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១ ជីវិត៕