ព្រះវិហារៈ សហគមន៍ និង​មន្ត្រី​ឧទ្យានុរក្ស​នៅក្នុង​ខេត្ត​ព្រះវិហារ រឹបអូស​រណារយន្ត​ចំនួន​ ៦ ​គ្រឿង​ ដែល​ត្រូវគេ​ប្រើប្រាស់​ធ្វើ​សកម្មភាព​អារឈើ​ខុសច្បាប់​ដែល​ការ​រឹបអូស​នេះ​ធ្វើឡើង​នៅក្នុង​ការចុះ​ល្បាត​មួយ​នៅក្នុង​តំបន់​ព្រៃឡង់​កាលពី​ថ្ងៃទី​ ៥ ​មករា ​ស្ថិតក្នុង​ឃុំ​ច្រាច់​ និង​ឃុំ​ធ្មា ស្រុក​ជ័យសែន​។ សហគមន៍​បាន​និយាយ​ថា មិនមាន​ជនល្មើស​ណា​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅក្នុង​ការចុះ​ល្បាត​ព្រៃ​នេះ​ទេ​។

លោកស្រី ភោគ ហុង ប្រធាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ប្រាសាទ​ភ្នំក្រៀល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា កាលពី​ថ្ងៃអាទិត្យ​នេះ សហគមន៍​ចំនួន​ ៣ ​នាក់​ បាន​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​ចំណាយ​លើ​ថ្លៃ​សាំង​ធ្វើដំណើរ​តាម​ម៉ូតូ ដោយ​សហការ​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​ចំនួន​ ៥ ​នាក់​ ចុះ​ល្បាត​នៅក្នុង​តំបន់​ព្រៃឡង់​។ លោកស្រី​បន្តថា នៅពេល​ចុះ​ល្បាត​នោះ​គឺ​បាន​រកឃើញ​មាន​ជនល្មើស​ដែល​កំពុង​ធ្វើ​សកម្មភាព​អារឈើ​ចំនួន​ ៤ ​នាក់ ហើយ​បន្ទាប់មក​មាន​ ២ ​នាក់​ មាន​បំណង​ប្រើ​អំពើហិង្សា​មកលើ​មន្ត្រី​ឧទ្យានុរក្ស ដោយសារ​ខឹងសម្បា​ទៅនឹង​ការ​រឹបអូស​យក​រណារយន្ត​ទាំង​ ៦ ​គ្រឿង​។

លោកស្រី​ថា​៖ «​វា​ (​ជនល្មើស​) ​ច្របាច់ក​ (​មន្ត្រី​ឧទ្យានុរក្ស​) ហើយ​ខ្ញុំ​ភ័យ​ពេក​ក៏​មិនបាន​ថត​ទុក​អី​ទេ​។ ខ្ញុំ​ជា​ស្ដ្រី​ម្នាក់ឯង​ដើរ​ជាមួយ​ក្រុមមន្ត្រី​ទាំង​ហ្នឹង​។ ពួក​ខ្ញុំ​មាន​គ្នា​ ៨ ​នាក់ ហើយ​ក្រុម​អារឈើ​ហ្នឹង​គឺ​មាន​គ្នា​ ៤ ​នាក់​ ដែលមាន​អាយុ​ប្រហែល​ ២៥ ​ទៅ​ ២៦ ​ឆ្នាំ ប៉ុន្តែ​ក្មេងៗ​អារឈើ​ទាំង​ហ្នឹង គឺ​សាហាវៗ​ណាស់​។ តាមពិត​ក្រុម​អារឈើ​ហ្នឹង គឺជា​អ្នកស្រុក​ធម្មតា ហើយ​ពួកវា​ថា អារឈើ​ឱ្យ​ថៅកែ​ម្នាក់ ប៉ុន្តែ​មិនដឹង​ថា​ជា​ថៅកែ​ណា​ទេ​»​។

លោកស្រី​បន្ថែមថា នៅពេល​មាន​ការប្រតាយប្រតប់​គ្នា​ក្រុម​ជនល្មើស​ត្រូវបាន​ចាប់​ដាក់​ខ្នោះដៃ​ដោយ​មន្ត្រី​ឧទ្យានុរក្ស ប៉ុន្តែ​ក្រោយមក​ក៏ត្រូវ​ដោះលែង​វិញ ក្រោយ​មាន​ការអង្វរករ​ពី​បុរស​ចំណាស់​ម្នាក់​ដែល​ត្រូវជា​ឪពុក​របស់​ក្រុម​អារឈើ​ទាំងនោះ និង​ក្រោយពី​ពួកគេ​បាន​សុំទោស និង​ទទួលស្គាល់​កំហុស​ដោយ​អះអាង​ថា ការ​ច្របាច់ក​មន្ត្រី​ឧទ្យានុរក្ស​គឺ​កើតឡើង​ពី​ក្ដី​ឆេវឆាវ​មួយពេល​។ ​

លោកស្រី​ថា​៖ «​នៅពេល​ចាប់​ម៉ាស៊ីន​អារឈើ​ហ្នឹង ពួកវា​បាន​ខល​ទៅ​ថៅកែ​ហើយ​ពួកវា​ថា មេ​អ៊ើយ​!​គេ​ដកយក​ម៉ាស៊ីន​ហើយ​។ ពួកខ្ញុំ​មិនបាន​សួរដេញដោល​អី​ទេ ដោយសារ​កើត​រឿង​ប្រតាយប្រតប់​គ្នា​។ មន្ត្រី​ឧទ្យានុរក្ស​បាន​ចាប់​អ្នក​អារឈើ​ហ្នឹង​ដែរ ប៉ុន្តែ​ដោយសារ​មាន​តា​ចាស់​ម្នាក់​ដែល​ត្រូវជា​ឪពុក​ក្មេងៗ​ទាំង​ហ្នឹង លុតជង្គង់​អង្គុយ​សំពះ​អង្វរករ ក៏​មន្ត្រី​ដោះលែង​វិញ​ទៅ​។ តាចាស់​ហ្នឹង គឺជា​អ្នកចៀរជ័រ​នៅ​កន្លែង​ដែល​ក្រុម​ជនល្មើស​កំពុង​ធ្វើ​សកម្មភាព​អារឈើ​»​។

ប្រធាន​សហគមន៍​ដដែល​បន្តថា នៅក្នុងពេល​ចុះ​ល្បាត​នោះ​គឺ​មានតែ​មន្ត្រី​ឧទ្យានុរក្ស​​ និង​សហគមន៍​ប៉ុណ្ណោះ ហើយ​មិនបាន​ស្នើសុំ​កម្លាំង​ពី​មន្ត្រី​ប៉ូលិស​នោះទេ ដោយសារ​តែ​ចុះ​ល្បាត​គឺ​ខាង​សហគមន៍​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន ដូច្នេះ​មិន​មាន​ថវិកា​សម្រាប់​ចំណាយ​ចេញថ្លៃ​សាំង​ឱ្យ​មន្ត្រីប៉ូលិស​ចុះ​បេសកកម្ម​ឡើយ​។ លោកស្រី​បញ្ជាក់​ទៀត​ថា រណារយន្ត​ត្រូវ​បាន​រក្សា​ក្នុង​ឃ្លាំង​ក្នុង​ស្នាក់ការ​ស្រែ​វាល​នៅ​ឃុំ​ធ្មា​។

លោកស្រី​ថា​៖ «​អ៊ីចឹង​! យើង​មិន​បានស្នើ​កម្លាំង​ពី​មន្ត្រីប៉ូលិស​ទេ ពីព្រោះ​ខ្ញុំ​ធ្វើការ​ជិត​ ១ ​ឆ្នាំ​មកនេះ គឺ​មិន​ដែល​ទទួល​បាន​ថវិកា​គាំទ្រ​ពី​អង្គការ​ផ្សេងៗ​ទេ សូម្បីតែ​ ១ ​រៀល​។ ពីមុន​កាល​ខ្ញុំ​នៅ​ជា​បណ្ដាញ​សហគមន៍​ព្រៃឡង់ ខ្ញុំ​មាន​គម្រោង​ថវិកា​ (​ពី​អង្គការ​ផ្សេងៗ​សម្រាប់​ចុះ​ល្បាត​) គឺ​តែង​ហៅ​មន្ត្រីប៉ូលិស​ហើយ​ចេញ​ថ្លៃ​សាំង​ឱ្យ​ពួកគេ​មក​ចូលរួម តែ​ឥឡូវ​ខ្ញុំ​គ្មាន​ថវិកា​ទេ​។ អ៊ីចឹង​!​មានតែ​សុំ​សហការ​ជាមួយ​មន្ត្រី​ជំនាញ ព្រោះ​ជា​តួនាទី​របស់​ពួកគេ ទោះ​មាន​ឬ​គ្មាន​លុយ ប៉ុន្តែ​ពួកគេ​បាន​ប្រាក់ខែ​»​។

ព្រៃឡង់​ត្រូវ​រដ្ឋាភិបាល​បាន​បង្កើត​ជា​ដែនជម្រក​សត្វព្រៃ​កាលពី​ខែ​ឧសភា ឆ្នាំ​ ២០១៦ ដែលមាន​ទំហំ​ផ្ទៃដី​ជាង​ ៤ ​សែន​ (៤៣១៦៨៤) ​ហិកតា​ស្ថិត​ក្នុង​ភូមិសាស្ដ្រ ខេត្ត​ក្រចេះ កំពង់ធំ ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ ខណៈ​ព្រៃ​នេះ​មាន​សក្ដានុពល​ធនធានធម្មជាតិ និង​ជីវចម្រុះ​ដ៏សម្បូរបែប​។

កាលពី​ខែ​មិថុនា ឆ្នាំ​ ២០១៩ បណ្ដាញ​សហគមន៍​ព្រៃឡង់​បានចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ថា សកម្មភាព​កាប់​ឈើ​ក្នុង​តំបន់​ព្រៃឡង់​ក្នុង​ខេត្ត​ទាំង​ ៤ បាន​បន្ត​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ជាង​ ៥ ​ខែ ឆ្នាំ​ ២០១៩ ដោយសារ​មូលហេតុ​មានការ​ដំឡើង​ម៉ាស៊ីន​អារឈើ​ដោយ​ក្រុមហ៊ុន​ឯកជន ការអនុញ្ញាត​របស់​អាជ្ញាធរ​ឱ្យ​ពលរដ្ឋ​ចូល​កាប់​ឈើ​ក្រោម​ហេតុផល​សាងសង់​ផ្ទះ និង​ប្រើប្រាស់​អាវុធ​កែច្នៃ​បាញ់​សត្វព្រៃ និង​ការរុករក​រ៉ែ​អនាធិបតេយ្យ​។

ប្រធាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ប្រាសាទ​ភ្នំ​ក្រៀល​បាន​អះអាង​ថា ក្រោយពី​មាន​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​រយៈពេល​ចុងក្រោយ​នេះ​ដោយ​គណៈកម្មការ​ជាតិ​បាន​ធ្វើ​សកម្មភាព​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ជាច្រើន​នៅក្នុង​តំបន់​ព្រៃឡង់​ខេត្តព្រះវិហារ​បាន​ស្ងប់ស្ងាត់ ប៉ុន្តែ​នៅសល់​ការកាប់​ឈើ​​ទ្រង់ទ្រាយ​តូចៗ​ដែល​ធ្វើឡើង​ដោយ​ពលរដ្ឋ និង​ក្រុមហ៊ុន​មួយចំនួន​រួមទាំង​ការទន្ទ្រាន​ដីព្រៃ​កាន់កាប់​ជាដើម​។

កាលពី​ថ្ងៃ​ម្សិលមិញ​មិន​អាច​ទាក់ទង​លោក លឹម វណ្ណៈ ប្រធាន​ស្នាក់ការ​ស្រែ​វាល​បាន​ទេ ដោយសារ​ទូរស័ព្ទ​របស់​លោក​មិនអាច​ទាក់ទង​បាន ខណៈ​លោក សុង ច័ន្ទសុជាតិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​បញ្ជាក់ថា លោក​មិនទាន់​ទទួល​បាន​របាយការណ៍​អំពី​ការបង្ក្រាប​ករណី​អារឈើ​នៅ​ថ្ងៃអាទិត្យ​នេះ​នៅឡើយ​ទេ​។

លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បញ្ជាក់ថា លោក​ក៏​មិន​អាចធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះដែរ ដោយសារ​លោក​មិនទាន់​ដឹង​រឿង​នោះ​ច្បាស់​។

លោកស្រី ភោគ ហុង បញ្ជាក់​ថា​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ប្រាសាទ​ភ្នំក្រៀល គឺ​ទើប​បង្កើតឡើង​បាន​ប្រហែល​ ១ ​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ជា​រៀងរាល់​ខែ សហគមន៍​នេះ​តែង​ចុះ​ល្បាតព្រៃ​ដោយ​ខ្លះ​បាន​ចុះ​ល្បាត​ម្ដង​ ឬ​ ២ ​ដង​ក្នុង​ ១ ​ខែ​៕