ភ្នំពេញៈ អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ទំនោរ​ទៅ​រក​លោក កឹម សុខា រួម​ទាំង​កូនស្រី​លោក​ កឹម សុខា ផង​បាន​ប្រកាស​មិន​ទទួល​ស្គាល់​សន្និសីទ​ពិភពលោក​របស់​អតីត​បក្សប្រឆាំង ដែល​តែងតាំង​លោក សម រង្ស៊ី ជា​ «​ប្រធាន​ស្ដីទី​» ​ដោយ​ចោទ​ថា​ជា​ «​បក្ស​ប្រហារ​ជា​អ្វី​ដែល​អតីតមន្ត្រី​ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី ចាត់​ទុក​ការចោទប្រកាន់​នេះ​ថា​ធ្វើ​ឡើង​ពី​មនុស្ស​ដែល​មាន​បំណង​ «​បំបែក​បំបាក់​» ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​។

ការខ្វែង​គំនិត​គ្នា​រវាង​ថ្នាក់ដឹកនាំ​បក្ស​ដែល​មាន​ទំនោរ​ទៅ​រក​លោក​ កឹម សុខា និង​លោក សម រង្ស៊ី នេះ​បាន​ផ្ទុះ​ឡើង​នៅពេល​ដែល​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ (CNRM) ​ត្រូវ​បាន​អនុម័ត​ដោយ​សន្និសីទ​នៃ​អតីត​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​សម្រេច​ជ្រើសរើស​លោក​ជា​ «​ប្រធាន​ស្ដីទី​» ​គណបក្ស​រហូត​ដល់​លោក​ កឹម សុខា ដែល​កំពុង​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​លើ​សំណុំ​រឿង​ «​ក្បត់ជាតិ​» ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ​។ សន្និសីទ​ដែល​ធ្វើ​ឡើង​លើ​ទឹកដី​អាមេរិក​កាលពី​សប្ដាហ៍​មុន មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​បក្ស​នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ​អ្នក​ដែល​គាំទ្រ​លោក កឹម សុខា បាន​ធ្វើ​ពហិការ​។

លោក ម៉ៅ មុនីវណ្ណ អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​ប្រឆាំង​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ពី​ក្រៅ​ប្រទេស​មក​ថា លោក​នឹង​មិន​ទទួល​ស្គាល់​ការតែងតាំង​លោក​ សម រង្ស៊ី ជា​ប្រធាន​ស្ដីទី​គណបក្ស​តាមរយៈ​សន្និសីទ​នៅ​អាមេរិក​នោះ​ទេ ដោយសារ​តែ​ធ្វើ​ឡើង​ «​រំលោភ​លើ​លក្ខន្តិកៈ​គណបក្ស​»​។

លោក​ថ្លែង​ថា​៖ «​នៅក្នុង​បក្ស​នីមួយៗ​មាន​ច្បាប់​មាន​ក្រឹត្យក្រម មាន​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃក្នុង​ដូច្នេះ​ការធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ផ្អែក​ទៅ​លើ​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃក្នុង​របស់​គណបក្ស​។ ការធ្វើ​ដែល​ខុស​ឆ្គង​ខ្ញុំ​មិន​គាំទ្រ​ទេ​។ យើង​អាច​ថ្លឹងថ្លែង​មែនទែន​ទៅ​ការរំលោភ​ច្បាប់ រំលោភ​លក្ខន្តិកៈ​អាហ្នឹង​បើ​សិន​ជា​ប្រទេស​ពេល​មិន​គោរព​រដ្ឋធម្មនុញ្ញ​គេ​ហៅថា រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ បើ​យើង​មិន​គោរព​ច្បាប់​បក្ស​គេ​ហៅថា បក្ស​ប្រហារ​»​។

លោក​បន្ថែម​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា អ្នក​ដែល​ទៅ​ចូលរួម​ហ្នឹង​ក៏ដោយ បើ​គាត់​ថ្លែង គាត់​យក​បទបញ្ជា​ផ្ទៃក្នុង​លក្ខន្តិកៈ​យក​ទៅ​សិក្សា​មើល​ទៅ​គឺ​ឃើញ​ច្បាស់​ទាំងអស់​គ្នា​ថា វា​រំលោភ​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃក្នុង ដូច្នេះ​យើង​មិន​អាច​ធ្វើ​អ៊ីចឹង​ទេ​។ នៅក្នុង​ប្រទេស​យើង​ត្រូវ​គោរព​ច្បាប់ គោរព​រដ្ឋធម្មនុញ្ញ​ហើយ​នៅក្នុង​បក្ស យើង​ត្រូវ​គោរព​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃក្នុង​បក្ស​»​។

លោក​ មុនីវណ្ណ ថា​បើ​មាន​ការ​សម្របសម្រួល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ឲ្យ​មាន​លក្ខណៈ​ដូចដើម​វិញ​ដូច​មុន​ការរំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​ «​មោទនភាព​របស់​ជាតិ​»​។

បន្ថែម​លើ​នេះ​កញ្ញា​ កឹម មនោវិទ្យា កូនស្រី​ច្បង​លោក កឹម សុខា និង​ជា​អតីត​អនុប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​បទសម្ភាស​ជាមួយ​វិទ្យុ​បារាំង អន្តរជាតិ (RFI) កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក៏​បាន​ជំទាស់ និង​សម្តែង​ការសោកស្ដាយ​ផង​ដែរ​។ កញ្ញា​បន្ត​ថា​ក្រោយ​លោក កឹម សុខា ជាប់​ឃុំ គណបក្ស​បាន​បង្កើត​គណៈកម្មាធិការ​ចំពោះ​កិច្ច​មួយ​ដែល​អនុម័ត​ដោយ​គណៈកម្មាធិការ​អចិន្រៃ្តយ៍​គណបក្ស​រួច​ទៅ​ហើយ ដើម្បី​ចាត់ចែង​ការងារ​បក្ស​។ កញ្ញា​ចាត់​ទុក​សន្និសីទ​ពិភពលោក​ដែល​តែងតាំង​លោក សម រង្ស៊ី ជា​ប្រធាន​ស្ដីទី​គណបក្ស​គឺជា​ការ​ធ្វើ​ «​បក្ស​ប្រហារ​»​។ កញ្ញា​សង្កត់​ធ្ងន់​ថា​៖ «​គឺ​វា​ច្បាស់​ណាស់ នៅ​ពេល​ណា​ដែល​យើង​មាន​ការផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​នៅ​ក្នុង​អង្គភាព​ណា​មួយ​ដោយ​មិន​ធ្វើ​តាម​លក្ខន្តិកៈ​របស់​អង្គភាព​នោះ ឬ​ក៏​ស្ថាប័ន​នោះ នោះ​ហើយ​បើ​រដ្ឋ​គឺ​គេ​ហៅថា​រដ្ឋប្រហារ​នៅ​ក្នុង​បក្ស​គឺ​បក្ស​ប្រហារ​ពីព្រោះ​យើង​សោកស្ដាយ​ដែល​អត់​ធ្វើ​ទៅ​តាម​លក្ខន្តិកៈ​»​។

ប៉ុន្តែ​លោក ហៃ វណ្ណា ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ជប៉ុន​បាន​ជំទាស់​ថា ការលើក​ឡើង​ពី​ការ​ «​ធ្វើ​បក្ស​ប្រហារ​» ​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​នោះ​គឺជា​រឿង​ដែល​ «​គួរ​ឲ្យ​អស់​សំណើច​»​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​យល់​ឃើញ​ថា​ការវិល​ត្រឡប់​មក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​នាម​ជា​ប្រធាន​ស្ដីទី ដើម្បី​កំណត់​យុទ្ធសាស្ត្រ​ធ្វើ​សកម្មភាព​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​លោក​ប្រធាន កឹម សុខា និង​ធ្វើឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ​មាន​ការ​បោះឆ្នោត​សាជាថ្មី​ឡើង​វិញ​។​ល​។ នេះ​គឺជា​ប្រការ​ដែល​ចាំបាច់​ត្រូវ​តែ​ធ្វើ ហើយ​វា​ជា​កាតព្វកិច្ច និង​ជា​ការ​ទទួល​ខុសត្រូវ​របស់​លោក សម រង្ស៊ី ដែល​ជា​ស្ថាបនិក​គណបក្ស​»​។ លោក​បន្ត​ថា​លោក​ក៏​មិន​អាច​ទទួល​យក​បាន​ដែរ​នូវ​ទង្វើ​បំបែកបំបាក់​របស់​ជន​ទាំងឡាយ​ណា​ដែល​មិន​គាំទ្រ​សន្និសីទ​ដែល​ពួកគេ​មាន​បំណង​ «​បំបែក​បំបាក់​» ​គណបក្ស​សង្គ្រោះ​ជាតិ ពួកគេ​នឹង​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ទៀត​ទេ​។

លោក​បន្ថែម​ថា​៖ «​ពួកគេ​ត្រូវ​តែ​បណ្តេញ​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។ ម្យ៉ាង​វិញ​ទៀត​ថ្វី​ដ្បិត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ពាក់ព័ន្ធ​នឹង​ច្បាប់​ស្រុក​ខ្មែរ​គណបក្ស​សង្គ្រោះជាតិ​ពិត​ជា​រលាយ​មែន​ ដូច្នេះ​លក្ខន្តិកៈ​របស់​គណបក្ស​មិន​អាច​អនុវត្ត​បាន​ទាំង​ស្រុង​ទេ​»​។ លោក​បញ្ជាក់​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​ស្លាប់​ទេ មិន​ទាន់​រលាយ​ទេ​ក្នុង​ «​បេះដូង​ប្រជាពលរដ្ឋ​ខ្មែរ​» ​ដែល​ជា​អ្នក​គាំទ្រ​។ ប្រជាពលរដ្ឋ​ចង់​បាន​ការរួបរួម ហើយ​ស្អប់​បំផុត​ជន​ទាំងឡាយ​ណា​ដែល​ចង់​បំបែកបំបាក់​ការរួបរួម​។ លោក​សង្កត់​ធ្ងន់​ថា​៖ «​ជា​ចុង​ក្រោយ ខ្ញុំ​សូម​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ កុំ​ខ្វាយខ្វល់​ជាមួយ​ពួក​ដែល​ចង់​បំបែកបំបាក់​គណបក្ស​សង្គ្រោះ​ជាតិ​អី ព្រោះ​ កឹម សុខា និង​ សម រង្ស៊ី ជា​មនុស្ស​តែ​មួយ​បើ​ កឹម សុខា ​ត្រូវ​បាន​ដោះលែង​ទទួល​បាន​សេរីភាព​ពេញលេញ​អាច​ចេញ​ក្រៅ​ប្រទេស​បាន ហើយ​គាត់​ថា​ឈប់​រួបរួម​គ្នា​ជាមួយ សម រង្ស៊ី ចាំ​យើង​គិត​ថា​គណបក្ស​សង្គ្រោះ​ជាតិ​បែកបាក់​តែ​ពេល​នេះ​មិន​បែកបាក់​ទេ​»៕