ភ្នំពេញ: ឃ្លានៅក្នុងសេចក្តីព្រាងដំបូងនៃច្បាប់ថ្មីស្តីពីប្រាក់ឈ្នួលអប្បបរមាដែលកាសែតភ្នំពេញប៉ុស្តិ៍ទទួលបានច្បាប់ថតចម្លងមួយច្បាប់កាលពីម្សិលមិញគឺវាបានធ្វើឲ្យអ្នកសង្កេតការណ៍ និងក្រុមសហជីពមានការព្រួយបារម្ភដូចគ្នាដែលពួកគេទាំងនោះបានលើកឡើងថាវាអាចជាការបង្ខាំងជាជាងការផ្តល់អំណាចដល់កម្មករ។
«ដំណើរការទាំងមូលត្រូវបានរៀបចំជាផ្លូវការហើយអំណាចត្រូវបានគេដកហូតពីសហជីព» លោក អ៊ូ វីរៈ ប្រធានអង្គការវេទិការអនាគត (Future of Forum) បានអានសេចក្តីព្រាងច្បាប់នេះកាលពីម្សិលមិញ។
«សហជីពរឹងមាំ និងឯករាជ្យពិតប្រាកដមិនមែនត្រូវជ្រើសតាំងសមាជិកដោយខ្លួនឯងនោះទេបើធ្វើដូច្នេះនោះពួកគេនឹងមិនអាចធ្វើអ្វីបានទេព្រោះពួកគេនឹងខុសច្បាប់»។
ច្បាប់នេះបានក្លាយជាការពង្រីកលើប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្នសម្រាប់កម្មករកាត់ដេរ និងជាការកំណត់គ្រឹះប្រាក់ឈ្នួលអប្បបរមាជាសកលលើកដំបូងរបស់ប្រទេសកម្ពុជាដែលវានឹងត្រូវសម្រេចជារៀងរាល់ឆ្នាំជាមួយនឹងវិស័យកាត់ដេរដោយកិច្ចប្រជុំត្រីភាគី «ក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមា» ដែលត្រូវបង្កើតឡើងនៅក្នុងផ្នែកស្មើភាពគ្នារវាងតំណាងសហជីព និយោជក និងមន្ត្រីរដ្ឋាភិបាល។
ទោះជាយ៉ាងណា ខណៈដែលមេដឹកនាំសហជីពដូចជាប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាលោក អាត់ ធន់ កាលពីម្សិលមិញបានស្វាគមន៍ចំពោះដំណឹងដែលថាពួកគេនឹងត្រូវផ្តល់ឲ្យមានសំឡេងស្មើគ្នានៅលើក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមាតែពួកគេមានការព្រួយបារម្ភអំពីការផាកពិន័យយ៉ាងធ្ងន់ធ្ងរដែលមានចែងនៅក្នុងមាត្រា ២៥ និង ២៦។
លោក ធន់ ថ្លែងថា៖ «ការពិន័យនេះគឺមានទំហំធំហើយយើងមិនសប្បាយចិត្តជាមួយនឹងការពិន័យនេះទេ។ អ្វីដែលយើងសប្បាយចិត្តនោះគឺការចូលរួមពីក្រុមប្រឹក្សាត្រីភាគីដោយសារតែយើងចង់ឱ្យស្មើភាពគ្នា»។
នៅក្រោមមាត្រា ២៥ បានបញ្ជាក់ថា៖ «ត្រូវព្រមានជាលាយលក្ខណ៍អក្សរចំពោះបុគ្គលដែលធ្វើសកម្មភាពបង្កជាឧបសគ្គ ឬដាក់សម្ពាធដោយខុសច្បាប់ដល់ការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាដែលជនល្មើសអាចត្រូវពិន័យជាប្រាក់មិនលើសពី ៥ លានរៀល ($១ ២៥០)»។
សេចក្តីព្រាងច្បាប់នេះមិនបានកំណត់ «ឧបសគ្គ» ឬ «ការដាក់សម្ពាធដោយខុសច្បាប់» ទេ ហើយអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរមិនបានឆ្លើយតបនៅពេលដែលអ្នកកាសែតបានទូរស័ព្ទទៅដើម្បីសុំការស្រាយបំភ្លឺនោះទេ។
មាត្រា ២៦ បានអនុញ្ញាតឱ្យមានការផាកពិន័យជាប្រាក់ចំនួន ១០ លានរៀល «ចំពោះបុគ្គលដែលញុះញង់ ឬបំផុសឲ្យមានសកម្មភាពផ្សេងៗប្រឆាំងនឹងប្រកាសស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា»។
លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងជាងឈើកម្ពុជាបានឱ្យដឹងថាសេចក្តីព្រាងច្បាប់ទាំងពីរនេះបានគំរាមកំហែងនឹងដកអំណាចពីសហជីព។ «នៅពេលដែលប្រាក់ឈ្នួលមានកម្រិតទាបនោះកម្មករនឹងតវ៉ា»។
លោក គីន បានថ្លែងបន្តថា៖ «[រដ្ឋាភិបាល] អាចប្រើមាត្រា ២៥ ដើម្បីដាក់សម្ពាធលើពួកយើងដើម្បីឲ្យបញ្ឈប់ការទាមទារឱ្យមានការ [ដំឡើងប្រាក់ឈ្នួល]»។ «ច្បាប់នេះត្រូវបានរចនាឡើងដើម្បីដាក់កម្រិតលើសកម្មភាពរបស់សហជីពឯករាជ្យ»។
លោក យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជាបានឯកភាពលើការលើកឡើងនេះប៉ុន្តែលោកបានបន្ថែមថាមាត្រា ២៦ គឺកាន់តែធ្វើឲ្យមានការព្រួយបារម្ភជាងមាត្រា ២៥ ទៀត។
លោកថា៖ «ជាធម្មតាអ្នកកាសែតនឹងសាកសួរសហជីពដើម្បីសុំការបកស្រាយថាតើពួកគេមានការសប្បាយចិត្តជាមួយនឹងការពិភាក្សាពី [ប្រាក់ខែ] ដែរឬទេ «ប្រសិនបើច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាត្រូវបានអនុម័តហើយខ្ញុំបានធ្វើយ៉ាងដូច្នេះនោះខ្ញុំអាចប្រឈមនឹងការផ្តន្ទាទោស»។
លោក William Conklin នាយកអង្គការសិទ្ធិការងារ NGO Solidarity Centre មិនបានអានសេចក្តីព្រាងច្បាប់នេះទេកាលពីម្សិលមិញប៉ុន្តែបានថ្លែងថាមាត្រា ២៥ និង ២៦ នឹងបង្កឲ្យមានផលប៉ះពាល់ខ្លាំង។ អ្នកមានសក្តានុពលក្នុងការចរចាពិតជាបាក់ទឹកចិត្តពីព្រោះអ្នកកំពុងនិយាយថាគ្រប់គ្នាដែលមានទស្សនៈខុសគ្នានឹងមិនអាចបន្តលើកឡើងពីវាបានទៀតទេប៉ុន្តែការពិគ្រោះគឺជាកូនសោគន្លឹះដើម្បីទទួលបានភាពជោគជ័យ៕ NS