ភ្នំពេញៈ ក្រុមយុវជន​សំរាម​បាន​កែច្នៃ​ដើម​រុក្ខជាតិ​មួយ​ចំនួន​រួមមាន ដើម​បបុស និង​ដើម​ត្រែង​ជាដើម​យក​មក​ធ្វើជា​ទុយោ​បឺត​សម្រាប់​ប្រើប្រាស់ និង​លក់​ក្នុង​​តម្លៃថោក​ ដើម្បី​ជំនួស​ឲ្យ​ការប្រើ​ទុយោប្លាស្ទិក​ដែល​កំពុង​បំពុល​បរិស្ថាន​កាន់តែ​ខ្លាំង​។

ដើម​រុក្ខជាតិ​ជាច្រើន​ប្រភេទ​ដូចជា ដើម​ត្រែង ដើម​ឫស្សី ដើម​បបុស និង​ស្មៅ​ជាដើម​ត្រូវ​បាន​កែច្នៃ​ជា​ទុយោបឺត​ជំនួស​ទុយោប្លាស្ទិក​ដែល​វិធីសាស្ត្រ​នេះ​ត្រូវ​បាន​ប្រទេស​ក្នុង​តំបន់ ដូចជា ថៃ និង​វៀតណាម​បាន​កែច្នៃ ខណៈ​អង្គការ​ដែល​ធ្វើការ​លើ​បរិស្ថាន​បាន​ព្រមាន​ពី​វត្តមាន​ទុយោប្លាស្ទិក​ដ៏ច្រើន​លើសលប់​លើ​ភពផែនដី​។ នេះ​បើ​តាម​លោក សាន តារាវិត ស្ថាបនិក​យុវជន​សំរាម​។

លោក សាន តារាវិត បាន​​ថ្លែងថា​៖ «​គេ​ហាមប្រាម​ច្រើន​ទាក់ទង​នឹង​ការប្រើ​ទុយោប្លាស្ទិក ដែល​ប្រើ​តែម្តង​បោះចោល​ហ្នឹង​​ហើយ​ឃើញ​មាន​ច្រើន​មែនទែន​ក្នុង​ធុងសំរាម​នានា ហើយ​មាន​មន្ត្រី​អង្គការ​ម្នាក់​បាន​និយាយថា បន្ដិច​ទៀត​គេ​លែង​ឲ្យ​ផលិត​ទុយោប្លាស្ទិក​ហ្នឹងហើយ​។ អ៊ីចឹង​ខ្ញុំ​ក៏​នាំគ្នា​គិតថា តើ​ក្រុម​យើង គួរតែ​រក​ផលិតផល​អ្វីដែល​អាច​បឺត​បាន​ដើម្បី​ជំនួស​ឲ្យ​ការប្រើប្រាស់​ប្លាស្ទិក​នេះ​»​។

ទន្ទឹមនឹងនេះ​លោក តារាវិត ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ងាក​មក​ប្រើ​​ទុយោបឺត​ច្នៃ​ពី​ធម្មជាតិ​វិញ​ដើម្បី​​ចូលរួម​ថែរក្សា​បរិស្ថាន ខណៈ​​វា​មិន​ប៉ះពាល់​សុខភាព​។

លោក​ថា​៖ «​យើង​ធ្វើ​វា​ពី​ដើម​បបុស​ដែល​ដុះ​គ្រប់​ទីកន្លែង ហើយ​យើង​អត់​ទិញ​នោះ​ទេ គឺ​គ្នា​យើង​ទៅ​កាប់​យក​មក​តាម​ដី​គេ​ទុកចោល​គឺ​វា​ដុះ​ពេញ​ហ្នឹង ជាពិសេស​នៅ​តាម​ច្រាំងទន្លេ​។ យើង​ចាក់​ថ្នាំង​វា​ឲ្យ​ដាច់​មក​ធ្វើ​បាន​ហើយ ដែល​ក្នុង​ ១ ​ដើម​វែង​បើ​បូក​ទាំង​ធំ​ទាំង​តូច យើង​ធ្វើ​បាន​ទុយោ​បឺត​ ១០ ​ដើម​»​។

បើ​តាម​លោក សាន តារាវិត ក្នុង​​ ១ ​ខែ​ក្រុមយុវជន​សំរាម​អាច​ផលិត​ទុយោ​បឺត​ប្រភេទ​នេះ​​បាន​ជិត​ ១ ​ម៉ឺន​ដើម ដើម្បី​លក់​ចែកចាយ និង​ប្រើ​ក្នុង​ហាង​កាហ្វេ​របស់​ខ្លួន​។ លោក​ថា​ការច្នៃប្រឌិត​នេះ​ក៏បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ក្រីក្រ​ដែល​ចូលរួម​ផលិត​ដើម្បី​រក​កម្រៃ​ផង​ដែរ​។

កញ្ញា ចក់ ឧស្សា សមាជិក​ក្រុមយុវជន​សំរាម​បាន​ប្រាប់​ពី​​វិធី​ច្នៃ​ដើម​បបុស​ ឬ​ដើម​ត្រែង​ធ្វើ​ជា​ទុយោ​បឺត​ថា ដំបូង​យើង​យក​ដើម​ទាំង​នោះមក​បកសម្បក និង​សម្អាត​ថ្នាំង​ឲ្យ​ស្អាត រួច​កាត់​វា​ជា​កំណាត់ៗ​តាម​ប្រវែង​ដែល​ចង់បាន​។ ​បន្ទាប់មក​ត្រូវ​ទម្លុះ​ថ្នាំង​ខាងក្នុង​ឲ្យ​ស្អាត និង​ខាត់​ឲ្យ​រលោង​រួច​ដាក់​វា​ក្នុង​ម៉ាស៊ីន​សម្លាប់​មេរោគ​ជា​ការស្រេច​។

កញ្ញា​ ឧស្សា បាន​បញ្ជាក់ថា​៖ «​ក្នុង​ការកែច្នៃ​ទាំងនេះ​គឺ​យើង​​មិន​ប្រើប្រាស់​ថ្នាំ​គីមី​ទេ​គឺ​យើង​ព្យាយាម​ធ្វើ​តាម​បែប​ធម្មជាតិ​ដែល​ក្នុងន័យ​មិន​ធ្វើឲ្យ​ប៉ះពាល់​​ដល់​សុខភាព និង​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​»​។

លោក តាំង សុខឡេង ម្ចាស់​ភោជនីយដ្ឋាន​មួយកន្លែង​នៅ​ខេត្ត​កំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា នៅ​ហាង​លោក​មានប្រើ​ទុយោ​បឺត​ប្រភេទ​នេះ ដោយ​ភ្ញៀវ​បរទេស​ភាគច្រើន​បាន​សាទរ ខណៈ​ការប្រើ​ងាយស្រួល​ជាង​ទុយោ​ប្លាស្ទិក និង​អាច​ប្រើ​ឡើងវិញ​បាន​។

លោក សុខឡេង លើក​ពី​មូលហេតុ​ថា​៖ «​ដោយសារ​ខ្ញុំ​ចូលរួម​លើកស្ទួយ​ការមិន​ប្រើ​ប្លាស្ទិក​។ មួយវិញ​ទៀត​ដោយ​ខ្ញុំ​ធ្វើការ​ជាមួយ​បរទេស​ដែល​កំពុង​ចូលរួម​សម្អាត​ (​គ្មាន​ប្លាស្ទិក​) ​ដូច​​គ្នា ដោយ​ចង់​ឲ្យ​ខេត្តកំពត​នេះ ប្រើ​អ្វីៗ​មិន​ពាក់ព័ន្ធ​ប្លាស្ទិក​»​។

បើតាម​ម្ចាស់​ភោជនីយដ្ឋាន​​ និង​បារ៍​រូបនេះ​ក្នុង​ ១ ​ខែ​ហាង​របស់​លោក​ប្រើ​ទុយោ​បឺត​ធ្វើ​ពី​រុក្ខជាតិ​ប្រមាណ​ ១ ​ពាន់​ដើម​ក្នុងតម្លៃ​ប្រមាណ​ ២៥ ​ដុល្លារ​។ ប៉ុន្តែ​លោក​រំពឹងថា ការប្រើ​ទុយោបឺត​ប្រភេទ​នេះ​នៅ​ហាង​របស់​លោក​អាច​កើនឡើង ហើយ​ការមិន​ប្រើ​ទុយោបឺត​ប្លាស្ទិក​គឺអាច​ធ្វើទៅ​បាន​។

លោកស្រី តាន រស្មី ប្រធាន​ក្រុម​ស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា​អាហារ និង​អាហារូបត្ថម្ភ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោកស្រី​សាទរ​ចំពោះ​គំនិត​ច្នៃប្រឌិត​នេះ​ដែលជា​ការចូលរួម​កាត់បន្ថយ​ការប្រើ​ប្លាស្ទិក​ព្រោះ​ជាទូទៅ​សំណល់​ប្លាស្ទិក គឺជា​សារធាតុ​មិន​ងាយ​រលាយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​បរិស្ថាន​ខ្លាំង​។

លោកស្រី​បន្តថា​៖ «​ប៉ុន្តែ​យើង​ត្រូវ​ឲ្យ​ច្បាស់​ថា រុក្ខជាតិ​ដែល​យើង​យកមកប្រើ​ហ្នឹង គេ​បាន​សិក្សា​ច្បាស់​។ សម្រាប់​ខ្ញុំ ខ្ញុំ​មិន​ដែល​បាន​សិក្សា​នោះទេ ធ្លាប់តែ​ឮ​ព័ត៌មាន​ពី​ប្រទេសជិតខាង​ដែរ​។ ​ដូច្នេះ​តើ​យើង​បាន​ពិនិត្យ​គុណភាព​រូប​គីមី​ហ្នឹង​យ៉ាងណា​?»​។

យ៉ាងណាក្ដី​លោកស្រី​លើក​ទឹកចិត្ត​ឲ្យ​ទាំងអស់គ្នា​ចូលរួម​កែច្នៃ​នូវ​ឧបករណ៍​ទាំងនេះ​ឲ្យ​បាន​ច្រើន​ដោយ​សិក្សា​ស្រាវជ្រាវ​ឲ្យ​ច្បាស់​ថា វត្ថុធាតុដើម​ទាំងនោះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកប្រើប្រាស់​ក្នុង​រយៈពេល​វែង និង​ខ្លី​៕