អត្ថបទវិភាគ
ផ្ទៃក្នុងគណបក្សប្រជាជន និងអ្នកវិភាគបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា «មហាសន្និបាតវិសាមញ្ញ»របស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចនៅចុងសប្តាហ៍នេះ នឹងមើលឃើញអ្នកដឹកនាំជំនាន់ថ្មីចូលកាន់តួនាទីក្នុងស្ថាប័នមជ្ឈិមដែលធ្វើសេចក្តីសម្រេច ខណៈដែលគណបក្សត្រៀមសម្រាប់ការបោះឆ្នោតក្នុងរយៈពេល ៣ ឆ្នាំទៀត។
ប្រភពដែលស្និទ្ធនឹងគណបក្សលើកឡើងថា សមាជិកយុវជនរហូតដល់ទៅ ១០០ នាក់ រួមទាំងកូនរបស់ឥស្សរជនថ្នាក់កំពូលរបស់គណបក្សអាចត្រូវបានបោះឆ្នោតជាសមាជិកក្នុងគណៈកម្មាធិការកណ្តាលគណបក្សដែលមានសមាជិកចំនួនជាង ២៥០ នាក់ ហើយដែលរចនាសម្ព័ន្ធនេះមានឫសគល់ពីទ្រឹស្តីម៉ាក ឡេនីន។
ចុងក្រោយគឺគណបក្សបានពង្រីកគណៈកម្មាធិការកណ្តាលបក្សក្នុងឆ្នាំ ២០០៥ ដោយបានតែងតាំងសមាជិកថ្មី ១២១ រូប ដែលភាគច្រើនស្មោះស្ម័គ្រនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលធ្វើឲ្យចំនួនសមាជិកសរុបឡើងដល់ ២៦៨ នាក់។
សមាជនេះគឺជាសមាជលើកទី១ ដែលបានរៀបចំឡើងចាប់តាំងពីការបោះឆ្នោតថ្នាក់ជាតិខែកក្កដា ឆ្នាំ ២០១៣ ដែលក្នុងការបោះឆ្នោតនេះ គណបក្សប្រជាជនបានបាត់បង់អាសនៈចំនួន ២២ ពីក្នុងរដ្ឋសភាដែលមាន ១២៣ អាសនៈ ហើយបានប្រឈមនឹងបាតុកម្មតាមផ្លូវជំទាស់នឹងភាពស្របច្បាប់នៃការកាន់អំណាចច្រើនទសវត្សរ៍របស់លោក ហ៊ុន សែន។
តាមប្រភពពីក្នុងគណបក្ស និងកម្មវិធីដែលភ្នំពេញ ប៉ុស្តិ៍ បានទទួលឲ្យដឹងថា របៀបរក្សាភាពស្មោះស្ម័គ្រនឹងគណបក្សនិងវិន័យចំពោះមុខក្រុមប្រឆាំងដែលកំពុងរីកធំ ដើរទន្ទឹមនឹងការកែទម្រង់ដែលចាំបាច់និងការកំណត់គោលនយោបាយឡើងវិញ ដើម្បីដណ្តើមសំឡេងដែលបានបាត់បង់នឹងក្លាយជាចំណុចអាទិភាពលើរបៀបវារៈក្នុងកិច្ចប្រជុំ ៣ ថ្ងៃ ដែលនឹងចាប់ផ្តើមពីថ្ងៃសុក្រទៅ។
សមាជិកគណៈកម្មាធិការកណ្តាល ១រូបសុំមិនបញ្ចេញឈ្មោះបានបង្ហើបថា៖ «មហាសន្និបាត គួររៀបចំនៅដើមឆ្នាំ ២០១៦ ទេ... [ប៉ុន្តែ]ពេលនេះយើងបានកោះប្រជុំសមាជិកមុនកំណត់ ព្រោះយើងចង់ផ្តោតលើការកែទម្រង់»។
លោកបន្តថា៖ «យើងត្រូវទទួលយកមេរៀនពីការបោះឆ្នោតឆ្នាំ ២០១៣»។ លោកថា អ្វីដែលកើតឡើងមុនការបោះឆ្នោតលើកក្រោយនឹងកំណត់ពីការស្លាប់ឬរស់របស់គណបក្សប្រជាជន។
ប្រភពបន្ថែមថា សមាជិកគណបក្សជាយុវជននឹងត្រូវបន្ថែមទៅក្នុងគណៈកម្មាធិការកណ្តាល «ដើម្បីអនាគតរបស់គណបក្ស» ប៉ុន្តែ លោកបដិសេធមិនប្រាប់ឈ្មោះទេ។
លោកបន្តថា វាអាចដែលគណៈកម្មាធិការអចិន្រៃ្តយ៍ ក៏អាចត្រូវបន្ថែមសមាជិកថ្មីដែរ ប៉ុន្តែ លោកមិនអាចបញ្ជាក់ជូនបានទេ។
គណៈកម្មាធិការអចិន្រៃ្តយ៍មានសមាជិក ៣៤ រូប មានសមាជិកចាស់ៗនិងមានមេទ័ព នគរបាល តុលាការកំពូល ក្រុមប្រឹក្សាធម្មនុញ្ញ និងធនាគារ។ សមាជិកថ្មីបានបង្កើនថែមចុងក្រោយនៅឆ្នាំ ២០០៩។
អ្នកអង្កេតការណ៍បានឲ្យដឹងថា ក្នុងចំណោមយុវជនរបស់គណបក្សប្រជាជន ឈ្មោះមួយចំនួនលេចជាបេក្ខជនសម្រាប់តំណែងថ្នាក់ដឹកនាំសម្រាប់ថ្ងៃអនាគត។ យុវជនទាំងនេះរួមមាន លោក ហ៊ុន ម៉ានី អាយុ ៣២ ឆ្នាំ ជាតំណាងរាស្រ្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងបងប្រុសលោក គឺលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អាយុ ៣៧ឆ្នាំ។ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អាយុ ៣៤ ឆ្នាំ កូនប្រុសលោក សាយ ឈុំ អគ្គលេខាធិការគណបក្សនិងលោក ស សុខា អាយុ ៣៥ ឆ្នាំ ជាតំណាងរាស្រ្ត និងជាកូនប្រុសលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏រំពឹងថា នឹងត្រូវសម្អិតសម្អាងសម្រាប់បន្តអំណាចផងដែរ។
អ្នកវិភាគឯករាជ្យម្នាក់សុំមិនបញ្ចេញឈ្មោះលើកឡើងថា មហាសន្និបាតគណបក្សនេះនឹង «វិភាគថា តើបានធ្វើខុសអ្វីខ្លះ នៅឆ្នាំ២០១៣»។
លោកបន្តថា៖ «អ្វីដែលខ្ញុំបានឮនោះ គឺដំណោះស្រាយឲ្យយុវជន»។ លោកគិតថា មហាសន្និបាតនឹងព្យាយាមធ្វើឲ្យមានការទទួលស្គាល់នូវសហភាពសហព័ន្ធយុវជនកម្ពុជាជាចលនាយុវជនគណបក្សជាផ្លូវការ និងបន្ថែមសមាជិកយុវជនជាច្រើនរូបទៅក្នុងគណៈកម្មាធិការកណ្តាលផងដែរ។
ប៉ុន្តែ លោកបន្តថា៖ «ទន្ទឹមនឹងនេះ [ខណៈពង្រីកសមាជិកភាពនៃគណៈកម្មាធិការកណ្តាល] ក៏ត្រូវមានអំណាចចរចាក្នុងគណៈកម្មាធិការអចិន្រៃ្តយ៍ផ្ទាល់»។
លោកបន្ថែមថា៖ «ដូច្នេះ សួរថាតើ មានបរិយាកាសអ្វីខ្លះក្នុងមហាសន្និបាត។ បើបរិយាកាសល្អ ខ្ញុំគិតថា ពួកគេនឹងជំរុញឲ្យមានយុវជនក្នុងគណៈកម្មាធិការអចិន្រៃ្តយ៍»។
លោក Carlyle Thayer អ្នកជំនាញប្រចាំតំបន់នៅ Defence Force Academy ប្រទេសអូស្ត្រាលី យល់ស្របថា ខណៈដែលគណៈកម្មាធិការអចិន្រៃ្តយ៍ជាស្ថាប័នធំ វាច្បាស់ណាស់ដែលគណបក្ស«ត្រូវបញ្ចូលនីតិវិធីនៃការផ្លាស់ប្តូរជំនាន់ ខ្លាចក្រែងតែបក្សរងផលប៉ះពាល់ពីអ្នកដឹកនាំវ័យចាស់ ជាមួយនឹងការផ្លាស់ប្តូរភ្លាមៗនេះ»។
ទោះជាយ៉ាងណា អ្នកជំនាញកម្ពុជាដូចជា លោក អ៊ា សុផល ដែលជាអ្នកនិពន្ធសៀវភៅ«Aid Dependence in Cambodia: How Foreign Assistance Undermines Democracy» បានព្រមានថា ខណៈមេដឹកនាំវ័យក្មេងមួយចំនួន ដូចជា លោក ហ៊ុន ម៉ាណែត ត្រូវប្រជាជនពេញចិត្ត ក៏មានកូនសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ផ្សេងទៀតដែរ។
លោកបន្តថា៖ «តើអាចនឹកស្រមៃថា កូនៗនៃសមាជិកទាំង ៣៤ រូប ទាំងអស់គ្នានឹងគិតថា ពួកគេសមនឹងកាន់តំណែងជំនួសឪពុកឬម្តាយទេ? ឬក៏ថា វាគឺជាអំណោយពីព្រះ?»។
លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យគណបក្សប្រជាជន បានថ្លែងពីម្សិលមិញថា មិនអាចបញ្ជាក់បានទេថា តើសមាជិកថ្មីនឹងត្រូវបន្ថែមក្នុងគណៈកម្មាធិការអចិន្រៃ្តយ៍ឬយ៉ាងណា?
កាលពីថ្ងៃចន្ទ លោក នៃ ប៉េណា សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍បក្សបានអះអាងថា ការផ្លាស់ប្តូរគណៈកម្មាធិការអចិន្រៃ្តយ៍មិនស្ថិតក្នុងរបៀបវារៈទេ។
តាមកម្មវិធីដែលចែកផ្សាយ មហាសន្និបាតនឹងស្តាប់ពីយុទ្ធសាស្រ្តរបស់គណបក្ស ចាប់តាំងពីការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ ដើម្បីបន្តនៅរឹងមាំ បើទោះជាមានការប្រជែងពីគណបក្សប្រឆាំងក៏ដោយ។
កម្មវិធីបន្តថា៖ «តាមរយៈការគ្រប់គ្រងស្ថានការណ៍នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសេដ្ឋកិច្ច សង្គមនិងកិច្ចការបរទេស គណបក្សបានធានានូវភាពស្មោះស្ម័គ្រពីក្នុងចំណោមសមាជិកនិងសាធារណជន»។
កម្មវិធីបន្ថែមថា៖ «គណបក្សបាន [សម្រេចចិត្ត] យកចិត្តទុកដាក់ក្នុងការជ្រើសរើសនិងបង្កើនមន្រ្តីវ័យក្មេងរួមទាំងស្រ្តី នៅគ្រប់ផ្នែកក្នុងរចនាសម្ព័ន្ធ [របស់គណបក្ស]»។
លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ថ្លែងថា៖ «ទម្លាប់ដែលរុញគណបក្សប្រជាជនមកក្នុងស្ថានការណ៍នេះ គឺអំពើពុករលួយ ហើយអំពើពុករលួយ គឺជាអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋឈប់គាំទ្រគណបក្សនេះទៀត»។
លោកបន្តថា៖ «អំពើពុករលួយកើតចេញពីថ្នាក់កំពូលគណបក្ស។ ដូច្នេះ វាមិនមែនជាការផ្លាស់ប្តូរចាស់និងបង្កើតថ្មីទេ ... ថ្នាក់ដឹកនាំកំពូលត្រូវតែប្តូរឥរិយាបថរបស់ខ្លួន»៕