ភ្នំពេញៈ ក្រុម​សមាជិក​សភាជាតិ​កម្ពុជា​នៃ​អ្នកនយោបាយ​ស្ត្រី​កំពុង​បន្តធ្វើ​យុទ្ធនាការ​ទៅលើ​ «​នារី​វ័យក្មេង​ឆ្ពោះទៅ​ភាពជា​អ្នកដឹកនាំ Girl2Leader Cambodia» ដើម្បី​ចែករំលែក​បទពិសោធ ចំណេះដឹង និង​បណ្តុះ​គំនិត ភាព​ជា​អ្នកដឹកនាំ អ្នកសម្រេចចិត្ត និង​ស្ដ្រី​ជា​អ្នកដឹកនាំ​ក្នុង​វិស័យ នយោបាយ​ដល់​យុវតី​វ័យក្មេង​នៅតាម​បណ្ដា​រាជធានី-ខេត្ដ​។

លោកស្រី ឡោក ខេង ប្រធាន​គណៈកម្មការ​សុខាភិបាល​សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី​នៃ​រដ្ឋសភា និង​ជា​អគ្គរាជទូត​អ្នកដឹកនាំ​នយោបាយ​ជា​ស្ត្រី​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ នៅ​ថ្ងៃទី​ ១១ ខែ​មករា ថា យុទ្ធនាការ​នេះ​បានធ្វើ​ចំនួន​ ៤ លើក​ហើយ កាលពី​អំឡុង​ឆ្នាំ​ ២០២០ ​ក្នុងនោះ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​ចំនួន​ ៣ ​លើក​នៅ​ខេត្ដ​កណ្ដល​ ១ ​លើក និង​ឆ្នាំនេះ​ ១ ​លើក​ធ្វើ​នៅ​ខេត្ដ​ក្រចេះ​កាលពី​ថ្ងៃទី​ ១០ ​ខែមករា​។

លោកស្រី​ថ្លែងថា​៖ «​គោលដៅ​សំខាន់​នៃ​យុទ្ធនាការ​នេះ​យើង​សំដៅ​ទៅ​យុវតី​ដែល​កំពុង​រៀន​នៅ​ថ្នាក់​វិទ្យាល័យ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​ពួកគេ​លើ​ការបណ្ដុះ​គំនិត ក្ដី​សុបិន ជ្រើសរើស​មុខរបរ អាជីព ទៅ​ថ្ងៃ​អនាគត​។ យើង​បំផុស​គំនិត​ដល់​ពួកគេ​ឱ្យមាន​សេចក្ដីក្លាហាន​ក្លាយខ្លួនជា​អ្នកដឹកនាំ​ដូចជា​បុរសៗ​ដែរ​»​។

បើតាម​លោកស្រី ឡោក ខេង វត្ដមាន​ស្ដ្រី​នៅក្នុង​ការដឹកនាំ​ទាំង​ក្នុង​ស្ថាប័ន​ជាតិ និង​វិស័យ​ឯកជន​គឺ​មាន​សារៈសំខាន់​ណាស់​ពិសេស​ការដឹកនាំ​ក្នុង​វិស័យ​នយោបាយ​ និង​គោលនយោបាយ​ជាតិ ព្រោះ​ស្ដ្រី​អាចជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កើតមាន​ចំពោះ​ស្ដ្រី​បានល្អ​។

លោក​ស្ត្រី​ថ្លែងថា​៖ «​តាម​ផែនការ​គឺ​យើង​ធ្វើ​យុទ្ធនាការ​នេះ​នៅ​គ្រប់​ខេត្ដ​ទាំងអស់ ដូច្នេះ​នៅ​អំឡុង​ខែមីនា ឆ្នាំ​ ២០២១ ​នេះ​យើង​នឹង​ទៅធ្វើ​នៅ​ខេត្ដ​តាកែវ​។ ពេលធ្វើ​យុទ្ធនាការ​នេះ​ម្ដងៗ មាន​យុវតី​វ័យក្មេង ជា​សិស្ស​វិទ្យាល័យ​ចូលរួម​ប្រមាណ​ពី​ ២០០ ​ទៅ​ ២៥០ ​នាក់​»​។

តាមរយៈ​យុទ្ធនាការ​នេះ សមាជិក​សភា​ស្ត្រី និង​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​លើក​ពី​ប្រធានបទ​ផ្សេងៗ​គ្នា​ចែករំលែក​ពីបទ​ពិសោធ​ការងារ​ផ្ទាល់ខ្លួន​កន្លងមក​រហូត​បាន​ក្លាយជា​សមាជិកា​រដ្ឋសភា ព្រឹទ្ធសភា និង​ក្លាយជា​អ្នកធ្វើ​សេចក្តីសម្រេច​នៅក្នុង​ស្ថាប័ន​អង្គភាព​របស់ខ្លួន និង​បញ្ហា​ប្រឈម​ក្នុង​ភាព​ជា​អ្នកដឹកនាំ​ជាដើម​។

យុទ្ធនាការ​នេះ​ធ្វើឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ក្រុម​សភាជាតិ​កម្ពុជា​នៃ​អ្នកនយោបាយ​សភា​ស្ត្រី សហការ​រៀបចំ​ដោយ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា វិទ្យាស្ថាន​សភា​កម្ពុជា​ និង​លេខាធិការដ្ឋាន​ក្រុម​សភាជាតិ​កម្ពុជា​នៃ​អ្នកនយោបាយ​សភា​ស្ត្រី​។

លោកស្រី​ ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ថ្លែងថា យុទ្ធនាការ​នេះ​គឺជា​គំនិត​ផ្គួចផ្ដើម​មួយ​អាច​ចូលរួមចំណែក​ក្នុង​ការជ្រោមជ្រែង​លើក​កម្ពស់​សកម្មភាព​ផ្នែក​យេនឌ័រ ជាពិសេស​ការលើកកម្ពស់​ផ្នែក​តំណាង​ភាពជា​អ្នកដឹកនាំ​របស់​ស្ដ្រី​ក្នុងសង្គម​កម្ពុជា​។

លោកស្រី​ថា​៖ «​កិច្ចការ​ទាំងអស់​នេះ​ជា​ផ្នែក​មួយ​ដែល​កន្លងមក ទាំង​ស្ថាប័នរដ្ឋ​និង​អង្គការ​សង្គមស៊ីវិល​យើង​បាន​បន្ត​ក្នុង​ការធ្វើ​ការងារ​នេះ​។ ប៉ុន្ដែ​អ្វីដែល​ចាំបាច់​បន្ថែម​ទៀត​នោះ គឺ​ការធានា​ឱ្យបាន​នូវ​គោលនយោបាយ​មួយ​ជាពិសេស​នីតិវិធី​ច្បាប់​ដែល​ធានា​នូវ​សមភាព​យេនឌ័រ​ពិតប្រាកដ​»​។

លោកស្រី​ ចក់ សុភាព បាន​លើក​ឧទាហរណ៍​ករណី​ ១ ​កាលពី​ឆ្នាំកន្លងមក ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​សេចក្ដី​ព្រាងច្បាប់​ពាក់ព័ន្ធ​នឹង​សណ្ដាប់ធ្នាប់​សាធារណៈ​ដែលមាន​មាត្រាមួយ​បាន​លើក​ឡើង​ជាច្រើន ដោយ​កំហិត​ទៅ​លើ​សេរីភាព​ស្វ័យសម្រេច​របស់​ស្ដ្រី​។ «​ដូច្នេះ​គឺ​ទាមទារ​នូវ​គោលនយោបាយ​នីតិវិធី​ច្បាប់ ដែល​ធានា​នូវ​សមភាព​យេនឌ័រ និង​សេរីភាព​របស់​ស្ត្រី​ក្នុង​ការធ្វើការ​សម្រេច​ចិត្ដ​»​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​កត់សម្គាល់​ឃើញ​យុទ្ធនាការ​នេះ​ល្អ ដែល​អាច​ផ្ដល់​បទពិសោធ ជំនាញ ចំណេះដឹង និង​លើកកម្ពស់​ការចាប់អារម្មណ៍​ពី​ស្ដ្រី​វ័យក្មេង​កម្ពុជា​ក្នុង​ការចូលរួម​សកម្មភាព សេដ្ឋកិច្ច សង្គម និង​នយោបាយ​។ លោក​ថ្លែង​ថា​៖ «​សកម្មភាព​នេះ​អាចឱ្យ​ស្ដ្រី វ័យក្មេង​កម្ពុជា​ក្លាយ​ជា​អ្នកដឹកនាំ​ស្ដ្រី​ និង​បង្កើន​ចំនួន​ស្ដ្រី​ជា​អ្នកដឹកនាំ​នៅក្នុង​សង្គម​កម្ពុជា​ដែល​បច្ចុប្បន្ន​កំពុងតែ​មាន​ការខ្វះខាត​»៕