The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមសកម្មជន​ព្រៃឡង់​ គ្រោង​ចុះ​ល្បាត​នៅ​ចុង​ខែ​នេះ

ក្រុមសកម្មជន​ព្រៃឡង់​ គ្រោង​ចុះ​ល្បាត​នៅ​ចុង​ខែ​នេះ

Content image - Phnom Penh Post
រណារយន្តដែលក្រុមសមត្ថកិច្ចរឹបអូសបានពីតំបន់ព្រៃឡង់នាពេលកន្លងមក។ PLCN

ក្រុមសកម្មជន​ព្រៃឡង់​ គ្រោង​ចុះ​ល្បាត​នៅ​ចុង​ខែ​នេះ

ស្ទឹង​ត្រែង/ព្រះវិហារៈ ក្រុមសកម្ម​ជន​ប​ណ្ដាញ​ព្រៃ​ឡង់​គ្រោង​ចុះ​ល្បាត​ព្រៃរួ​មគ្នា​នៅ​ចុង​ខែ​ឧសភា​នេះ ​ដើម្បី​ស្រា​វជ្រា​វទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​ក្នុង​តំបន់​ព្រៃ​ឡង់​ ខណៈ​កាល​ពី​ខែមេសា​កន្ល​ងទៅ បទ​ល្មើស​ព្រៃ​ឈើ​ប្រមា​ណ​ ៥៥​ ករណី ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់។

លោក ខេង ខូ តំណាង​សហ​គមន៍​បណ្ដាញ​ព្រៃ​ឡង់​ខេត្ត​ស្ទឹង​ត្រែង ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាល​ពីម្សិល​មិញ​ថា ​កន្លង​មក​ការ​ចុះ​ល្បាត​បាន​ធ្វើ​ឡើង​ទៅ​តាម​កាល​វិភាគ​របស់​ខេត្ត​នីមួយៗ​ ប៉ុន្តែ​សម្រាប់​យុទ្ធ​នា​ការ​ប្រចាំ​ខែដែ​ល​ភាគ​ច្រើន​ត្រូវធ្វើ​ឡើង​រយៈ​ពេល​ពី ​៣ ​ថ្ងៃទៅ ៥​ ថ្ងៃរៀង​រាល់ដើមសប្ដាហ៍​ទី​ ៤ ​នៃ​ខែនីមួយ​ៗ គឺសហគមន៍បណ្ដាញ​ព្រៃឡង់ទាំ​ង ៤ ខេត្ត រួមមាន​ ខេត្តស្ទឹង​ត្រែង ក្រចេះ កំពង់​ធំ និងខេត្ត​ព្រះ​វិហារ ត្រូវធ្វើ​សក​ម្មភាពរួមគ្នាក្នុង​ពេល​តែមួយដើម្បី​ស្រាវជ្រាវ ទប់​ស្កាត់ និងបង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់ និង តំបន់​ព្រៃ​ការពារ​ផ្សេង​ទៀត​ដែល​នៅ​ជាប់​ព្រៃឡង់។

លោក​ ខូ បាន​ថ្លែងថា កាលពី​​​ខែ​មេសា​កន្លង​ទៅ​នេះ សហគមន៍​បណ្ដាញ​ព្រៃ​ឡង់​បាន​រួម​គ្នាចុះ​ល្បាត​ព្រៃដោ​យរក​ឃើញ​បទ​ល្មើស​ចំនួន​ ៥៥ ​ករណី​ ក្នុង​នោះ​ បទ​ល្មើស​ដឹក​ជញ្ជូន​ផល​អនុ​ផល​ព្រៃឈើ​​ចំនួន​ ១១​ ករណី​,កាប់​ឆ្កា​រដីព្រៃ​ក្នុង​គោលបំណង​យកធ្វើ​ជា​កម្ម​សិទ្ធិ​ឯកជន​ចំនួន​ ៨​ ករណី, កាប់​ផ្ដួល​រំលំ​ដើម​ឈើ​ប្រភេទ​ក​កោះ ​និង​ជ័រ​ច្បោះ​ចំនួន​ ១៦ ​ករណី និង​បទ​ល្មើស​អារ​ច្រៀក​ឈើ​ជា​ក្ដារ​បន្ទះ ​២០ ​ករណី។

លោក​បាន​បន្ត​ថា៖ ​«ក្នុង​យុទ្ធនាកា​រចុះល្បា​តព្រៃ​​កាល​ពីខែ​មេសា​ ក្រុម​សកម្ម​ជនប​ណ្ដាញ​ព្រៃ​ឡង់​ទាំង ៤ ​ខេត្ត ​បាន​រឹប​អូស​វត្ថុតាង​មួយ​ចំនួនរួមមាន គោ​យន្ត​ដឹក​ជ​ញ្ជូ​នប​ទល្មើស​ព្រៃឈើ​ចេ​ញពី​តំបន់​ដែនជម្រ​កសត្វព្រៃ​​ព្រៃឡ​ង់ ៧​ គ្រឿង​ ឡាន​កាំមី​​ញ៉ុង ​១ គ្រឿង រណារ​យន្ត​ ៦ ​គ្រឿង ឈើ​មូល​ប្រភេ​ទក​កោះ ១៥​ កំណាត់​ ក្ដារ​ងឿ ១៦ ​សន្លឹក និងក្ដារ​បន្ទះ​មួយ​ចំនួន​ទៀត»។

លោក​បាន​បន្ត​ថា៖ «វត្ថុ​តាង​ទាំ​ងនោះ​ត្រូវ​បាន​ប្រគល់​ជូន​មន្ត្រី​ឧទ្យា​នុរក្ស​នាំ​យក​ទៅ​​រក្សា​ទុកដើម្បី​ចាត់​វិធាន​ការ​បន្ត​តាម​នីតិវិធី»។

អ្នក​ស្រី ភោគ ហុង តំណាង​សហ​គមន៍​បណ្ដាញ​ព្រៃឡ​ង់​ខេត្ត​ព្រះវិ​ហារ​បាន​ថ្លែង​ដែរថា រណារ​យន្ត​ត្រូវបាន​អាជ្ញា​ធរ​ហាម​ឃាត់​ មិន​ឲ្យប្រ​ជាព​លរដ្ឋ​ប្រើ​ប្រាស់​ជា​ទូទៅ​នោះទេ​ ជាពិសេស​អ្នក​ដែល​រស់​នៅ​ក្បែរ​តំបន់​ព្រៃ​ការ​ពារ​និងតំ​បន់​ដែន​ជម្រក​សត្វ​ព្រៃ​នានា​នៅទូទាំង​ប្រ​ទេស ព្រោះ​វាប​ង្កឲ្យ​មាន​វិនាសកម្ម​ព្រៃឈើ។​

អ្នក​ស្រី​ថ្លែង​ថា៖ ​«យើង​មិន​ដឹង​ថា ​តើ​ក្រុម​ជន​ប្រព្រឹ​ត្តបទល្មើស​ទិញរ​ណារ​យន្ត​មក​ពីណា​ទេ​ តែបើក្នុង​តំ​បន់​របស់​យើងគឺ​គ្មាន​នរណា​ម្នាក់​​លក់​រណារ​យន្ត​បែបនេះនោះទេ​។យើង​ចុះ ល្បាត​ព្រៃ​ជួប​ប្រទះ​ឃើញ និ​ង​រឹបអូ​ស​រណា​រ​យន្តបានស្ទើ​រតែគ្រប់​ពេល​ យកមក​ប្រគល់​ឲ្យសមត្ថ​កិច្ច ដែល​គិត​រ​ហូតម​កទល់​ពេល​នេះ មាន​ចំនួ​នរាប់​រយ​គ្រឿង​មក​ហើយ​ ប៉ុន្តែ​វានៅតែមិ​នចេះ​អស់​ទាល់​តែ​សោះ»។

​បើតា​មអ្ន​កស្រី​ ហុង រណារ​យន្ត​ ១ គ្រឿង​ អា​ចបំផ្លា​ញព្រៃ​ឈើ​អស់​រាប់​រយ​ដើម​ ប្រសិនបើ​រដ្ឋាភិ​បាល​នៅតែ​បណ្ដែត​បណ្ដោយ​ឲ្យ​មាន​ការ​ច​រាចរលក់រណារ​យន្តនៅ​លើទី​ផ្សារ ដោយ​គ្មានកា​រត្រួ​តពិ​និត្យ​ឲ្យបា​ន​ត្រឹមត្រូវ ហើយបើ​ខ្វះកា​រ​ចុះអនុវ​ត្តច្បាប់​ការ​ពារ​ព្រៃឈើ​​ នោះទៅ​ថ្ងៃ​អនាគត​ព្រៃឈើ​នៅ​កម្ពុជា​នឹង​ត្រូវ​វិនាស​បង់​មិន​ខាន៕

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។