ភ្នំពេញៈ ក្រុមសហជីព និងអង្គការសង្គមស៊ីវិលជាង ២០ ស្ថាប័នដែលតាមដាន និងតស៊ូមតិលើសេចក្តីព្រាងច្បាប់ស្តីពីសហជីពដ៏ចម្រូងចម្រាសបានស្នើជាថ្មីម្តងទៀតឱ្យរដ្ឋសភាទទួលយកសំណើរបស់ពួកគេដាក់បញ្ជូលទៅក្នុងសេចក្តីព្រាងច្បាប់ខណៈរដ្ឋសភាបានកំណត់បើកសិក្ខាសាលាជាលើកចុងក្រោយត្រឹមតែមួយព្រឹកដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់នេះនៅថ្ងៃពុធខានស្អែក។
សេចក្តីថ្លែងការណ៍រួមរបស់សហជីព និងសង្គមស៊ីវិលចំនួន ២១ ចេញផ្សាយកាលពីម្សិលមិញបានលើកឡើងថារដ្ឋសភាបានគ្រោងរៀបចំសិក្ខាសាលាពិគ្រោះយោបល់រយៈពេលតែមួយព្រឹកលើសេចក្តីព្រាងច្បាប់ស្តីពីសហជីពដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ មីនាឆ្នាំ ២០១៦ ដែលនៅក្នុងរបៀបវារៈនេះផ្តល់ពេលវេលាត្រឹមតែកន្លះម៉ោងប៉ុណ្ណោះដើម្បីឱ្យភាគពីពាក់ព័ន្ធសួរសំណួរ។ សង្គមស៊ីវិល និងសហជីពយល់ឃើញថាសិក្ខាសាលាពិគ្រោះយោបល់នោះហាក់បីដូចជាគ្មានអត្ថន័យក្នុងការពិគ្រោះយោបល់ទាល់តែសោះ។
តាមរយៈសេចក្តីថ្លែងការណ៍ពួកគេឲ្យស្នើរដ្ឋសភា «ផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់សហជីពផ្តល់យោបល់លើសេចកក្តីព្រាងច្បាប់ស្តីពីសហជីពឱ្យបានគ្រប់ជ្រុងជ្រោយទទួលយកសំណើរបស់សហជីពដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់ដើម្បីឱ្យច្បាប់នេះធានាដល់ការរៀបចំ និងចូលរួមសកម្មភាពរបស់កម្មករ និយោជិត នាពេលអនាគត»។
យ៉ាងណាក៏ដោយសហជីព និងសង្គមស៊ីវិលកត់សម្គាល់ថាក្រោយពីគណៈកម្មការចំពោះកិច្ចនៃគណបក្សនយោបាយទាំងពីរបានពិភាក្សាជាច្រើនលើកលើសេចក្តីព្រាងច្បាប់នេះពុំឃើញមានការកែប្រែអ្វីជាដុំកំភួននោះទេ។
ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាលោក ប៉ែន បញ្ញា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាការបើកសិក្ខាសាលានៅថ្ងៃទី ៩ មីនា ជាដំណាក់កាលចុងក្រោយដើម្បីឱ្យសហជីព និងសង្គមស៊ីវិលបានផ្តល់យោបល់បន្ថែមទៀត។
យ៉ាងណាក៏ដោយ លោកថា ច្បាប់នេះមិនអាចពន្យារពេលទៅមុខទៀតបានទេ។ លោកបញ្ជាក់ថា៖ «រយៈពេលបីឆ្នាំហើយយើងគ្មានពេលណាទៀតទេគឺត្រូវតែឈានដល់ការសម្រេចចិត្តមួយអ្វីដែលត្រូវថែមអ្វីដែលត្រូវបន្ថយ»។
លោកឱ្យដឹងដែរថា សិក្ខាសាលាលើសេចក្តីព្រាងច្បាប់ស្តីពីសហជីពនឹងមានអ្នកចូលរួមប្រមាណ ៣៥០ នាក់មកពីគ្រប់ភាគីទាំងអស់រួមមានគណបក្សប្រជាជន បក្សសង្គ្រោះជាតិ សហជីព និងសង្គមស៊ីវិលក្រោមអធិបតីភាពប្រធានរដ្ឋសភាលោក ហេង សំរិន។
ប្រធានសហព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា បានថ្លែងថាអ្វីដែលសហជីពធ្លាប់ស្នើរដ្ឋសភាឱ្យមានការកែប្រែខ្លឹមសារខ្លះចំនួន ១៨ មាត្រានាពេលកន្លងមកគឺពុំទទួលបានផ្លែផ្កាអ្វីឡើយផ្ទុយទៅវិញរដ្ឋសភាបែរជាបើកសិក្ខាសាលាយ៉ាងតក់ក្រហល់។
លោកថា៖ «អ្វីដែលយើងចង់បានគឺការដក ឬលុបនូវមាត្រាខ្លះប៉ុន្តែផ្ទុយទៅវិញយើងឃើញអត់មានអីកែប្រែសោះដែលនៅក្នុងមាត្រាដែលយើងព្រួយបារម្ភមានមាត្រា ៣- ១២- ១៣- ១៤- ១៥- ១៧ និងមាត្រា ១៩ សុទ្ធតែប៉ះពាល់ និងរឹតត្បិតសេរីភាពកម្មករ»។
លោកយល់ថាកិច្ចពិគ្រោះយោបល់ទៅលើច្បាប់មួយដែលដាក់ពេលវេលាត្រឹមតែបីម៉ោង និងការផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធសួរសំណួរត្រឹមកន្លះម៉ោងហាក់បីដូចជាតក់ក្រហល់នឹងពុំមានប្រសិទ្ធភាពទេ។
លោកថា៖ «ប្រសិនបើយើងនៅតែប្រើប្រាស់ពេលវេលាដ៏ខ្លី បង្ខំចិត្តក្នុងការជំរុញឱ្យច្បាប់នេះចេញកាន់តែឆាប់អនុម័តដោយមិនបានពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយមានន័យថារដ្ឋសភាកំពុងតែធ្វើឱ្យច្បាប់នេះរំលោភទៅនឹងអនុសញ្ញារបស់អង្គការ ILO ដែលរដ្ឋសភាធ្លាប់ផ្តល់សច្ចាប័ន»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលជាសមាជិកនៃគណៈកម្មការចំពោះកិច្ចលោក សុន ឆ័យ បានយល់ស្របទៅនឹងការលើកឡើងរបស់សហជីពថាការពិភាក្សាកន្លងមកពុំមានអ្វីកែប្រែជាដុំកំភួនទេ។
លោកថា៖ «យើងបានកែប្រែតិចតួចតែការងារធំៗអត់ទាន់បានសម្រេចខ្ញុំមិនទាន់ដឹងយ៉ាងណាទេព្រោះគណៈកម្មការចំពោះកិច្ចបានផ្តល់ភារកិច្ចទៅប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌លោក ប៉ែន បញ្ញា ទៅពិគ្រោះយោបល់ជាមួយតំណាងរដ្ឋាភិបាល»។
យ៉ាងណាក៏ដោយលោកថាលោកនឹងតាមឃ្លាំមើលលើសេចក្តីព្រាងច្បាប់នេះបន្តទៀតនឹងរង់ចាំបញ្ចប់ការបើកសិក្ខាសាលានៅថ្ងៃ ៩ មីនា សិន។
បើតាមលោក ឆ័យ នៅម៉ោង ២ ថ្ងៃនេះគណៈកម្មការចំពោះកិច្ចនឹងបើកកិច្ចប្រជុំទាក់ទងនឹងរបៀបវារៈនៃសិក្ខាសាលាហើយលោកថានឹងទាមទារមិនឱ្យសមាជិកសភានិយាយច្រើនពេកទេទុកឱ្យតំណាងសហជីពលើកពីកង្វល់ឱ្យបានច្រើន៕