ភ្នំពេញៈ សង្គម​ស៊ីវិល និង​សហគមន៍​ការពារ​បរិស្ថាន​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​បង្ហាញ​របាយការណ៍ ឬ​ទិន្នន័យ​អំពី​ការវាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​ងាយស្រួល​ដល់​សាធារណជន​សិក្សា​ស្វែងយល់ ក្រោយពី​ការបង្ហាញ​នេះ​មាន​ការរឹតត្បិត​ខ្លាំង ប៉ុន្ដែ​មន្ត្រី​ថា ត្រូវគោរព​គោលការណ៍​ព័ត៌មាន​សម្ងាត់​របស់​ក្រុមហ៊ុន​ឯកជន​។

លោក​ ធី ទ្រី នាយក​ប្រតិបត្តិ​អង្គការ​ទិន្នន័យ​អំពី​អភិវឌ្ឍន៍​ (ODC) ​ថ្លែង​ក្នុង​សិក្ខាសាលា​ពី​ម្សិលមិញ​ថា ទិន្នន័យ និង​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៅ​មិនទាន់​ត្រូវបាន​ចែករំលែក ឬ​បង្ហាញ​ឱ្យបាន​ទូលំទូលាយ​នៅឡើយ​។ ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន​មួយចំនួន​នៅតែ​មានការ​លាក់បាំង និង​រឹតត្បិត​ព័ត៌មាន​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សង្កេតឃើញ​ថា ទាំង​សង្គម​ស៊ីវិល​ខ្លះ រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន​មួយចំនួន​គឺ​មិនទាន់​បើក​ឱ្យ​ទូលំទូលាយ​ក្នុង​ការចែករំលែក​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៅឡើយ ដោយសារ​ពួកគាត់​គិតថា​ខ្លួន​គាត់​ផ្ទាល់​ជា​ម្ចាស់ និង​ជា​អ្នកគ្រប់គ្រង​ឯកសារ​។ ម្យ៉ាងទៀត​ពួកគាត់​គិតថា អ្វី​ដែល​គាត់​ទទួល​បាន គឺ​សុទ្ធតែ​ជា​រឿង​សម្ងាត់​មិន​អាច​ចែករំលែក​បានទេ​»​។

មន្ត្រី​សង្គម​ស៊ីវិល​រូបនេះ​បន្ថែម​ថា ប្រសិន​បើ​រដ្ឋាភិបាល និង​ស្ថាប័នឯកជន នៅតែ​បន្ត​រឹតត្បិត​ការចែករំលែក​របាយការណ៍​ស្ដីពី​ផលប៉ះពាល់​បរិស្ថាន​បែបនេះ​អាច​នឹង​បង្ក​ការលំបាក​ដល់​អ្នកស្រាវជ្រាវ វិនិយោគិន និង​សាធារណជន​ដែល​ចង់​សិក្សា​ស្រាវជ្រាវ​។ ជាពិសេស អ្នក​ដែល​ចង់​ចូលរួម​ក្នុង​សកម្មភាព​ការពារ​បរិស្ថាន ដោយ​ពួកគាត់​មិនមាន​ព័ត៌មាន​ច្បាស់លាស់ សម្រាប់​ការពិចារណា​។

ប្រធាន​កម្មវិធី​បរិស្ថាន និង​កសិកម្ម​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា​ (NGO Forum) ​លោក​ ហុក ម៉េងហ៊ាន់ ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន បើកទូលាយ​ចំពោះ​របាយការណ៍​នានា​ស្ដីពី​ផលប៉ះពាល់​បរិស្ថាន​។ ​លោក​ថា​បញ្ហា​ ១ ​នេះ​មិន​អាច​ដោះស្រាយ​បាន​ដោយមាន​តែ​វត្តមាន​រដ្ឋាភិបាល​មួយ​ទេ​។

លោក​ថ្លែងថា​៖ «​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ការចូលរួម​របស់​សាធារណជន​គឺ​យើង​សង្កេតឃើញ​ថា ជា​ផ្នែក​មួយ​ដ៏សំខាន់​ក្នុង​ការដោះស្រាយ​បញ្ហា​បរិស្ថាន និង​នាំមក​នូវ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។ ដូច្នេះ​យើង​នៅតែ​ត្រូវការ​ពលរដ្ឋ​សហគមន៍ ក្រុមហ៊ុន​ឯកជន និង​រដ្ឋាភិបាល​។ អ៊ីចឹង​យើង​មិនអាច​បាត់បង់​ភាគី​ណាមួយ​បានទេ​»​។

លោក​ ម៉េងហ៊ាន់ បន្តថា ការបង្ហាញ​ក្ដីបារម្ភ​ទាំងនេះ​ស្រប​ពេល​ភាពស្មុគស្មាញ​នៃ​បញ្ហា​បរិស្ថាន នៅតែ​បន្ត​កើនឡើង​។ ការចូលរួម​ជា​សាធារណៈ​បានក្លាយ​ជា​ប្រធានបទ​ដ៏លេចធ្លោ​មួយ​ក្នុង​ការសិក្សា​វិភាគ​នាពេល​បច្ចុប្បន្ន ជាពិសេស​ទាក់ទង​ការជជែក​ដេញដោល​គ្នា​អំពី​អភិបាលកិច្ច​បរិស្ថាន​។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ថ្លែង​ពី​ម្សិលមិញ​ថា រាល់​គម្រោង​នៃ​ការវិនិយោគ​អភិវឌ្ឍន៍​ទាំងឡាយ​ត្រូវ​បាន​ឆ្លងកាត់​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម ដោយ​មាន​ការចូលរួម​ពី​អន្តរក្រសួង និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​ទាំងអស់​។ ជាពិសេស​លទ្ធផល​កិច្ចប្រជុំ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជូន​ដល់​សាធារណជន​បាន​ជ្រាប​ដោយ​គ្មាន​ការលាក់បាំង​អ្វី​ឡើយ​។

អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់​ថា​៖ «​ជាមួយ​គ្នា​នេះ យើង​ក៏ត្រូវ​គោរព​គោលការណ៍​ព័ត៌មាន​សម្ងាត់​របស់​ក្រុមហ៊ុន​ឯកជន​ដែរ​។ ព្រោះ​ព័ត៌មាន​នៅក្នុង​របាយការណ៍​មាន​ការពាក់ព័ន្ធ​នឹង​ភាពឯកជន​របស់គេ​។ ទោះជា​យ៉ាងណា យើង​ចង់​ឱ្យ​មាន​ការចូលរួម​ទាំងអស់​គ្នា ដើម្បី​បរិស្ថាន​ស្រុកទេស​យើង​»​។

តំណាង​សហគមន៍​ការពារ​បរិស្ថាន​និង​ព្រៃឈើ​ប្រចាំ​ខេត្តកំពង់ធំ​លោក​ ហឿន សុភាព លើកឡើង​ថា​៖ «​ខ្ញុំ​គិតថា​ក្នុង​នាម​យើង​ជា​ប្រជាពលរដ្ឋ​ខ្មែរ​គឺ​ត្រូវតែមាន​សិទ្ធិ​ចូលរួម ឈឺឆ្អាល ចូលរួម​ការពារ​បរិស្ថាន​។ ការពារ​បរិស្ថាន​នេះ​មិនមែន​ចំពោះ​បុគ្គល​ ឬ​ស្ថាប័ន​ណាមួយ​ទេ​។ ការងារ​នេះ​ទាមទារ​ឱ្យមាន​ការចូលរួម​ទាំងអស់​គ្នា ជាពិសេស​អ្នក​ឈរ​ជួរមុខ​ត្រូវតែ​បង្ហាញ​សកម្មភាព​លេចធ្លោ​ជាងគេ​»៕